ប្រជាពលរដ្ឋនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្អូញត្អែរពីផលលំបាកនៅពេលឈឺថ្កាត់ម្តងៗ ត្រូវនាំគ្នាទៅរកសេវាព្យាបាលជំងឺនៅតំបន់ឆ្ងាយៗ ឬត្រូវធ្វើដំណើរទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុក ដោយមានចម្ងាយផ្លូវរាប់សិបគីឡូម៉ែត្រ។ បញ្ហានេះ អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ពួកគេបានបញ្ជូនសំណើសុំបង្កើតមណ្ឌលសុខភាពនៅក្នុងឃុំ ទៅអាជ្ញាធរស្រុក និងខេត្ត ប៉ុន្តែមិនទាន់មានការឆ្លើយតបវិជ្ជមាននៅឡើយទេ។
ពលរដ្ឋនៅឃុំបឹងល្វា ស្រុកសន្ទុក ស្នើឲ្យរាជរដ្ឋាភិបាលបង្កើតមណ្ឌលសុខភាពនៅក្នុងឃុំរបស់ពួកគាត់ ដើម្បីផ្តល់ភាពងាយស្រួល និងដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពជូនពលរដ្ឋ។ បន្ថែមពីនេះ គឺអាចកាត់បន្ថយការចំណាយរបស់អ្នកស្រុកដាច់ស្រយាលមួយនេះ ក្នុងការស្វែងរកទីតាំងព្យាបាលជំងឺដែលស្ថិតនៅឆ្ងាយពីតំបន់រស់នៅរបស់ខ្លួន ម្យ៉ាងដើម្បីឲ្យស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលឃុំមួយ មានមណ្ឌលសុខភាពមួយ ជាដើម។
ពលរដ្ឋនៅឃុំបឹងល្វា មួយរូប លោក នួន រ៉ាំ មានប្រសាសន៍ថា បច្ចុប្បន្ននៅក្នុងឃុំរបស់លោក គឺមានពេទ្យឯកជនមួយចំនួន ប៉ុន្តែមិនទាន់មានមណ្ឌលសុខភាពនៅឡើយ ជាហេតុធ្វើឲ្យអ្នកភូមិជួបការលំបាក។ លោកបន្តថា នៅពេលឈឺថ្កាត់ម្តងៗ ពិសេសមានជំងឺធ្ងន់ធ្ងរ ឬស្ត្រីសម្រាលកូន គឺត្រូវធ្វើដំណើរប្រមាណ ៦០គីឡូម៉ែត្រទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍ ឬស្រុកសន្ទុក៖ «ព្រោះពេលឈឺថ្កាត់ម្តងៗ យើងទៅពេទ្យឯកជន ព្រោះមណ្ឌលសុខភាពវាឆ្ងាយពេក»។
ពលរដ្ឋរូបនេះនិយាយថា នៅពេលធ្វើដំណើរកាន់តែឆ្ងាយ គឺកាន់តែធ្វើឲ្យអ្នកភូមិក្រីក្រជួបបញ្ហាប្រឈមក្នុងគ្រួសារ ព្រោះត្រូវចំណាយថ្លៃធ្វើដំណើរច្រើន។ ជាក់ស្តែងនៅពេលមានជំងឺបន្ទាន់ណាមួយ គឺត្រូវជួលរថយន្តផ្តាច់មុខនៅពេលយប់វិញ គឺតម្លៃ ២០ម៉ឺនរៀលក្នុងពេលធ្វើដំណើរម្តងៗ។
