មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) រំពឹងថា ការជំរុញរបស់សហគមន៍អន្តរជាតិនានា ដើម្បីឱ្យរដ្ឋាភិបាលធ្វើការដោះលែងមន្ត្រីរបស់ខ្លួនទាំង ៤រូប និងមន្ត្រីអគ្គលេខាធិការរង គ.ជ.ប ១រូប ពុំមែនគ្មានប្រសិទ្ធភាពឡើយ ថ្វីត្បិតអ្នកទាំងនោះមិនទាន់ត្រូវបានគេដោះលែងមកវិញក្ដី។ ការលើកឡើងនេះ បន្ទាប់ពីសហភាពអឺរ៉ុបប្រចាំកម្ពុជា ចេញសេចក្ដីថ្លែងការណ៍រិះគន់ការបន្តឃុំខ្លួនអ្នកទាំង៥។
មន្ត្រីអាដហុក យល់ឃើញថា ប្រសិនបើការជំរុញជាបន្តបន្ទាប់ពីអង្គការអន្តរជាតិសិទ្ធិមនុស្ស និងពីបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីឱ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្សពុំមានប្រសិទ្ធភាព ប្រហែលរដ្ឋាភិបាលមិនឆ្លើយតបចំពោះការជំរុញពីសហគមន៍អន្តរជាតិទាំងនោះឡើយ។
មន្ត្រីនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សំ ច័ន្ទគា ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី៥ ខែឧសភា ថា ការមានៈរបស់រដ្ឋាភិបាលដោយបន្តឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស គឺធ្វើឱ្យកិត្តិយសរបស់រដ្ឋាភិបាលខ្លួនឯងកាន់តែអាប់ឱននៅលើឆាកអន្តរជាតិ ហើយពលរដ្ឋក៏នាំគ្នាអស់ជំនឿលើរដ្ឋាភិបាលផងដែរ៖ «»។
ការឃុំខ្លួនបណ្ដោះអាសន្នមកលើមន្ត្រីការពារសិទ្ធិមនុស្សទាំង ៤រូប រួមមានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី ព្រមទាំងអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា របស់តុលាការក្រុងភ្នំពេញ ១ឆ្នាំមកនេះ ត្រូវសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិយល់ថា ជាទង្វើមិនសមហេតុផលតាមផ្លូវច្បាប់ទាល់តែសោះ។ ជាមួយគ្នានេះ អង្គការអន្តរជាតិសិទ្ធិមនុស្សនានា ក៏បានរិះគន់ថា រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបង្ក្រាបកុំឱ្យអ្នកការពារសិទ្ធិមនុស្ស ហ៊ានចេញមករិះគន់ការដឹកនាំរបស់លោកតទៅទៀត ជាពិសេសស្របពេលការបោះឆ្នោតកាន់តែខិតជិតមកដល់។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ច្សច អេដហ្គា (George Edgar) ថ្លែងនៅក្នុងកម្មវិធីអបអរខួបទី២០ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប នៅសណ្ឋាគារ ឡឺ រូយ៉ាល់ (Raffles Le Royal) នៅថ្ងៃទី៥ ខែឧសភា ថា លោកមិនចង់បញ្ជាក់បន្ថែមថា សហភាពអឺរ៉ុប នឹងធ្វើអ្វីបន្ថែមទៀត ក្រៅតែពីការចេញសេចក្ដីថ្លែងការណ៍ដើម្បីទាមទារឱ្យដោះលែងអ្នកទាំង៥ ពីពន្ធនាគារមកវិញឡើយ៖ «»។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់សហភាពអឺរ៉ុប ដែលចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា គឺបានរៀបរាប់អំពីការសម្រេចរបស់តុលាការនៅថ្ងៃទី២៧ ខែមេសា ដើម្បីឃុំខ្លួនមន្ត្រីរបស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា រយៈពេល ៦ខែបន្ថែម បន្ទាប់ពីធ្វើការឃុំខ្លួនអស់រយៈពេល ១ឆ្នាំដែលជាការឃុំខ្លួនគ្មានការកាត់ទោស។ ក្រៅពីនេះ សេចក្ដីថ្លែងការណ៍បានគូសបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមការងាររបស់អង្គការសហប្រជាជាតិស្ដីពីការឃុំឃាំងតាមអំពើចិត្ត បានចាត់ទុកករណីនេះថា ជាការធ្វើឡើងតាមអំពើចិត្ត និងត្រូវដោះលែងពួកមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ជាបន្ទាន់។ សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា សិទ្ធិរបស់អ្នកទាំង៥ ត្រូវតែគោរពឱ្យបានពេញលេញ ហើយរាល់ការរំលោភបំពានសិទ្ធិណាមួយរបស់ពួកគេ នៅក្រោមច្បាប់កម្ពុជា និងកិច្ចព្រមព្រៀងអន្តរជាតិដែលកម្ពុជា ជាហត្ថលេខី ត្រូវទទួលបានការដោះលែងដោយសមស្រប។
ជាមួយគ្នានេះ លោក សំ ច័ន្ទគា បញ្ជាក់ថា សហគមន៍អន្តរជាតិ នឹងមិនបញ្ចប់ត្រឹមធ្វើសេចក្ដីថ្លែងការណ៍ឡើយ ព្រោះរយៈពេលកន្លងមកនៅពេលប្រទេសណាមួយបានរំលោភសិទ្ធិមនុស្ស តែងតែទទួលរងការគាបសង្កត់ផ្នែកការទូត និងចុងក្រោយការគាបសង្កត់ផ្នែកសេដ្ឋកិច្ចពីអន្តរជាតិ។ លោកជឿជាក់ថា រដ្ឋាភិបាលនឹងមិនធ្វើឱ្យខ្លួនឯងឯកោ ដោយសារការគាបសង្កត់ពីសហគមន៍អន្តរជាតិ ជុំវិញរឿងចាប់ឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សនោះទេ។
មន្ត្រីនាំពាក្យអាដហុក រូបនេះអះអាងថា អន្តរជាតិនឹងធ្វើការគាបសង្កត់តាមរយៈការទូតម្ដងបន្តិចៗ មកលើកម្ពុជា រហូតទាល់តែមានការដោះលែងអ្នកទាំង៥ មានសេរីភាពវិញ។
ទោះជាយ៉ាងនេះក្ដី មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា រយៈពេលកន្លងមក រដ្ឋាភិបាលមិនដែលប្រតិកម្មឆ្លើយតបចំពោះសេចក្ដីថ្លែងការណ៍ណាមួយរបស់អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិឡើយ ផ្ទុយទៅវិញ គឺគ្រាន់តែពន្យល់អំពីនីតិវិធីដែលសម្រេចឃុំខ្លួនអ្នកទាំង៥ ប៉ុណ្ណោះ។ លោក ផៃ ស៊ីផាន បន្តថា កម្ពុជាគឺរដ្ឋឯករាជ្យ ហើយមិនស្ថិតក្រោមការគាបសង្កត់ពីប្រទេសណាមួយដែរ៖ «»។
ថ្វីត្បិតមន្ត្រីរដ្ឋាភិបាលអះអាងថា សំណុំរឿងមន្ត្រីការពារសិទ្ធិមនុស្សទាំង៥ ជារឿងអនុវត្តច្បាប់ក្ដី ប៉ុន្តែអង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិហៅកាត់ថា ហ្វីដ (FIDH) ដែលជាសម្ព័ន្ធអង្គការសង្គមស៊ីវិលអន្តរជាតិស្ដីពីសិទ្ធិមនុស្សចំនួន ១៨៤ អង្គការ មកពី ១១២ប្រទេស កាលពីថ្ងៃទី២៨ មេសា បានឱ្យដឹងថា ការឃុំខ្លួនមន្ត្រីការពារសិទ្ធិមនុស្សទាំងនោះ ដោយសារប្រព័ន្ធយុត្តិធម៌នៅប្រទេសកម្ពុជា ស្ថិតក្នុងកណ្ដាប់ដៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះ ដូច្នោះសហគមន៍អន្តរជាតិ ត្រូវរួបរួមគ្នាដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការបង្ក្រាបទៅលើអ្នករិះគន់ និងសង្គមស៊ីវិល ហើយដោះលែងអ្នកទាំងប្រាំមកវិញ៕