សង្គមស៊ីវិលធ្វើការផ្នែកបោះឆ្នោតចាត់ទុកការដាក់បម្រាមរបស់សាលាក្រុងដែលហាមមិនឲ្យមានការហែក្បួន ឬមិនឲ្យប្រមូលផ្ដុំគ្នាឃោសនានយោបាយនៅតាមដងផ្លូវធំៗ ឬនៅតាមទីប្រជុំជនក្នុងយុទ្ធនាការឃោសនាបោះឆ្នោតគឺជារំលោភច្បាប់ស្ដីការបោះឆ្នោត។ សាលារាជធានីភ្នំពេញ បានផ្ញើលិខិតមួយទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដោយជូនដំណឹងពីការហាមប្រាមមិនអោយមានការហែក្បួននៅតាមតំបន់ និងវិថីធំៗមួយចំនួននៅក្នុងពេលឃោសនាបោះឆ្នោត។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាស ម៉េតភក្ដី បន្ថែមថា គណបក្សនយោបាយត្រូវតែអនុវត្ត ប៉ុន្តែដើម្បីធ្វើកិច្ចការទាំងនេះ អាជ្ញាធរត្រូវធ្វើការតាមរយៈ គ.ជ.ប ថ្នាក់រាជធានី។
ទីតាំងដែលសាលារាជធានីចេញលិខិតហាមមិនឲ្យគណបក្សនយោបាយដង្ហែក្បួនតាមផ្លូវ មានដូចជាមហាវិថីព្រះនរោត្តម សហព័ន្ធរុស្ស៊ី ព្រះមុនីវង្ស ព្រះសីហនុ ម៉ៅសេទុង ផ្លូវទេពផន វិថីសុធារស សុរាម្រឹត និងផ្លូវជុំវិញព្រះបរមរាជវាំង។ ឯទីប្រជុំជន និងទីសាធារណៈដែលអាជ្ញាធរហាមប្រមូលផ្ដុំឃោសនាបក្ស ដូចជានៅផ្លូវជុំវិញផ្សារធំថ្មី ផ្សារអូរឫស្សី អូឡាំពិក ទួលទំពូង ផ្សារដេប៉ូ ផ្សារដើមគ សួនមុខវាំង វាលព្រះមេរុ ផ្នែកនៃសួនច្បារមុខវត្តបទុមវតី ទីធ្លារូបសំណាកលោកយាយពេញ និងសួនច្បារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើម។
ការហាមហែក្បួន ឬហាមប្រមូលផ្ដុំនៅទីតាំងមនុស្សច្រើនទាំងនេះ អភិបាលក្រុង លោក ប៉ា សុជាតិវង្ស បានប្រើប្រាស់ហេតុផលដែលធ្លាប់ហាមសហជីព ឬក្រុមតវ៉ាកន្លងមក គឺហេតុផលដើម្បីធានាសន្តិសុខដើម្បីសណ្ដាប់ធ្នាប់សាធារណៈ និងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅថា និចហ្វិក (NICFEC) លោក សំ គន្ធាមី ថា បម្រាមនេះគឺជាការរំលោភច្បាប់បោះឆ្នោត។ លោកស្នើឲ្យអាជ្ញាធររៀបចំមន្ត្រីចរាចរណ៍ ឬកងកម្លាំងដើម្បីសម្រួលឲ្យគណបក្សនយោបាយក្នុងការឃោសនាបោះឆ្នោត៖ «ទីប្រជុំជនដូចផ្សារថ្មី ផ្សារអ៊ីចឹង ជាចំណុចមួយដែលគោលដៅរបស់គណបក្សនយោបាយដែលឃោសនាចង់បញ្ចូលព័ត៌មានពីគោលនយោបាយកម្មវិធីរបស់គេហ្នឹងជាគោលដៅហើយ...»។
ច្បាប់បោះឆ្នោតថ្មីអនុញ្ញាតឲ្យគណបក្សនយោបាយឃោសនាបោះឆ្នោតតាមឃុំ-សង្កាត់ រយៈពេល ១៤ថ្ងៃ មុនការបោះឆ្នោត ហើយក្នុងពេល ១៤ថ្ងៃនេះ គណបក្សនយោបាយអាចហែក្បួនឃោសនាបានចំនួន ២ដង។ ក្នុងចំណោមគណបក្សទាំង១២ ដែលបានចុះបញ្ជីនៅ គ.ជ.ប មានតែ ៦គណបក្សទេ ដែលបានឈរឈ្មោះតាមសង្កាត់នៅរាជធានីភ្នំពេញ គឺគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
អាស៊ីសេរី មិនអាចទាក់ទងប្រធាន គ.ជ.ប ប្រចាំក្រុងភ្នំពេញ លោក មាស ឆពណ្ណ និងអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានទេ។
ឯអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាស ម៉េតភក្ដី ប្រាប់អាស៊ីសេរី ថា បម្រាមនេះគឺជាជួយដល់គណបក្សនយោបាយ។ លោកចាត់ទុកការស្ទះចរាចរណ៍តាមទីប្រជុំជនទាំងនោះ គឺជាការឧបសគ្គនៃការហែក្បួនរបស់គណបក្សនយោបាយ៖ «យើងអត់មានបម្រាមហាមអត់ឲ្យមានការហែក្បួនឯណាវាអត់មានអីខុសពីច្បាប់បោះឆ្នោតទេ គ្រាន់តែយើងហាមនៅតំបន់ណាមួយកន្លែងណាមួយ ដែលយើងយល់ឃើញថា វាមានភាពកកស្ទះ វាអាចនឹងជាឧបសគ្គទៅដល់ការក្បួននៃការឃោសនាបោះឆ្នោតទើបបានយើងដាក់បម្រាម»។
នៅពេលដែលសួរដល់ថា ហេតុអ្វីអាជ្ញាធរមិនបញ្ចេញកម្លាំងសន្តិសុខដែលខ្លួនមាន ឬមន្ត្រីចរាចរណ៍ដើម្បីសម្រួលការចរាចរណ៍ឲ្យគណបក្សនយោបាយហែក្បួនក្នុងយុទ្ធនាការបោះឆ្នោត អ្នកនាំពាក្យរូបនេះមិនបានឆ្លើយតបឡើយដោយប្រាប់ថាលោករវល់បើកឡាន។
មាត្រា៦៨ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចែងថា ការឃោសនាបោះឆ្នោតគឺជាសកម្មភាពមួយចំនួនត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឲ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សណាមួយ។ សកម្មភាពទាំងនេះមានដូចជា ការជួបប្រជុំគ្នាជាសាធារណៈការរៀបចំក្បួនព្យុហយាត្រា ឬហែក្បួនដោយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទយ៉ាងច្រើន ២ដង ក្នុងកំឡុងពេលឃោសនា ឬអាចឃោសនានៅតាមផ្ទះ តាមវិទ្យុ ទូរទស្សន៍ សារព័ត៌មាន រលកអាកាស ឧបករណ៍បំពងសំឡេង ការចាក់បញ្ចាំងវីដេអូតាមរោងវីដេអូ ឬបញ្ចាំងវីដេអូនៅទីសាធារណៈ បិទបដា ចែកខិត្តប័ណ្ណ ចែកស្លាកសញ្ញាគណបក្ស ចែកមួក ចែកសម្លៀកបំពាក់ ចែកសម្ភារៈដែលមានស្លាកគណបក្ស ឬលើកបដាតាមសាធារណៈ ប្រគំតន្ត្រីច្រៀងឃោសនា ឬលេងភ្លេងឃោសនារហូតដល់ការរៀបចំកម្មវិធីប្រកួតកីឡាជាដើម៕