Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អ្នក​ឃ្លាំមើល​រិះគន់​សវនាការ​លើ​ជន​ជាប់​ចោទ​សម្លាប់​បណ្ឌិត កែម ឡី ថា​ជា​ឆាកល្ខោន

$
0
0

អ្នក​ឃ្លាំមើល​អង្គ​សវនាការ​ជុំវិញ​រឿងក្ដី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​មីនា សម្ដែង​ការ​ខក​ចិត្ត និង​ចាត់​ទុក​សវនាការ​នោះ​ថា ជា​ឆាកល្ខោន​ដែល​គេ​រៀបចំ​ទុក​ជា​មុន ឬ​ធ្វើ​ឡើង​ដើម្បី​បង្គ្រប់​កិច្ច​តែប៉ុណ្ណោះ។

​ទោះបី​យ៉ាងណា​ក្តី ក្នុង​អង្គ​សវនាការ​នោះ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្នើ​សុំ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ សម្រេច​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​លើ​ជនសង្ស័យ​ឈ្មោះ អឿត អាង ឬ ជួប សម្លាប់ ទៅ​តាម​បទល្មើស​ដែល​បាន​ប្រព្រឹត្ត។

​អ្នក​សង្កេត​ផ្នែក​សិទ្ធិមនុស្ស យល់​ឃើញ​ថា ការ​ជំនុំជម្រះ​ដែល​ប្រើ​ពេល​ប្រមាណ ៥​ម៉ោង​នោះ ធ្វើ​ឡើង​មិន​គ្រប់​ជ្រុងជ្រោយ ដោយ​នៅ​មាន​ចំណុច​មន្ទិលសង្ស័យ​ជា​ច្រើន​លើ​ជនជាប់ចោទ ដែល​តុលាការ​ព្យាយាម​មិន​ជីក​កកាយ និង​មិន​ទាន់​ស៊ើបអង្កេត​បន្ថែម​ទៀត​នៅ​ឡើយ។

​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ដែល​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​សវនាការ និង​បរិយាកាស​ខាង​ក្រៅ ពាក់ព័ន្ធ​រឿង​ក្តី​នេះ បាន​ប្រាប់​អាស៊ីសេរី​ថា អង្គ​សវនាការ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ធ្វើ​ឡើង​ដោយ​ខ្វះ​ធាតុ​ផ្សំ​ជា​ច្រើន ដូចជា​សមាសភាព​សំខាន់ៗ​ក្នុង​ក្រុម​គ្រួសារ​ជនរងគ្រោះ ដែល​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី មិន​បាន​ចូលរួម សាក្សី​សំខាន់ៗ​ជា​សមត្ថកិច្ច​ក៏​អវត្តមាន​ដែរ។

ក្រៅ​ពី​នេះ នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ច្រើន​ទៀត និង​ភាព​មិន​ស៊ី​សង្វាក់​គ្នា​រវាង​ចម្លើយ​សារភាព​របស់​ជន​ជាប់​ចោទ និង​អង្គហេតុ​ជាក់ស្តែង​ទាំង​មុន និង​ក្រោយ​ហេតុការណ៍​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​ធ្វើ​ឲ្យ​សាធារណជន​ទូទៅ​នៅ​មាន​មន្ទិលសង្ស័យ​ជា​ច្រើន៖ «នៅ​ក្នុង​អង្គ​សវនាការ ទោះ​ធ្វើ​ទៅ​តាម​នីតិវិធី ក៏​យើង​ពិនិត្យ​ឃើញ​ថា វា​មាន​ចំណុច​មួយ​ចំនួន​នៅ​មាន​ការ​ខ្វះ​ចន្លោះ ដូច​ជា​ការ​បញ្ចាំង​នូវ​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅ​ស្តារម៉ាត កាល់តិច​នោះ មាន​រូបភាព​មិន​ច្បាស់ ហើយ​អត់​បញ្ចាំង​ត្រង់​សកម្មភាព​ជន​ជាប់​ចោទ​បាញ់ លោក កែម ឡី ទេ»

​ជនជាប់ចោទ​បាន​បដិសេធ​នៅ​ក្នុង​អង្គ​ជំនុំជម្រះ​ថា ខ្លួន​ពុំ​មែន​ឈ្មោះ អឿត អាង ដូច​ក្នុង​របាយការណ៍​ស៊ើបអង្កេត​របស់​តុលាការ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ ឈ្មោះ ជួប សម្លាប់ នេះ​បញ្ជាក់​ថា ខ្លួន​ជា​កូន​កំព្រា​តាំង​ពី​កុមារភាព ហើយ​ថែម​ទាំង​ពុំ​មាន​ប្រពន្ធ​កូន និង​ទីលំនៅ​ក្នុង​ខេត្ត​សៀមរាប ទៀត​ផង។

ការ​បដិសេធ​នេះ គឺ​ផ្ទុយ​នឹង​របាយការណ៍​របស់​សមត្ថកិច្ច ដែល​បាន​បង្ហាញ​ពី​អត្តសញ្ញាណ​ជនជាប់ចោទ និង​ផ្ទុយ​ពី​ប្រភព​ក្រុម​គ្រួសារ និង​ប្រភព​ដទៃ​ទៀត​ដែល​ពាក់ព័ន្ធ​ជាមួយ​ជនជាប់ចោទ។​

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ព្រះអង្គ​មិន​ចាប់​អារម្មណ៍​ចំពោះ​សវនាការ​នេះ​ឡើយ ដោយ​ព្រះអង្គ​ចាត់​ទុក​ថា គឺ​ជា​រឿងល្ខោន​ដែល​មាន​អ្នក​រៀបចំ​ឡើង ឬ​មាន​អ្នកដឹកនាំ​រឿង​ប្រកប​ដោយ​បច្ចេកទេស​ខ្ពស់៖ «តាំង​ពី​ដើម​ឡើយ ចាប់​ពី​បាញ់​បណ្ឌិត កែម ឡី មក គឺ​អាត្មា​ថា គឺ​ជា​ល្ខោន ដែល​មាន​អ្នកដឹកនាំ​រឿង​ដដែលៗ ហើយ​ស្ទាត់​ជំនាញ​ក្នុង​ការ​ដឹកនាំ​រឿង​សោកនាដកម្ម​សម្លាប់​ជីវិត​មនុស្ស ប៉ុន្តែ​អកុសល​លេង​ក្នុង​រោង​ដែល​អត់​វាំងនន ដែល​មនុស្ស​ក៏​មើល​ឃើញ ទេវតា​ក៏​មើល​ឃើញ»

​មេធាវី​ការពារ​ក្ដី​ឲ្យ​ជនជាប់ចោទ ជួប សម្លាប់ ឬ អឿត អាង គឺ​លោក យុង ផានិត និង​សាក្សី​ជា​សមត្ថកិច្ច អ្នក​ជំនាញ និង​បុគ្គលិក​កាល់តិច ព្រមទាំង​ជនជាប់ចោទ​បាន​ព្យាយាម​បដិសេធ​រាល់​របាយការណ៍​មួយ​ចំនួន​ដែល​តុលាការ​បាន​លើក​ឡើង​នៅ​ក្នុង​សវនាការ។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក លាង សំណាត់ សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​រឿងក្ដី​ឃាតកម្ម​គិតទុក​ជាមុន និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា នៅ​ពេល​ស្ដាប់​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​របស់​តំណាង​អយ្យការ និង​មេធាវី​ការពារ​ក្ដី​របស់​ជនជាប់ចោទ ព្រម​ទាំង​ស្ដាប់​សំណូមពរ​របស់​ជន​ជាប់​ចោទ​រួច។

អ្នកឃ្លាំមើល​អង្គ​សវនាការ​ជុំវិញ​រឿង​ក្ដី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ភាគ​ច្រើន​មិន​រំពឹង​ថា លទ្ធផល​សវនាការ​ដែល​តុលាការ​គ្រោង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ខាង​មុខ​នោះ នឹង​​ទទួល​បាន​លទ្ធផល​ល្អ ឬ​អាច​ផ្ដល់​យុត្តិធម៌​ដល់​គ្រួសារ​ជន​គ្រោះ​ឲ្យ​ស្ងប់ចិត្ត​បាន​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles