Clik here to view.

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើលិខិតរបស់លោក ហ៊ុន សាន បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៥ ខែឧសភា ចារបញ្ជូនទៅលោកនាយឧត្តមសេនីយ៍អគ្គស្នងការរដ្ឋបាលមុខការ ទាក់ទងនឹងការស្នើសុំដោះស្រាយរឿងជម្លោះដីធ្លីជាមួយលោក ម៉ក់ ជីតូ។
លិខិតដែលអាស៊ីសេរី ទទួលបាននៅថ្ងៃទី៧ ឧសភា បញ្ជាក់ថា បងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន សាន បានស្នើឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំអគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ ដែលលោក ហ៊ុន សាន ចោទថា លោក ម៉ក់ ជីតូ បានការពារជនល្មើសរំលោភយកដីលោក និងដីកូនរបស់លោកទំហំ ១១៩ហិកតារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ហ៊ុន សាន ប្រាប់លោក ស ខេង ថា ទង្វើរបស់លោក ម៉ក់ ជីតូ ការពារជនល្មើសរំលោភយកដីគ្រួសារលោកជាង ១០០ហិកតារ ធ្វើឲ្យបាត់បង់ភាពកក់ក្ដៅ ធ្លាក់ចុះប្រជាប្រិយភាព បាត់បង់សាមគ្គីផ្ទៃក្នុង ជំនឿទុកចិត្តក្នុងជួរបក្សកាន់អំណាច ពិសេសគឺចំពោះក្រុមគ្រួសារលោកដែលជាគ្រួសារថ្នាក់ដឹកនាំប្រទេស។
បងប្រុសលោកនាយករដ្ឋមន្ត្រីរូបនេះ ជំរុញឲ្យលោក ស ខេង ថ្កោលទោស និងចាត់វិធានការម៉ឺងម៉ាត់លើលោក ម៉ក់ ជីតូ។ ថ្លែងក្នុងលិខិតចុះថ្ងៃទី២ ឧសភា លោក ហ៊ុន សាន បន្ថែមថា លោក ម៉ក់ ជីតូ តែងតែប្រើអំណាចគាបសង្កត់ជិះជាន់អ្នកស្លូតត្រង់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកខិលខូចមួយក្ដាប់តូច និងបានរំខានដល់ការរស់នៅសុខសាន្ដរបស់គ្រួសារលោក ហើយលោកក៏ភ្ជាប់ការរំខានរបស់លោក ម៉ក់ ជីតូ ដែលរំខានគ្រួសារលោក ថាក៏ជាការរំខានដល់ពលរដ្ឋទូទៅដែរ៕