លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅថ្ងៃទី១ មីនា ថា សហរដ្ឋអាមេរិក ជាអ្នកសម្លាប់កុមារច្រើនជាងគេនៅលើពិភពលោក។ លោកនាយករដ្ឋមន្ត្រីថ្លែងបែបនេះ ដោយយោងហេតុផលថា សហរដ្ឋអាមេរិក លើកទ័ពទៅវាយប្រយុទ្ធឈ្លានពានប្រទេសដទៃច្រើនជាងគេ ដូចជានៅប្រទេសអ៊ីរ៉ាក់ (Iraq) លីប៊ី (Libya) និងស៊ីរី (Syria) ជាដើម។
លោកក៏ភ្ជាប់ការសម្លាប់កុមារនៅក្នុងប្រទេសកម្ពុជា ដែរ តាមរយៈការទម្លាក់គ្រាប់ក្នុងទសវត្សឆ្នាំ១៩៧០៖ «អ៊ីចឹងបានអាមេរិកាំងខ្លះវាមិនចូលចិត្តខ្ញុំទេ។ ចូលចិត្ត ឬមិនចូលចិត្ត តែខ្ញុំនិយាយត្រង់ថា អ្នកឯងឈ្លានពានខ្ញុំ។ អានេះវាជារឿងបើអ្នកឯងធ្វើអ៊ីចឹងពិត។ គ្រាប់បែកនៅប៉ុន្មានលានតោន? ២លាន ៥សែនតោនទម្លាក់នៅប្រទេសកម្ពុជា ហើយកុមារប្រទេសកម្ពុជា មួយឆ្នាំៗត្រូវងាប់អស់ប៉ុន្មានបន្ថែមទៀត។ កុមារនៅវៀតណាម ក៏មិនទាន់បានដោះស្រាយ កុមារនៅឡាវ ក៏មិនទាន់ដោះស្រាយ បន្ថែមដោយកុមារនៅប្រទេសច្រើនផ្សេងទៀត ដែលមានការឈ្លានពានពីបរទេស។ ប្រទេសណាដែលនាំកងទ័ពទៅក្រៅប្រទេសឈ្លានពានច្រើនជាងគេ ប្រទេសហ្នឹងធ្វើបាបកុមារច្រើនជាងគេ ហើយមកតាំងខ្លួនឯងធ្វើជាអ្នកប្រដៅគេ សិទ្ធិនេះសិទ្ធនោះ រួចហើយយកទៅថ្លឹង។ មួយឆ្នាំៗចេញរបាយការណ៍ថា ពលកម្មកុមារប៉ុណ្ណេះៗនៅក្នុងប្រទេសនេះ។ ប៉ុន្តែអត់បាននិយាយថា ខ្ញុំបានសម្លាប់កុមារនៅក្នុងប្រទេសនេះចំនួនប៉ុណ្ណេះ។ ម៉េចមិននិយាយផង?»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកអ្នកចូលរួមសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្ដីពីការអភិវឌ្ឍកុមារតូចថា កុំឲ្យនិយាយតែពីរឿងការឧបត្ថម្ភចំណីអាហារដល់កុមារ ប៉ុន្តែលោកអំពាវនាវឲ្យអ្នកទាំងនោះនិយាយពីសិទ្ធិរស់រានរបស់កុមារផង។
ប្រសាសន៍របស់លោក ក៏ធ្វើឡើងបន្ទាប់ពីសន្ទរកថារបស់នាយិកានៃការិយាល័យអង្គការ យូនីសេហ្វ (UNICEF) ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក អ្នកស្រី ឃែរិន ហ៊ុលហ្សហ្វ (Karin Hulshof) ដែលថ្លែងពាក់ព័ន្ធកិច្ចប្រឹងប្រែងជាសកល ដើម្បីការអភិវឌ្ឍរបស់កុមារ។ អ្នកស្រីកោតសរសើរកិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែក៏មានបញ្ហាប្រឈមត្រូវដោះស្រាយមួយចំនួន ដូចជាបញ្ហាក្រិន និងភាពក្រីក្រធ្ងន់ធ្ងរ ដែលជាឧបសគ្គរារាំងដល់ការលូតលាស់របស់កុមារ និងជាការចំណាយច្រើនរបស់ជាតិ៕