Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ស្ថានភាព​ជំទប់​ទី​២​​សង្កាត់​ប៉ោយប៉ែត​នៃ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ពន្ធនាគារ

$
0
0

ប្រពន្ធ​​​ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស​ប្រឆាំង​ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ អះអាង​ថា ប្ដី​របស់​លោកស្រី គឺ​លោក ចៅ វាសនា នៅ​តែ​ស្មារតី​រឹង​មាំ បើ​ទោះ​ជា​រូប​លោក​មាន​ជំងឺ​ប្រចាំ​កាយ​មិន​បាន​ទៅ​ជួប​គ្រូពេទ្យ​ក៏ដោយ។ សាច់ញាតិ និង​អ្នក​គាំទ្រ​​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ ប្រមាណ ១០​នាក់ បាន​ហែហម​ដំណើរ​​ចូល​សួរ​សុខ​ទុក្ខ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​រសៀល​ថ្ងៃ​ទី​២ ខែ​មីនា។

នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​សាច់ញាតិ​លោក ចៅ វាសនា បាន​ចូល​សួរ​សុខទុក្ខ​លោក​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ។

ប្រពន្ធ​ជន​ត្រូវ​ចោទ លោកស្រី វង្ស គឹមហុង ថ្លែង​ថា កន្លង​មក​លោកស្រី​បាន​ព្យាយាម​សុំ​មន្ត្រី​ពន្ធនាគារ​ចូល​សួរ​សុខ​ទុក្ខ​ស្វាមី​ជា​ច្រើន​លើក​ហើយ តែ​ទើប​បាន​​សម្រេច​លើក​នេះ ដោយសារ​មិន​ទាន់​ដល់​ថ្ងៃ​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​សាច់ញាតិ​សួរ​សុខ​ទុក្ខ​បាន។

លោកស្រី​បន្ថែម​ថា មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​ឲ្យ​លោកស្រី និង​កូនៗ​ចំនួន ៤​នាក់ ចូល​ជួប​លោក​ ចៅ វាសនា ក្នុង​ពន្ធនាគារ​ ចំណែក​អ្នក​រួម​ដំណើរ​ផ្សេង​ទៀត​រង់ចាំ​នៅ​ខាង​ក្រៅ។ លោកស្រី​អះអាង​ថា លោក​ ចៅ វាសនា នៅ​ក្នុង​ពន្ធនាគារ​មាន​ស្មារតី​រាំង​មាំ និង​បាន​​ផ្ដាំ​ផ្ញើ​មិន​ឲ្យ​លោកស្រី​ព្រួយ​បារម្ភ​ពី​លោក​នោះ​ទេ៖ «ទឹក​មុខ​គាត់​ក៏​ស្រស់បស់​ដែរ ហើយ​គាត់​មិន​មាន​ការ​តក់ស្លុត​អ្វី​ទេ។ គាត់​ថា មិន​បាច់​ភ័យ​ព្រួយ​អ្វី​ទេ​ ហើយ​គាត់​នឹង​ខំ​ប្រឹងប្រែង​ការងារ​គណបក្ស​បន្ត​ទៀត​ដោយ​មិន​មាន​ការ​រុញរា។គាត់​ផ្ដាំផ្ញើ​ថា កុំ​កើត​ទុក្ខ​ភ័យ​អី ធ្វើ​ម៉េច​បើ​យើង​ធ្វើ​ការងារ​គណបក្ស​ប្រឆាំង​ គឺ​ត្រូវ​តែ​ប្រឈម​មុខ​បែប​នេះ»

​​​​​​​​​​​​​ចំណែក​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ​ លោក កែ សម្ផស្ស មាន​ប្រសាសន៍​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​ខេត្ត​គ្រោង​​ចុះ​សួរសុខទុក្ខ លោក ចៅ វាសនា នៅ​ពន្ធនាគារ​​ថ្ងៃ​ទី​៩ ខែ​មីនា ខាង​មុខ។ លោក​បន្ថែម​ថា​ គណបក្ស​ក៏​ត្រៀម​បញ្ជូន​ឈ្មោះ​លោក​ ចៅ វាសនា​ ដាក់​​ជា​​​បេក្ខភាព​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​​សង្កាត់​ប៉ោយប៉ែត ទៅ​លេខាធិការ​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣ ខែ​មីនា។

លោក កែ សម្ផស្ស៖ «ព្រោះ​ដំណើរ​រឿង​នេះ​វា​អត់​មាន​អី​ដែល​ត្រូវ​ពាក់ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​ទេ ប៉ុន្តែ​ដោយសារ​វា​ជា​រឿង​នយោបាយ។ ព្រោះ​លោក ចៅ វាសនា គាត់​ជា​បេក្ខជន​មួយ​ដែល​មាន​ប្រជាប្រិយ​នៅ​សង្កាត់​ប៉ោយប៉ែត អ៊ីចឹង​គោល​បំណង​សំខាន់​របស់​គេ​ គឺ​គេ​មិន​ចង់​ឲ្យ​មាន​វត្តមាន​រូប​គាត់​នៅ​ក្នុង​ការ​រៀបចំ​បេក្ខជន​​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ អ៊ីចឹង​ហើយ​បាន​ជា​គេ​ត្រូវ​រក​វិធី​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​គាត់​បណ្ដោះអាសន្ន»

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ លោក ភុន ឈិន លើក​ឡើង​ថា ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត ប្រឈម​មុខ​​នឹង​ការ​បាត់បង់​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​ប៉ោយប៉ែត។

លោក​បន្ថែម​ថា បញ្ហា​នេះ​តុលាការ​គួរ​ពន្លឿន​ជំនុំ​ជម្រះ​ឲ្យ​បាន​ឆាប់ ឬ​ឲ្យ​ជន​ត្រូវ​ចោទ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន៖ «ព្រោះ​បើ​យើង​មើល​ជាក់​ស្ដែង ខាង​លោក ចៅ វាសនា​ គាត់​មាន​ទីលំនៅ និង​មុខ​របរ​ពិតប្រាកដ​ ហើយ​យើង​មើល​ឆន្ទៈ​របស់​គាត់​កន្លង​មក​នៅ​ក្នុង​នីតិវិធី​តុលាការ​ គឺ​គាត់​តែងតែ​ចូល​រួម​គ្រប់​នីតិវិធី មិន​ដែល​មាន​ការ​គេចវេះ​អី​ទេ។ អ៊ីចឹង​និយាយ​រួម គឺ​គាត់​មិន​មាន​ចេតនា​ក្នុង​ការ​​គេចវេះ​ មិន​ចូល​រួម​ក្នុង​នីតិវិធី​របស់​តុលាការ​ទេ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​មីនា។

ជំទប់​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី លោក ចៅ វាសនា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ បន្ទាប់​ពី​សាកសួរ​អស់​ជាង ៤​ម៉ោង ដោយ​ចោទ​ប្រកាន់​ពី​បទ​​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ ក្រុង​ប៉ោយប៉ែត កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles