Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

"រដ្ឋាភិបាល​ទម្លាក់​លុយ​តិចតួច​បំផុត​ដើម្បី​អភិវឌ្ឍន៍​នៅ​តាម​ឃុំ-សង្កាត់"

$
0
0

ក្រុម​ការងារ ១០០​រាត្រី ដែល​បន្ត​ការងារ​ស្រាវជ្រាវ​ពី​លោក​បណ្ឌិត កែម ឡី រក​ឃើញ​ថា ការ​អភិវឌ្ឍ​នៅ​តាម​ឃុំ-​សង្កាត់ ទៅ​លើ​វិស័យ​មួយ​ចំនួន រួម​មាន​ផ្លូវ​ថ្នល់​ជាដើម នាំ​ឲ្យ​មាន​ភាព​យឺតយ៉ាវ ព្រោះ​តែ​ការ​ទម្លាក់​ថវិកា​ពី​ថ្នាក់​ជាតិ​ទៅ​មូលដ្ឋាន​មាន​ចំនួន​ដ៏​តិចតួច។ ប្រតិកម្ម​នឹង​ចោទ​ប្រកាន់​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចាត់​ទុក​ថា ជា​ការ​ស្រាវជ្រាវ​មិន​ឆ្លុះបញ្ចាំង​ពី​ការ​ពិត​នៅ​ក្នុង​សង្គម និង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​ក្នុង​ពេល​បច្ចុប្បន្ន។

របាយការណ៍​ដែល​មាន​កម្រាស់ ១៥​ទំព័រ របស់​ក្រុម​ការងារ ១០០​រាត្រី បាន​ស្រាវជ្រាវ​រក​ឃើញ​ថា ថវិកា​ដែល​រដ្ឋាភិបាល​ផ្ទេរ​ទៅ​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​អភិវឌ្ឍន៍ គឺ​មិន​គ្រប់​ទៅ​តាម​តម្រូវការ​ចំពោះ​មុខ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​នៅ​តាម​ឃុំ-​សង្កាត់ វា​មិន​បាន​ជឿនលឿន​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ។

របាយការណ៍​ដែល​ដាក់​ចំណង​ជើង​ថា ការ​ស្រាវជ្រាវ​អំពី​ស្ថានភាព​ឃុំ-សង្កាត់ នៅ​ប្រទេស​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០១៧ បាន​រក​ឃើញ​ថា បើ​ទោះ​ឃុំ-​សង្កាត់ ដើរ​តួនាទី​សំខាន់​បម្រើ​សេវា​សាធារណៈ​យ៉ាង​ណា​ក៏​ដោយ​ចុះ មាន​ឃុំ-​សង្កាត់​ខ្លះ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មាន​កម្រិត​ក្នុង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​តិចតួច​បំផុត​នៅ​ឡើយ។ របាយការណ៍​ឲ្យ​ដឹង​ទៀត​ថា មាន​កត្តា​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ការ​អភិវឌ្ឍ​នៅ​តាម​ឃុំ-សង្កាត់​យឺតយ៉ាវ ក្នុង​នោះ​ដូច​ជា ការ​រើសអើង​បក្ស​នយោបាយ ការ​បិទបាំង​ព័ត៌មាន មេ​ឃុំ ចៅសង្កាត់ មាន​កម្រិត​យល់​ដឹង​តិចតួច ការ​រើសអើង​ពលរដ្ឋ និង​វប្បធម៌​បំបែក​បំបាក់​ជាដើម។ លើស​ពី​នេះ​ទៅ​ទៀត បញ្ហា​ថវិកា​គឺ​ជា​ចំណោទ​ធំ​ជាង​គេ ដែល​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​ឃុំ-​សង្កាត់ មិន​ទៅ​មុខ​រួច ស្ទើរ​គ្រប់​វិស័យ មាន​ផ្លូវ​ថ្នល់​ជាដើម។

ការ​ស្រាវជ្រាវ​ដែល​ដំណើរ​បាន​ដល់​រាត្រី​ទី​២១ និង​រាត្រី​ទី​២២ ក្នុង​ចំណោម ១០០រាត្រី ដែល​បន្ត​វេន​ពី​លោក​បណ្ឌិត កែម ឡី ឲ្យ​ដឹង​ថា ឃុំ-​សង្កាត់​ដែល​មាន ១១​អាសនៈ ទទួល​បាន​ថវិកា​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​តែ​ជាង ១០០​លាន​រៀល ឬ​ប្រមាណ ២​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក។ ទន្ទឹម​នឹង​នេះ ឃុំ-​សង្កាត់​ដែល​មាន​អាសនៈ​ចំនួន ៧​អាសនៈ ថវិកា​ដែល​រដ្ឋាភិបាល​ទម្លាក់​ដើម្បី​អភិវឌ្ឍន៍​ចន្លោះ​ពី ៥០ ទៅ ៧០​លាន​រៀល ឬ​ជាង ១​ម៉ឺន​ដុល្លារ​អាមេរិក។ ដោយ​ឡែក ឃុំ-​សង្កាត់​ដែល​មាន ៥​អាសនៈ លុយ​ដែល​ផ្ទេរ​ពី​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​ក្រោម​ជាតិ​រង្វង់​ចន្លោះ ៦០​លាន​រៀល។

ប្រតិកម្ម​នឹង​ចោទ​ប្រកាន់​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​យល់​ឃើញ​ថា របាយការណ៍​ដែល​ដាក់​បន្ទុក​មក​លើ​រដ្ឋាភិបាល​នេះ គឺ​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​មូលដ្ឋាន និង​មិន​មាន​ទិសដៅ​ពិត​ប្រាកដ​នោះ​ឡើយ។ ម្យ៉ាង​វិញ​ទៀត នេះ​ជា​របាយការណ៍​ដែល​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ថែម​ទៀត​ផង ហើយ​ឈរ​លើ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ច្រើន​ជាង៖ «ខ្ញុំ​ជឿ​ថា អ្នក​ស្រាវជ្រាវ​ហ្នឹង​គាត់​ចេះ​តែ​ពី​និយាយ។ គាត់​មិន​ដឹង​ជា​យក​វិស័យ​អី​ដែល​វា​ថា​អភិវឌ្ឍន៍​មិន​សមស្រប​ដែល​គាត់​លើក​ឡើង»

យ៉ាង​នេះ​ក្ដី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា អះអាង​កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ថា បក្ស​ប្រឆាំង​អាច​មាន​លទ្ធផល​ទម្លាក់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​ឃុំ-​សង្កាត់​កន្លះ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ការ​បញ្ជាក់​ជំហរ​ដូច​នេះ​របស់​លោក កឹម សុខា ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សមាជ​វិសាមញ្ញ​របស់​ខ្លួន ដោយ​លើក​ឡើង​ថា លុយ​ដែល​នឹង​ផ្ដល់​ជា​ទៀងទាត់​ក្នុង​មួយ​ឆ្នាំ​នេះ នៅ​ក្រោយ​ពេល​បក្ស​ប្រឆាំង​គ្រប់គ្រង​អំណាច។

