Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ​បន្ត​ចុះ​ពិនិត្យ​រក​ទំនិញ​ខូច​គុណភាព​និង​ផ្ទុក​សារធាតុ​គីមី

$
0
0

មន្ត្រី​ជំនាញ​ត្រួត​ពិនិត្យ​ចំណី​អាហារ ឬ​ទំនិញ​នៅ​ខេត្ត​ព្រះសីហនុ បង្កើន​សកម្មភាព​ចុះ​ត្រួត​ពិនិត្យ​មុខ​ទំនិញ​ខូច​គុណភាព​នៅ​តាម​កំពង់ផែ​នាំ​ចូល​ទំនិញ និង​នៅ​តាម​ទីផ្សារ​នានា ដើម្បី​បោស​សម្អាត​ទំនិញ​ខូច​គុណភាព ឬ​ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់ ដើម្បី​រួម​ចំណែក​ថែរក្សា​សុខភាព​ពលរដ្ឋ​ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​អនាគត។

អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ លោក ជា ប៉ិច បាន​ដឹកនាំ​មន្ត្រី​ជំនាញ​មក​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នាំ​យក​ទំនិញ​ត្រី​ខ​កំប៉ុង​ខូច​គុណភាព ដែល​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​សហការ​ចាប់​បាន​នៅ​ច្រក​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះសីហនុ មាន​ចំនួន​ជាង ៤០​ឡាំង ឬ​ប្រអប់​ធំ យក​ទៅ​ដុត​កម្ទេច​ចោល​នា​ទីលាន​ចាក់​សំរាម ស្រុក​ព្រៃនប់ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា។

លោក​បញ្ជាក់​ថា ស្ថាប័ន​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​គ្រប់​ប្រភេទ ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស តាម​ច្រក​កំពង់ផែ និង​ទំនិញ​ដាក់​លក់​នៅ​តាម​ទីផ្សារ​ជា​ប្រចាំ ក្នុង​គោលដៅ​ឈាន​ដល់​ទប់ស្កាត់​ការ​ធ្វើ​ចរាចរណ៍​ទំនិញ​ខូច​គុណភាព​ឲ្យ​បាន​ជា​ស្ថាពរ ព្រោះ​ទំនិញ​ខូច​គុណភាព​ជាច្រើន​ប្រភេទ​នៅ​បន្ត​ដាក់​លក់​នៅ​លើ​ទីផ្សារ និង​មាន​ការ​នាំ​ចូល​នៅ​តាម​ច្រក​កំពង់ផែ​ខេត្ត​នេះ​ជា​បន្តបន្ទាប់។

លោក​បន្ត​ថា សកម្មភាព​នេះ មន្ត្រី​ជំនាញ​បាន​ដក​ហូត​ទំនិញ​ខូច​គុណភាព​គ្មាន​ស្លាក​សញ្ញា​វេច​ខ្ចប់ ឬ​ក្រុមហ៊ុន​ផលិត​មិន​ត្រឹមត្រូវ ដោយ​មិន​បាន​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ផលិត និង​គ្មាន​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម រាប់​រយ​គីឡូក្រាម​ក្នុង​មួយ​ខែៗ យក​ទៅ​ដុត​កម្ទេច​ចោល។ ជាង​នេះ​ទៀត មន្ត្រី​ជំនាញ ក៏​បាន​ចុះ​អប់រំ​ដល់​សិស្សានុសិស្ស​នៅ​តាម​សាលា អាណាព្យាបាល និង​អាជីវករ​នៅ​តាម​ផ្សារ​នានា ឲ្យ​យល់​ដឹង​អំពី​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ដែល​ប្រើប្រាស់​ទំនិញ ឬ​ចំណី​អាហារ​ខូច​គុណភាព​មក​ទទួល​ទាន។

លោក ជា ប៉ិច ស្នើ​ដល់​មន្ត្រី​ជំនាញ និង​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​នាំ​ចូល​ទំនិញ​ខូច​គុណភាព មក​ដាក់​លក់​នៅ​លើ​ទីផ្សារ​នា​មូលដ្ឋាន​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង​នា​ថ្ងៃ​អនាគត៖ «អំពាវនាវ​ដល់​អាជីវករ​នាំ​ចូល​ទំនិញ ព្រម​ទាំង​សប្បុរសជន​ទាំងអស់​ដែល​បាន​ជាប់​ពាក់ព័ន្ធ​ការ​នាំ​ចូល​ទំនិញ ដែល​ជាប់​ពាក់ព័ន្ធ​បទបញ្ញត្តិ​នៃ​ច្បាប់ សូម​ពិនិត្យ​ឲ្យ​បាន​ដិតដល់​អំពី​គុណភាព ឬ​ថ្ងៃ​ខែ​កំណត់​ថ្ងៃ​ប្រើប្រាស់​ឲ្យ​បាន​នៅ​យូរ​ថ្ងៃ។ និយាយ​រួម ត្រូវ​គោរព​តាម​បទបញ្ញត្តិ​អនុលោម​តាម​ច្បាប់​គ្រប់គ្រង​គុណភាព សុវត្ថិភាព ផលិតផល​ទំនិញ និង​សេវា​ឲ្យ​បាន​ត្រឹមត្រូវ»

