ប្រជាពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលដែលទីក្រុងនេះជាប់ចំណាត់ថ្នាក់ជាទីក្រុងស្អាតនៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលបានផ្ដល់ពានរង្វាន់ទីក្រុងស្អាតដែលទទួលផ្ការំដួលមួយទងឲ្យទៅទីក្រុងប៉ោយប៉ែត កាលពីថ្ងៃ២៧ ខែកុម្ភៈ។ ពលរដ្ឋរិះគន់ថា អ្នកផ្ដល់រង្វាន់នេះ មិនបានឆ្លុះបញ្ចាំងភាពពិតនៅក្នុងក្រុងប៉ោយប៉ែត ឡើយ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ភាគច្រើនលើកឡើងថា ទីក្រុងជាប់ព្រំដែនថៃ មួយនេះ មិនសមនឹងទទួលបានពានរង្វាន់ជាទីក្រុងស្អាតឡើយ។
ពលរដ្ឋម្នាក់រស់នៅសង្កាត់ប៉ោយប៉ែត លោក ប្រាក់ វិទ្ធ ផ្ដល់សម្ភាសន៍ឲ្យអាស៊ីសេរី នៅចិញ្ចើមផ្លូវក្បែរកន្លែងចាក់សាំងជាប់ផ្លូវជាតិលេខ៥ ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី១ ខែមីនា ថា លោករស់នៅក្នុងក្រុងមួយនេះជិត ៣០ឆ្នាំហើយ គឺមើលមិនឃើញចំណុចដែលក្រុងនេះត្រូវទទួលបានពានរង្វាន់ទេ។
បុរសមាឌរាងក្រអាញវ័យ ៤០ឆ្នាំរូបនេះបន្ថែមថា ទីក្រុងប៉ោយប៉ែត រញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ ហើយពោរពេញទៅដោយសំរាម និងធូលីដី៖ «ទោះបីផ្លូវចាក់បេតុងហើយក៏នៅតែមានដីហុយដែរ ព្រោះអាជ្ញាធរក្រុងគាត់មិនបានបាញ់ទឹកលាងសំអាតក្រុងទេ។ នៅពេលមានភ្លៀងម្ដងៗ ដីជាប់ឡើងពេញផ្លូវជាតិ ហើយបែកផុក គ្មានអាជ្ញាធរណាមករៀបចំសំអាតផ្លូវទេ»។
អ្នករត់ម៉ូតូឌុបនៅសង្កាត់ប៉ោយប៉ែត ម្នាក់ទៀត លោក យក់ រាហុល ថ្លែងថា ទីក្រុងមួយនេះខ្វះការរៀបចំទុកដាក់សំរាមសំអាតអនាម័យ និងការផ្ដល់សេវាសាធារណៈជាដើម គឺមិនបានត្រឹមត្រឹមទេ៖ «ខ្ញុំមើលឃើញតាមដងផ្លូវវាអត់ស្អាតសោះ ការចតឡានម៉ូតូពេញផ្លូវគ្មានសណ្ដាប់ធ្នាប់ទេ។ ខ្ញុំសំណូមពរឲ្យអាជ្ញាធរសំអាតផ្លូវឲ្យបានស្អាត ហើយកុំឲ្យមានធូលីហុយ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ»។
អនុប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ លោក ជឿន សេរីវុទ្ធ មានប្រសាសន៍ថា ទីក្រុងប៉ោយប៉ែត ជាប់ជាទីក្រុងស្អាតដែលទទួលបានស្នាមញញឹម១ ជាប់ផ្នែកបដិសណ្ឋារកិច្ច គឺការបម្រើសេវាសាធារណៈបានល្អ។ លោកបន្ថែមថា ក្រសួងទេសចរណ៍បានវាយតម្លៃដាក់ចំណាត់ថ្នាក់ជាទីក្រុងស្អាតនេះ ដោយមានការសម្ភាសពីប្រជាពលរដ្ឋយ៉ាងហ្មត់ចត់។
លោកថា នេះជាមោទនភាពខ្លាំងណាស់របស់ខេត្តបន្ទាយមានជ័យ ដោយសារមានការប្រឹងប្រែងពីអាជ្ញាធរក្រុងប៉ោយប៉ែត៖ «បាទ! យើងត្រូវខិតខំយកចិត្តទុកដាក់រៀបចំបដិសណ្ឋារកិច្ចឲ្យបានកាន់តែប្រសើរជាងមុខ ព្រោះយើងបានស្នាមញញឹមមួយនេះ យើងនូវមានចំណុចខ្វះខាតមួយចំនួន ប៉ុន្តែយើងនឹងខំប្រឹងប្រែង ដើម្បីឲ្យបានប្រសើរឡើង ដើម្បីឈានទីទទួលពានរង្វាន់ ស្នាមញញឹម ២ ឬ ៣បន្ថែមទៀត»។
ទោះជាយ៉ាងនេះក្ដីមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើងថា ការវាយតម្លៃនេះមិនបានឆ្លុះបញ្ចាំងការពិតទាំងស្រុងនោះទេ។
លោកកត់សំគាល់ថា កន្លងមក ទីក្រុងប៉ោយប៉ែត សំបូរពលរដ្ឋមានបញ្ហាតវ៉ាឲ្យអាជ្ញាធរដោះស្រាយច្រើនជាងគេនៅក្នុងខេត្តមួយនេះ។ លោកបន្ថែមថា ទីក្រុងមួយនេះ រៀបចំសេវាសាធារណៈ និងសណ្ដាប់ពុំបានត្រឹមត្រូវឡើយ៖ «យើងមានការងឿងឆ្ងល់យ៉ាងខ្លាំង ប៉ុន្តែយើងគ្រាន់តែគិតថា នេះជារង្វាន់លើកទឹកចិត្តដល់អាជ្ញាធរដែលខំប្រឹងធ្វើការ ឬក៏ជារង្វាន់បញ្ចើចបញ្ចើដល់អាជ្ញាធរក្រុងដើម្បីឲ្យគាត់ខំធ្វើល្អយកចិត្តពលរដ្ឋកុំឲ្យគាត់ទុកពលរដ្ឋចោលដូចសព្វថ្ងៃនេះ ឬយ៉ាងណា?»។
កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅ លោក ហ៊ុន សែន បានប្រគល់ពានរង្វាន់ទីក្រុងស្អាតនៅវិមានសន្តិភាពចំនួន ៣៧ក្រុងទូទាំងប្រទេស ពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣។ នៅខេត្តបន្ទាយមានជ័យ មានក្រុងចំនួន២ ដែលទទួលបានចំណាត់ថ្នាក់ទីក្រុងស្អាត គឺក្រុងសិរីសោភ័ណ ទទួលបានស្នាមញញឹម២ និងក្រុងប៉ោយប៉ែត ទទួលបានស្នាមញញឹមមួយ៕