លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចសព្វថ្ងៃ ព្រមានថា បើគណបក្សលោកមិនបានកាន់អំណាចបន្តទៀតទេ សង្គ្រាមនឹងផ្ទុះឡើងជាថ្មីនៅកម្ពុជា។ អ្នកវិភាគព្រឹត្តិការណ៍នយោបាយយល់ថា សម្ដីរបស់លោក ហ៊ុន សែន ជាការគំរាមកំហែងដល់ការសម្រេចចិត្តបោះឆ្នោតរបស់ពលរដ្ឋជាម្ចាស់ឆ្នោត ប៉ុន្តែបើគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោតមែននោះ គឺមិនអាចកើតសង្គ្រាមនោះទេ។
ពីរថ្ងៃជាប់គ្នាហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាសាធារណៈ ព្រមានជាថ្មីទៀតពីសង្គ្រាមកើតឡើងវិញ ប្រសិនបើបក្សខ្លួនចាញ់ឆ្នោត ឬពលរដ្ឋមិនខំថែរក្សាអ្វីដែលមាននៅក្នុងដៃ។
ស្ថិតក្នុងសម្លៀកបំពាក់យោធា ពាក់ផ្កាយប្រាំនៅលើស្មា លោកនាយឧត្តមសេនីយ៍ផ្កាយមាសប្រាំផុតលេខ ហ៊ុន សែន ថាលោកខំប្រឹងកសាងសន្តិភាព និងបង្រួបបង្រួមជាតិយ៉ាងលំបាកមកឲ្យប្រទេសកម្ពុជា ដ៏កម្សត់ ប៉ុន្តែបែរជាមានក្រុមមួយមកសាងគ្រោះឲ្យជាតិទៅវិញ។ លោកថា បើគណបក្សលោកមិនបានកាន់អំណាចបន្តទៀតទេ សង្គ្រាមនឹងផ្ទុះឡើងជាថ្មីនៅកម្ពុជា៖ «»។
លោក ហ៊ុន សែន ថ្លែងដូច្នេះក្នុងខួបទី១០ នៃទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី១០ ខែឧសភា។ ការថ្លែងសារព្រមាននេះ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅមិនដល់មួយខែទេដល់ថ្ងៃបោះឆ្នោត។
ការព្រមានរបស់លោក ហ៊ុន សែន បែបនេះ ហាក់ខុសគ្នាឆ្ងាយទៅនឹងព្រះបន្ទូលរបស់ព្រះមហាក្សត្រ ព្រះបាទសម្ដេច នរោត្ដម សីហមុនី ដែលទ្រង់ស្នើពលរដ្ឋកុំឲ្យចាញ់សម្លុតជនណាម្នាក់ ឬគណបក្សនយោបាយណាមួយទាក់ទងនឹងការបោះឆ្នោតរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ ដោយត្រូវប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈជ្រើសរើសបេក្ខជន ឬគណបក្សណាដែលខ្លួនពេញចិត្ត។
ព្រះអង្គមានបន្ទូលថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ នេះ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះសុំកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ គំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សនយោបាយណាមួយឡើយ។
អ្នកជំនាញខាងអភិបាលកិច្ច និងវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ចាន់ វិបុល មើលមិនឃើញថាគណបក្សណាមួយអាចធ្វើឲ្យមានសង្គ្រាមនោះទេ បើគណបក្សប្រជាជនកម្ពុជា ចាញ់ឆ្នោត ព្រោះគណបក្សទាំងនោះគ្មានអំណាច គ្មានកងកម្លាំងប្រដាប់អាវុធ។ ជាងនេះទៅទៀត លោកថាប្រសិនបើរដ្ឋាភិបាលសព្វថ្ងៃចាញ់ឆ្នោត ក៏គ្មានសង្គ្រាមដែរ ព្រោះជារដ្ឋាភិបាលរបស់លោក ហ៊ុន សែន មានកាតព្វកិច្ចការពារលទ្ធផលបោះឆ្នោត៖ «»។
ដំណាលគ្នាដែលលោក ហ៊ុន សែន ព្រមានពីការកើតសង្គ្រាមឡើងវិញនេះ មានអ្នកប្រើប្រាស់ហ្វេសប៊ុក (facebook) ខ្លះ បានចូលទៅបញ្ចេញមតិ ឬខមមិន (Comment) នៅក្នុងហ្វេសប៊ុករបស់លោក ស្នើឲ្យលោកជួយគិតគូរដោះស្រាយបញ្ហាកសិផលរបស់កសិករដែលកំពុងធ្លាក់ថ្លៃ។
ដូចគ្នានេះដែរ អង្គការវេទិកាអនាគត រកឃើញថា តម្រូវការចាំបាច់ចំពោះមុខ គឺពលរដ្ឋចង់បានការងារធ្វើ មានទីផ្សារលក់ផលិតផល និងសម្ភារប្រើប្រាស់ទាន់សម័យ ដូចជាទូរស័ព្ទដៃ ទូរទស្សន៍ និងម៉ូតូ ជាដើម ជាពិសេសមិនជំពាក់បំណុលធនាគារ។
ទាក់ទងការព្រមានកើតសង្គ្រាមបែបនេះរបស់លោក ហ៊ុន សែន អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ឲ្យដឹងថា នៅពេលនេះ គ.ជ.ប មិនយកសម្ដីរបស់លោក ហ៊ុន សែន មកស្តាប់ដើម្បីពិចារណានៅឡើយទេ។ ប៉ុន្តែលោកថា ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃបោះឆ្នោត គ.ជ.ប នឹងតាមដានស្តាប់សម្ដីអ្នកនយោបាយយកមកថ្លឹងថ្លែង៖ «»។
កាលពីមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ និងក្រោយការបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែព្រមានថា នឹងមានសង្គ្រាម បើគណបក្សលោកចាញ់ឆ្នោត។ ជាលទ្ធផលនៃការបោះឆ្នោតជាតិអាណត្តិទី៥ ដោយការព្រមាននេះ ធ្វើឲ្យគណបក្សរបស់លោកបាត់បង់កៅអីតំណាងរាស្ត្រនៅសភាចំនួន ២២អាសនៈ ពី ៩០អាសនៈមកត្រឹម ៦៨អាសនៈ៕