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី គាំទ្រ​សកម្មភាព​មន្ត្រី​ជំនាញ​សាខា​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ត្រួត​ពិនិត្យ​មុខ​ទំនិញ​ដាក់​លក់​នៅ​លើ​ទីផ្សារ​ជា​បន្តបន្ទាប់​មក​នេះ។ អ្នកស្រី​ស្នើ​ដល់​មន្ត្រី​គ្រប់​ស្ថាប័ន​ជំនាញ ដែល​ប្រចាំ​ការ​នៅ​តាម​ច្រក​ព្រំដែន ត្រូវ​ពង្រឹង​ការងារ​ត្រួត​ពិនិត្យ​ការ​នាំ​ចូល​ទំនិញ​គ្រប់​ប្រភេទ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់។

អ្នកស្រី សុធារី ស្នើ​ដល់​មន្ត្រី​ជំនាញ ត្រូវ​នាំ​ខ្លួន​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​នាំ​ចូល​ទំនិញ​ខូច​គុណភាព និង​អាជីវករ​ទាំងឡាយ​ណា​ដែល​ដាក់​លក់​ទំនិញ​ខូច​គុណភាព និង​ទំនិញ​ក្លែងក្លាយ ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ជា​ការ​ព្រមាន។ អ្នកស្រី​កត់​សម្គាល់​ថា កន្លង​ទៅ​នេះ ឃើញ​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​ដាក់​លក់​នៅ​លើ​ទីផ្សារ ដោយ​រក​ឃើញ​ប្រភេទ​ភេសជ្ជ​កំប៉ុង ឬ​ដប មាន​ទឹក​ក្រូច ទឹក​ដោះ​គោ ចាហួយ ត្រី​ខ​កំប៉ុង ប្រភេទ​ចំណី​អាហារ​វេច​ខ្ចប់​ក្រៀម និង​បន្លែ ត្រី​សាច់ ឬ​គ្រឿង​សមុទ្រ​ស្រស់ៗ​ជាដើម មាន​ដាក់​សារធាតុ​គីមី​ទុក​លក់​បាន​យូរ​ថ្ងៃ​ជាដើម៖ «យើង​គួរ​តែ​រឹត​បន្តឹង​ទៅ​លើ​ការ​នាំ​ចូល ព្រោះ​ផលិតផល​ទាំងអស់​ហ្នឹង គឺ​បាន​នាំ​ចូល​ពី​បរទេស ឆ្លង​កាត់​តាម​ច្រក​ព្រំដែន។ ការងារ​នេះ សំខាន់​ខាង​មន្ត្រី​កាំកុងត្រូល ឬ​ខាង​គយ​ជាដើម​ហ្នឹង នៅ​ពេល​ដែល​ឈ្មួញ​នាំ​ចូល​ទំនិញ​តាម​ច្រក​ទ្វារ​នីមួយៗ គឺ​ត្រូវ​មាន​ការ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ផង​ដែរ»

មន្ត្រី​ភ្នាក់ងារ​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ លោក សុខ កញ្ញារិទ្ធិ ដែល​ចូលរួម​សកម្មភាព​ដុត​កម្ទេច​ទំនិញ​ខូច​គុណភាព​នា​ទីលាន​ចាក់​សំរាម ឲ្យ​ដឹង​ថា ស្ថាប័ន​ខ្លួន​បាន​ត្រួត​ពិនិត្យ​ការ​នាំ​ចូល​ទំនិញ​ខូច​គុណភាព​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក​បន្ត​ថា រាល់​ទំនិញ​ខូច​គុណភាព​ដែល​នាំ​ចូល​តាម​ច្រក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ គឺ​មិន​អនុញ្ញាត​ឲ្យ​ឈ្មួញ ឬ​ម្ចាស់​ទំនិញ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​បាន​ទេ ដោយ​ត្រូវ​ឃាត់​ទុក​ប្រគល់​ជូន​ស្ថាប័ន​កាំកុងត្រូល​ដុត​កម្ទេច​ចោល។

លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​លេខ​ទូរស័ព្ទ​ជូន​ដល់​សាធារណជន ឬ​ប្រជាពលរដ្ឋ បើ​មាន​ព័ត៌មាន​សង្ស័យ​ថា ទីតាំង​ណា​មួយ​មាន​លក់​ទំនិញ​ខូច​គុណភាព អាហារ​ស្រស់ ចំណី​អាហារ​ទាំង​ភេសជ្ជ​កំប៉ុង ឬ​ដប​គ្រប់​ប្រភេទ​មាន​ដាក់​សារធាតុ​គីមី និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​ជាដើម ត្រូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​បាន​ឆាប់​ទៅ​កាន់​មន្ត្រី​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ តាម​រយៈ​លេខ ០៩៨ ៥៥៥ ៦៦៦ លេខ ០១៧ ៤៤៣ ៧៣៧ និង​លេខ ០១២ ៩៤៦ ០៤៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles