គណបក្សនយោបាយដែលត្រូវប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ និងសង្គមស៊ីវិល បារម្ភថា ពលរដ្ឋរាប់ពាន់នាក់អាចនឹងពុំមានសិទ្ធិបោះឆ្នោត ដោយសារពួកគេមិនបានបំពេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ប៉ុន្តែមន្ត្រី គ.ជ.ប មានជំនឿថា ពលរដ្ឋដែលត្រូវបញ្ជាក់អត្តសញ្ញាណនោះ នឹងបានមកបញ្ជាក់គ្រប់គ្នា។
ថ្ងៃទី៤ ខែឧសភា គឺជាថ្ងៃដំបូងដែលគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ដំណើរការបញ្ជាក់អត្តសញ្ញាណជូនពលរដ្ឋរយៈពេល ១ខែ។ ស្របពេលគ្នានេះ មន្ត្រីគណបក្សសង្គ្រោះជាតិ និងលេខាធិការរបស់អង្គការខុមហ្វ្រែល (Comfrel) ខេត្តកំពង់ឆ្នាំង ថាពលរដ្ឋចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការតាមរយៈលិខិតផ្សេងក្រៅពីអត្តសញ្ញាណប័ណ្ណ នឹងមិនបានមកបញ្ជាក់អត្តសញ្ញាណវិញគ្រប់គ្នាទេ។
លេខាធិការរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ឬហៅកាត់ថា ខុមហ្វ្រែល លោក លាភ ប៊ុនលាង មានប្រសាសន៍ថា នីតិវិធីបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនេះ មានភាពស្មុគស្មាញ ជាពិសេសសម្រាប់ពលរដ្ឋរស់នៅជនបទលំបាករករូបថតបីសន្លឹក សាក្សីពីរនាក់ ហើយត្រូវបញ្ជាក់ពីមន្ត្រីបញ្ជាក់អត្តសញ្ញាណផង និងមេឃុំផង ទើបលោកបារម្ភថា ពលរដ្ឋពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការបញ្ជាក់៖ «យើងនិយាយអំពីប្រជាពលរដ្ឋដែលនៅក្នុងបញ្ជីបោះឆ្នោតរួចស្រេចនោះ គឺគាត់ចំណាកស្រុកឆ្ងាយ ហើយបើគាត់ធ្វើការនៅរោងចក្រ សហគ្រាសផ្សេងៗនោះ ប៉ុន្តែកន្លែងធ្វើគាត់នោះមិនបានអនុញ្ញាតត្រឡប់មកស្រុកកំណើត ឬស្រុកភូមិ ដើម្បីធ្វើលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើការបោះឆ្នោតនេះទេ»។
ចំណែកសមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង លោក ដួង ចន្ដ្រា ថា ពលរដ្ឋជាច្រើនបានប្រើលិខិតផ្សេងៗជំនួសអត្តសញ្ញាណប័ណ្ណទៅចុះឈ្មោះបោះឆ្នោត ប៉ុន្តែពួកគេពុំសូវដឹងព័ត៌មានច្បាស់ថា ត្រូវត្រឡប់មកធ្វើលិខិតបញ្ជាក់អត្តសញ្ញាណទៀតដើម្បីមានសិទ្ធិបោះឆ្នោតនោះទេ។ ក្នុងចំណោមឃុំ-សង្កាត់ទាំង៧០ ក្នុងខេត្តកំពង់ឆ្នាំង គ្រាន់តែនៅសង្កាត់ផ្សារឆ្នាំង មួយមានអ្នកចុះឈ្មោះមិនប្រើអត្តសញ្ញាណប័ណ្ណជាង ២ពាន់នាក់ និងឃុំស្វាយជ្រំ មានប្រហែល ៤០០នាក់៖ «កាលពីចុះឈ្មោះ ប្រជាពលរដ្ឋបានទទួលព័ត៌មានថា បើសិនបានអត្តសញ្ញាណថ្មី ពេលទៅបោះឆ្នោតត្រូវយកអត្តសញ្ញាណប័ណ្ណប្រើប្រាស់ទៅ បើមិនទាន់បានទេ ឲ្យយកអត្តសញ្ញាណចុះឈ្មោះហ្នឹងទៅបម្រើការបោះឆ្នោត។ តែមកឥឡូវបែរជាគណៈកម្មការតម្រូវឲ្យគាត់ធ្វើអត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតថ្មីទៀត»។
ប្រធានលេខាធិការដ្ឋានគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង លោកស្រី នួន ចាន់នី ថា លោកស្រីមិនអាចក្ដាប់បានពីតួលេខអ្នកដែលត្រូវបញ្ជាក់អត្តសញ្ញាណនៅឡើយទេ។
រីឯអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែងថា ដំណើរការបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនៅថ្ងៃដំបូងនេះ មានដំណើរការល្អ ហើយលោកជឿថា រយៈពេល ១ខែ ពលរដ្ឋដែលត្រូវបញ្ជាក់អត្តសញ្ញាណអាចធ្វើហើយគ្រប់គ្នា។
លោកថា គ.ជ.ប បានផ្សព្វផ្សាយពីនីតិវិធីបញ្ជាក់អត្តសញ្ញាណនេះឲ្យពលរដ្ឋបានដឹងតាំងពីថ្ងៃចុះឈ្មោះដំបូង៖ «យើងបានសហការជាមួយក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃ ក៏បានប្ដេជ្ញាថា ចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់ អ៊ីចឹងអ្នកដែលមិនបានប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងការចុះឈ្មោះទេ គឺចេញជូននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរក្នុងករណីចេញជូនមិនទាន់អស់ គ.ជ.ប បានរៀបចំបានរៀបចំនីតិវិធីនេះ ហើយបានជម្រាបទុកជាមុនហើយថានឹងមានឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនេះ»។
លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប មិនអាចកែប្រែ ឬសម្រួលលើនីតិវិធីនេះទេ ដូច្នេះពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណត្រូវខ្នះខ្នែងទៅបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតដោយខ្លួនឯង ដើម្បីមានសិទ្ធិបោះឆ្នោត។ លោកថា ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រមាណ ៧,៨លាននាក់ មានអ្នកដែលត្រូវបញ្ជាក់អត្តសញ្ញាណ២០%៕