Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

បេក្ខជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ពោធិ៍សាត់​ចោទ​មន្ត្រី​បក្ស​ប្រជាជន​ថា​គាប​សង្កត់​ឲ្យ​ចុះ​ចូល

$
0
0

សកម្មជន និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​គាប​សង្កត់​ខ្លួន​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ​ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​នៅ​មូលដ្ឋាន​នេះ បដិសេធ​ការ​ចោទ​ប្រកាន់ ហើយ​ថា​អ្នក​ប្រឆាំង​មួលបង្កាច់។

បេក្ខជន និង​សកម្មជន​របស់​បក្ស​ប្រឆាំង​នៅ​ភូមិ​កំពង់ថ្គោល ឃុំ​អន្សាចំបក់ ថ្លែង​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ថា សមត្ថកិច្ច​នគរបាល និង​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ឃុំ​នេះ បាន​ប្រើ​វិធី​គំរាម​កំហែង និង​ធ្វើ​បាប​បំបាក់​ស្មារតី​គ្រប់​រូបភាព​មក​លើ​បក្ស​ប្រឆាំង។ ពួក​គេ​ថា ជាក់ស្ដែង​ជម្លោះ​វាយ​តប់​គ្នា​តិចតួច​រវាង​បង និង​ប្អូន​ថ្លៃ ត្រូវ​គេ​បង្កើត​ជា​រឿង​ធំ​ប្ដឹងផ្ដល់​ដល់​តុលាការ។

បេក្ខជន​ឈរ​ឈ្មោះ​នៅ​លេខ​រៀង​ទី​១ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​អន្សាចំបក់ លោក ឃិន សាម៉ន ថា​ភាគី​បង​ថ្លៃ​បាន​ប្ដឹង​ករណី​វាយ​តប់​គ្នា​នេះ​ទៅ​នគរបាល​ប៉ុស្តិ៍ ប៉ុន្តែ​នគរបាល​មិន​ចាត់ការ ស្រាប់​តែ​មាន​ក្រុម​ការងារ​របស់​បក្ស​កាន់​អំណាច ជំរុញ​ឲ្យ​ទៅ​ប្ដឹង​ទៅ​ព្រះរាជអាជ្ញា។ បច្ចុប្បន្ន ឈ្មោះ អ៊ុំ ថា ដែល​ត្រូវ​ជា​ប្អូន​ថ្លៃ​របស់​ដើម​បណ្ដឹង និង​ជា​សកម្មជន​របស់​លោក​ប្រចាំ​ភូមិ​កំពង់ថ្គោល កំពុង​ជាប់​ឃុំ៖ «ខ្ញុំ​តាមដាន​រឿង​ហ្នឹង​តាំង​ពី​ដើម​ទី រហូត​ដល់​ចប់ គឺ​មាន​ន័យ​ថា ទាំង​អធិការ​ក្ដី ទាំង​នគរបាល​រដ្ឋបាល​ឃុំ​ក្ដី គេ​ចង់​បង្វែង​រឿង​ហ្នឹង និយាយ​ចង់​ចាប់ អ៊ុំ ថា ជា​លេស​សម្រាប់​លក្ខខណ្ឌ​នយោបាយ​ណា​មួយ។ គេ​ដឹង​ថា​នៅ​កំពង់ថ្គោល មាន​ប្រជាពលរដ្ឋ និង​សកម្មជន​ចាប់​ផ្ដើម​ផុលផុស​វិញ។ ដល់​ពេល​អ៊ីចឹង វា​ធ្វើ​លេស​នយោបាយ​ហ្នឹង»

