ក្រសួងរ៉ែ និងថាមពល បានចេញសេចក្ដីបំភ្លឺជុំវិញករណីនាំចេញខ្សាច់ ដោយចាត់ទុកសេចក្ដីរាយការណ៍របស់សកម្មជននៃអង្គការមាតាធម្មជាតិ អំពីសកម្មភាពកប៉ាល់ផ្ទុកខ្សាច់នាំចេញទៅក្រៅប្រទេសកន្លងមកថ្មីៗនោះ ថាជាការរំលោភលើការផ្អាកបណ្ដោះអាសន្ននូវការនាំចេញខ្សាច់។ ការចេញសេចក្ដីបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីសកម្មជននៃអង្គការមាតាធម្មជាតិបានបង្ហោះវីដេអូ នៅលើហ្វេសប៊ុក (Facebook) អំពីសកម្មភាពកប៉ាល់ផ្ទុកខ្សាច់នាំចេញទៅក្រៅប្រទេស កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅថ្មីនេះ។
ស្ថាបនិកអង្គការមាតាធម្មជាតិយល់ថា ការចេញលិខិតបំភ្លឺរបស់ក្រសួងរ៉ែ និងថាមពល អំពីការនាំចេញខ្សាច់នៅពេលនេះ ដោយសារតែមានការភ័យខ្លាច និងជាលេសដោះសា ដើម្បីព្យាយាមកុហកប្រជាពលរដ្ឋតែប៉ុណ្ណោះ។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ថ្លែងតាមទូរស័ព្ទពីប្រទេសអេស្ប៉ាញ (Spain) នៅថ្ងៃទី៥ ឧសភា មកថា ថ្វីត្បិតតែក្រសួងរ៉ែ បានចេញលិខិតប្រកាសបំភ្លឺពីការនាំចេញនេះ ដោយបដិសេធការរកឃើញរបស់ក្រុមការងារលោកថា កំពុងមានការនាំចេញខ្សាច់ក្ដី ប៉ុន្តែលោកនៅតែការពារថា លោកមានភស្តុតាងរូបភាពបង្ហាញទីតាំងច្បាស់លាស់ និងព័ត៌មានគ្រប់គ្រាន់ទើបលោកថតបង្ហោះឲ្យប្រជាពលរដ្ឋខ្មែរបានដឹង។ ជាងនេះទៅទៀត លោកអស់សំណើចចំពោះលិខិតនេះ គឺជាការលាងខ្លួនរបស់ក្រសួងដែលមិនមានចំណាត់ការតែប៉ុណ្ណោះ។
លោក អាឡិក៖ «ខ្ញុំគិតថា មិនបាច់បកស្រាយឆ្ងាយពេកទេ យើងមានភស្តុតាងលើសពីគ្រប់គ្រាន់។ ខ្ញុំដាច់ខាតមិនព្រមធ្វើតាមសំណើសុំរបស់ក្រសួងដែលថា សុំកុំបង្ហោះវីដេអូតាមហ្វេសប៊ុក ពេលក្រោយគឺរាយការណ៍ទៅក្រសួងរ៉ែ និងថាមពល តាមរយៈ Hotline ខ្ញុំដាច់ខាតមិនធ្វើទេ ប្រសិនជាយើងធ្វើបែបអ៊ីចឹង ក្រសួងនឹងប្រាប់ម្ចាស់កប៉ាល់ហ្នឹងឲ្យបំបាត់ភស្តុតាង ព្រោះក្រសួងរ៉ែ និងថាមពល កន្លងមកឃុបឃិតគ្នាជាមួយឧក្រិដ្ឋជនបំផ្លាញធនធានធម្មជាតិទេ។ យកល្អស៊ើបអង្កេត ស្រាវជ្រាវដោយខ្លួនឯង ថតបង្ហោះឲ្យប្រជាជនខ្មែរយល់ដឹងទើបមានសង្ឃឹមមានដំណោះស្រាយលើបញ្ហានេះ»។
ការប្រតិកម្មនេះ បន្ទាប់ពីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី៥ ខែឧសភា ចេញសេចក្ដីប្រកាសព័ត៌មានដាក់ចំណងជើងថា "បំភ្លឺករណីនាំចេញខ្សាច់ស៊ីលីកា ដែលត្រូវបានចោទប្រកាន់ថាជាការរំលោភលើការផ្អាកបណ្ដោះអាសន្ននៃការនាំចេញខ្សាច់" បានឲ្យដឹងថា នៅក្នុងវីដេអូបង្ហោះនៅថ្ងៃទី១ ខែឧសភា ដោយអង្គការមាតាធម្មជាតិ គ្មានបញ្ជាក់ទីតាំងពិតប្រាកដពេលវេលាដែលថតឈ្មោះកប៉ាល់ និងប្រភេទខ្សាច់នោះឡើយ គ្រាន់តែបញ្ជាក់ថា ជាកប៉ាល់យក្សចំណុះ ៣ម៉ឺនតោន។
សេចក្ដីបំភ្លឺនោះឲ្យដឹងថា ក្រសួងបានចាត់មន្ត្រីមន្ទីរនៃបណ្ដាខេត្តជាប់មាត់សមុទ្រទាំងអស់ត្រួតពិនិត្យ ជាលទ្ធផលមន្ត្រីបញ្ជាក់ថា ពុំមានកប៉ាល់ចំណុះ ៣ម៉ឺនតោន នៅថ្ងៃទី២ ខែឧសភា ឡើយ។ ការសួរទៅអង្គការមាតាធម្មជាតិបានបញ្ជាក់ថា វីដេអូនេះបានថតនៅថ្ងៃទី២៩ មេសា នៅចំណុចស្ទឹងហាវ ខេត្តព្រះសីហនុ គឺកប៉ាល់ឈ្មោះ ឌីយ៉ាំង សាន់ហ្ល្វៅវើ (Deryoung SunFlower)។
