ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ស្នើឲ្យរាជរដ្ឋាភិបាលបង្កើតឃុំមួយថ្មីទៀត ដើម្បីសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានក្នុងការបំពេញការងាររដ្ឋបាល។ ការស្នើនេះ ពីព្រោះភូមិមួយចំនួនក្នុងឃុំមួយនេះស្ថិតនៅដាច់ឆ្ងាយពីសាលាឃុំរាប់សិបគីឡូម៉ែត្រ ជាហេតុនាំឲ្យពិបាកក្នុងការទទួលបានសេវារដ្ឋបាលផ្សេងៗ។ អាជ្ញាធរខេត្តបញ្ជាក់ថា ឲ្យតែពលរដ្ឋទាំងនោះជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ និងស្របច្បាប់ ពួកគេនឹងពិនិត្យលើការស្នើសុំនេះ។
ឃុំបឹងល្វា មានភូមិជាផ្លូវការចំនួន១៣ ប៉ុន្តែមិនស្ថិតនៅជាប់គ្នានោះឡើយ។ ជាក់ស្តែងភូមិចំនួន៦ គឺស្ថិតនៅឆ្ងាយពីសាលាឃុំប្រមាណពី ៦០ ទៅ ៧០គីឡូម៉ែត្រ ដោយរំលងឃុំមួយចំនួន។
បញ្ហានេះ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្អូញត្អែរពីបញ្ហាប្រឈមដូចជា ត្រូវចំណាយពេលវេលា និងសោហ៊ុយធ្វើដំណើរច្រើន នៅពេលពួកគេត្រូវការសេវាផ្នែករដ្ឋបាល ឬមានកិច្ចប្រជុំម្តងៗ។
ពលរដ្ឋនៅភូមិសង្គ្រោះ លោក សែម សុខឃីម ឲ្យដឹងថា មានបញ្ហាប្រឈមជាច្រើនពីព្រោះសាលាឃុំពួកគាត់នៅឆ្ងាយពីលំនៅឋាន។ លោកថា នៅពេលត្រូវការសេវារដ្ឋបាលផ្សេងៗពីសំណាក់មេឃុំ ឬស្មៀន ព្រមទាំងមន្ត្រីប៉ុស្តិ៍រដ្ឋបាល គឺចំណាយពេលមួយថ្ងៃ ហើយពេលខ្លះទៅដល់គោលដៅមិនបានជួបអាជ្ញាធរទាំងនោះទៀតផង។ លោកស្នើឲ្យរាជរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ ពិនិត្យលទ្ធភាពធ្វើយ៉ាងណាសម្រួលទុក្ខលំបាករបស់ពលរដ្ឋ ដោយត្រូវបង្កើតឃុំថ្មី ឬបញ្ចូលគ្នានឹងឃុំផ្សេងដែលនៅជិតពួកគាត់៖ «ខែវស្សាផង ទីមួយផ្លូវលំបាក។ ទីពីរ ភ្លៀង ជួនកាលទៅបានដល់គោលដៅ តែជួនកាលទៅមិនបានដល់គោលដៅទេ»។
ភូមិទាំង៦ ដែលស្ថិតនៅឆ្ងាយពីសាលាឃុំរួមមាន ភូមិសង្គ្រោះ ភូមិបឹងល្វា ភូមិកោះបង្កៅ ភូមិត្រពាំងទឹម ភូមិត្រពាំងព្រៃ និងភូមិត្បែង។ អ្នកស្រុកនិយមហៅឈ្មោះភូមិទាំង៦ នេះថា បឹងល្វាក្រោម ដែលមានចំនួនពលរដ្ឋ ២.៦២៤គ្រួសារ។
