ក្រុមអង្គការសង្គមស៊ីវិលធ្វើការងារលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ រកឃើញថា ចំនួនស្ត្រីដែលបានចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នេះមានការកើនឡើងតិចតួច បើប្រៀបធៀបនឹងអាណត្តិទី៣ កន្លងទៅ។
បើទោះបីជាពួកគេសាទរចំពោះការកើនឡើងនេះ ក៏ពួកគេព្រួយបារម្ភថា ចំនួននេះនឹងមិនអាចធ្វើឲ្យចំនួនស្ត្រីដែលអាចក្លាយជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នោះ អាចកើនឡើងដើម្បីឆ្លើយតបបញ្ហាស្ត្រី និងកុមារនៅមូលដ្ឋានឡើយ។
ក្រុមអង្គការសង្គមស៊ីវិលបារម្ភថា ចំនួនស្ត្រីឋិតក្នុងតួនាទីធ្វើសេចក្ដីសម្រេចនៅថ្នាក់មូលដ្ឋាននៅតែតិច នឹងជំរុញឲ្យការដោះស្រាយបញ្ហាឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ស្ត្រីនៅមូលដ្ឋាន នៅតែមានតិចតួច។
អ្នកសម្របសម្រួលផ្នែកអប់រំ និងយេនឌ័រនៃអង្គការខុមហ្រ្វែល (Comfrel) អ្នកស្រី សឺនកេត សិរីលក្ខណ៍ ថ្លែងថា ចំនួនស្ត្រីដែលបានឈរឈ្មោះក្នុងបញ្ជីផ្លូវការរបស់ គ.ជ.ប មានចំនួនជាង ២ម៉ឺននាក់ (២៥.៧៨៨នាក់) បានកើនឡើងចំនួន ១,៦២ភាគរយ បើប្រៀបធៀបនឹងចំនួនបេក្ខនារីនៅអាណត្តិទី៣។
ទោះជាយ៉ាងណា អ្នកស្រីថាចំនួនស្ត្រីដែលឈរនៅលេខរៀងទី១ ពោលគឺអ្នកដែលអាចក្លាយជាមេឃុំ ចៅសង្កាត់ មានចំនួនកើនឡើងក្នុងនោះរួមទាំងគណបក្សដែលមានប្រជាប្រិយភាព៖ «បើសិនជាពួកគាត់ទាំងអស់ហ្នឹងជាប់ឆ្នោតជាមេឃុំ ចឹងចំនួនមេឃុំអាចកើនឡើងច្រើន បើប្រៀបធៀបនឹងអាណត្តិមុនដែលមេឃុំ (ស្រី) មានចំនួន ១០៨នាក់។ ប៉ុន្តែយើងនៅតែឃើញថា ស្ត្រីជួបការប្រឈមមួយចំនួន ដែលភាគច្រើនគណបក្សនយោបាយដែលជាគណបក្សមានប្រជាប្រិយភាព អត់បានខិតខំបង្កើនចំនួនស្ត្រីដូចអ្វីដែលរដ្ឋាភិបាល និងសង្គមស៊ីវិលចង់បានដូចអ្វីដែលរដ្ឋាភិបាលបានទទួលយកនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
នៅក្នុងបញ្ជីបេក្ខជនចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលផ្សព្វផ្សាយដោយ គ.ជ.ប បង្ហាញថា គណបក្សធំៗចំនួនពីរដែលមានប្រជាប្រិយភាព គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានដាក់ស្ត្រីឲ្យឈរឈ្មោះបោះឆ្នោតតិចតួចនៅឡើយ បើប្រៀបធៀបនឹងភាគរយស្ត្រីនៅគណបក្សចំនួន ១០ ទៀតដែលចូលរួមប្រកួតប្រជែង។
គណបក្សប្រជាជនកម្ពុជា មានបេក្ខភាពស្ត្រីចំនួន ២២,១៩ភាគរយ រីឯគណបក្សសង្គ្រោះជាតិ ចំនួន ១៦,០៥ភាគរយ។
ចំណែកគណបក្សផ្សេងៗទៀត គឺមានចំនួនស្ត្រីច្រើន ដូចជាគណបក្សហ៊្វុនស៊ិនប៉ិច មានស្ត្រី ៣៨,០៦% គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានស្ត្រី ៣៣,៤០% គណបក្សខ្មែររួបរួមជាតិ មានស្ត្រី ៤០,១២% គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មានស្ត្រីចំនួន ៣៨,៣១% គណបក្សសញ្ជាតិកម្ពុជា មានស្ត្រីចំនួន ៥២,៧៦% គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា មានស្ត្រីចំនួន ២១,១១% គណបក្សអំណាចខ្មែរ មានស្ត្រីចំនួន ៣១,១៩% គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានស្ត្រីចំនួន ២៦,៥២% គណបក្សយុវជនកម្ពុជា មានស្ត្រីចំនួន ៤៧,៦៣% និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ មានស្ត្រី ៤០,៥៧%។
