Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ប្អូន​ស្រី​នាយក​រដ្ឋមន្ត្រី​រិះគន់​អភិបាល​ក្រុង​ភ្នំពេញ​ដែល​ចង់​ដាក់​យានដ្ឋាន​នៅ​ក្រៅ​ក្រុង

$
0
0

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ថា​អ្នក​រិះគន់​ផែនការ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែល​ចង់​លើក​យានដ្ឋាន និង​ឃ្លាំង​ស្តុក​ទំនិញ​ទៅ​ដាក់​នៅ​ក្រៅ​ក្រុង​វិញ ថា​មិន​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​អំពី​រឿង​នេះ។ ការ​ថ្លែង​នេះ ក្រោយ​ពី​ប្អូន​ស្រី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​គំនិត​អភិបាល​រាជធានី​ភ្នំពេញ​នេះ។

ប្អូន​ស្រី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ហ៊ុន ស៊ីណាត ចាត់​ទុក​គំនិត​របស់​លោក ប៉ា សុជាតិវង្ស ដែល​ចង់​ផ្លាស់​យានដ្ឋាន និង​ឃ្លាំង​ស្តុក​ទំនិញ​ទៅ​ដាក់​នៅ​ក្រៅ​ក្រុង ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ក្រុង ថា​ជា​ការ​ហែក​សន្លឹក​ឆ្នោត​បក្ស​កាន់​អំណាច​ចោល។

ការ​រិះគន់ និង​បង្ហាញ​ជំហរ​មិន​គាំទ្រ​ពី​ប្អូន​ស្រី​លោក​នាយក​រដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពី​លោក ប៉ា សុជាតិវង្ស កាល​ពី​ថ្ងៃ​ទី​៦ ឧសភា បាន​លើក​គំនិត​ចង់​ផ្លាស់ប្ដូរ​ទីតាំង​យានដ្ឋាន និង​ឃ្លាំង​ស្តុក​ទំនិញ​ទៅ​ដាក់​នៅ​ក្រៅ​ក្រុង។ ក្រៅ​ពី​នេះ​ទៀត ក៏​មាន​សាធារណជន​មួយ​ចំនួន ក៏​សរសេរ​រិះគន់​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) អំពី​គម្រោង​របស់​លោក​អភិបាល​សាលា​រាជធានី​ភ្នំពេញ​នេះ​ដែរ។

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៧ ឧសភា បាន​ដកស្រង់​សារ​បញ្ចេញ​មតិ​របស់​អ្នកស្រី ហ៊ុន ស៊ីណាត ដែល​បាន​បញ្ចេញ​មតិ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​ប្រើប្រាស់​ម្នាក់​ឈ្មោះ San Prum ដែល​ម្ចាស់​ហ្វេសប៊ុក​រូប​នេះ ក៏​បាន​រិះគន់​ផែនការ​របស់​លោក ប៉ា សុជាតិវង្ស នេះ​ដែរ។ អ្នកស្រី ហ៊ុន ស៊ីណាត បាន​បញ្ចេញ​យោបល់​ថា ចៅហ្វាយ​ក្រុង​និយាយ​ចេញ​មក​ហែក​សន្លឹក​ឆ្នោត​រហូត ហើយ​មិន​ដឹង​ថ្នាក់​លើ​គិត​យ៉ាង​ម៉េច​ទេ បែប​នេះ​រាង​បែកៗ​អ៊ីចឹង​នោះ។

ឆ្លើយតប​ចំពោះ​ការ​រិះគន់​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី ថ្លែង​នៅ​ថ្ងៃ​ទី​៧ ឧសភា ថា មាន​អ្នក​ខ្លះ​យល់​ច្រលំ​អំពី​រឿង​នេះ ដោយសារ​តែ​ពួក​គេ​ទទួល​ព័ត៌មាន​មិន​បាន​គ្រប់​ជ្រុងជ្រោយ។

លោក ម៉េត មាសភក្តី អះអាង​ថា អ្វី​ដែល​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស លើក​ឡើង​គ្រាន់​តែ​ជា​គំនិត​តម្រង់​ទិស​សម្រាប់​ថ្ងៃ​ក្រោយ​ប៉ុណ្ណោះ វា​មិន​ទាន់​មាន​ការ​អនុវត្ត​ភ្លាមៗ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា លោក​យល់​ថា ការ​ដែល​ទុក​ឲ្យ​មាន​យានដ្ឋាន និង​ឃ្លាំង​ស្តុក​ទំនិញ​នៅ​ក្នុង​ក្រុង ក៏​ជា​ការ​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ក្រុង​ដែរ។ ក្រៅ​ពី​បញ្ហា​ចរាចរណ៍ លោក​ថា​យានដ្ឋាន និង​ឃ្លាំង​ស្តុក​ទំនិញ ក៏​បង្ក​ការ​រំខាន​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​នៅ​ក្នុង​ក្រុង​មួយ​ចំនួន​ដែរ ដូចជា​បង្ក​ការ​រំខាន​ជា​សំឡេង​នៅ​ពេល​លើក​ដាក់​ទំនិញ ឬ​ការ​បាញ់​ថ្នាំ​ធ្វើ​ឲ្យ​ក្លិន​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ ជាដើម។

លោក ម៉េត មាសភក្តី មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​គំនិត​របស់​លោក ប៉ា សុជាតិវង្ស នេះ នឹង​ដាក់​ចេញ​អនុវត្ត​នៅ​ពេល​ណា ប៉ុន្តែ​លោក​ថា មុន​នឹង​ដាក់​ចេញ​ឲ្យ​អនុវត្ត វា​ទាមទារ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​សិក្សា​ឲ្យ​ច្បាស់លាស់​ជា​មុន៖ «នេះ​គ្រាន់​តែ​ជា​ទិសដៅ​ឲ្យមាន​ការ​រៀបចំ​ដោយ​របៀប​នេះ​នៅ​ថ្ងៃ​អនាគត​ទេ ដោយឡែក​នៅ​ពេល​ណា​ដែល​យើង​គិត​ថា ដល់​ពេលវេលា​សមស្រប​ក្នុង​ការ​អនុវត្ត​គម្រោង​បែប​ហ្នឹង ហើយ​ច្បាស់​ណាស់ នឹង​ត្រូវមាន​ការ​ពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់​ជាមួយ​ទាំង​ជំនាញ​រៀបចំ​ធ្វើ​កិច្ចការ​ហ្នឹង ក៏ដូចជា​ការ​គិតគូរ​ពី​ផល​ប៉ះពាល់​ផ្សេងៗ។ យើង​គិតគូរ​ទាំង​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​យើងជា​រួម ក៏ដូចជា​បង​ប្អូន​ម្ចាស់​អាជីវកម្ម​ទាំងអស់​ហ្នឹង»

កន្លង​ទៅ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​នៅ​ក្នុង​ក្រុង សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​ទំនិញ​ធំៗ​ចូល​ក្រុង​នៅ​ពេល​ថ្ងៃ​ឡើយ គឺ​អាច​ចូល​បាន​តែ​ពេល​យប់​ចាប់​ពី​ម៉ោង ៩ ប៉ុណ្ណោះ ប៉ុន្តែ​ជា​រឿយៗ ពលរដ្ឋ​នៅ​តែ​ឃើញ​មាន​រថយន្ត​ដឹក​ទំនិញ​ធំៗ​ចូល​ក្រុង​ដូច​នៅ​មុន​ពេល​សាលា​ក្រុង​បាន​ហាមឃាត់​ដដែល។

ជុំវិញ​បញ្ហា​ចរាចរណ៍​នេះ​ដែរ កាល​ពី​ដើម​ឆ្នាំ​២០១៦ នៅ​ពេល​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី អ្នកស្រី ហ៊ុន ស៊ីណាត បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​រិះគន់​ការ​អនុវត្ត​ច្បាប់​នេះ។ នៅ​ពេល​នោះ អ្នកស្រី​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍​ឡើង​វិញ មុន​នឹង​ដាក់​ឲ្យ​អនុវត្ត ដោយសារ​តែ​អ្នកស្រី​មើល​ឃើញ​ថា ពលរដ្ឋ​បាន​ប្រតិកម្ម​ខ្លាំង​ណាស់​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី។ ទោះ​ជា​យ៉ាង​ណា ការ​រិះគន់​របស់​អ្នកស្រី ត្រូវ​បាន​លោក ហ៊ុន សែន ស្ដីបន្ទោស រួច​ថា​រដ្ឋាភិបាល​ចេះ​គិតគូរ​ហើយ​ពី​រឿង​នេះ។

ក្នុង​មួយ​រយៈពេល​ចុង​ក្រោយ​នេះ អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ត្រូវ​បាន​ពលរដ្ឋ​រិះគន់​ជា​បន្តបន្ទាប់។ ការ​រិះគន់​ចុង​ក្រោយ គឺ​នៅ​ពេល​លោក​មាន​គំនិត​មិន​ឲ្យ​ធនាគារ​ដាក់​ទូ​ដក​លុយ ឬ​ហៅ​ថា អេ.ធី.អឹម (ATM) នៅ​តាម​ទី​សាធារណៈ ដោយសារ​តែ​អាជ្ញាធរ​មិន​អាច​ធានា​សុវត្ថិភាព​គ្រប់​ពេលវេលា​បាន។ គំនិត​នេះ កើត​ឡើង​ក្រោយ​ពី​ទូ​ដក​លុយ​របស់​ធនាគារ​មួយ​នៅ​ក្បែរ​មន្ទីរពេទ្យ​កុមារ​ជាតិ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី បាន​ផ្ទុះ ដែល​គេ​សង្ស័យ​ថា​អាច​មាន​ជន​ខិលខូច​យក​គ្រាប់បែក​ទៅ​បំផ្ទុះ ដើម្បី​យក​លុយ​ពី​ទូ​ដក​លុយ​នោះ។ ក្រៅ​ពី​នេះ​ទៀត លោក ប៉ា សុជាតិវង្ស ក៏​ចង់​ឲ្យ​បញ្ឈប់​ការ​នាំ​រថយន្ត​ជជុះ​ចូល​មក​កម្ពុជា ដែរ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍។ គំនិត​នេះ ក៏​មាន​ការ​រិះគន់ និង​ជំទាស់​ពី​សាធារណជន​ជាច្រើន​ដែរ។

ទោះ​ជា​យ៉ាង​ណា គំនិត​របស់​លោក ប៉ា សុជាតិវង្ស នេះ ត្រូវ​បាន​អ្នក​ខ្លះ​លើក​ជា​សំណួរ​ថា បើ​ថ្ងៃ​ក្រោយ​មាន​ចោរ​ប្លន់​ម៉ូតូ​នៅ​ក្នុង​ក្រុង​ច្រើន តើ​អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​ឈប់​ជិះ​ម៉ូតូ ឬ​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles