Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

EIA ជំរុញ​ឲ្យ​កម្ពុជា​ត្រូវ​តែ​ចាត់​វិធានការ​លើ​អំពើ​ពុក​រលួយ​ក្នុង​អាជីវកម្ម​ឈើ​ឆ្លង​ដែន

$
0
0

អង្គការ​អន្តរជាតិ​នៅ​ទីក្រុង​ឡុងដ៍ (London) ប្រទេស​អង់គ្លេស ឈ្មោះ ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន ឬ អ៊ី.អាយ.អេ (EIA) បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៨ ឧសភា។ ក្រុម​ស៊ើប​អង្កេត​ដែល​ធ្វើ​របាយការណ៍​នេះ​រក​ឃើញ​ថា មន្ត្រី​អាជ្ញាធរ​ពុក​រលួយ​នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម បាន​ទទួល​យក​ប្រាក់​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ពី​ឈ្មួញ​ឈើ ជា​ថ្នូរ​ឲ្យ​កាប់​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ក្នុង​ប្រទេស​កម្ពុជា ដូចជា​នៅ​តំបន់​ឧទ្យាន​ជាតិ​វីរជ័យ និង​អនុញ្ញាត​ឲ្យ​នាំ​ឈើ​ខុស​ច្បាប់​ចេញ​ទៅ​ប្រទេស​វៀតណាម រួម​ទាំង​ជួយ​ប្រែ​ក្លាយ​ធ្វើ​ឲ្យ​ឈើ​ខុស​ច្បាប់​ទាំងនោះ​ទៅ​ជា​ឈើ​ស្រប​ច្បាប់​វិញ។

បើ​ទោះ​ជា​ក្រសួង​បរិស្ថាន និង​ក្រសួង​ការពារ​ជាតិ បាន​អះអាង​ថា ឥត​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ការពារ ចាប់​តាំង​ពី​រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​ការងារ​ពិសេស ដើម្បី​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ក៏ដោយ ក៏​ក្រសួង​បរិស្ថាន បញ្ជាក់​ឲ្យ​អាស៊ីសេរី ដឹង​ថា ក្រសួង​កំពុង​ពិនិត្យ​សិក្សា​ឲ្យ​បាន​លម្អិត​លើ​របាយការណ៍​នេះ។

លោក សាន សែល បាន​សម្ភាស​លោក ចាហ្គូ វ៉ាធ្លី (Jago Wadley) មន្ត្រី​យុទ្ធនាការ​ជាន់​ខ្ពស់​ផ្នែក​ព្រៃ​ឈើ​នៃ​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន (EIA) កាល​ពី​ថ្ងៃ​ទី​៧ ឧសភា ដើម្បី​សាកសួរ​បន្ថែម​អំពី​របាយការណ៍​នេះ។

លោក សាន សែល៖ តើ​សកម្មភាព​របស់​អាជ្ញាធរ​កម្ពុជា និង​វៀតណាម ដែល​ទទួល​យក​សំណូក​ប្រាក់​រាប់​លាន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​កាប់​ឈើ​នៅ​តំបន់​អភិរក្ស និង​នាំ​ទៅ​ប្រទេស​វៀតណាម ដោយ​ស្រប​ច្បាប់ ដែល​អង្គការ​លោក​បាន​ស៊ើប​អង្កេត​ឃើញ ប៉ះពាល់​អ្វី​ខ្លះ​ដល់​ព្រៃ​ឈើ​នៅ​ប្រទេស​កម្ពុជា?

លោក ចាហ្គូ វ៉ាធ្លី៖ ផល​ប៉ះពាល់​ទី​មួយ​នោះ គឺ​ការ​រំលោភ​ច្បាប់​ព្រៃ​ឈើ​កម្ពុជា តាម​រយៈ​ការ​ឲ្យ​លុយ​សំណូក​ទៅ​មន្ត្រី​ពុក​រលួយ​កម្ពុជា ហើយ​ទុក​ច្បាប់​កម្ពុជា ឲ្យ​គេ​ដើរ​រំលង។ សកម្មភាព​នេះ វា​មិន​ផ្តល់​ប្រយោជន៍​ដល់​ព្រៃ​ឈើ​នៅ​ប្រទេស​ណា​ក៏ដោយ។ ជាទូទៅ សកម្មភាព​បែប​នេះ​វា​ធ្វើ​ឲ្យ​មាន​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​តាម​តំបន់​ធំៗ​ទូទាំង​ប្រទេស។

បើ​មើល​ពី​ជ្រុង​ម្ខាង​ទៀត តំបន់​ឧទ្យាន​ជាតិ និង​ទីតាំង​អភិរក្ស​សត្វ​ព្រៃ មិន​គួរ​ឲ្យ​មាន​ការ​កាប់​ព្រៃ​ឈើ ឬ​យក​ធ្វើ​ជា​ទិសដៅ​នៃ​ការ​ធ្វើ​អាជីវកម្ម​ទាល់​តែ​សោះ ទោះ​ជា​នរណា​ក៏ដោយ។

តំបន់​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​បញ្ចូល​ជា​តំបន់​អភិរក្ស ដើម្បី​រក្សា​គម្រប​ព្រៃ​ឈើ​នូវ​គុណភាព​ជា​មូលដ្ឋាន គឺ​ជា​ធនធាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា។ សកម្មភាព​នេះ ជា​ការ​ប្លន់​ឈើ​ដោយ​ឈ្មួញ​ឈើ​ខុស​ច្បាប់។

លោក សាន សែល៖ ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព កាល​ពី​ខែ​មករា ឆ្នាំ​២០១៦ រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បង្កើត​គណៈកម្មការ​ជាតិ​ពិសេស​មួយ ដោយ​តែងតាំង​លោក សៅ សុខា ដែល​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ធ្វើ​ជា​ប្រធាន។ គណៈកម្មការ​នេះ​មាន​បេសកកម្ម​ការពារ​ព្រៃ​ឈើ និង​បង្ក្រាប​សកម្មភាព​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ឈើ ពិសេស​ឧទ្យាន​ជាតិ។ លោក​នាយក​រដ្ឋមន្ត្រី ក៏​បាន​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​បាញ់​គ្រាប់​រ៉ុកកែត ដើម្បី​បង្ក្រាប​ឈ្មួញ​កាប់​ព្រៃ​ឈើ។ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចេញ​បម្រាម​ឈប់​ឲ្យ​នាំ​ឈើ​កម្ពុជា ចេញ​ទៅ​ប្រទេស​វៀតណាម។ ក៏ប៉ុន្តែ​ការ​ស៊ើប​អង្កេត​របស់​អង្គការ​លោក បាន​រក​ឃើញ​ថា បទល្មើស​ព្រៃ​ឈើ និង​ការ​នាំ​ចេញ​ឈើ​ទៅ​ប្រទេស​វៀតណាម នៅ​បន្ត​កើត​ឡើង។ ជាក់ស្តែង​ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧ ឈើ​ជាង ៣០​ម៉ឺន​ម៉ែត្រ​គូប ត្រូវ​បាន​នាំ​ចេញ​ពី​តំបន់​ព្រៃ​អភិរក្ស​កម្ពុជា ទៅ​ប្រទេស​វៀតណាម។

តើ​លោក​យល់​ឃើញ​យ៉ាង​ណា​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នេះ?

លោក ចាហ្គូ វ៉ាធ្លី៖ នៅ​ប្រទេស​កម្ពុជា វា​ស្ដែង​ឲ្យ​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​មិន​មាន​ប្រសិទ្ធភាព​ទេ ខ្វះ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ ពោល​ច្បាប់​ត្រូវ​គេ​ជាន់​ឈ្លី។ អាច​និយាយ​ថា ច្បាប់​ត្រូវ​បាន​គេ​អនុវត្ត ក៏ប៉ុន្តែ​មិន​រៀង​រាល់​ពេល​នោះ​ទេ។

រឹតតែ​ច្បាស់​ទៀត​នោះ សកម្មភាព​ជួញដូរ​ឈើ​បន្ត​កើត​មាន​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ នៃ​ប្រទេស​វៀតណាម។ វា​ជា​ភស្តុតាង​បង្ហាញ​ថា​គ្មាន​ការ​អនុវត្ត​ច្បាប់។

ពាក្យ​ស្លោក​អង់គ្លេស យើង​និយាយ​ថា «ទង្គិច​ក្បាល​ខ្លះ​រួម​គ្នា (knock some heads together)»។ គេ​មិន​អាច​បិទ​បាំង​សកម្មភាព​ជួញដូរ​ឈើ​ខុស​ច្បាប់​នោះ​ទេ។ ពេល​ឥឡូវ​នេះ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​បញ្ជាក់​ថា ខ្លួន​ពិត​ជា​មិន​បាន​ពាក់ព័ន្ធ​មែន។

ចំណែក​ខាង​ភាគី​ឈ្មួញ​ឈើ​វៀតណាម ត្រូវ​ចេញ​មុខ​ពន្យល់​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​យើង ពី​របៀប​ដែល​លុយ​សំណូក​រាប់​លាន​ដុល្លារ ត្រូវ​យក​ទៅ​សូក​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ទទួល​បាន​ការ​បើក​ផ្លូវ​កាប់​ឈើ និង​ជួញដូរ​ឈើ​ប្រទេស​កម្ពុជា។

រដ្ឋាភិបាល​កម្ពុជា មាន​បញ្ហា​អំពើ​ពុក​រលួយ ហើយ​ការ​ជួញដូរ​ឈើ​នេះ​ជា​ភស្តុតាង​មួយ។ រដ្ឋាភិបាល​ត្រូវ​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​កម្ចាត់​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក សាន សែល៖ លោក ចាហ្គូ តើ​ក្រុម​ស៊ើប​អង្កេត​របស់​លោក​ប្រើ​មធ្យោបាយ​អ្វី​ខ្លះ ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ផលិត​របាយការណ៍​នេះ?

លោក ចាហ្គូ វ៉ាធ្លី៖ ក្រុម​ការងារ​របស់​យើង​បាន​ចុះ​ទៅ​អង្កេត​នៅ​ទីតាំង​ផ្ទាល់ (field survey) ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​បាន​បន្លំ​ខ្លួន ដើម្បី​ជួប​ជាមួយ​ឈ្មួញ​ឈើ​នៅ​ប្រទេស​វៀតណាម។ ក្រុម​ការងារ​យើង បាន​ក្លែង​ធ្វើ​ជា​អ្នក​ដើរ​ទិញ​ឈើ។ បន្ទាប់​មក រៀបចំ​គម្រោង​ដើម្បី​ជួប​ជាមួយ​ឈ្មួញ​ឈើ​វៀតណាម ដែល​អាច​ទទួល​អត្ថប្រយោជន៍​ពី​កូតា​នាំ​ចូល​ឈើ​យក​មក​ពី​ប្រទេស​កម្ពុជា ដែល​រដ្ឋាភិបាល​វៀតណាម បាន​បង្កើត​ឡើង។

តាម​រយៈ​ព័ត៌មាន​ដែល​យើង​ប្រមូល​បាន​ពី​សកម្មភាព​នៅ​មូលដ្ឋាន​ទាំងនេះ យើង​បាន​ចំណាយ​ពេល​បន្ថែម​ដើម្បី​ស្រាវជ្រាវ​ឯកសារ ទិន្នន័យ​ពី​ភាគី​កម្ពុជា និង​វៀតណាម ដើម្បី​ឲ្យ​ច្បាស់​ថា ព័ត៌មាន​ដែល​យើង​ប្រមូល​បាន​ពី​មូលដ្ឋាន​មក វា​ត្រឹមត្រូវ។

លោក សាន សែល៖ តើ​ក្រុម​ស៊ើប​អង្កេត​របស់​លោក​បាន​ចំណាយ​ពេល​ប៉ុន្មាន ដើម្បី​ផលិត​របាយការណ៍​ស៊ើប​អង្កេត​មួយ​នេះ?

លោក ចាហ្គូ វ៉ាធ្លី៖ ការ​ចុះ​ទៅ​ប្រមូល​ព័ត៌មាន​នៅ​ខេត្ត​រតនគិរី បាន​ធ្វើ​ឡើង​កាល​ពី​ខែ​វិច្ឆិកា ធ្នូ រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៦។ ក្នុង​រយៈពេល​នេះ យើង​ចុះ​ឡើង​ខេត្ត​រតនគិរី។ អ៊ីចឹង​យើង​ធ្វើ​អង្កេត​នៅ​មូលដ្ឋាន​ចំនួន ៤​ខែ។ តែ​មិន​មែន​ពេញ​ទាំង​បួន​ខែ​ទេ។ យើង​ចុះ​ឡើង។ យើង​បាន​ចំណាយ​ពេល​មួយ​ខែ​ទៀត​នៅ​ប្រទេស​វៀតណាម ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន។

លោក សាន សែល៖ អរគុណ​ច្រើន លោក ចាហ្គូ សម្រាប់​មតិ​យោបល់​ទាំងនេះ។

លោក ចាហ្គូ វ៉ាធ្លី៖ បាទ! មិន​អី​ទេ។ អរគុណ​ច្រើន។ ជម្រាបលា!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles