សមត្ថកិច្ចខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែឧសភា បានបញ្ជូនយុវជនម្នាក់ទៅតុលាការ ព្រោះបានកាប់ផ្ដួលស្លាកបក្សប្រជាជនកម្ពុជា។
អធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង លោក គឹម ពន្លក ឲ្យអាស៊ីសេរី ដឹងតាមទូរស័ព្ទថា យុវជនសង្ស័យឈ្មោះ ផាត សុផា មានឪពុកធ្វើទាហានផ្កាយបួន បានកាប់បំផ្លាញស្លាករបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣ ខែឧសភា ក្នុងស្ថានភាពស្រវឹង។
លោកបន្តថា ក្រុមសមត្ថកិច្ចចុះដល់កន្លែងកើតហេតុដែលឋិតនៅភូមិ១៨ ឃុំកំរៀង ស្រុកកំរៀង ទាន់ពេល ព្រោះក្រុមពលរដ្ឋបានផ្តល់ព័ត៌មានទៅសមត្ថកិច្ច។ ទោះយ៉ាងនេះក្តី លោកមិនបានប្រាប់ពីចម្លើយសារភាពពីមូលហេតុដែលជនសង្ស័យកាប់បំផ្លាញស្លាកគណបក្សកាន់អំណាចនេះទេ។
លោកបន្តថា ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ជេត វាន់នី សម្រេចបញ្ជូនជនសង្ស័យទៅតុលាការ៖ «ស្នងការរងទទួលបន្ទុកគាត់បានបញ្ជូនទៅដល់តុលាការហើយ មិនថាទ្រព្យសម្បត្តិសាធារណៈ សម្បត្តិឯកជនទេ តែបំផ្លិចបំផ្លាញត្រូវផ្ដន្ទាទោសហើយ»។
ទាក់ទងរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តបាត់ដំបង លោក យិន ម៉េងលី សង្កេតឃើញថា នៅតំបន់នេះក៏មានការកាប់បំផ្លាញស្លាកគណបក្សនយោបាយផ្សេងទៀតដែរ ប៉ុន្តែមិនឃើញសមត្ថកិច្ចចាត់វិធានការដូចករណីបំផ្លាញស្លាករបស់គណបក្សប្រជាជនកម្ពុជាទេ។ លោកស្នើឲ្យសមត្ថកិច្ចអនុវត្តការងារឲ្យបានដូចៗគ្នា នៅពេលកើតមានករណីដូចគ្នានេះ។
អធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង លោក គឹម ពន្លក ឲ្យដឹងថា កន្លងមកមានករណីបំផ្លាញស្លាកគណបក្សផ្សេងៗជាង ២០ស្លាកដែរ ប៉ុន្តែមិនឃើញមានពលរដ្ឋអ្នកពាក់ព័ន្ធប្ដឹងមកលោកទេ។ លោកថែមទាំងអះអាងថា សមត្ថកិច្ចអនុវត្តការងារមិនប្រកាន់និន្នាការគណបក្សនយោបាយណាមួយឡើយ៕