ពលរដ្ឋមួយរូបទៀត លោកស្រី ឡុង ចាន់ថន រៀបរាប់ថា កូនៗលោកស្រីដែលធ្លាប់មានជំងឺ គឺមិនបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកឡើយ គឺចេះតែទ្រាំមើលនៅមន្ទីរពេទ្យឯកជនក្នុងឃុំប៉ុណ្ណោះ ដោយសារលោកស្រីមិនមានថវិកា។ ជាងនេះទៀត ពេលកូនៗ ឬលោកស្រីផ្ទាល់នៅពេលមិនស្រួលខ្លួន គឺទៅព្យាបាលជំពាក់ប្រាក់គេ ដោយរង់ចាំស៊ីឈ្នួលគេបានប្រាក់ ទើបយកប្រាក់មកសងគ្រូពេទ្យវិញ។ លោកស្រីយល់ថា ប្រសិនបើរាជរដ្ឋាភិបាលអាចបង្កើតមណ្ឌលសុខភាពនៅក្នុងឃុំបាន គឺជួយដោះស្រាយបញ្ហាប្រឈមរបស់អ្នកស្រុកបានច្រើន និងកាត់បន្ថយការចំណាយផង៖ «បើតាមចិត្តរបស់ខ្ញុំនេះ ខ្ញុំចង់ឲ្យរាជរដ្ឋាភិបាលជួយទៅ ព្រោះខាងនេះគ្នាខ្វះខាតក៏ច្រើនដែរ។ បើបានមណ្ឌលសុខភាពនៅជិតទៅ គឺស្រួលគ្នាបន្តិច»។
ឃុំបឹងល្វា មានភូមិជាផ្លូវការចំនួន១៣ ដែលមានចំនួនពលរដ្ឋជិត ៥ពាន់គ្រួសារ (៤.៨៦៨គ្រួសារ) ស្មើចំនួនប្រជាជនជិត ២ម៉ឺននាក់ (១៩.៧៦១នាក់) និងមានភូមិមិនទាន់ចុះបញ្ជីពីក្រសួងមហាផ្ទៃ ជាផ្លូវការ គឺមានចំនួន ១១ភូមិទៀត។ ឃុំនេះមានសាលារៀន មានវត្តអារាម មានទីផ្សារ មានផ្លូវធ្វើដំណើរសមរម្យ ប៉ុន្តែអ្វីដែលមិនទាន់មាន គឺមណ្ឌលសុខភាព។
មេឃុំបឹងល្វា លោក ប៉ែន លឿ មានប្រសាសន៍កាលពីថ្ងៃទី២៧ កុម្ភៈ ថា អាជ្ញាធរមូលដ្ឋានបានធ្វើសំណើសុំបង្កើតមណ្ឌលសុខភាពនៅក្នុងឃុំ ទៅអាជ្ញាធរស្រុក និងខេត្តជាង ១ឆ្នាំមកហើយ ប៉ុន្តែមិនទាន់មានលទ្ធផលវិជ្ជមានទេ។ លោកថា ចំនួនពលរដ្ឋនៅក្នុងឃុំនេះ ស័ក្ដិសមនឹងមានមណ្ឌលសុខភាពមួយ ពីព្រោះជាតម្រូវការចាំបាច់របស់អ្នកស្រុក ហើយអាជ្ញាធរឃុំក៏បានត្រៀមដីមួយកន្លែងសម្រាប់សាងសង់មណ្ឌលសុខភាពនៅផ្នែកខាងក្រោយសាលាឃុំថែមទៀត៖ «ព្រោះប្រជាពលរដ្ឋនេះនៅឆ្ងាយៗពីគ្នា ហើយនៅពេលមានឈឺថ្កាត់អីមានផលលំបាក»។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យសាលាខេត្តកំពង់ធំ លោក គង់ វិមាន មានប្រសាសន៍ថា ជាទូទៅរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន អាជ្ញាធរតែងតែលើកឡើងនៅក្នុងកិច្ចប្រជុំថ្នាក់ខេត្ត ឬក្រុមការងារថ្នាក់ជាតិ ដើម្បីស្រាវជ្រាវបន្ថែម និងរកដំណោះស្រាយទៅតាមការស្នើសុំរបស់ពលរដ្ឋ។
អ្នកនាំពាក្យរូបនេះ ធ្លាប់ដឹងថា គោលការណ៍របស់ក្រសួងសុខាភិបាល អាចបង្កើតមណ្ឌលសុខភាពបាន គឺតំបន់នោះមានពលរដ្ឋប្រមាណ ១ម៉ឺននាក់ ឬមានចំនួនតិចជាងនេះ ប៉ុន្តែជាតំបន់ដាច់ស្រយាលជាដើម។ យ៉ាងនេះក្តី លោកថាភូមិមួយចំនួននៅក្នុងឃុំបឹងល្វា នៅមិនទាន់ទទួលស្គាល់ពីក្រសួងមហាផ្ទៃ ជាផ្លូវការ ហើយមានពលរដ្ឋខ្លះជាជនចំណាកស្រុកមកពីតំបន់ផ្សេងៗចូលមករស់នៅបណ្ដោះអាសន្ន ហើយចូលមកកាប់រុករានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ជាហេតុធ្វើឲ្យអាជ្ញាធរពិបាកក្នុងការគ្រប់គ្រង៖ «ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ អ្វីដែលជាសំណូមពរពីមូលដ្ឋាន ហើយខេត្តមិននៅស្ងៀមទេ គឺតែងតែលើកដាក់ទៅក្នុងផែនការសំណើស្នើសុំទៅក្រសួងសុខាភិបាល»។
ទោះបីជាយ៉ាងនេះក្តី មន្ត្រីសង្គមស៊ីវិលមើលឃើញថា គោលនយោបាយបង្កើតមណ្ឌលសុខភាពឲ្យបានគ្រប់ឃុំនៅទូទាំងប្រទេស គឺមិនទាន់ឆ្លើយតបនៅឡើយទេ។ ជាក់ស្តែងឃុំខ្លះមិនទាន់មានមណ្ឌលសុខភាពឡើយ ពិសេសឃុំនៅតាមតំបន់ដាច់ស្រយាល ហើយមានឃុំមួយចំនួននៅប្រើប្រាស់មណ្ឌលសុខភាពរួមគ្នា។
ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មើលឃើញថា ប្រជាពលរដ្ឋក្រីក្ររស់នៅតាមជនបទ ត្រូវជួបបញ្ហាប្រឈមដោយសារសេវាសុខាភិបាលនៅឆ្ងាយពីមូលដ្ឋានរបស់ពួកគេ។ ជាងនេះទៀត តំបន់ដាច់ស្រយាលខ្លះគ្មានគ្រូពេទ្យជំនាញ និងឧបករណ៍ទំនើបដើម្បីជួយសង្គ្រោះជីវិតពួកគាត់ឲ្យទាន់ពេលវេលា ជាហេតុធ្វើឲ្យអ្នកភូមិមិនសូវទុកចិត្តចំពោះការព្យាបាលរបស់គ្រូពេទ្យនៅតាមមូលដ្ឋាន៖ «ផលប៉ះពាល់ទីមួយ គាត់ត្រូវចំណាយថវិកាច្រើន។ ទីពីរ គាត់នៅតែប្រឈមហានិភ័យ ចុះទ្រាំគាត់ទៅដល់ពេទ្យអាចនឹងបាត់បង់ជីវិត»។
មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ប្រសិនបើមណ្ឌលសុខភាពមាននៅគ្រប់ឃុំ ពិសេសនៅតំបន់ដាច់ស្រយាល ហើយមានគ្រូពេទ្យជំនាញ និងសម្ភារព្យាបាលអ្នកជំងឺសមរម្យ គឺអាចរួមចំណែកកាត់បន្ថយការចំណាយរបស់ពលរដ្ឋ និងកាត់បន្ថយចំនួនអ្នកជំងឺដែលត្រូវមកព្យាបាលនៅទីរួមស្រុក ឬទីរួមខេត្ត។ លើសពីនេះ ជួយឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានអាចមានលទ្ធភាពពិនិត្យសុខភាពរបស់ខ្លួនបានទៀងទាត់ ពីព្រោះសុខភាពល្អជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