បន្ថែម​លើ​របាយការណ៍​នេះ សមាជិក​ក្រុម​ការងារ​ស្រាវជ្រាវ ១០០រាត្រី គឺ​លោក មួង សូនី ឲ្យ​ដឹង​ថា ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ដែល​មិន​អាច​ដើរ​ទៅ​មុខ​បាន ក្រៅ​ពី​ថវិកា​មិន​គ្រប់គ្រាន់​ហើយ ជាង​នេះ​ទៅ​ទៀត គឺ​ទាក់ទង​នឹង​សមត្ថភាព​របស់​ថ្នាក់​ដឹកនាំ​នៅ​តាម​ឃុំ-​សង្កាត់​តែម្ដង។ លោក មួង សូនី យល់​ឃើញ​ថា ការ​មិន​ទាន់​ទទួល​ស្គាល់​ពី​កំហុស​បែប​នេះ របស់​រដ្ឋាភិបាល​វា​បាន​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ៖ «ឃុំ​សង្កាត់​របស់​ពួក​គាត់​ហ្នឹង​ធនធាន​មនុស្ស​នៅ​មាន​កម្រិត។ កម្រិត​គឺ​ថា អត់​មាន​មន្ត្រី​ជំនាញ អត់​មាន​មន្ត្រី​បច្ចេកទេស និង​អត់​មាន​មន្ត្រី​នយោបាយ​ជាដើម​គឺ​មាន​ត្រឹម​តែ​ស្មៀន​ដែល​អាច​បម្រើ​សេវា​សាធារណៈ​ហ្នឹង​ទេ។ ពួកគាត់​បញ្ជាក់​ថា គាត់​ចង់​ឲ្យ​មាន​ថវិកា​ច្រើន​មក​ដើម្បី​អាច​ឲ្យ​ពួក​គាត់​យក​ថវិកា​ហ្នឹង​ផ្លូវ និង​ទៅ​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​ដែល​មាន​ប្រយោជន៍​សម្រាប់​ឃុំ​សង្កាត់​របស់​ពួក​គាត់»

ផ្ទុយ​ពី​នេះ​ទៅ​វិញ មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ធ្លាប់​អះអាង​ថា កម្ពុជា​កំពុង​ដើរ​លើ​គម្រោង​អភិវឌ្ឍន៍​ស្ទើរ​គ្រប់​វិស័យ ទាំង​ផ្នែក​ផ្លូវ​គមនាគមន៍ អប់រំ និង​សេវា​ដទៃ​ទៀត។

បើ​ទោះ​ជា​បែប​ណា របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​ការងារ ១០០រាត្រី​នេះ រក​ឃើញ​ថា ក្នុង​ចំណោម​មេ​ឃុំ-​ចៅសង្កាត់ របស់​បក្ស​កាន់​អំណាច​ទាំង ១.៥៩២​នាក់ និង​មេឃុំ​បក្ស​ប្រឆាំង បាន​ត្អូញត្អែរ​ថា វា​ពិត​ជា​ពិបាក​ណាស់​ដែល​រង់ចាំ​ថវិកា​ជាតិ​ទម្លាក់​មក​ម្ដងៗ។ ក្រៅ​ពី​នេះ ដើម្បី​បាន​លុយ​អភិវឌ្ឍន៍​នៅ​ក្នុង​ឃុំ-​សង្កាត់ ថ្នាក់​ក្រោម​ជាតិ​ត្រូវ​ប្រើ​ពេល​សន្សំ​លុយ​មិន​តិច​ជាង ៣​ឆ្នាំ​ទេ ទើប​អាច​ធ្វើ​ផ្លូវ​បាន​មួយ​ខ្សែ ឬ​សាលា​រៀន​មួយ​ខ្នង។

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-​សង្កាត់ ដែល​អនុម័ត​កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០០១ ថ្វី​បើ​ពុំ​មាន​បញ្ញត្តិ​ពី​ចំនួន​ទឹក​លុយ​ដែល​រដ្ឋាភិបាល​ត្រូវ​ទម្លាក់​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​ចាត់ចែង។ ប៉ុន្តែ​មាត្រា​៧៦ កំណត់​ថា ឃុំ-​សង្កាត់​នីមួយៗ​មាន​សិទ្ធិ​ទទួល​បាន​ប្រាក់​កម្រៃ​ចំពោះ​ការ​អនុវត្ត​តួនាទី។ ការ​ប្រគល់​អំណាច​មុខងារ​របស់​រដ្ឋ​មាន​លក្ខណៈ​ជា​អចិន្ត្រៃយ៍​ទៅ​ឲ្យ​ឃុំ-​សង្កាត់ រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​មាន​ធនធាន​ហិរញ្ញវត្ថុ រយៈពេល​យូរ​អង្វែង​សម្រាប់​ផ្ដល់​ឲ្យ​ឃុំ-​សង្កាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles