រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងនៅក្រោយកិច្ចប្រជុំការងាររបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ឧសភា ថា ភាពចម្រូងចម្រាសរវាងក្រសួងមហាផ្ទៃ ជាមួយគណបក្សសង្គ្រោះជាតិ ជុំវិញរឿងលក្ខន្តិកៈបក្សនោះ បានចប់សព្វគ្រប់ហើយ។
លោកបន្តថា រឿងកន្លងមកដែលនាំឲ្យក្រសួងមហាផ្ទៃ មិនទទួលស្គាល់សមាសភាពរបស់អនុប្រធានបក្សប្រឆាំង ដោយសារតែបក្សនេះធ្វើខុសទៅនឹងលក្ខន្តិកៈដែលតម្កល់ទុកនៅក្រសួង ហើយមិនមែនជារឿងនយោបាយឡើយ៖ «»។
ការថ្លែងរបស់លោក ស ខេង នេះ បន្ទាប់ពីក្រសួងមហាផ្ទៃ បានទទួលស្គាល់លក្ខន្តិកៈថ្មីដែលមាន ៩ជំពូក និង ៥៨ប្រការរបស់គណបក្សសង្គ្រោះជាតិ នៅក្រោយពេលគណបក្សនេះបានយកទៅតម្កល់កាលពីថ្ងៃទី២៦ ខែមេសា ក្រោយពីបានធ្វើវិសោធនកម្មប្រការ ៤៧ (ថ្មី) ទៅប្រការ ៤៧ (ថ្មីមួយ) ដោយសម្រេចលុបចេញរយៈពេលនៃការជ្រើសរើសអនុប្រធានបក្សនៅក្នុងអង្គសមាជវិសាមញ្ញកាលពីថ្ងៃទី២៥ ខែមេសា។
ក្រោយមានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ នេះ នៅថ្ងៃទី៣ ឧសភា មន្ត្រីគណបក្សប្រឆាំងអះអាងថា គណៈកម្មការនាយកគណបក្ស នឹងជ្រើសរើសអនុប្រធាននៅក្រោយថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីលោក កឹម សុខា ប្រធានគណបក្ស វិលត្រឡប់ពីបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក វិញ។ មន្ត្រីបក្សប្រឆាំងដដែលនេះបញ្ជាក់ថា គណបក្សនឹងដាក់បេក្ខភាពអនុប្រធានបក្សនេះជាបេក្ខភាពចាស់ដដែល៕