លិខិតដដែលបញ្ជាក់ទៀតថា ព័ត៌មានពីភ្នាក់ងារកម្ពុជា នាវាចរណ៍កាំសាប បញ្ជាក់ថា កប៉ាល់ដែលចូលមកឈ្មោះ ឌីយ៉ាំង សាន់ហ្ល្វៅវើ ដែលមានចំណុះត្រឹមតែជាង ៨.៦០០តោន (៨.៦៧៩) ប៉ុណ្ណោះដែលបានចូលមកដែនសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ ហើយដែលមានការអនុញ្ញាតពីកាំសាបច្បាស់លាស់ត្រឹមត្រូវ គឺចូលថ្ងៃទី២៥ ខែមេសា និងចេញទៅវិញថ្ងៃទី១ ឧសភា។ ដូច្នេះថ្ងៃដែលអង្គការមាតាធម្មជាតិបង្ហោះវីដេអូនេះ គឺថ្ងៃដែលកប៉ាល់បានចាកចេញពីកម្ពុជា ទៅហើយ។ កប៉ាល់ឌីយ៉ាំង សាន់ហ្ល្វៅវើ នេះចូលមកដឹកខ្សាច់ស (ខ្សាច់ស៊ីលីកា) ដែលជាប្រភេទខ្សាច់បម្រើដល់ឧស្សាហកម្មផលិតកញ្ចក់ ដប កែវ ជាដើម។ ការផ្អាកការនាំខ្សាច់ចេញទៅបរទេសនៅតែជាធរមានដដែល លើកលែងតែខ្សាច់ស៊ីលីកា។
ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា ខ្សាច់ស៊ីលីកា ដែលបានផ្ទេរពីសាឡង់មកកប៉ាល់ ឌីយ៉ាំង សាន់ហ្ល្វៅវើ នោះ មានប្រភពពីទីតាំងអាជីវកម្មរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី ដែលស្ថិតនៅដែនគោក ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មិនមែនជាខ្សាច់ដែលយកចេញពីពីព្រែកនានា ដូចដែលសកម្មជនអង្គការមាតាធម្មជាតិចោទប្រកាន់នោះទេ។ ក្រុមហ៊ុននេះបានទទួលគោលការណ៍ធ្វើអាជីវកម្មខ្សាច់ស៊ីលីកា សម្រាប់នាំចេញស្របច្បាប់ពីរាជរដ្ឋាភិបាល និងទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពល។
ប៉ុន្តែលោក អាឡិកហាន់ដ្រូ បញ្ជាក់ទៀតថា កប៉ាល់ដឹកខ្សាច់ស៊ីលីកា ពីកម្ពុជា បានទៅដល់កោះតៃវ៉ាន់ហើយ នៅថ្ងៃទី៥ ឧសភា លោកនឹងស្នើសុំឲ្យអាជ្ញាធរតៃវ៉ាន់ ចាត់វិធានការលើកប៉ាល់នាំខ្សាច់ឈ្មោះ ឌីយ៉ាំង សាន់ហ្ល្វៅវើ ដែលបានដឹកចេញពីដែនសមុទ្រប្រទេសកម្ពុជា ទៅដល់ដែនដីនេះ៖ «ឥឡូវមកដល់កំពង់ផែតៃវ៉ាន់ហើយ អាជ្ញាធរតៃវ៉ាន់ ប្រាប់អ្នកកាសែតថា កប៉ាល់នេះដឹកខ្សាច់ស៊ីលីកា មកពីប្រទេសខ្មែរ ហើយស្ដាប់ Alzara ថា កាំសាប ក៏ដូចជាក្រសួងសាធារណការហ្នឹង បានប្រាប់ថា វាគ្មានកប៉ាល់ណាមួយដែលមានវត្តមាននៅក្នុងទឹកដីខ្មែរទេ។ យើងចាត់ទុកថា កប៉ាល់ឌីយ៉ាំង សាន់ហ្ល្វៅវើ បានលួចខ្សាច់ពីប្រទេសកម្ពុជា ជាកប៉ាល់ដែលប្រៀបនឹងចោរដែលលួចខ្សាច់ពីប្រទេសកម្ពុជា។ យើងនឹងព្យាយាមស្នើសុំឲ្យអាជ្ញាធរតៃវ៉ាន់ ចាត់វិធានការលើកប៉ាល់នេះ វាជាទំនិញខុសច្បាប់»។
អង្គការមាតាធម្មជាតិបានប៉ាន់ស្មានថា ក្នុងមួយខែៗ ខ្សាច់រាប់ម៉ឺនតោនត្រូវបានគេនាំចេញពីប្រទេសកម្ពុជា។ តាមរយៈរូបភាពដែលអង្គការមាតាធម្មជាតិ ថតបានកប៉ាល់ធំចំនួនពីរ ដែលបានដឹកខ្សាច់ចេញពីកម្ពុជា នោះមានឈ្មោះ អូសៀន ប៊ីយ៉ូធី (Ocean Beauty) និង ឌីយ៉ាំង សាន់ហ្វ្លោវើ (Deryoung Sunflower)។
ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ដែលត្រូវបានបណ្ដេញចេញពីកម្ពុជា បន្ទាប់ពីធ្វើយុទ្ធនាការផ្អាកការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ក្នុងខេត្តកោះកុង បានស្រាវជ្រាវពីទិសដៅចុងក្រោយនៃកប៉ាល់ទាំងពីរ៕