បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរភាគច្រើន រួមទាំងក្មេងជំនាន់ក្រោយផង នៅតែចងចាំអំពីសោកនាដកម្ម ការរងទុក្ខវេទនា និងការព្រាត់ប្រាសគ្រួសារដោយសារសង្គ្រាម បើទោះបីជារបបខ្មែរក្រហមបានដួលរលំរយៈពេល ៣៨ឆ្នាំមកហើយក៏ដោយ។
រហូតមកដល់ពេលនេះ ពលរដ្ឋខ្មែរដែលរស់រានមានជីវិតពីសង្គ្រាម នៅតែនិយាយពីភាពជូរចត់ទុក្ខវេទនាប្រាប់ទៅអ្នកជំនាន់ក្រោយរបស់ពួកគេឱ្យដឹងពីឥទ្ធិពលនៃសង្គ្រាម ប៉ុន្តែភាគច្រើននៃអ្នកជំនាន់ក្រោយទាំងនោះ បានត្រឹមតែឮការនិយាយប្រាប់តគ្នាប៉ុណ្ណោះ ពុំធ្លាប់ឃើញទិដ្ឋភាពជាក់ស្ដែងនៃទុក្ខវេទនាដែលសល់ពីសង្គ្រាមដោយផ្ទាល់ភ្នែកទេ។
អង្គការកុមារកំព្រាឈ្មោះ អាន់ជេលី ហៅស៍ (Anjali House) នៅខេត្តសៀមរាប បានរៀបចំតាំងពិព័រណ៍រូបថតស្ដីពីការរស់ឡើងវិញរបស់ប្រជាពលរដ្ឋខ្មែរនៅក្រោយពេលដែលរបបខ្មែរក្រហមដួលរលំ ១ឆ្នាំក្រោយមកជាច្រើនសន្លឹក។ រូបថតដែលគេដាក់តាំងពិព័រណ៍ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាដើម្បីរកមូលនិធិជួយដល់កុមារកំព្រានោះ គឺថតដោយអតីតអ្នកកាសែតអាមេរិកាំងម្នាក់ ដែលបានចូលមកកម្ពុជា នៅក្នុងអំឡុងឆ្នាំ១៩៨០។
អ្នករៀបចំគម្រោងរៃអង្គាសមូលនិធិជួយកុមារកំព្រា នៅ អាន់ជេលី ហៅស៍ ដែលរៀបចំតាំងពិព័រណ៍រូបថតនោះ គឺអ្នកស្រី ណានស៊ី បាវេត (Nancy Barvett)។ អ្នកស្រីមានប្រសាសន៍នៅកន្លែងតាំងពិព័រណ៍រូបថតនោះកាលពីរាត្រីថ្ងៃទី៣ ខែឧសភា ថា រូបថតទាំងនេះគឺអ្នកស្រីបានទទួលពីអតីតអ្នកកាសែត វ៉ាស៊ីនតុន ប៉ុស្តិ៍ (Washington Post) ម្នាក់ដែលជាជនជាតិអាមេរិកាំង។ មូលហេតុដែលអង្គការ អាន់ជេលី ហៅស៍ ដាក់តាំងពិព័រណ៍រូបថតស្ដីពីស្ថានភាពពលរដ្ឋខ្មែរនៅក្រោយពេលដែលរបបខ្មែរក្រហមបានដួលរលំ ១ឆ្នាំនេះ ពីព្រោះតែអង្គការនេះជាអង្គការអប់រំកុមារខ្មែរ ហើយចង់ប្រាប់រឿងរ៉ាវពីអតីតកាលដល់កុមារទាំងឡាយអំពីសង្គ្រាមស៊ីវិលដែលកើតឡើងនៅក្នុងប្រទេសរបស់ពួកគេ៖ «ខ្ញុំគិតថា តាមរយៈរូបភាពអតីតកាលដែលដាក់តាំងពិព័រណ៍បង្ហាញនេះ គឺវាមានសារសំខាន់ខ្លាំងណាស់សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានចងចាំអតីតកាលឡើងវិញ។ នៅក្នុងពេលតាំងពិព័រណ៍រូបដែលថតបាន ១ឆ្នាំក្រោយពីរបបខ្មែរក្រហមដួលរលំនេះ ក៏មានយុវជនខ្មែរខ្លះបានធ្វើអធិប្បាយទៅលើរូបភាពដោយបង្ហាញពីអារម្មណ៍របស់ពួកគេផងដែរ»។
រូបថតជាច្រើនសន្លឹកដែលពង្រីកខ្នាតធំៗ ដាក់ព្យួរនៅតាមជញ្ជាំងដើម្បីតាំងពិព័រណ៍នោះ គឺបានបង្ហាញពីការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំបង្ហាញពីប្រជាពលរដ្ឋធ្វើដំណើរតាមរថភ្លើងដោយនាំគ្នាជិះលើដំបូលយ៉ាងកកកុញ ព្រមទាំងមានបង្ហាញពីប្រជាពលរដ្ឋខ្មែរមួយចំនួនបានភៀសខ្លួនចេញពីប្រទេសទៅរស់នៅតាមជំរំ ជាយដែនខ្មែរ-ថៃ ហើយទីពឹងទៅអង្គការសហប្រជាជាតិបើកស្បៀងអាហារសម្រាប់ពួកគេជាដើម។
ក្មេងប្រុសម្នាក់ អាយុ ១៦ឆ្នាំ នៅក្នុងអង្គការកុមារ អាន់ជេលី ហៅស៍ មានប្រសាសន៍ថា គាត់ធ្លាប់តែឮជីដូនរបស់គាត់និយាយប្រាប់ពីរបប ប៉ុល ពត កាន់អំណាចធ្វើឱ្យប្រជាពលរដ្ឋអត់អាហារ គ្មានថ្នាំព្យាបាល ឈឺស្លាប់ បង្ខំឱ្យមនុស្សធ្វើការធ្ងន់ ព្រមទាំងសម្លាប់មនុស្សគ្មានជំរំជម្រះតាមច្បាប់ ប៉ុន្តែគាត់មិនធ្លាប់ឃើញទិដ្ឋភាពទាំងនោះដោយផ្ទាល់ភ្នែកទេ។ ក្មេងប្រុសដដែលបញ្ជាក់ថា នៅក្នុងសង្គ្រាមនៃរបបខ្មែរក្រហម ក្រៅតែពីបន្សល់ទុកឱ្យគ្រួសារខ្មែរបាក់បែក ព្រាត់ប្រាស និងពិការដៃជើង គឺកុមារតូចៗក៏គ្មានឱកាសទទួលបានការសិក្សាត្រឹមត្រូវដែរ ប៉ុន្តែនៅពេលដែលគាត់ឃើញរូបភាពប្រជាពលរដ្ឋក្រោយពីរបបខ្មែរក្រហមដួលរលំបាន ១ឆ្នាំនោះ គឺពិតជាវេទនាលើសពីអ្វីដែលគេបាននិយាយប្រាប់ទៅទៀត៖ «ពេលដែលឃើញអ៊ីចឹងមានអារម្មណ៍សោកស្ដាយ គឺមនុស្សខ្មែរជំនាន់មុនមិនមានឱកាសសិក្សាដូចពួកខ្ញុំ ក្នុងពេលនេះទេ មានអារម្មណ៍ថា អាណិតអ្នកទាំងនោះខ្លាំងណាស់»។
នាយិកាអង្គការកុមារ អាន់ជេលី ហៅស៍ អ្នកស្រី កែ ស៊ីម៉ូន មានប្រសាសន៍ថា ថ្វីត្បិតតែការតាំងពិព័រណ៍រូបថតពេលនេះត្រូវការមូលនិធិខ្លះពីអ្នកចូលទស្សនា ដើម្បីយកទៅជួយកុមារកំព្រា ក៏ប៉ុន្តែជាគោលបំណងពិតនៃការតាំងពិព័រណ៍ គ្រាន់តែចង់បង្ហាញប្រវត្តិសាស្ត្រនៃសង្គ្រាមនៅកម្ពុជា ភាពពិបាកវេទនា និងភាពជូរចត់របស់ប្រជាពលរដ្ឋ ប៉ះពាល់ដោយសារសង្គ្រាមដើម្បីជាការរំលឹកដល់អ្នកជំនាន់ក្រោយឱ្យយល់ដឹងពីការប៉ះពាល់នៃសង្គ្រាម៖ «និយាយទៅគ្មានអ្នកណាគេចូលចិត្តសង្គ្រាមនោះទេ ហើយសង្គ្រាមក៏បានកើតរួចទៅហើយដែរ ដូច្នេះតើកូនខ្មែរ ជំនាន់ក្រោយយល់យ៉ាងម៉េចដែរ ចំពោះភាពសោកសៅទាំងនោះ»។
នាយិកាអង្គការកុមារកំព្រាដដែល ឱ្យដឹងថា រូបថតទាំងនេះគឺនឹងបន្តតាំងពិព័រណ៍រយៈពេល ២សប្ដាហ៍ទៅមុខទៀតនៅភោជនីយដ្ឋាន ហ្វូតព្រីន (Footprint) ក្នុងភូមិវត្តបូព៌សង្កាត់សាលាកំរើក ក្រុងសៀមរាប សម្រាប់បើកឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលទស្សនាដោយឥតគិតថ្លៃ។
បុរសជនជាតិអាមេរិកាំង អតីតជាអ្នកកាសែត វ៉ាស៊ីនតុន ប៉ុស្តិ៍ អាយុ ៦៦ឆ្នាំ លោក ចន បឺគជេស (John Burgess) មានប្រសាសន៍ថា រូបថតទាំងអស់ដែលលោកផ្ដល់ឱ្យអង្គការកុមារ អាន់ជេលី ហៅស៍ យកមកតាំងពិព័រណ៍ពេលនេះ គឺលោកបានថតនៅក្នុងប្រទេសកម្ពុជា កាលពីអំឡុងខែមេសា ឆ្នាំ១៩៨០ ពោលគឺនៅក្រោយពេលដែលរបបខ្មែរក្រហមដួលរលំបាន ១ឆ្នាំ។
លោក ចនថ បឺគជេស យល់ថា រូបភាពដែលលោកបានថតនេះ គឺមានប្រយោជន៍យ៉ាងខ្លាំងសម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងចងចាំនូវរឿងរ៉ាវពីអតីតកាល៖ «ខ្ញុំបានចំណាយពេល ១សប្ដាហ៍នៅក្នុងទីក្រុងភ្នំពេញ ហើយខ្ញុំបានចំណាយពេល ១សប្ដាហ៍ផ្សេងទៀតសម្រាប់ធ្វើដំណើរតាមផ្លូវជុំវិញបឹងទន្លេសាប សម្រាប់ថតយករូបភាពទាំងនោះ ហើយខ្ញុំក៏បានមកស្នាក់នៅខេត្តសៀមរាប ដែរ។ ទិដ្ឋភាពនៃរូបថតទាំងនេះ គឺជារឿងពិតសម្រាប់ជាសាក្សីឱ្យពលរដ្ឋកម្ពុជា គ្រប់រូបបានមើលឃើញការរស់រានឡើងវិញ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំទៅ»។
បច្ចុប្បន្ននេះ លោក ចន បឺគជេស នៅតែចាប់អារម្មណ៍មកលើប្រទេសកម្ពុជា ដោយលោកធ្វើដំណើរមកកាន់កម្ពុជា ជាញឹកញាប់ ដើម្បីស្រាវជ្រាវអំពីរឿងរ៉ាវនានា យកទៅនិពន្ធជាសៀវភៅ។
រយៈពេលជាង ៤ឆ្នាំចុងក្រោយនេះ លោក ចន បឺគជេស បានសរសេរសៀវភៅជាច្រើនអំពីកម្ពុជា ដូចជាសៀវភៅ Stories in The Stone ស្ដីពីប្រាសាទស្ដុកកុកធំរបស់ខ្មែរ ដែលបាត់បង់ទៅក្នុងទឹកដីថៃ ទៅហើយ សៀវភៅស្ត្រីអង្គរ (A woman of Angkor) សៀវភៅស្ដីពីប្រាសាទព្រះវិហារ The Temple in the Clouds និង The Stairway Guides Daughter ជាដើម៕