Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​ស្នើ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ក្នុង​ដែន​អភិរក្ស

$
0
0

តំណាង​សហគមន៍​ទេសចរណ៍​ទឹក​ធ្លាក់​អន្លង់​ស្វាយ ខេត្ត​កំពង់ឆ្នាំង បារម្ភ​ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ដែន​អភិរក្ស​សហគមន៍។ តំណាង​សហគមន៍​ព្រៃ​ឈើ ស្នើ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ចូលរួម​ទប់ស្កាត់​សកម្មភាព​ល្មើស​នេះ ខណៈ​ដែល​កម្លាំង​ល្បាត​របស់​គណៈកម្មការ​សហគមន៍​ខ្វះខាត​ថវិកា​គាំទ្រ​សកម្មភាព​ដើរ​ល្បាត​ព្រៃ​ប្រចាំ​ខែ។

តំណាង​សហគមន៍​ម្នាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ថា សហគមន៍​ព្រៃ​ឈើ​ចំនួន​បី គឺ​សហគមន៍​ព្រៃ​ធំ​អន្លង់​ថ្ម សហគមន៍​អន្លង់​ស្វាយ និង​សហគមន៍​ស្លែង ឋិត​នៅ​ស្រុក​ទឹកផុស ប្រឈម​នឹង​ការ​បាត់បង់​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ដែល​នៅ​សល់​តិចតួច។ ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​មូលដ្ឋាន បាន​បើក​គោយន្ត​ចូល​ព្រៃ​លួច​កាប់​ឈើ​តូចៗ​ល្មម​សម្រាប់​ឈើ​សំណង់ ឧស និង​បង្កង់​ធ្វើ​ផ្ទះ​ចន្លោះ​ពី ៥ ទៅ ១០​គោយន្ត​ក្នុង​មួយ​ថ្ងៃៗ។

អនុប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ទឹក​ធ្លាក់​អន្លង់​ស្វាយ លោក ប៉ិល សារិទ្ធ មាន​ប្រសាសន៍​ថា ព្រៃ​ឈើ​នៅ​ចំណុច​ព្រៃ​ធំ​អន្លង់​ថ្ម ជាប់​ព្រំប្រទល់​តំបន់​ការពារ​ធម្មជាតិ​អន្លង់​ស្វាយ កំពុង​មាន​ការ​កាប់​បំផ្លាញ​កាន់​តែ​ច្រើន​តាំង​ពី​ក្រុម​សហគមន៍​កាត់​បន្ថយ​ការ​ដើរ​ល្បាត ដោយ​អង្គការ​មួយ​ធ្លាប់​ផ្ដល់​ថវិកា​គាំទ្រ​ក្នុង​សកម្មភាព​ដើរ​ល្បាត​ព្រៃ​បាន​បញ្ចប់​គម្រោង​កាល​ពី​ចុង​ឆ្នាំ​២០១៦៖ «ក្នុង​នាម​ខ្ញុំ​ជា​គណៈកម្មការ​សហគមន៍​អន្លង់​ស្វាយ ចង់​សំណូមពរ​សំខាន់​អភិបាល​ស្រុក​តែ​ម្ដង ឲ្យ​គាត់​ពង្រឹង​ខាង​រដ្ឋបាល​ព្រៃ​ឈើ ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ការ​ចូល​កាប់​ព្រៃ​សហគមន៍​ខ្ញុំ។ ធម្មតា​ខាង​ខ្ញុំ​អ្នក​ថែរក្សា ដូច​ព្រៃ​អី ខាង​ខ្ញុំ​អ្នក​ចិញ្ចឹម ប៉ុន្តែ​អ្នក​ទទួល​ផល​អ្នក​មក​ពី​ចម្ងាយ​មក​បង់​យក​អ៊ីចឹង»

លោក ប៉ិល សារិទ្ធ ថា​សកម្មភាព​ល្មើស​អាច​ជាប់​ពាក់ព័ន្ធ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ដែល​ឈរ​ជើង​នៅ​ទីស្នាក់ការ​ដំរី​ស ឋិត​នៅ​ភូមិ​ស្លែង ឃុំ​ទួលខ្ពស់ ព្រោះ​ច្រក​ចេញ​ចូល​គោយន្ត​មាន​តែ​មួយ​នេះ​ប៉ុណ្ណោះ។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​ទីស្នាក់ការ​ដំរី​ស ដើម្បី​បំភ្លឺ​តប​ចំពោះ​ការ​លើក​ឡើង​នេះ​បាន​ទេ ខណៈ​អភិបាល​ស្រុក​ទឹកផុស លោក ម៉េង ហាក់ ប្រាប់​ថា​កំពុង​ជាប់​រវល់។

ទោះ​ជា​យ៉ាង​ណា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង លោក ងិន ហ៊ុន ថា​បទល្មើស​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ឡើយ ព្រោះ​លោក​ធ្លាប់​ចុះ​បង្ក្រាប និង​អប់រំ​ផ្សព្វផ្សាយ​នៅ​តំបន់​នេះ ឃើញ​ថា​មាន​ពលរដ្ឋ​ខ្លះ​បាន​លួច​ចូល​កាប់​ឈើ​ក្នុង​តំបន់​ការពារ ប៉ុន្តែ​ជាទូទៅ ពលរដ្ឋ​បាន​កាប់​ឈើ​សំណង់ ឬ​ឧស​ទាំងនោះ​តាម​ក្បាល​ស្រែ ឬ​ចម្ការ​របស់​ពួក​គេ​ប៉ុណ្ណោះ៖ «ប្រហែល​ជា​ពីរ​ខែ​មុន ខ្ញុំ​បាន​ទៅ​ឃាត់​ចាប់​រទេះ​ដឹក​កូន​ឈើ​ហ្នឹង​មួយ​សា ហើយ​យើង​ក៏​យើង​បាន​ធ្វើ​ការ​ណែនាំ​គាត់​កុំ​ឲ្យ​ចូល​ទៅ​កាប់​ព្រៃ​នៅ​ក្នុង​ដែន អា​ហ្នឹង​ជា​ចម្បង​សិន។ ឥឡូវ​យើង​មាន​ដាក់​កម្លាំង​ឃ្លាំ​មើល​ជា​ប្រចាំ​តែ​ម្ដង​បាទ! រឿង​ដែន​សហគមន៍​នេះ​មួយ និង​ដែន​អភិរក្ស​នេះ​មួយ គឺ​ដាច់ខាត​តែ​ម្ដង​អត់​មាន​ឲ្យ​ប៉ះពាល់​បាន​ទេ បើ​សិន​កាប់​នៅ​តាម​ក្បាល​ស្រែ​គាត់ អា​ហ្នឹង​កាប់​បាន»

រយៈពេល​ជិត ៥​ខែ​ក្នុង​ឆ្នាំ​២០១៧ នេះ នៅ​ខេត្ត​កំពង់ឆ្នាំង គេ​សង្កេត​ឃើញ​ថា បទល្មើស​ព្រៃ​ឈើ និង​នេសាទ​ធំៗ​បាន​ស្ងប់ស្ងាត់ ស្រប​ពេល​ដែល​មន្ត្រី​ជំនាញ​ថា សមត្ថកិច្ច​មិន​បន្ធូរ​ដៃ​ក្នុង​ការ​បង្ក្រាប និង​ទប់ស្កាត់​ចំពោះ​បទល្មើស​ទាំង​ពីរ​ប្រភេទ​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles