សាច់ញាតិអ្នកទោសនៅពន្ធនាគារខេត្តបន្ទាយមានជ័យ ម្នាក់ដែលស្លាប់កាលពីថ្ងៃទី៦ ឧសភា កន្លងទៅ ចោទប្រកាន់មន្ត្រីពន្ធនាគារខេត្តនេះថា មូលហេតុបណ្ដាលឲ្យអ្នកទោសស្លាប់ដោយសារសមត្ថកិច្ចធ្វេសប្រហែស មិនឆាប់បញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យឲ្យបានទាន់ពេល។ ប៉ុន្តែប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បដិសេធចំពោះការចោទប្រកាន់នេះ។
សាច់ញាតិអ្នកទោសដែលស្លាប់នៅពន្ធនាគារខេត្តបន្ទាយមានជ័យ សម្ដែងការសោកស្ដាយយ៉ាងខ្លាំង ដែលបាត់បង់សមាជិកក្នុងគ្រួសារ ដោយសារការធ្វេសប្រហែសរបស់មន្ត្រីពន្ធនាគារខេត្តនេះ។
ម្ដាយចិញ្ចឹមរបស់អ្នកទោសដែលស្លាប់នៅភូមិសែសិន នៅសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ លោកស្រី ខុន ធី ថ្លែងថា កូនស្រីរបស់លោកស្រីឈ្មោះ សុខ ចាន់ថន អាយុ ២៧ឆ្នាំ មានជំងឺសួតតាំងពីអាយុ ៧ឆ្នាំមក។ លោកស្រីបន្ថែមថា ជំងឺរបស់នាងកន្លងមកត្រូវទៅព្យាបាលនៅមន្ទីរពេទ្យជាប្រចាំ ក៏ប៉ុន្តែអំឡុងពេលដែលនាងជាប់ពន្ធនាគារជាងមួយឆ្នាំមកនេះ មិនអាចទៅព្យាបាលបានដូចពេលមុនឡើយ។ ម្ដាយចិញ្ចឹមរូបនេះអះអាងថា កូនស្រីរបស់ខ្លួនដែលបានស្លាប់កាលពីព្រឹកថ្ងៃទី៦ ឧសភា នោះ គឺលោកស្រីពុំបានទៅទាន់ដង្ហើមនាងស្លាប់នោះទេ។
លោកស្រីសង្កត់ធ្ងន់ថា កាលពីថ្ងៃទី៣ ឧសភា កូនស្រីបានទូរស័ព្ទមកប្រាប់លោកស្រីឲ្យប្រញាប់បញ្ជូននាងទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារ ហើយភ្លាមនោះ លោកស្រីក៏ប្រញាប់ទៅសុំមន្ត្រីពន្ធនាគារនាំកូនទៅព្យាបាលនៅខាងក្រៅដែរ តែពុំទទួលបានលទ្ធផល ដោយមន្ត្រីពន្ធនាគារប្រាប់ថា ជំងឺរបស់អ្នកទោសមិនធ្ងន់ធ្ងរ ដែលអាចអនុញ្ញាតឲ្យចេញទៅព្យាបាលខាងក្រៅបាន លោកស្រីក៏ត្រឡប់មកផ្ទះវិញ។ មកដល់ថ្ងៃទី៦ ឧសភា ទើបលោកស្រីទទួលដំណឹងតាមរយៈមេភូមិថា កូនរបស់គាត់បានស្លាប់នៅព្រឹកថ្ងៃទី៦ ឧសភា៖ «កូនខ្ញុំសាច់មាំមួនតែម្ដង ព្រោះខ្ញុំសុខអត់ ផ្ញើប្រាក់ឲ្យកូនចាយវាយឲ្យបានគ្រប់គ្រាន់ ព្រោះគាត់នៅក្នុងគុកគ្មានអីហូបទេ។ កូនខ្ញុំបាននិយាយជាមួយខ្ញុំច្បាស់លាស់ហើយ ហេតុអីយប់ហ្នឹងគេដឹកកូនខ្ញុំមកមន្ទីរពេទ្យមង្គលបុរី មិនប្រាប់ខ្ញុំឲ្យទៅមើលថែកូនក្នុងពេទ្យអ៊ីចឹង? សោកស្ដាយណាស់»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក អ៊ុំ ស៊ីផាន មានប្រសាសន៍ថា អ្នកទោសដែលស្លាប់នោះពុំមែនជាការធ្វេសប្រហែសរបស់មន្ត្រីពន្ធនាគារនោះទេ។ លោកអះអាងថា លោកបានព្យាយាមបញ្ជូនអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះអាយុជីវិតអស់ពីលទ្ធភាពហើយ ក៏ប៉ុន្តែមិនអាចជួយបាន ដោយសារជំងឺរបស់គាត់ធ្ងន់ធ្ងរមិនអាចព្យាបាលឲ្យជាសះស្បើយបាន៖ «គ្មានទេ! ឥឡូវបងទៅមើលនៅកន្លែងខ្ញុំ ឲ្យតែដឹងថាឈឺ យើងបញ្ជូនទៅព្យាបាលភ្លាម។ ជួនកាល ខ្ញុំនៅដល់ម៉ោង ១២យប់ឯណោះ ហើយថ្ងៃមើលគាត់ ខ្ញុំនៅតាំងពីម៉ោង ៣ភ្លឺជាងរហូតដល់ភ្លឺឯណោះ។ គ្រាន់តែឈឺភ្លាម ខ្ញុំសុខចិត្តដឹកទៅពេទ្យភ្លាម អត់មានទុកគាត់ចោលទេ ហើយមួយទៀត ខ្ញុំបញ្ជាក់ដែរ តាមពិតម្ដាយគាត់ទៅទទួលយកត្រឹមត្រូវ។ គាត់បានបញ្ជាក់នៅមុខប៉ូលិសអស់ហើយ ថាជំងឺហ្នឹងមិនអាចមើលជាទេ»។
លោកស្រី សុខ ចាន់ថន ជាប់ពន្ធនាគារកាលពីដើមឆ្នាំ២០១៦ ពីបទជួញដូរគ្រឿងញៀនដែលតុលាការបានផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៤ឆ្នាំ។
អ្នកទោសជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យ មួយចំនួនអះអាងថា អ្នកជំងឺមានអាការធ្ងន់ជាច្រើនថ្ងៃមកហើយនៅក្នុងពន្ធនាគារ ហើយអ្នកស្លាប់ ព្រមទាំងសាច់ញាតិក៏បានព្យាយាមសុំឲ្យឆ្មាំគុកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ តែប្រធានពន្ធនាគារមិនអនុញ្ញាត។ អ្នកជាប់ពន្ធនាគារបន្ថែមថា អ្នកជំងឺស្លាប់នៅក្នុងពន្ធនាគារ គឺពុំមែនស្លាប់នៅក្នុងមន្ទីរពេទ្យឡើយ៖ «បើសិនជាគាត់ខ្នះខ្នែង ក៏មិនបណ្ដោយឲ្យអ្នកទោសដាច់ខ្យល់ស្លាប់ដែរ ហើយពេទ្យនៅក្នុងនេះ ទោះជាមានឈឺធ្ងន់យ៉ាងណា មានតែថ្នាំប៉ារ៉ាសេតាមល (PARACETAMOL) ហើយពេទ្យក្នុងពន្ធនាគារមិនងាយមកមើលអ្នកជំងឺទេ ហើយថែមទាំងនិយាយសម្ដីគំរោះគំរើយដាក់អ្នកទោសទៀតផង។ មិនតែប៉ុណ្ណោះ បញ្ជាឲ្យអ្នកទោសទៅប្ដឹង ក៏គេមិនខ្លាចដែរ ព្រោះពីម្សិលម្ង៉ៃហ្នឹង ម្ដាយអ្នកទោសសុំយកកូនទៅក្រៅ គេមិនឲ្យ ហើយដល់ពេលថ្ងៃឈឺ អុកស៊ីហ្សែនក៏មិនមាន ក៏មនុស្សដាច់ខ្យល់បាត់ទៅ»។
ក្រុមគ្រួសារជនរងគ្រោះពុំទាន់មានគម្រោងប្ដឹងនៅក្នុងករណីនេះនៅឡើយ ក្រោមហេតុផលមានជីវភាពខ្វះខាត និងពុំមានចំណេះដឹងផ្លូវច្បាប់។
អ្នកទោសអះអាងទៀតថា នៅពេលអ្នកជំងឺស្លាប់ភ្លាម សមត្ថកិច្ចប្រញាប់បញ្ជូនសាកសពចេញពីពន្ធនាគារយ៉ាងឆាប់រហ័ស។ សាច់ញាតិ និងអ្នកទោសដទៃទៀតដែលកំពុងជាប់ពន្ធនាគារ ស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ បើកការស៊ើបអង្កេតករណីនេះជាបន្ទាន់ ដើម្បីផ្ដល់យុត្តិធម៌ឲ្យអ្នកស្លាប់។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា បើទោះជាអ្នកទោសស្លាប់ក្នុងពន្ធនាគារ ឬស្លាប់នៅមន្ទីរពេទ្យក៏ដោយ បញ្ហានេះគឺជាការធ្វេសប្រហែសរបស់មន្ត្រីពន្ធនាគារ ដែលពុំបានបញ្ជូនអ្នកជំងឺទៅព្យាបាលឲ្យបានទាន់ពេល។ លោកសង្កត់ធ្ងន់ថា ករណីនេះ ប្រសិនមន្ត្រីពន្ធនាគារប្រញាប់បញ្ជូនអ្នកជំងឺតាមការស្នើសុំរបស់សាច់ញាតិ នឹងអាចជួយសង្គ្រោះជីវិតអ្នកជំងឺបាន៖ «យើងនៅតែគិតថា វានៅតែជាបទល្មើសក្រមព្រហ្មទណ្ឌ និយាយអំពីបទមនុស្សឃាតដោយអចេតនា ទាក់ទងនឹងការធ្វេសប្រហែសមិនគោរពបទបញ្ជាអីហ្នឹង គឺអ្នកជំងឺធ្ងន់ត្រូវតែបញ្ជូនគាត់ទៅមន្ទីរពេទ្យ។ ចំណែកសាច់ញាតិជនរងគ្រោះ មិនបានដឹក ដូច្នេះយើងហាក់មានការសង្ស័យទៅការកើតឡើងដល់អ្នកស្លាប់នោះ»។
លោក ស៊ុំ ច័ន្ទគា បន្ថែមថា ប្រសិនបើសាច់ញាតិចង់ដាក់ពាក្យប្ដឹងមន្ត្រីពន្ធនាគារ ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះ សាច់ញាតិអាចទាក់ទងទៅស្នាក់ការអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោកនឹងជួយរៀបចំឯកសារដាក់ទៅតុលាការដោះស្រាយតាមផ្លូវច្បាប់។
សពអ្នកទោសក្រោយពីស្លាប់ ត្រូវបានសាច់ញាតិនាំយកទៅធ្វើបុណ្យតាមព្រះពុទ្ធសាសនា នៅផ្ទះភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