មេឃុំបឹងល្វា លោក ប៉ែន លឿ មានប្រសាសន៍ថា បច្ចុប្បន្ន អាជ្ញាធរឃុំជួបបញ្ហាប្រឈមក្នុងការបំពេញការងារប្រចាំថ្ងៃ ចំណែកមន្ត្រីក្រុមប្រឹក្សាឃុំមានចំនួន ៥នាក់ប៉ុណ្ណោះ ប៉ុន្តែត្រូវបែងចែកកម្លាំងធ្វើការ ដោយពីរនាក់នៅបឹងល្វាក្រោម និងបីនាក់នៅបឹងល្វាលើ។ លោកបន្តថា ពេលប្រជុំម្តងៗនៅសាលាឃុំ គឺពិបាកសម្រាប់អាជ្ញាធរនៅបឹងល្វាក្រោម ឡើងមកជុំគ្នា ហើយពលរដ្ឋកាន់តែប្រឈមទៅទៀត។ បញ្ហានេះ លោកគ្រោងនឹងធ្វើសំណើដាក់ទៅថ្នាក់លើជាផ្លូវការ ដើម្បីសុំបង្កើតឃុំថ្មីសម្រាប់រួមចំណែកជួយដោះស្រាយទុក្ខកង្វល់របស់អាជ្ញាធរ និងប្រជាពលរដ្ឋផង៖ «ប្រជាពលរដ្ឋក៏ពិបាក បើទៅស្នើសំបុត្រធ្វើលិខិតបញ្ជាក់ប្រវត្តិដីធ្លីតិចតួច គ្នាមកពីនោះមក»។
អ្នកនាំពាក្យសាលាខេត្តកំពង់ធំ លោក គង់ វិមាន មានប្រសាសន៍ថា ខាងអាជ្ញាធរខេត្តដឹងច្បាស់ពីបញ្ហាប្រឈមទាំងនេះ ប៉ុន្តែការស្នើសុំបង្កើតភូមិ ឬឃុំ គឺទាមទារឲ្យអាជ្ញាធរមូលដ្ឋានបំពេញលក្ខខណ្ឌត្រឹមត្រូវតាមច្បាប់ ហើយខេត្តនឹងបញ្ជូនសំណើទៅក្រសួងមហាផ្ទៃ ជាផ្លូវការ។ ជាមួយគ្នានេះ អាជ្ញាធរខេត្តនឹងចុះពិនិត្យលើសំណើនោះ ថាតើពិតជាត្រឹមត្រូវតាមច្បាប់ ឬយ៉ាងណា ពីព្រោះករណីខ្លះក៏មិនអាចបំពេញតាមការស្នើសុំបានដែរ។ ប្រសិនបើពិនិត្យឃើញថា ពលរដ្ឋទាំងនោះរស់នៅស្របច្បាប់ និងមានទីតាំងពិតប្រាកដ អាជ្ញាធរខេត្តនឹងបញ្ជូនសំណើទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតជាភូមិ ឬឃុំជាផ្លូវការ៖ «ប្រសិនបើទីតាំងនោះបងប្អូនចំណាកស្រុកមកពីឆ្ងាយ គ្រាន់តែទៅកាប់ទន្ទ្រានដីព្រៃបណ្ដោះអាសន្នធ្វើជាចម្ការធ្វើជាស្រែ ធ្វើដំណាំផ្សេងបណ្ដោះអាសន្ន យើងមិនអាចស្នើសុំបង្កើតជាភូមិ ឬឃុំបានទេ»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មានប្រសាសន៍ថា ការដោះស្រាយលើករណីនេះ គឺជាតួនាទីរបស់អាជ្ញាធរខេត្ត ពីព្រោះជាផ្នែកមួយស្របទៅនឹងគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ ឬការបង្ខិតសេវារដ្ឋបាលថ្នាក់ក្រោមជាតិឲ្យទៅជិតប្រជាពលរដ្ឋ៖ «គណៈអភិបាលខេត្តពិចារណាមើលក្នុងលទ្ធភាពពង្រីកឃុំឲ្យទៅកៀកនឹងស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ»។
មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា វានឹងប៉ះពាល់ទៅលើគោលនយោបាយអភិបាលកិច្ចល្អថែមទៀត ប្រសិនបើអាជ្ញាធរស្ថិតនៅឆ្ងាយពីពលរដ្ឋ ហើយអ្នកភូមិមិនបានចូលរួមក្នុងការសម្រេចចិត្តរបស់ឃុំ។ លើសពីនេះ ពលរដ្ឋដែលរស់នៅឆ្ងាយពីសាលាឃុំ បញ្ហាអសន្តិសុខអាចនឹងកើតមានច្រើន៕