Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អាជ្ញាធរ​ផ្ដល់​ដី​ទីតាំង​ថ្មី​ឲ្យ​អតីត​អ្នក​ភូមិ​សំបុកចាប​ជា​ថ្នូរ​ដូរ​ផ្ទះ​ចេញ​ពី​ប្រឡាយ​ទឹក​ស្អុយ

$
0
0

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្ដល់​ដី​ទីតាំង​ថ្មី​ឲ្យ​ពលរដ្ឋ​អតីត​អ្នក​ភូមិ​សំបុកចាប ចំនួន ៤៦​គ្រួសារ​បន្ថែម ដើម្បី​ឲ្យ​ពួក​គាត់​ចាកចេញ​ពី​តំបន់​ប្រឡាយ​ទឹក​ស្អុយ​នៅ​ភូមិ​អណ្ដូង សង្កាត់​គោករកា ទៅ​រស់នៅ​លើ​ដី​ថ្មី ដែល​នៅ​ឆ្ងាយ​ពី​ទីតាំង​បច្ចុប្បន្ន​ប្រហែល ៥០​ម៉ែត្រ។ មិន​មែន​មាន​តែ ៤៦​គ្រួសារ​នោះ​ទេ ពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​ដែល​រស់​លើ​ប្រឡាយ​ទឹក​ស្អុយ មិន​ទទួល​បាន​ដី​ពី​អាជ្ញាធរ បាន​ទួញ​យំ​សោក​បោក​ខ្លួន​នៅ​មុខ​ផ្ទះ​ចៅ​សង្កាត់​គោករកា។

អតីត​អ្នក​ភូមិ​សំបុកចាប សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ចំនួន ១.៥៥៤​គ្រួសារ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដោះដូរ​ឲ្យ​ទៅ​រស់នៅ​ភូមិ​អណ្ដូងថ្មី ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ មាន​ចម្ងាយ​ពី​គ្នា​ប្រមាណ​ជាង ២០​គីឡូម៉ែត្រ រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ មិន​ទាន់​ទទួល​បាន​ដីធ្លី​ជា​កម្មសិទ្ធិ​គ្រប់​គ្នា​នោះ​ទេ។

នៅ​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា តំណាង​សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន បាន​សម្រេច​ឲ្យ​ពលរដ្ឋ​ចំនួន ៤៦​គ្រួសារ ចាប់​ឆ្នោត​យក​ដី​នៅ​ទីតាំង​ផ្សេង​ក្រោយ​ពី​រស់នៅ​តាម​ប្រឡាយ​ទឹក​ស្អុយ ក្នុង​ភូមិ​អណ្ដូងថ្មី ដែល​ជា​ទីតាំង​អាជ្ញាធរ​បញ្ជូន​ឲ្យ​ទៅ​រស់​កាល​ពី​ឆ្នាំ​២០០៦ ក្រោយ​ពី​បណ្ដេញ​ចេញ​ពី​ភូមិ​សំបុកចាប ក្នុង​រាជធានី​ភ្នំពេញ​នោះ ឥឡូវ​នេះ អាជ្ញាធរ​បញ្ជូន​ពួក​គេ​ឲ្យ​ទៅ​រស់នៅ​ទីតាំង​ថ្មី​មួយ​ផ្សេង​ទៀត។

ពលរដ្ឋ​អតីត​អ្នក​ភូមិ​សំបុកចាប លោកស្រី ចន្ធី ថា អ្នក​ភូមិ​សំបុកចាប ពិត​ប្រាកដ​ចំនួន ៨​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដីធ្លី​ជា​កម្មសិទ្ធិ​ទេ។ លោកស្រី​ថា​មាន​អ្នក​មិន​មែន​អតីត​អ្នក​ភូមិ​សំបុកចាប បាន​ចាប់​ឆ្នោត​យក​ដី ហើយ​អ្នក​ទាំង ៨​គ្រួសារ​នោះ បាន​យំ​ស្រែក​នៅ​មុខ​ផ្ទះ​ចៅ​សង្កាត់​គោករកា ប៉ុន្តែ​លោក​ចៅ​សង្កាត់ និង​មន្ត្រី​តំណាង​សាលា​ក្រុង មិន​បាន​បញ្ជាក់​ហេតុផល​ប្រាប់​ពលរដ្ឋ​ទាំងនោះ​ទេ៖ «គាត់​យំ​ចឹង​ណា អា​មួយ​ទៀត​កុំ​អី​កូន​ចូល​ឡាន​ងាប់ ឡាន​ដឹក​ដី​កិន​ងាប់ ដូច​ថា​គាត់​យំ ដូច​គាត់​ភ្លេច​កូន គាត់​យំ គាត់​ឈឺ​ចាប់ គាត់​មិន​បាន គាត់​ស្រែក​យំ ហើយ​កូន​វា​រត់​ទៅ​ថ្នល់ កុំ​តែ​គេ​ឃើញ​ទាន់ កុំ​អី​ឡាន​កិន​ងាប់ ព្រឹក​មិញ​មិន​បាន​ផ្ទះ​ដេក​ហើយ ឡាន​កិន​ងាប់​ទៀត»

កាល​ពី​ឆ្នាំ​២០០៦ អាជ្ញាធរ​បាន​បណ្ដេញ​អតីត​អ្នក​ភូមិ​សំបុកចាប ចេញ​ពី​ក្រោយ​អគារ​ប៊ូឌីង ហើយ​អាជ្ញាធរ​បាន​ត្រៀម​ផ្ទៃដី​ប្រមាណ​ជា ៣​ហិកតារ ដែល​សាលា​ក្រុង​ត្រូវ​បែងចែក​ឲ្យ​អ្នក​ភូមិ​នៅ​ភូមិ​អណ្ដូងថ្មី សង្កាត់​គោករកា កាលណោះ​ជា​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ហើយ​ទីតាំង​ថ្មី​នោះ​មិន​ឆ្ងាយ​ពី​ភូមិ​អណ្ដូងចាស់ នោះ​ប៉ុន្មាន​ទេ។ កាលណោះ​នៅ​តាម​ដង​ផ្លូវ​ក្ដៅ​ប្រេះ​ក្រហែង ព័ទ្ធ​ទៅ​ដោយ​វាល​ស្រែ។

ពលរដ្ឋ​ដែល​សាលា​ក្រុង​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​តំបន់​នោះ សុទ្ធសឹងតែ​ពុំ​មាន​មុខ​របរ​ធ្វើ​ពិត​ប្រាកដ​ឡើយ ដោយ​អ្នក​ខ្លះ​មាន​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប ខ្លះ​ជា​កម្មករ​សំណង់ រីឯ​ស្រីៗ​មួយ​ចំនួន​ជា​អ្នក​ដើរ​ស៊ី​ឈ្នួល​បោក​សម្លៀកបំពាក់​ឲ្យ​គេ រើស​អេតចាយ ឬ​លក់​នំ​ចំណី​បន្តិចបន្តួច ជាដើម។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ប្រាប់​ថា អាជ្ញាធរ​ផ្ដល់​ទីតាំង​លើស​ពី​ការ​រំពឹង​ទុក​ឲ្យ​ពលរដ្ឋ​អតីត​អ្នក​ភូមិ​សំបុកចាប ហើយ។ លោក​ថា ពលរដ្ឋ​ដែល​អាជ្ញាធរ​មិន​ឲ្យ​ចាប់​ឆ្នោត មិន​មែន​ជា​អតីត​អ្នក​ភូមិ​សំបុកចាប ទេ។ អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា ការ​ឲ្យ​ដី​នៅ​ទីតាំង​ថ្មី ដើម្បី​យក​ប្រឡាយ​ទឹក​ស្អុយ​ដែល​ពលរដ្ឋ​រស់នៅ​សព្វថ្ងៃ ទៅ​អភិវឌ្ឍ​ឲ្យ​មាន​ចរន្ត​ទឹក​ហូរ​ឡើង​វិញ ហើយ​ការ​ឲ្យ​ចាប់​ឆ្នោត​នេះ លុះត្រា​តែ​អ្នក​នោះ​មាន​ទីលំនៅ​ពិត​ប្រាកដ មិន​មែន​គ្រាន់​តែ​អ្នក​មក​ឆ្មក់​សង់​ផ្ទះ​លើ​ខ្នង​ប្រឡាយ​នោះ​ទេ៖ «ការ​អះអាង​ទាំងអស់ សុទ្ធតែ​ថា​គាត់​មក​ពី​ហ្នឹង​ទាំងអស់​ហ្នឹង ចឹង​យើង​អត់​គិត​ត្រឹម​ម៉ា​ការ​អះអាងរបស់​គាត់​ទេ»

