មន្ត្រីគណបក្សសង្គ្រោះជាតិ និងពលរដ្ឋនៅខែត្រស្ទឹងត្រែង អំពាវនាវឲ្យក្រសួងអប់រំ ស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការគ្រប់គ្រងដីឯកជនរបស់រដ្ឋ ឋិតនៅជាប់របងមន្ទីរអប់រំខែត្រស្ទឹងត្រែង។ កាលពីចុងឆ្នាំ២០១៦ មន្ទីរអប់រំខែត្រស្ទឹងត្រែង បានធ្វើរបងស៊ីម៉ងត៍ខាងក្រោយមន្ទីរអប់រំ ខុសទម្រង់ដើម បណ្ដាលឲ្យដីមួយផ្នែករបស់មន្ទីរឋិតនៅក្រៅរបង។
មន្ត្រីគណបក្សសង្គ្រោះជាតិ និងពលរដ្ឋនៅខែត្រស្ទឹងត្រែង នៅតែមានមន្ទិល និងអំពាវនាវឲ្យមានការបកស្រាយឲ្យច្បាស់លាស់ជុំវិញដីមួយផ្នែករបស់មន្ទីរអប់រំខែត្រស្ទឹងត្រែង ត្រូវបានគេធ្វើរបងឲ្យដីនោះឋិតនៅក្រៅបរិវេណមន្ទីរ។ បញ្ហានេះ ពួកគេសង្ស័យថា អាចជាចេតនាលួចទ្រព្យសម្បត្តិរដ្ឋលក់ជាសម្បត្តិឯកជន ក្រោមរូបភាពស្ថាបនារបង។
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅខែត្រស្ទឹងត្រែង លោក តុ ស៊ីសំបុត្រ ឲ្យដឹងនៅថ្ងៃទី២ កុម្ភៈ ថា ដីមួយផ្នែកឋិតនៅជាប់របងមន្ទីរអប់រំខែត្រស្ទឹងត្រែង គឺជាដីឯកជនរបស់រដ្ឋ ក៏ប៉ុន្តែថ្មីៗនេះមានការធ្វើរបងស៊ីម៉ងត៍ ធ្វើឲ្យដីដែលមានទំហំទទឹងពី ២០ម៉ែត្រដល់ ៣០ម៉ែត្រ បណ្តោយ ៤០ម៉ែត្រឋិតនៅខាងក្រៅបរិវេណមន្ទីរអប់រំទៅវិញ។ បញ្ហានេះ លោកបារម្ភខ្លាចក្រែងទ្រព្យសម្បត្តិរបស់រដ្ឋ នឹងធ្លាក់ទៅបុគ្គលឯកជន។ លោកចង់ឃើញមន្ទីរអប់រំខែត្រ និងក្រសួងអប់រំ ស្រាយបំភ្លឺបញ្ហានេះឲ្យច្បាស់លាស់៖ «ក្នុងនាមពលរដ្ឋ ចង់ឲ្យអាជ្ញាធរស្រាយបំភ្លឺឲ្យពលរដ្ឋដឹងថា ដែលសល់ពីរបងនេះ តើគាត់មានបំណងយកទៅណា? គាត់លក់ឬធ្វើអី? ពលរដ្ឋចង់ដឹងណាស់រឿងហ្នឹង។ ក្នុងនាមខ្ញុំពលរដ្ឋបារម្ភខ្លាចបាត់ដីរដ្ឋបន្តទៀត»។
អាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរអប់រំខែត្រស្ទឹងត្រែង លោក ហ៊ាង ប៉ូលី និងអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន ដើម្បីឆ្លើយតបបញ្ហានេះបានទេនៅថ្ងៃទី២ មីនា ព្រោះទូរស័ព្ទហៅចូលគ្មានអ្នកទទួល។
ពលរដ្ឋរស់នៅសង្កាត់ស្ទឹងត្រែង ថ្លែងសុំមិនបញ្ចេញឈ្មោះ បង្ហើបថា ដីមួយផ្នែកនេះត្រូវបានមន្ទីរអប់រំខែត្រស្ទឹងត្រែង ធ្វើការដោះដូរជាមួយបុគ្គលឯកជន។ ការដោះដូរនេះ គឺឈ្មួញបានធ្វើរបងព័ទ្ធជុំវិញមន្ទីរ និងកសាងរូបសំណាកសម្ដេចសង្ឃ ជួន ណាត ក្នុងបរិវេណមន្ទីរ ក៏ប៉ុន្តែលោកពុំដឹងប្រាកដថា ការដោះដូរនេះមានការឯកភាពពីក្រសួងសាមីឬទេ?
មន្ត្រីសង្គមស៊ីវិលកត់សម្គាល់ថា កន្លងទៅ ទ្រព្យសម្បត្តិរដ្ឋរួមមានមន្ទីរពេទ្យ និងសាលារៀនជាដើម មន្ត្រីរដ្ឋាភិបាលបានឃុបឃិតគ្នាលក់ និងដោះដូរ ហើយយកប្រាក់ចែកបុគ្គលិកក្រោមឱវាទខុសនីតិវិធី។
អ្នកនាំពាក្យសមាគមអាដហុក (ADHOC) លោក សំ ច័ន្ទគា ពន្យល់ថា ការដោះដូរដីឯកជនរបស់រដ្ឋអាចធ្វើទៅបាន លុះត្រាមានការសម្របសម្រួលជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកភាពពីក្រសួងសាមី ព្រមទាំងត្រូវបើកចំហព័ត៌មានស្ដីពីការដោះដូរនេះ មិនត្រូវមានការដោះដូរស្ងាត់ៗនោះទេ។ លោកបញ្ជាក់ថា ការដោះដូរដីឯកជនរបស់រដ្ឋ ត្រូវប្រកាសជាសាធារណៈ និងបញ្ជាក់ពីវត្ថុបំណងនៃការដោះដូរច្បាស់លាស់៖ «ខ្ញុំយល់ថា ដើម្បីបញ្ចៀសការរិះគន់ មន្ទីរអប់រំ គួរតែបញ្ចេញភស្តុតាង ឬមួយឲ្យមហាជនបានដឹង ជាពិសេសបុគ្គលិកក្រោមឱវាទ»។
ដីដែលមន្ទីរអប់រំខែត្រស្ទឹងត្រែង ទុកនៅក្រៅបរិវេណមន្ទីរ ឋិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង មានទំហំក្បាល ២០ម៉ែត្រ បណ្តោយជាង ៤០ម៉ែត្រ រាងត្រីកោណ។ អ្នកភូមិប៉ាន់ស្មានថា ដីនេះមានតម្លៃ ៥ម៉ឺនទៅ ៦ម៉ឺនដុល្លារអាមេរិក៕