ក្រុមពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើង ដែលប្រឈមនឹងប៉ះពាល់ដីផ្ទះព្រោះការពង្រីកផ្លូវពីផ្លូវដែកទៅជាផ្លូវថ្នល់ ថាសាលាក្រុងភ្នំពេញគ្មានចេតនាចង់ដោះស្រាយពីផលប៉ះពាល់ដល់ពួកគេនោះទេ។ ពលរដ្ឋលើកឡើងដូចនេះ ក្រោយពេលពួកគេទៅទាមទារនៅមុខសាលារាជធានីភ្នំពេញ ឲ្យផ្តល់ដំណោះស្រាយដល់ពួកគេនៅព្រឹកថ្ងៃទី៤ ខែឧសភា។
ក្រុមពលរដ្ឋ ថាសាលាក្រុងភ្នំពេញបានត្រឹមផ្តល់សន្យាខ្យល់ពីការផ្តល់សំណងដល់ពួកគេ ព្រោះសកម្មភាពពង្រីកផ្លូវកំពុងធ្វើឲ្យប៉ះពាល់ដីផ្ទះរបស់ពលរដ្ឋ ប៉ុន្តែសាលាក្រុងមិនបង្ហាញដំណោះស្រាយជាក់លាក់ បានត្រឹមប្រាប់ឲ្យពលរដ្ឋរង់ចាំមន្ត្រីសាលាក្រុងចុះទៅដល់កន្លែង។ មន្ត្រីអ្នកនាំពាក្យសាលាក្រុងភ្នំពេញ ស្នើឲ្យពលរដ្ឋរង់ចាំបន្តិចសិន ព្រោះពេលនេះស្ថិតក្នុងដំណាក់កាលសិក្សា។
តំណាងពលរដ្ឋម្នាក់ដែលចូលជួបមន្ត្រីសាលាក្រុងភ្នំពេញ គឺលោក ស៊ីម វីរៈ ឲ្យដឹងថា មន្ត្រីសាលាក្រុងភ្នំពេញគ្រាន់និយាយឲ្យពលរដ្ឋឈប់ទាមទារតវ៉ានៅមុខសាលាក្រុងប៉ុណ្ណោះ គឺមិនបាននិយាយពីទីតាំងដីថ្មី និងទំហំដីដែលត្រូវឲ្យពលរដ្ឋនោះទេ។ ពលរដ្ឋរូបនេះឲ្យដឹងថា មូលហេតុដែលពលរដ្ឋចង់ដឹងពីការផ្តល់សំណង ព្រោះក្រុមពលរដ្ឋកំពុងប៉ះពាល់ដី និងផ្ទះរបស់ពួកគេ៖ «ព្រោះប្រជាពលរដ្ឋគាត់និយាយថា សាលារាជធានីកំពុងសិក្សាពីរឿងដី។ ប្រជាពលរដ្ឋខ្ញុំចង់បានចម្លើយបែបហ្នឹង ប៉ុន្តែគាត់បែរនិយាយចាំមន្ត្រីចុះទៅផ្ទាល់សិន»។
ក្រុមពលរដ្ឋដែលប៉ះពាល់ពីការរុះរើផ្លូវរថភ្លើងមកធ្វើផ្លូវបេតុង តែងនាំគ្នាមកសុំចម្លើយពីអភិបាលក្រុងភ្នំពេញ ដើម្បីបានដឹងពីការផ្តល់សំណងចំពោះការប៉ះពាល់ ព្រោះពួកគេព្រួយបារម្ភខ្លាចជួបការអភិវឌ្ឍដែលធ្វើឲ្យពលរដ្ឋយំស្រែកដូចជាតំបន់បឹងកក់ បុរីកីឡា និងថ្មគោល ជាដើម។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា ការដោះស្រាយផលប៉ះពាល់នេះ សាលាក្រុងមិនធ្វើឲ្យពលរដ្ឋខកចិត្ត គឺត្រូវអភិវឌ្ឍនៅនឹងកន្លែង។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា មូលហេតុដែលសាលាក្រុងមិនទាន់ប្រាប់ពីចម្លើយជាក់លាក់ដល់ពលរដ្ឋ ព្រោះគម្រោងសំណងកំពុងស្ថិតក្នុងដំណាក់កាលសិក្សា៖ «យើងអាចត្រឹមតែជូនគាត់ឲ្យគាត់ស្ងប់ចិត្ត ព្រោះយើងកំពុងសិក្សានៅឡើយ»។
កាលពីចុងឆ្នាំ២០១៦ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ឲ្យដឹងថា សាលាក្រុងនឹងស្ថាបនាផ្លូវបេតុងឆ្អឹងដែកតាមផ្លូវរថភ្លើងដែលចាស់ទ្រុឌទ្រោមពីផ្លូវលេខ៧០ ដល់ផ្លូវជាតិលេខ៥។ គម្រោងស្ថាបនាផ្លូវនេះ គឺចាប់ពីគីឡូម៉ែត្រលេខ៦ រហូតដល់ផ្លូវទំនប់៧០ ប្រវែង ៤.៥១០ម៉ែត្រ ទទឹង ៧ម៉ែត្រសងខាង មានសួន និងបង្គោលភ្លើងកណ្ដាល។
របាយការណ៍សាលាខណ្ឌឫស្សីកែវ ដែលផ្តល់ឲ្យពលរដ្ឋ បង្ហាញថា ពលរដ្ឋដែលប៉ះពាល់ព្រោះការពង្រីកផ្លូវនេះចំនួន ១.១៤៩គ្រួសារ។
នាយកអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី យល់ថា សាលាក្រុង និងពលរដ្ឋរងផលប៉ះពាល់ គួរជួបជជែកគ្នាឲ្យញឹកញាប់។ ជាងនេះទៅទៀត លោកយល់ថា សាលាក្រុងត្រូវប្រាប់ពីគម្រោងសំណងជាក់លាក់ កាលបរិច្ឆេទពិតប្រាកដនៃការធ្វើវេទិកាសាធារណៈរបស់សាលាក្រុងជាមួយក្រុមពលរដ្ឋ ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ត៖ «អ៊ីចឹងគួរតែរៀបចំជជែកគ្នាឲ្យបានច្រើនជាងនេះ និងឲ្យមានផែនការជាក់លាក់»។
ក្នុងលិខិតស្នើសុំរបស់ពលរដ្ឋ ស្នើសុំប្លង់កម្មសិទ្ធិ និងឲ្យមានការអភិវឌ្ឍនៅនឹងកន្លែង ឬប្ដូរទីតាំងពី ២ ទៅ ៣គីឡូម៉ែត្រ ក្នុងករណីមិនអាចអភិវឌ្ឍនៅនឹងកន្លែងបាន។ ក្នុងសំណើនោះ សាលាក្រុងយល់ព្រមថានឹងអភិវឌ្ឍនៅនឹងកន្លែងតាមសំណើរបស់ពលរដ្ឋ៕