Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន EBC គ្រោង​លើក​គ្នា​ដាក់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ក្រុង​ភ្នំពេញ

$
0
0

ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​មក​ពី ២៥​រាជធានី-ខេត្ត​ទូទាំង​ប្រទេស គ្រោង​លើក​គ្នា​មក​ដាក់​ពាក្យ​ប្ដឹង​នៅ​តុលាការ និង​ស្ថាប័ន​ជាតិ​មួយ​ចំនួន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ឧសភា ដើម្បី​ស្នើសុំ​ឲ្យ​ស្ថាប័ន​ទាំងនេះ​ជួយ​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​ឯកជន​ឆបោក​លុយ​រាប់​លាន​ដុល្លារ។ ការ​ឆបោក​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ដាក់​ទុន​វិនិយោគ ដើម្បី​ទទួល​បាន​ភាគ​លាភ ឬ​ការប្រាក់ ១០​ភាគរយ​ក្នុង​មួយ​ខែ។

ប្រជាពលរដ្ឋ​ជាង ៥.៦០០​គ្រួសារ (.៦៧៤​គ្រួសារ) នៅ​គ្រប់​រាជធានី-ខេត្ត​ទូទាំង​ប្រទេស បាន​មូលមតិ​គ្នា​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​ឈ្មោះ ស៊ាន តាន់ ជនជាតិ​ម៉ាឡេស៊ី ជា​ប្រធាន​ប្រតិបត្តិការ​ក្រុមហ៊ុន អែមផាយ ប៊ីក ខាភីថល (Empire Big Capital Limited) ហៅ​កាត់​ថា ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) បុគ្គល​ឈ្មោះ ហួត សុវណ្ណ ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ (AIF) និង​ឈ្មោះ ជិ ហ្គោសាលី ប្រធាន​សមាគម​អ្នក​ប្រឹក្សា​យោបល់​វិនិយោគ (ICA) ទាក់ទង​នឹង​រឿង​ឆបោក​លុយ​ជាង ៤៦​លាន​ដុល្លារ​អាមេរិក (៤៦.២០៤.៣៥០​ដុល្លារ)

តំណាង​ពលរដ្ឋ លោក សេង ចាន់ទ្រី បញ្ជាក់​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៧ ឧសភា ថា ប្រជាពលរដ្ឋ​នឹង​យក​ពាក្យ​បណ្ដឹង​នេះ​ទៅ​ដាក់​នៅ​តុលាការ​ក្រុង​ភ្នំពេញ រដ្ឋសភា និង​ក្រសួង​យុត្តិធម៌ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ឧសភា ដើម្បី​ឲ្យ​ស្ថាប័ន​ទាំង​បី​នេះ ជួយ​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) និង​អ្នក​ពាក់ព័ន្ធ សង​ប្រាក់​ដើមទុន​ទាំង​ជាង ៤៦​លាន​ដុល្លារ​នោះ​ត្រឡប់​មក​វិញ ព្រម​ទាំង​សង​សំណង​ជំងឺ​ចិត្ត ២០​លាន​ដុល្លារ​ទៀត ចំពោះ​ការ​ខាតបង់​ពេលវេលា​រក​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ៖ «»

លោក សេង ចាន់ទ្រី រៀបរាប់​ថា ការ​ឆបោក​នេះ ធ្វើ​ឡើង​តាម​មធ្យោបាយ​ទិញ​ហ៊ុន​វិនិយោគ​ដែល​មាន​តម្លៃ ២​ពាន់​ដុល្លារ​ក្នុង​មួយ​ហ៊ុន។ ក្រុមហ៊ុន​បាន​បញ្ចុះបញ្ចូល​ពលរដ្ឋ​ថា ពួក​គេ​នឹង​ផ្តល់​ភាគ​លាភ ១០​ភាគរយ​ក្នុង​មួយ​ខែ ហើយ​រយៈពេល ១៨​ខែ ក្រុមហ៊ុន​នឹង​សង​ប្រាក់​ដើម​ទាំងអស់​មក​ឲ្យ​អ្នក​វិនិយោគ​វិញ។

ដោយ​មើល​ឃើញ​ពី​ផល​ចំណេញ​ខ្ពស់ ប្រជាពលរដ្ឋ​ជាច្រើន ក្នុង​នោះ​ក៏​រួម​ទាំង​មន្ត្រី​រាជការ​ផង ក៏​បាន​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ និង​ចង​ការប្រាក់​ឯកជន ដើម្បី​យក​មក​ទិញ​ហ៊ុន​វិនិយោគ​នោះ ដោយ​អ្នក​ខ្លះ​បាន​ចំណាយ​លុយ​អស់ ២​ម៉ឺន​ដុល្លារ ខ្លះ ៥​ម៉ឺន​ដុល្លារ ខ្លះ ១០​ម៉ឺន​ដុល្លារ និង​មាន​ខ្លះ​ទៀត​ហ៊ាន​រហូត​ដល់​ទៅ​កន្លះ​លាន​ដុល្លារ ដើម្បី​វិនិយោគ ក៏ប៉ុន្តែ​ស្រាប់​តែ​ក្រុមហ៊ុន​បាន​បិទ​ការ​ធ្វើ​បណ្ដាញ​ទីផ្សារ និង​ឈប់​ទទួល​ទុន​វិនិយោគ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ ហើយ​ក៏​លែង​ផ្តល់​ភាគ​លាភ ១០​ភាគរយ​ដល់​អ្នក​វិនិយោគ​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ រហូត​មក។

ទាក់ទង​នឹង​គម្រោង​លើក​គ្នា​មក​រាជធានី​ភ្នំពេញ​នេះ លោក សេង ចាន់ទ្រី បញ្ជាក់​ថា ប្រជាពលរដ្ឋ​គ្រាន់​តែ​នាំ​គ្នា​មក​ដាក់​ពាក្យ​បណ្ដឹង​ប៉ុណ្ណោះ ដោយ​មិន​មែន​លើក​គ្នា​មក​ធ្វើ​បាតុកម្ម​ស្រែក​តវ៉ា​ទាមទារ​អ្វី​នោះ​ទេ ដូច្នេះ​លោក​ស្នើ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ កុំ​ភ្ញាក់​ផ្អើល និង​កុំ​រឹតត្បិត​សកម្មភាព​នេះ៖ «»

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) និង​អ្នក​ពាក់ព័ន្ធ ដែល​ប្រជាពលរដ្ឋ​គ្រោង​ប្ដឹង​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ឧសភា ដើម្បី​សុំ​ការ​បកស្រាយ​អំពី​បញ្ហា​នេះ តែ​តាម​ការ​បញ្ជាក់​របស់​ពលរដ្ឋ​ថា បុគ្គល​ទាំងនោះ​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស។

ទាក់ទង​រឿង​នេះ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ លោក ង៉ែត ជូ សង្កេត​ឃើញ​ថា ការ​ឆបោក​ពលរដ្ឋ​តាម​មធ្យោបាយ​នៃ​ការ​ដាក់​ទុន​វិនិយោគ ដោយ​សន្យា​ផ្តល់​ភាគ​លាភ​ខ្ពស់​នេះ តែង​កើត​មាន​ជា​ហូរហែ ហើយ​មាន​ពលរដ្ឋ​ខ្មែរ​មិន​តិច​ទេ​ដែល​រងគ្រោះ​ដោយសារ​ល្បិចកល​នេះ។ លោក​ថា វា​ជា​ហានិភ័យ​មួយ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​ទំនុក​ចិត្ត​ទាំង​ទៅ​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​រដ្ឋាភិបាល បើ​សិន​ជា​មិន​មាន​ការ​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា៖ «»

អ្នក​ជំនាញ​ហិរញ្ញវត្ថុ​រូប​នេះ ក៏​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ក្រុមហ៊ុន ឬ​អាជីវកម្ម​ណា​ដែល​អះអាង​ថា នឹង​ផ្តល់​ភាគ​លាភ ឬ​អត្រា​ការប្រាក់ ១០​ភាគរយ​ក្នុង​មួយ​ខែ ពីព្រោះ​វា​ជា​ការ​បោកប្រាស់​សុទ្ធសាធ។ លោក​ថា ក្រុមហ៊ុន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ត្រូវ​មាន​ទីតាំង​ជាក់លាក់ និង​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​ធនាគារ​ជាតិ ហើយ​ផល​ប្រយោជន៍​ដែល​គេ​អាច​ផ្តល់​ឲ្យ​បាន គឺ​ប្រមាណ ១០​ភាគរយ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ៖ «»

កាល​ពី​ចុង​ខែ​កុម្ភៈ កន្លង​ទៅ ក្រុម​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មក​ពី​តាម​បណ្ដា​ខេត្ត-រាជធានី​នៅ​ទូទាំង​ប្រទេស បាន​លើក​គ្នា​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​ក្រសួង​មហាផ្ទៃ និង​រដ្ឋសភា​ម្តង​រួច​មក​ហើយ ក៏ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ឡើយ​មក​ទល់​នឹង​ពេល​នេះ។ ពលរដ្ឋ​អះអាង​ថា ពួក​គាត់​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្នុង​ម្នាក់ៗ​រាប់​ម៉ឺន​ដុល្លារ ដើម្បី​យក​មក​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ ក្នុង​ក្តី​ស្រមៃ​ថា នឹង​ជួយ​ឲ្យ​ជីវភាព​របស់​គាត់​មាន​ភាព​ប្រសើរ​ឡើង តែ​ផ្ទុយ​ទៅ​វិញ ការ​វិនិយោគ​បែប​នេះ​បាន​ធ្វើ​ឲ្យ​គាត់​បាត់បង់​ទ្រព្យ​សម្បត្តិ ដីធ្លី និង​ផ្ទះ​សម្បែង ព្រម​ទាំង​ជំពាក់​បំណុល​គេ​វ័ណ្ឌ​ក​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles