អង្គការសហប្រជាជាតិថ្កោលទោសក្រុមឧទ្ទាម ដែលវាយប្រហារក្បួនរថយន្តរបស់ខ្លួន នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល រហូតធ្វើឲ្យកងរក្សាសន្តិភាពកម្ពុជា ៤នាក់បាត់បង់ជីវិត ហើយខ្លួននឹងធ្វើគ្រប់យ៉ាងដើម្បីនាំជនល្មើសមកផ្ដន្ទាទោស។ ចំណែកប្រមុខរដ្ឋាភិបាល បញ្ជាឲ្យចាប់ខ្លួន អ្នកបង្ហោះសារមិនគប្បីចំពោះមរណភាពនេះ។
សេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៩ ឧសភា ហៅការវាយប្រហារលើកងរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល កាលពីថ្ងៃទី៨ ឧសភា ជាឧក្រិដ្ឋកម្មសង្គ្រាម ដែលចាំបាច់ត្រូវនាំជនល្មើសមកផ្ដន្ទាទោស។
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានបេសកកម្មអង្គការសហប្រជាជាតិសម្រាប់សមាហរណកម្មស្ថិរភាពពហុវិស័យនៅអាហ្វ្រិកកណ្ដាល លោក ប៉ាហ្វេត អូណាហ្គា អានយ៉ានហ្គា (Parfait Onanga-Anyanga) បានសម្ដែងមរណទុក្ខចំពោះគ្រួសារអ្នកស្លាប់ និងប្រទេសកម្ពុជា ដែលបានលះបង់ចូលរួមថែរក្សាសន្តិភាព និងការពារពលរដ្ឋស៊ីវិលរបស់អាហ្វ្រិកកណ្ដាល។
រហូតមកដល់ពេលនេះទាហានមួកខៀវកម្ពុជា៤នាក់ហើយបានស្លាប់ និងម្នាក់របួសដៃឆ្វេង ដោយការបាញ់ប្រហារពីក្រុមឧទ្ទាម កាលពីយប់ថ្ងៃទី០៨ ឧសភា ឆ្នាំ២០១៧។
កម្ពុជាកំពុងចូលរួមសោកស្ដាយចំពោះការបាត់បង់ទាហានខ្មែរទាំង៤រូបនោះ និងចាត់ទុកថា ពលីកម្មនេះ ជាមោទនភាពសម្រាប់ប្រជាជាតិទាំងមូល ក្នុងការបំពេញបេសកកម្មមនុស្សធម៌អន្តរជាតិ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្រ្វិកកណ្ដាល។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ ឧសភា បានថ្លែងទាំងខឹងសម្បារ ចំពោះអ្នកក្លែងព័ត៌មានបង្ហោះសារ មិនគប្បីចំពោះមរណភាពទាហានខ្មែរ ហើយលោកបញ្ជាក្រសួងមហាផ្ទៃ ឲ្យស្វែងរកចាប់ខ្លួនជននោះជាបន្ទាន់ បើសិនមិនមានការលុបរូបភាពកាត់ត និងព័ត៌មាននោះចេញទេ៖ «សូមលោក ឡុង ឌីម៉ង់ ដែលមិនមែនជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង ទេ។ ខ្ញុំ (ហ៊ុន សែន) បញ្ជាក្រសួងមហាផ្ទៃឲ្យតាមជាបន្ទាន់ ប្រសិនបើគេ (ជនអនាមិក) មិនប្ដូរ និងដករូបភាពកាត់តនេះចេញ វាមានតម្លៃនឹងការប្រកាសសង្គ្រាមជាមួយកងកម្លាំងកម្ពុជាទាំងមូល»។
កាលពីថ្ងៃទី៩ ឧសភា អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត បានច្រានចោលភ្លាមៗនូវព័ត៌មានដែលផ្សព្វផ្សាយដោយឯកអគ្គរាជទូតប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់។ ព័ត៌មាននេះត្រូវបានកាសែតក្នុងស្រុក និងបរទេស ស្រង់សំណេររបស់លោក ឡុង ឌីម៉ង់ ដែលបង្ហោះក្នុងហ្វេសប៊ុកមកផ្សព្វផ្សាយ។ ប៉ុន្តែក្រោយមកលោក ឡុង ឌីម៉ង់ បានលុបព័ត៌មាននោះចោលវិញ ដោយលោកមិនអត្ថាធិប្បាយអ្វីឡើយ។
ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនទាហានចូលរួមក្នុងបេសកកម្មមនុស្សធម៌អន្តរជាតិ ក្រោមឆត្រអង្គការសហប្រជាជាតិ ជាង៤ពាន់ (៤.៦៨៩)នាក់ ក្នុងនោះស្រី ១៩៣នាក់ ទៅប្រទេសមួយចំនួន ដូចជា ប្រទេសម៉ាលី ស៊ូដង់ និងប្រទេសលីបង់ជាដើម។
អនុប្រធានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម លោក ផល សាម៉ន ថ្លែងថា ក្នុងបេសកកម្មនេះ ទាហានកម្ពុជាបានពលី និងរបួសចំនួន១៨នាក់ ក្នុងនោះអ្នកខ្លះស្លាប់ និងរងរបួសនៅពេលបំពេញការងារ អ្នកខ្លះមានជំងឺ និងពុលចំណីអាហារជាដើម៕