នៅ​មុន​ពេល​ប្រគល់​ដី​នៅ​ទីតាំង​ថ្មី​ឲ្យ​ទៅ​ពលរដ្ឋ​ទាំង ៤៦​គ្រួសារ​នៅ​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា អាជ្ញាធរ​ធ្លាប់​បាន​ប្រគល់​ដី​ឲ្យ​អតីត​អ្នក​ភូមិ​សំបុកចាប ជាង ៥០០​គ្រួសារ​រួច​ហើយ ដើម្បី​ជា​ថ្នូរ​នៃ​ការ​ចាកចេញ​ពី​ប្រឡាយ​ទឹក​ស្អុយ​ក្នុង​ភូមិ​អណ្ដូង៤ និង​អណ្ដូង៦ នេះ។

ប្រធាន​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ចាត់​ទុក​ពលរដ្ឋ​ទូទៅ​ដែល​ឆ្មក់​ទៅ​រស់នៅ​លើ​មាត់​ប្រឡាយ​ទឹក​ស្អុយ​ជាមួយ​អតីត​អ្នក​ភូមិ​សំបុកចាប គឺ​ជា​កំហុស​របស់​អាជ្ញាធរ ព្រោះ​អាជ្ញាធរ​បាន​បោះបង់​អតីត​អ្នក​ភូមិ​សំបុកចាប ឲ្យ​រង​ទុក្ខ​យូរ​ឆ្នាំ​ហើយ៖ «ខ្ញុំ​ចេះ​តែកត់​សម្គាល់ ជា​ធម្មតា​វា​ច្រើន​ចេះ​តែ​ចឹង។ កន្លែង​ណា​ក៏ដោយ​ដែល បើ​សិន​ជា​យើង​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទេ អា​ហ្នឹង​យើង​ត្រូវ​តែ​ហាមឃាត់​នៅ​ពេល​ដែល​គាត់​សាងសង់​គាត់​អី​ហ្នឹង គឺ​មិន​អនុញ្ញាត​ឲ្យ​សាងសង់​ទេ កាលណា​តែ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​គាត់​សាងសង់ គាត់​រស់នៅ បាន​ន័យ​ថា​ស្មើ​នឹង​យល់ព្រម​ឲ្យ​គាត់​រស់នៅ​ហើយ ហ្នឹង​ហើយ​ដែល​ជា​បញ្ហា​កន្លង​មក។ ដល់​ពេល​មាន​រឿង យើង​ចោទ​ប្រជាពលរដ្ឋ​ហ្នឹង​រស់នៅ​អនាធិបតេយ្យ គ្មាន​ច្បាប់ គ្មាន​ទម្លាប់»

ប្រជាពលរដ្ឋ​ភូមិ​សំបុកចាប សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន ប្រមាណ​ជាង ១.០០០​គ្រួសារ ត្រូវ​បាន​ឧកញ៉ា ស៊ូ ស្រ៊ុន និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោះដូរ​ឲ្យ​ទៅ​រស់នៅ​ទីតាំង​ថ្មី​នៅ​ភូមិ​អណ្ដូង សង្កាត់​គោករកា ខណ្ឌ​ដង្កោ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០០៦ ហើយ​សន្យា​ថា​ផ្ដល់​ដី​ឲ្យ​ពួក​គាត់​ក្នុង​មួយ​គ្រួសារ​ទំហំ ៤ គុណ​នឹង ៦​ម៉ែត្រ។ ម្ដងម្កាល អ្នក​ភូមិ​ទាំងនោះ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​អតីត​ដី​សំបុកចាប ដើម្បី​សម្ដែង​ការ​ឈឺ​ចាប់​ដែល​ពួក​គេ​បាត់បង់​ដី​ដោយ​បង្ខំ។ ក្រុម​អ្នក​តវ៉ា​ទាំងនោះ​ធ្លាប់​បាន​ដាក់​បណ្ដាសា​ក្រុមហ៊ុន និង​តែង​ស្នើ​ឲ្យ​ពលរដ្ឋ កុំ​គាំទ្រ​ផលិតផល ឬ​សេវាកម្ម​របស់​ក្រុមហ៊ុន​បាន​យក​ដី​ពួក​គេ​ទៅ​បើក​អាជីវកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles