ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក សេង លាង នៅបន្តបើកការស៊ើបអង្កេត និងសាកសួរទៅលើជនសង្ស័យមួយចំនួនទៀត ដែលតុលាការបានបំបែកក្នុងរឿងក្ដីឃាតកម្មលើលោកបណ្ឌិត កែម ឡី។ អង្គការមិនមែនរដ្ឋាភិបាលផ្នែកសិទ្ធិមនុស្ស យល់ឃើញថា គេហាក់មានជំនឿតិចតួចអំពីយុត្តិធម៌ទៅលើចំណាត់ការរបស់តុលាការ ក្នុងសំណុំរឿងនៃបទឧក្រិដ្ឋមួយនេះ។
មន្ត្រីនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ បដិសេធក្នុងការផ្ដល់ព័ត៌មានលម្អិតអំពីនីតិវិធីនៃការស៊ើបអង្កេត នៅក្នុងសំណុំរឿងដែលបានបំបែករួចហើយនេះ ដោយសំអាងហេតុថា ស្ថិតក្នុងដំណាក់កាលនៃការបន្តនីតិវិធី តុលាការមិនអាចផ្ដល់ពីរបៀបជាក់លាក់ទៅលើការសាកសួរជនសង្ស័យ និងការបិទបញ្ចប់សំណុំរឿងនោះបានឡើយ។
ប្រាប់អាស៊ីសេរី តាមបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) នៅថ្ងៃទី៤ ខែឧសភា លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ អះអាងថា រឿងក្ដីដែលតុលាការបានបំបែកនេះ គឺកំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរ លោក សេង លាង នៅឡើយ។ មន្ត្រីនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញរូបនេះ ក៏បានបដិសេធដែរអំពីតម្រុយថ្មីណាមួយ ដែលតុលាការកំណត់មុខសញ្ញាដើម្បីឈានទៅសាកសួរ ក្នុងសំណុំរឿងដែលបានបំបែករួចហើយនេះ។
កាលពីថ្ងៃទី១ ខែមីនា ចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ លោក លាង សំណាត់ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ អស់មួយជីវិត។ ក្នុងថ្ងៃដែលតុលាការចេញសាលក្រមនេះដែរ អ្នកនាំពាក្យអយ្យការអមតុលាការក្រុងភ្នំពេញ បានប្រាប់ក្រុមអ្នកកាសែតថា នៅក្នុងរឿងក្ដីនៃបទឧក្រិដ្ឋនេះ តុលាការបានបំបែកទៅជាមួយសំណុំរឿងទៀត ប្រយោជន៍ដើម្បីរកអ្នកដែលពាក់ព័ន្ធក្នុងអំពើឃាតកម្មកាលពីខែកក្កដា ឆ្នាំ២០១៦ នេះ។
អឿត អាង ហៅ ជួប សម្លាប់ បានជម្រាបអង្គសវនាការកាលពីថ្ងៃជំនុំជម្រះថា អ្នកដែលណែនាំឲ្យស្គាល់លោកបណ្ឌិត កែម ឡី ដើម្បីខ្ចីលុយ ៣ពាន់ដុល្លារនោះ គឺតាមរយៈឈ្មោះ លីស។ ដោយឡែកមនុស្សម្នាក់ទៀតដែលជាម្ចាស់កាំភ្លើង ដែលខ្លួនទិញដើម្បីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺឈ្មោះ ចក់។
ទាក់ទិនរឿងនេះ មេធាវីដែលគណៈមេធាវីតម្រូវឲ្យការពារក្ដីឈ្មោះ ជួប សម្លាប់ គឺលោក យុង ផានិត ស្វាគមន៍ចំពោះការញែកសំណុំរឿងនេះឲ្យទៅជាពីរករណី។ ប៉ុន្តែចំណុចសំខាន់មេធាវីរូបនេះចាត់ទុកថា ក្រោយពីរឿងក្ដីនេះបានបំបែកហើយនោះ តើតុលាការនឹងបន្តនីតិវិធីទៀត ឬទុករឿងក្ដីនេះចោល? បើទោះជាបែបណា លោក យុង ផានិត យល់ឃើញថា ការបោះបង់ ឬបន្តចំណាត់ការលើរឿងក្ដីនេះទៀត នោះវាជាភារៈរបស់តុលាការ។ លោកបន្តថា «ចំពោះការយល់ឃើញរបស់ខ្ញុំ ការបំបែកហ្នឹងជាការត្រឹមត្រូវហើយ ប៉ុន្តែនីតិវិធីរបស់តុលាការគាត់បំបែក ហើយគាត់ស៊ើបអង្កេតបន្ត ឬក៏គាត់ទុកសំណុំរឿងហ្នឹងមិនអង្កេតបន្ត នេះជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ»។
នៅពេលសាលក្រមនេះបានចូលជាស្ថាពរ មេធាវីការពារក្ដីឲ្យទណ្ឌិតឈ្មោះ ជួប សម្លាប់ គឺលោក យុង ផានិត កាលពីថ្ងៃទី២០ ខែមេសា បានដាក់បណ្ដឹងឧទ្ធរណ៍ប្រឆាំងសាលក្រមដែលសម្រេចផ្ដន្ទាទោសកូនក្ដីរបស់ខ្លួនអស់មួយជីវិត។
ទាក់ទិនបញ្ហានេះ លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការលីកាដូ (LICADHO) យល់ឃើញថា យុត្តិធម៌ដែលអាចផ្ដល់តាមរយៈនីតិវិធីដែលតុលាការបានបំបែកថ្មីទៀតនេះ ប្រហែលរំពឹងបានតិចតួច។ លោកបន្តថា មានរឿងក្ដីជាច្រើនណាស់មកហើយដែលជនរងគ្រោះ និងក្រុមគ្រួសារនៅមិនទាន់អាចទទួលបានយុត្តិធម៌ពីការជំនុំជម្រះនៅឡើយ។ លោកបន្តថា «បើយើងមើលទៅប្រវត្តិរឿងមុនៗដូចរឿង ជា វិជ្ជា អីជាង ១០ឆ្នាំ រឿង ឃី វុទ្ធី និងរឿង រស់ សុវណ្ណរ៉េត សុទ្ធតែយូរៗឆ្នាំ។ វាមានរឿងផ្សេងៗទៀត យូរឆ្នាំដែរ មិនមានការស៊ើបអង្កេត។ ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះក៏ស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយដែរ»។
នៅពេលតុលាការសំអាងហេតុថា ការមិនអាចផ្ដល់ព័ត៌មានលម្អិតបានដោយខ្លាចប៉ះពាល់ដល់កិច្ចការសម្ងាត់ នៃការស៊ើបអង្កេតរបស់តុលាការ ភ្លាមៗបន្ទាប់ពីតុលាការសម្រេចផ្ដន្ទាទោសទណ្ឌិតឈ្មោះ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត អង្គការសង្គមស៊ីវិលចំនួន ៦០ស្ថាប័ន ទាមទារឲ្យតុលាការបើកការស៊ើបអង្កេត និងជំនុំជម្រះឡើងវិញ៕