ក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា គម្លាតនេះបង្ហាញពីវិសមភាពយេនឌ័រនៅក្នុងការចូលរួមក្នុងវិស័យនយោបាយ។ ពួកគេក៏បានរកឃើញថា មានបញ្ហាចំនួន ៦ចំណុច ដែលធ្វើឲ្យស្ត្រីពិបាកនឹងចូលទៅកាន់តំណែងអ្នកដឹកនាំនៅមូលដ្ឋាន ក្នុងនោះរួមមាន ខ្វះក្របខ័ណ្ឌច្បាប់កំណត់ចំនួនស្ត្រីនៅក្នុងបញ្ជីបោះឆ្នោត ការរើសអើងស្ត្រី ផ្ទៃក្នុងបក្ស ដែលនាំឲ្យមិនដាក់ស្ត្រីនៅលេខរៀងល្អ និងថ្នាក់ដឹកនាំបក្សនៅមិនទាន់មានឆន្ទៈបង្កើនចំនួនស្ត្រីនៅឡើយ។
បេក្ខជនឈរលេខរៀងទី៣ នៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មកពីគណបក្សសង្គ្រោះជាតិ កញ្ញា យ៉ែម វណ្ណណែត ថ្លែងថា ស្ត្រី ជាពិសេសស្ត្រីវ័យក្មេងដូចកញ្ញា ត្រូវតស៊ូមតិនៅក្នុងជួរបក្សជាច្រើនលើក ទើបអាចមានការយល់ព្រមក្នុងចំណោមអ្នកដឹកនាំក្នុងបក្ស៖ «ពេលខ្លះបុរសកន្លែងដែលគាត់ធ្លាប់អង្គុយ គាត់អត់ចង់ឲ្យយើងអ្នកថ្មីទៅអង្គុយទេ។ អ៊ីចឹងបើយើងអត់ធ្វើការតវ៉ាមតិ យើងអត់បានបង្ហាញពីសកម្មភាពយើង។ យើងអត់បង្ហាញពីសមត្ថភាពយើង គឺយើងមិនអាចមានឱកាសឈរជាបេក្ខជនបានទេ គឺយើងត្រូវការបង្ហាញសមត្ថភាព ចំណេះដឹង និងពីផលលំបាកនៃស្ត្រីបានគាត់ឲ្យយើងឈរ»។
ចំពោះបញ្ហានេះ នាយិកាអង្គការសីលការ (SILAKA) និងជាប្រធានគណៈកម្មការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ អ្នកស្រី ធីតា ឃឹះ ក៏បារម្ភដែរថា ចំនួនស្ត្រីតិចតួចនេះនឹងកើតមានបន្តទៀតនៅក្នុងការឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឬការបោះឆ្នោតជាតិ។ អ្នកស្រីថា បើចំនួនស្ត្រីចូលរួមតិចតួចនោះ នឹងរុញច្រានឲ្យរដ្ឋាភិបាលបរាជ័យម្ដងទៀតចំពោះគោលដៅជំរុញឲ្យស្ត្រី និងបុរសមានចំនួនស្មើគ្នានៅក្នុងជួរអ្នកដឹកនាំ និងធ្វើសេចក្ដីសម្រេច៖ «ពីព្រោះជារឿងមួយសំខាន់ បើអត់មានស្ត្រីចូលរួម គឺវាបាត់សំឡេងស្ត្រី បាត់ព័ត៌មានពីសង្គម។ វាធ្វើឲ្យការសម្រេចចិត្ត និងការអភិវឌ្ឍរបស់យើងវាអត់ប្រសិទ្ធភាព ហើយបើប្រៀបធៀបជាមួយគេទៀត គឺយើងអាចដើរក្រោយគេទៀត។ បើចង់ឲ្យមានមុខមាត់ក្នុងសង្គមនៅក្នុងពិភពលោក គួរចាប់ផ្ដើមគិតគូរពីរឿងហ្នឹង»។
កន្លងទៅ ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង សុទ្ធតែបានអះអាងថា លើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ។ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការដាក់ចំនួនស្ត្រីរបស់គណបក្សនេះដោយផ្អែកលើប្រជាប្រិយភាព និងសមត្ថភាពរបស់ស្ត្រី ចំណែកគណបក្សប្រឆាំងវិញលើកឡើងថា ពិបាកនឹងរកស្ត្រីដែលក្លាហាន។
យ៉ាងនេះក្ដី ក្រុមអង្គការសង្គមស៊ីវិលចាត់ទុកការលើកឡើងនេះ ថាគ្រាន់តែជាលេសរបស់គណបក្សនយោបាយប៉ុណ្ណោះ ហើយបានស្នើនូវអនុសាសន៍មួយចំនួនដែលពួកគេមើលឃើញថា អាចបង្កើនចំនួនស្ត្រី។ ក្នុងនោះរួមមាន ត្រូវវិសោធនកម្មច្បាប់បោះឆ្នោត ដែលអាចតម្រូវឲ្យគណបក្សនយោបាយបង្កើតបញ្ជីមានលេខរៀងឆ្លាស់រវាងបុរស និងស្ត្រី គណបក្សនយោបាយត្រូវមានគោលការណ៍លាយលក្ខណ៍អក្សរពីសមភាពយេនឌ័រ និងបង្កើតបរិយាកាសល្អសម្រាប់ការចូលរួមរបស់ស្ត្រី៕