អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ កំពុងបារម្ភខ្លាចចៅក្រមស៊ើបសួរនៃសាលាដំបូង ឃុំខ្លួនតំណាងអ្នកភូមិអភិវឌ្ឍន៍ នៃសង្កាត់ប៉ាលហាល ចំនួន ៤នាក់ នៅពេលដែលកោះហៅទៅសាកសួរនៅថ្ងៃទី៨ ខែឧសភា ខាងមុខ។
ការព្រួយបារម្ភនេះ ដោយសារមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្ដឹងចោទប្រកាន់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ថាបានរំលោភយកដីអភិរក្ស ហើយតំណាងអយ្យការនៃសំណុំរឿងក្តី ក៏បានចោទប្រកាន់ប្រជាពលរដ្ឋពីបទបោះបង្គោលហ៊ុមព័ទ្ធ ដាក់សញ្ញាសម្គាល់ក្នុងគោលបំណងកាន់កាប់កម្មសិទ្ធិរួចហើយដែរនោះ។
តំណាងអ្នកភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ចំនួន ៤នាក់ ទាមទារឲ្យចៅក្រមសាលាដំបូងខេត្តព្រះវិហារ ទម្លាក់ចោលការចោទប្រកាន់ពួកគេពីបទបោះបង្គោលហ៊ុមព័ទ្ធ ដាក់សញ្ញាសម្គាល់ក្នុងបំណងចង់កាន់កាប់យកដីអភិរក្សរបស់រដ្ឋ ទៅធ្វើជាកម្មសិទ្ធិឯកជននោះ។
តំណាងអ្នកភូមិទាំង ៤នាក់ កំពុងភ័យខ្លាចតុលាការឃុំខ្លួនពួកគេក្នុងពន្ធនាគារ នៅពេលដែលគេនឹងចូលខ្លួនជាលើកទី២ ទៅឲ្យចៅក្រមសាកសួរនៅថ្ងៃទី៨ ខែឧសភា ខាងមុខ។
តំណាងអ្នកភូមិអភិវឌ្ឍន៍ ម្នាក់ក្នុងចំណោម ៣នាក់ផ្សេងទៀតដែលតុលាការបានចេញដីកាកោះហៅទៅសាកសួរ គឺលោក សូរ សុន។ លោកមានប្រសាសន៍នៅរសៀលថ្ងៃអង្គារ ទី២ ខែឧសភា ថា ជាច្រើនខែមុន មន្ត្រីមន្ទីរបរិស្ថានខេត្តព្រះវិហារ បានប្ដឹងចោទប្រកាន់រូបគាត់ និងអ្នកភូមិជាង ៤០០គ្រួសារទៀត ថាបាននាំគ្នាទៅបោះបង្គោលហ៊ុមព័ទ្ធយកដីអភិរក្សរបស់រដ្ឋ។ បន្ទាប់មក កាលពីថ្ងៃទី១៤ ខែកុម្ភៈ តំណាងអយ្យការនៃសំណុំរឿងក្តី បានកោះហៅពួកលោកទៅសាកសួរម្ដងមកហើយ។
កាលពីថ្ងៃទី២៧ ខែមេសា ចៅក្រមស៊ើបសួរនៃសំណុំរឿងក្តីនេះ ក៏បានចេញដីកាកោះហៅក្រុមរបស់លោក ឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺម្ដងទៀតនៅថ្ងៃទី៨ ខែឧសភា ខាងមុខ៖ «ភ័យព្រួយដែរ គេចោទប្រកាន់ថា ពួកខ្ញុំហ៊ុមព័ទ្ធដីរដ្ឋយកធ្វើជាកម្មសិទ្ធិ ប៉ុន្តែពួកខ្ញុំមិនបានហ៊ុមព័ទ្ធទេ គឺប្រជាពលរដ្ឋទេដែលដើរដាក់បង្គោល និងស្លាកឈ្មោះ»។
តំណាងអ្នកភូមិអភិវឌ្ឍន៍ ៤នាក់ដែលចៅក្រមកោះហៅឲ្យចូលខ្លួនទៅឆ្លើយបំភ្លឺនៅថ្ងៃទី៨ ខែឧសភា នោះ គឺឈ្មោះ សូរ សុន ឈ្មោះ ថុន ភក្ដ្រា យ៉ាន តុត និងឈ្មោះ សៅ លី។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក អ៊ា សុខា ដើម្បីសុំការអធិប្បាយជុំវិញការប្ដឹងផ្ដល់នេះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី២ ខែឧសភា។
ចំណែកអ្នកនាំពាក្យចៅក្រមនៃសាលាដំបូងខេត្តព្រះវិហារ អ្នកស្រី ជុំ កណិកា មានប្រសាសន៍ថា អ្នកស្រីមិនទាន់អាចពន្យល់ករណីដែលចៅក្រមស៊ើបសួរ កោះហៅតំណាងអ្នកភូមិ ៤នាក់មកសាកសួរនោះបានថាយ៉ាងណាទេ ពីព្រោះអ្នកស្រីមិនទាន់ដឹងរឿងច្បាស់នៅឡើយ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា តាមការស្រាវជ្រាវ គឺដីមួយផ្នែកធំដែលប្រជាពលរដ្ឋនៅភូមិអភិវឌ្ឍន៍ ចូលទៅបោះបង្គោលដើម្បីកាន់កាប់នោះ ពិតជាដីអភិរក្សរបស់មន្ទីរបរិស្ថានមែន។ ទោះជាយ៉ាងណា លោក ឡោ ចាន់ អំពាវនាវឲ្យតុលាការ ទម្លាក់ចោលការចោទប្រកាន់ប្រជាពលរដ្ឋទាំងនោះ៖ «តាមការអះអាង ប្រជាពលរដ្ឋគាត់គ្រាន់តែប្រើប្រាស់ដីនោះបណ្ដោះអាសន្ន ដើម្បីធ្វើស្រែចម្ការចិញ្ចឹមជីវិតតែប៉ុណ្ណោះ»។
ក្រុមអ្នកភូមិអភិវឌ្ឍន៍ ឲ្យដឹងថា ពួកគេចំនួនជាង ៤៥០គ្រួសារ បានចូលទៅកាប់គាស់ដីព្រៃទំហំជាង ៣.៥០០ហិកតារ ដើម្បីធ្វើកសិកម្មចិញ្ចឹមជីវិតបន្តបន្ទាប់គ្នារយៈពេល ៥-៦ឆ្នាំមកហើយ៕