ចំណែក​លោក បៀង ធី បញ្ជាក់​ថា ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ ជុំ សម្បត្តិ ហៅ សី ប្រាប់​លោក និង​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​ឈ្មោះ ម៉ាន់ ថន ឲ្យ​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា ទើប​គេ​អាច​អន្តរាគមន៍​ដោះលែង​ឈ្មោះ អ៊ុំ ថា បាន។ លោក​ថា លោក​សុខ​ចិត្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រុម​ការងារ​របស់​គណបក្ស​កាន់​អំណាច​នេះ ដោយ​សង្ឃឹម​ថា គ្នា​លោក​បាន​ចេញ​ពី​គុក​វិញ៖ «ខ្ញុំ​ចុះ​ចូល​ជាមួយ​គេ ពេល​ណា​គេ​ដោះលែង អ៊ុំ ថា ពេល​ហ្នឹង។ ខ្ញុំ​ថា​ឲ្យ​តែ អ៊ុំ ថា បាន​ចេញ ខ្ញុំ​នឹង​ចូល។ ដល់​ពេល​ប៉ុន្មាន​ថ្ងៃ​ហើយ​ដែល​ខ្ញុំ​ថា​ចុះ​ចូល ឲ្យ​ខ្ញុំ​យក​ផ្លាក​យក​អី​មក​លើក​នៅ​ផ្ទះ ខ្ញុំ​អត់​ព្រម​លើក ព្រោះ​ខ្ញុំ​ចាំ​មើល អ៊ុំ ថា ចេញ​សិន បាន​ខ្ញុំ​លើក។ ខ្ញុំ​អត់​មាន​ហេតុផល​អ្វី​ទាំងអស់ គ្រាន់​តែ​ចាប់​អារម្មណ៍​អាណិត​គ្នា វា​អត់​ស៊ី ហើយ​ប្រពន្ធ​កូន​នៅ​ជំពាក់​លុយ​គេ​ច្រើន អ៊ីចឹង​បើ​ខ្ញុំ​នៅ​តែ​រឹង​ទទឹង គេ​ក៏​នៅ​តែ​គាប​សង្កត់​គ្នា»

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ អគ្គនាយក​រង​អគ្គិសនី​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ឃុំ​អន្សាចំបក់ លោក អេង គន្ធា ប្រតិកម្ម​ថា ជម្លោះ​កើត​ឡើង​រវាង​បង និង​ប្អូន​ថ្លៃ​គេ​សោះ ហើយ​លោក​ចេញ​លុយ​ផ្ទាល់​ខ្លួន​ដើម្បី​ជួល​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ទៅ​ទៀត បែរ​ជា​លោក​ជា​អ្នក​ខុស​ទៅ​វិញ។ លោក​មិន​ដែល​រក​រឿង​ចោទ​ប្រកាន់​លើ​បុគ្គល​បក្ស​ប្រឆាំង​ម្នាក់​ណា​ឡើយ៖ «យើង​បាន​ទៅ​បង្រួបបង្រួម​នៅ​ឃុំ​មួយ​ឲ្យ​មាន​សុខដុមនីយកម្ម នេះ​ជា​គោលដៅ​របស់​ខ្ញុំ​ដែល​ខ្ញុំ​លះបង់​ពេលវេលា​លះបង់​អី ហើយ​ឲ្យ​ខ្ញុំ​ទៅ​ឈ្លោះ​គេ ខ្ញុំ​អត់​មាន​ពេល​ទេ។ ហើយ​បើ​បង​ជា​ខ្ញុំ​ថា​ឈ្លោះ​ដើម្បី​អី ទៅ​ឈ្លោះ ឬ​ធ្វើ​បាប​គេ​ធ្វើ​អី បើ​យើង​ឈ្នះ​កាល​ពី​ឆ្នាំ​២០១២ ខ្ញុំ​បាន ៨៧% ជាង នៅ​ឆ្នាំ​២០១៣ ខ្ញុំ​បោះ​បាន​ជាង ៨០% ហើយ​ខ្ញុំ​ទៅ​គេ​ធ្វើ​អី»

លោក អេង គន្ធា បញ្ជាក់​ថា ពុំ​មាន​សកម្មជន​បក្ស​ប្រឆាំង​ណា​ម្នាក់​នៅ​ឃុំ​អន្សាចំបក់ ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចូល​ជាមួយ​គណបក្ស​លោក​នោះ​ទេ ប៉ុន្តែ​មាន​សកម្មជន​ខ្លះ​បាន​ស្ម័គ្រ​ចិត្ត​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា សកម្មជន​គណបក្ស​ប្រឆាំង​ទៅ​វិញ​ទេ ដែល​តែងតែ​រក​រឿង​ចោទ​ប្រកាន់​រូប​លោក ហើយ​ករណី​ខ្លះ លោក​នៅ​អត់ទ្រាំ​ដោយ​កសាង​កេរ្តិ៍​ឈ្មោះ​ល្អ និង​បន្ត​ការងារ​អភិវឌ្ឍន៍​នៅ​ឃុំ​នេះ។

បច្ចុប្បន្ន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ ថា កំពុង​ជាប់​ឃុំ​នៅ​ឡើយ ខណៈ​ដែល​លោក បៀង ធី អល់អែក​ចិត្ដ​មិន​ទាន់​ចូល​ជា​សមាជិក ឬ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក​អះអាង​ថា នឹង​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា បើ​ឈ្មោះ អ៊ុំ ថា ត្រូវ​បាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជួយ​អន្តរាគមន៍​ឲ្យ​បាន​រួច​ខ្លួន​វិញ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles