Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ស្រូវ​ប្រាំង​រាប់​រយ​ហិកតារ​នៅ​ឃុំ​ចំណារ​លើ​ខេត្ត​កំពង់ធំ​ខ្វះ​ទឹក​ស្រោចស្រព

$
0
0

ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បញ្ជាក់​ថា ស្រូវ​ប្រាំង​ជាច្រើន​រយ​ហិកតារ​កំពុង​ប្រឈម​ការ​ខូចខាត ដោយសារ​មិន​មាន​ទឹក​ស្រោចស្រព។ ពួក​គាត់​ឲ្យ​ដឹង​ថា ប្រភព​ទឹក​សំខាន់​សម្រាប់​ស្រោចស្រព គឺ​យក​មក​ពី​អាង​ទឹក​មួយ​កន្លែង​ឈ្មោះ អាង​ទឹក​យាយ​អូន ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ឈ្មួញ​ម្នាក់ ប៉ុន្តែ​អាង​ទឹក​នោះ​បាន​រីង​ស្ងួត​អស់​ទៅ​ហើយ។ អភិបាល​ស្រុក​ស្ទោង និយាយ​ថា នឹង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ចុះ​ពិនិត្យ​មើល​ករណី​នេះ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំណារលើ ជាច្រើន​គ្រួសារ ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​ករណី​ខ្វះ​ទឹក​ដាក់​ស្រែ​ប្រាំង ដែល​នឹង​អាច​ឈាន​ទៅ​ខូចខាត​ផល​ស្រូវ​ទាំងស្រុង​តែ​ម្តង។ បន្ថែម​ពី​នេះ អ្នក​ភូមិ​ព្រមាន​ប្ដឹង​អ្នក​គ្រប់គ្រង​អាង​ទឹក​ម្នាក់​ឈ្មោះ គាំ សារឿន ដែល​បាន​យក​ប្រាក់​ពី​ពួក​គាត់​ជា​ថ្នូរ​នឹង​ការ​ផ្គត់ផ្គង់​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ជូន​កសិករ ប៉ុន្តែ​ផ្ទុយ​ទៅ​នឹង​ការ​សន្យា​ទាំងស្រុង។

កសិករ​នៅ​ឃុំ​ចំណារលើ លោកស្រី កង វិន ឲ្យ​ដឹង​ថា ស្រូវ​ប្រាំង​លោកស្រី​ប្រមាណ ៤​ហិកតារ​នៅ​តំបន់​២ និង​តំបន់​៣ ត្រូវ​ប្រឈម​ការ​ខូចខាត​ទាំងអស់ ពីព្រោះ​តាំង​ពី​សាបព្រោះ​ជាង ១​ខែ​មក បាន​បញ្ចូល​ទឹក​ដាក់​ស្រែ​តិចតួច​បំផុត ហើយ​គ្មាន​ទឹក​សម្រាប់​ស្រោចស្រព​ទៀត​ឡើយ។ លោកស្រី​យល់​ថា អ្នក​គ្រប់គ្រង​អាង​ទឹក​ឈ្មោះ គាំ សារឿន មាន​ចេតនា​បណ្តោយ​ឲ្យ​ទឹក​ក្នុង​អាង​ហូរ​ចេញ​អស់ ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​បង្កបង្កើនផល​មិន​បាន និង​បង្វែរ​ដី​របស់​ខ្លួន​ទៅ​ឲ្យ​ពួក​គេ​តែ​ម្តង៖ «ឆ្នាំ​ទៅ​ទឹក​តូច​មែន ប៉ុន្តែ​គេ​ទប់​វែង​ទៅ គេ​ប្រយ័ត្ន គេ​ធ្វើ​អា​ក្រោម​ដែរ។ វា​ខូចខាត​ដែរ ប៉ុន្តែ​ក្នុង ១០​ភាគរយ បាន ៥​ភាគរយ​បង! ឆ្នាំ​នេះ​វា​គ្មាន​បាន​ទេ»

ប្រជាពលរដ្ឋ​អះអាង​ថា ដី​ស្រែ​ប្រាំង​ដែល​កំពុង​ប្រឈម​ការ​ខូចខាត គឺ​មាន​ប្រមាណ ៤០០​ហិកតារ ហើយ​ស្ថិត​នៅ​តំបន់​កំព្រីង និង​មាន​កសិករ​ជិត ១០០​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់។

ដី​តំបន់​កំព្រីង ឬ​កំព្រីង​ចក​សារាយ ជា​ប្រភេទ​ដី​ក្នុង​តំបន់​២ និង​តំបន់​៣ ដែល​មាន​ទំហំ​ជាង ៦០០​ហិកតារ កំពុង​មាន​ជម្លោះ​ជាមួយ​ឈ្មួញ​ម្នាក់​ឈ្មោះ គាំ សារឿន រហូត​មាន​ពលរដ្ឋ​មួយ​ចំនួន​ចូល​ទៅ​អាស្រ័យ​ផល​លើ​ដី​នោះ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ពីព្រោះ​តុលាការ​សម្រេច​ឲ្យ​ឈ្មោះ គាំ សារឿន ឈ្នះ​ក្តី​ករណី​នេះ​រួច​រាល់​ហើយ។

ស្រូវ​ប្រាំង​ខ្វះ​ទឹក កំពង់ធំ ២០១៧ ១៤៤០
ស្រែ​ប្រាំង​របស់​អ្នក​ស្រុក​រាប់​រយ​ហិកតារ​នៅ​ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កំពុង​ប្រឈម​នឹង​ខ្វះ​ទឹក​ស្រោចស្រព។ រូបថត​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ Photo Provided Photo Provided

ពលរដ្ឋ​មួយ​រូប​ទៀត​ដែល​មាន​ដី​ស្រែ​ចំនួន ៧​ហិកតារ លោកស្រី បឿន បៃ និយាយ​ថា ឈ្មោះ គាំ សារឿន បាន​យក​ប្រាក់​ពី​ពួក​គាត់​ក្នុង ១​ហិកតារ ៧០​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​បាន​ទឹក​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ស្រែ​ប្រាំង ប៉ុន្តែ​បច្ចុប្បន្ន ស្រូវ​របស់​ពួក​គាត់​ប្រឈម​ការ​ខូចខាត​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​មុន​ទៅ​ទៀត។ លោកស្រី​ថា ស្រូវ​របស់​អ្នក​ស្រុក ប្រសិន​បើ​មិន​មាន​ទឹក​ដាក់​ក្នុង​រយៈពេល ១០​ថ្ងៃ​ទៀត នឹង​ខូចខាត​ទាំងស្រុង​តែ​ម្តង៖ «សុំ​លោក​អាជ្ញាធរ​សុំ​លោក​ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខេត្ត ចុះ​មើល​ដល់​កន្លែង​ផ្ទាល់ៗ​បណ្តោយ។ កុំ​ឲ្យ​ថា​ប្រជាជន​ចេះ​តែ​បង្ខូច​ម្ចាស់​អាង»

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក គាំ សារឿន អ្នក​គ្រប់គ្រង​អាង​ទឹក​បាន​ទេ​នៅ​ថ្ងៃ​ទី​២ មីនា។

យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​ស្ទោង លោក ព្រឹម រដ្ឋា មាន​ប្រសាសន៍​ថា លោក​នៅ​មិន​ទាន់​ទទួល​ព័ត៌មាន​ស្ដីពី​បញ្ហា​ប្រឈម​ដោយសារ​ខ្វះ​ទឹក​ដាក់​ស្រែ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​នឹង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ចុះ​ពិនិត្យ​មើល​ករណី​នេះ៖ «ហ្នឹង​ហើយ​រឿង​ទឹក​រឿង​អី​ហ្នឹង ចាំ​មើល​ខ្ញុំ​ឲ្យ​គេ​ចុះ​ទៅ​សួរ​នាំ​សិន​បង

កាល​ពី​ឆ្នាំ​២០១៤ រាជ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ ដោយ​បញ្ជាក់​ថា រាល់​ដី​បង្កបង្កើនផល​នៅ​តំបន់​៣ គឺ​មិន​អនុញ្ញាត​ឲ្យ​វិនិយោគ​ធ្វើ​អាជីវកម្ម​ឡើយ។ បន្ថែម​ពី​នេះ ដី​ដែល​បាន​ឆ្វៀល​ជូន​ពលរដ្ឋ គឺ​ពួក​គាត់​អាច​មាន​សិទ្ធិ​កាន់​កាប់ និង​អាស្រ័យ​ផល ប៉ុន្តែ​មិន​មាន​សិទ្ធិ​ចាត់ចែង​ទេ។

មន្ត្រី​អង្កេត​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ គ្រោង​នឹង​ចុះ​អង្កេត​លើ​ករណី​នេះ បន្ទាប់​ពី​លោក​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ។ លោក​មើល​ឃើញ​ថា ប្រសិន​បើ​ដូច​អ្វី​ដែល​ពលរដ្ឋ​អះអាង ការ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នេះ គឺ​ឈ្មួញ​ដែល​បាន​លក់​ទឹក​ជូន​ពួក​គាត់ ប៉ុន្តែ​មិន​បាន​បំពេញ​តាម​កិច្ចសន្យា​ឲ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles