Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ក្រសួង​មហាផ្ទៃ​ថា​អាជ្ញាធរ​នឹង​ចុះ​រុះរើ​បដា​រូប​មន្ត្រី​សិទ្ធិ​មនុស្ស​ជាប់​ឃុំ​ដែល​បិទ​នៅ​តាម​ខេត្ត

$
0
0

ក្រសួង​មហាផ្ទៃ ចាត់​ទុក​ថា ការ​ចង​បដា​ដែល​មាន​រូប​មន្ត្រី​សិទ្ធិ​មនុស្ស មន្ត្រី គ..ប និង​សកម្មជន​ដីធ្លី​កំពុង​ជាប់​ឃុំ គឺ​ផ្ទុយ​នឹង​ច្បាប់ ដូច្នេះ​អាជ្ញាធរ​តាម​ខេត្ត​ផ្សេងៗ នឹង​ចុះ​រុះរើ​បដា​រូប​ទាំងអស់​នោះ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​កោះកុង បាន​ធ្វើ​រួច​រាល់​មុន​គេ។ រីឯ​មន្ត្រី​សិទ្ធិ​មនុស្ស​ថា ប្រសិន​បើ​អាជ្ញាធរ​បន្ត​ចុះ​រុះរើ​បដា​ទៀត​នោះ គឺ​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​យាយី និង​គំរាម​កំហែង​សិទ្ធិ​សេរីភាព​សម្ដែង​មតិ។

ក្រៅ​តែ​ពី​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ៤​រូប មន្ត្រី គ..ប ១​រូប គឺ​លោក នី ចរិយា និង​សកម្មជន​ដីធ្លី អ្នកស្រី ទេព វន្នី ដាក់​ពន្ធនាគារ​ហើយ​នោះ ពេល​នេះ​សូម្បី​តែ​បដា​រូបថត​របស់​ពួក​គេ​ទាំង ៦​នាក់ ក៏​អាជ្ញាធរ​មិន​លើកលែង​ឲ្យ​មាន​សេរីភាព​ដែរ ពោល​គឺ​អាជ្ញាធរ​នឹង​បើក​យុទ្ធនាការ​ចុះ​រុះរើ​ដក​ហូត​បដា​នោះ​ទាំងអស់ ដោយ​ចាប់​ផ្ដើម​ពី​ខេត្ត​កោះកុង មុន​គេ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ក្រសួង​មិន​បាន​បញ្ជា​ទេ ប៉ុន្តែ​អាជ្ញាធរ​នៅ​តាម​ខេត្ត​ផ្សេងៗ នឹង​ចុះ​ដក​ហូត​បដា​រូប​ទាំងនោះ​ដូច​នៅ​ខេត្ត​កោះកុង ដែរ គ្រាន់​តែ​ខេត្ត​ខ្លះ​មិន​ទាន់​ធ្វើ​ប៉ុណ្ណោះ។ លោក​ថា ការ​ចង​បដា​រូបថត ហើយ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំង ៦​រូប​នោះ គឺ​ផ្ទុយ​នឹង​ច្បាប់​របស់​កម្ពុជា៖ «»

ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​កោះកុង បាន​ចុះ​ដក​ហូត​បដា​ដែល​ចង​នៅ​ខាង​មុខ​ទីស្នាក់ការ​សមាគម​អាដហុក អង្គការ​លីកាដូ (LICADHO) និង​ទីស្នាក់ការ​អង្គការ​មាតា​ធម្មជាតិ ព្រម​ទាំង​បាន​ចុះ​ទៅ​ដក​ហូត​បដា​នៅ​តាម​លំនៅឋាន​របស់​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ក្នុង​ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល កាល​ពី​ថ្ងៃ​ទី​២ និង​ថ្ងៃ​ទី​៣ ខែ​ឧសភា។

អធិការ​នគរបាល​ក្រុង​ខេមរភូមិន្ទ ស្ថិត​ក្នុង​ខេត្ត​កោះកុង លោក មិន រស្មី អះអាង​ថា ការ​ចុះ​រុះរើ​បដា​ទាំងនេះ ពីព្រោះ​អង្គការ និង​សហគមន៍​ទាំងនោះ​មិន​បាន​សុំ​ការ​អនុញ្ញាត និង​ដោយសារ​មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដាក់​ពាក្យ​ប្ដឹង។ លោក មិន រស្មី បន្ត​ថា ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ​បារម្ភ​ខ្លាច​ប៉ះពាល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ដោយសារ​តែ​បដា​មួយ​នោះ ហើយ​ក៏​មាន​ការ​ចាក់​សំឡេង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​កំពុង​ជាប់​ឃុំ​ទាំងនោះ​តាម​ប្រព័ន្ធ​បំពង​សំឡេង​ដែល​បង្ក​ការ​រំខាន​ទៀត​ផង៖ «»

ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ជិត​ទីស្នាក់ការ​អង្គការ​លីកាដូ ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង អះអាង​ថា គាត់​មិន​បាន​ប្ដឹង​អាជ្ញាធរ ហើយ​ក៏​មិន​ដែល​ឮ​អង្គការ​ទាំងនោះ​ចាក់​មេក្រូ​ទាមទារ​ឲ្យ​ដោះលែង ដែល​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​ដែរ៖ «»

បដា​ដែល​អាជ្ញាធរ​ដក​ហូត​នោះ មាន​សរសេរ​អក្សរ​ថា សូម​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​នាក់ ដែល​ភ្ជាប់​ដោយ​រូបថត​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប មាន​អ្នកស្រី លឹម មុន្នី លោក យី សុខសាន្ត លោក នី សុខា លោក ណៃ វ៉ង់ដា និង​រូប​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ព្រម​ទាំង​មាន​រូប​អ្នកស្រី ទេព វន្នី សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ផង ហើយ​ក៏​មាន​ការ​រាប់​ចំនួន​ថ្ងៃ​នៃ​ការ​ឃុំ​ខ្លួន​អ្នក​ទាំង ៦​នាក់​នោះ​ដែរ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កោះកុង លោក ញៀប សំអឿន និង​មន្ត្រី​សម្របសម្រួល​របស់​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត បាន​ប្រតិកម្ម​ចំពោះ​សម្ដី​របស់​អាជ្ញាធរ​ថា សូម​ឲ្យ​អាជ្ញាធរ​មាន​ក្រម​សីលធម៌​ក្នុង​ការ​និយាយ​ស្តី ដោយ​កុំ​យក​លេស​ទម្លាក់​កំហុស​ទៅ​លើ​ប្រជាពលរដ្ឋ ព្រោះ​អង្គការ​របស់​លោក​មិន​ដែល​បាន​ចាក់​សំឡេង​តាម​មេក្រូ​បង្ក​ការ​រំខាន​ដល់​ពលរដ្ឋ​មួយ​នាទី​ណា​ឡើយ។

លោក អ៊ិន គង់ជិត លើក​ឡើង​ថា នៅ​លើ​បដា​នោះ​គ្មាន​ចំណុច​ណា​មួយ​ដែល​បង្ហាញ​ថា នាំ​ឲ្យ​មាន​ចលាចល ឬ​ខូច​សណ្ដាប់ធ្នាប់​ឡើយ ហើយ​ក៏​គ្មាន​ច្បាប់​ណា​មួយ​តម្រូវ​ឲ្យ​អង្គការ​របស់​ពួក​លោក​ទៅ​សុំ​ច្បាប់​ពី​អាជ្ញាធរ ដោយ​គ្រាន់​តែ​ចង​បដា​នោះ​ដែរ។ លោក​ថា ការ​ចោទ​របស់​អាជ្ញាធរ​មិន​អាច​ទទួល​យក​បាន​ឡើយ៖ «»

រីឯ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC ) លោក សំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រសិន​បើ​អាជ្ញាធរ​បន្ត​ចុះ​រុះរើ​បដា​ទៀត​នោះ គឺ​មតិ​ជាតិ និង​អន្តរជាតិ មើល​ឃើញ​កាន់​តែ​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​យាយី និង​គំរាម​កំហែង​សិទ្ធិ​បញ្ចេញ​មតិ។ លោក​ថា កន្លង​មក នៅ​ពេល​មាន​ការ​ជួបជុំ ឬ​ប្រមូល​ផ្តុំ​នោះ រដ្ឋាភិបាល​ចាត់​ទុក​ថា​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ តែ​ដល់​ពេល​ឥឡូវ គ្រាន់​តែ​ពលរដ្ឋ​សម្ដែង​មតិ​ដោយ​ទន់ភ្លន់​តាម​រយៈ​ការ​ចង​បដា​តាម​អង្គការ និង​តាម​លំនៅឋាន ហើយ​បែរ​ជា​ចោទ​ថា​ប៉ះពាល់​ដែរ​នោះ គឺ​មាន​ន័យ​ថា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា កំពុង​ឈាន​ទៅ​រក​ការ​បំបិទ​ទាំងស្រុង៖ «»

បដា​ទាំងនេះ​ត្រូវ​បាន​អង្គការ​សមាគម​ប្រមាណ ៥០ ស្ម័គ្រ​ចិត្ត​យក​ទៅ​ចង​នៅ​មុខ​ទីស្នាក់ការ​របស់​គេ​រៀងៗ​ខ្លួន​នៅ​តាម​ខេត្ត-ក្រុង​នានា​ជាង ៣​ខែ​មក​ហើយ ដើម្បី​ស្វែងរក​ការ​ដោះលែង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់​ម្នាក់ និង​មន្ត្រី​សិទ្ធិ​មនុស្ស ៥​នាក់ ដែល​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​ការ​កាត់​ទោស​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦ រហូត​មក ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី ដែល​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ។

ចំពោះ​ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង ៥​រូប​នេះ សហភាព​អឺរ៉ុប ក្នុង​ស្រុក ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា នេះ ដោយ​លើក​ឡើង​ថា វា​មាន​សារសំខាន់​ណាស់​ដែល​សិទ្ធិ​របស់​បុគ្គល​ទាំង ៥​រូប​នេះ ត្រូវ​បាន​គោរព​ដោយ​ពេញលេញ ហើយ​រាល់​ការ​រំលោភ​បំពាន​សិទ្ធិ​ណា​មួយ​របស់​ពួក​គេ ក្រោម​ច្បាប់​កម្ពុជា និង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​កម្ពុជា ជា​ហត្ថលេខី ត្រូវ​ទទួល​បាន​ការ​ដោះស្រាយ​ដោយ​សមស្រប។

កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ ក្រុម​ការងារ​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​តាមដាន​បញ្ហា​នៃ​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត បាន​ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន​នោះ គឺ​ជា​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត និង​បាន​អំពាវនាវ​ឲ្យ​ដោះលែង​ពួក​គេ​ជា​បន្ទាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles