Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលការិនី​ខ្មែរ​ម្នាក់​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ស្វែងរក​ការ​សង្គ្រោះ​ពី​ក្រុម​អាជ្ញាធរ

$
0
0

គ្រួសារ​ស្ត្រី​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី មួយ​រូប កំពុង​ស្វែងរក​ជំនួយ​សង្គ្រោះ​ពី​សមត្ថកិច្ច​ខ្មែរ ខណៈ​ដែល​កូន​ស្រី​របស់​គាត់​អះអាង​ថា បាន​ចាញ់​បោក​ថៅកែ​ជនជាតិ​ម៉ាឡេស៊ី មិន​ព្រម​បើក​ប្រាក់​ឈ្នួល​ពលកម្ម​រយៈពេល​ពីរ​ឆ្នាំ និង​ដក​ហូត​លិខិត​ឆ្លង​ដែន​មិន​ឲ្យ​នាង​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​បាន។

ម្តាយ​ពលការិនី​ខ្មែរ​មួយ​រូប អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៃ​ប្រទេស​កម្ពុជា ឲ្យ​ជួយ​សង្គ្រោះ​កូន​របស់​គាត់​ពី​ប្រទេស​ម៉ាឡេស៊ី ខណៈ​កូន​របស់​គាត់​ត្រូវ​បាន​ថៅកែ​ដក​ហូត​លិខិត​ឆ្លង​ដែន មិន​អាច​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​បាន។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ក្រោយ​ពេល​ម្តាយ​ពលការិនី​ខ្មែរ​រូប​នេះ បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា។

ស្ត្រី​ឈ្មោះ មាស សំភ័ស្ត អាយុ ៤៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។ បច្ចុប្បន្ន លោកស្រី​មក​ធ្វើ​ជា​កម្មករ​សំណង់​ស្នាក់នៅ​ក្រុង​បានលុង ខេត្ត​រតនគិរី បញ្ជាក់​ថា កូន​ស្រី​គាត់​ឈ្មោះ វីន ណារ៉ន អាយុ ២១​ឆ្នាំ បាន​ទូរស័ព្ទ​ពី​ប្រទេស​ម៉ាឡេស៊ី ប្រាប់​ពី​បំណង​ចង់​វិល​មក​ស្រុក​កំណើត ក្រោយ​ពេល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​នេះ​អស់​រយៈពេល​ជាង ២​ឆ្នាំ ក៏ប៉ុន្តែ​ថៅកែ​មិន​បើក​ប្រាក់​ឈ្នួល និង​ដក​ហូត​លិខិត​ឆ្លង​ដែន​មិន​ឲ្យ​នាង​វិល​មក​ស្រុក​វិញ​បាន។

លោកស្រី​បន្ត​ថា ក្រុម​គ្រួសារ​គាត់​ទទួល​បាន​ប្រាក់ ១​លាន​រៀល​ពី​មេ​ខ្យល់ គ្រា​ដែល​កូន​ស្រី​របស់​គាត់​ចេញ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​២០១៤ ហើយ​បាត់​ដំណឹង​តាំង​ពី​ពេល​នោះ​មក។ រហូត​បច្ចុប្បន្ន ទើប​នាង​ទូរស័ព្ទ​ផ្តល់​ដំណឹង​ថា នាង​បាន​រត់​ចេញ​ពី​ថៅកែ​ចាស់​ទៅ​ធ្វើ​កម្មករ​ដាំ​បន្លែ​នៅ​កសិដ្ឋាន​មួយ​កន្លែង​នៅ​ប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ​គាត់​មិន​ស្គាល់​ទីតាំង​នោះ​ទេ៖ «ជួយ​កូន​ខ្ញុំ​ឲ្យ​បាន​មក​ស្រុក​វិញ។ គេ​ថា​កូន​ខ្ញុំ​លួច​លុយ តែ​កូន​ខ្ញុំ​អត់​លួច​ទេ។ កូន​គេ​ទេ​ដែល​លួច»

ចំណែក​ពលការិនី​ឈ្មោះ វីន ណារ៉ន បញ្ជាក់​តាម​ទូរស័ព្ទ​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ថា នាង​កំពុង​ឋិត​ក្នុង​សភាព​ភ័យ​ខ្លាច ដោយសារ​រស់នៅ​ទីតាំង​ថ្មី​ដោយ​គ្មាន​លិខិត​ឆ្លង​ដែន។ នាង​ចង់​វិល​មក​ស្រុក​កំណើត​តាម​រយៈ​មេ​ខ្យល់​តាម​ច្រក​របៀង​ព្រំដែន​ខុស​ច្បាប់ ក៏ប៉ុន្តែ​នាង​បារម្ភ​ពី​សុវត្ថិភាព ទើប​ផ្តល់​ដំណឹង​មក​ម្តាយ​ឲ្យ​ជួយ​ស្វែងរក​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​កម្ពុជា៖ «ពីរ​ឆ្នាំ​ហើយ​អ៊ំ អត់​លុយ​ផង សូម្បី​តែ​មួយ​រៀល​ក៏​គ្មាន​ដែរ ប៉ាសស្ព័រ​គេ​យក​ទុក​មាន​តែ​ខ្លួន»

នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា លោកស្រី មាស សំភ័ស្ត បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី ដើម្បី​ផ្តល់​ព័ត៌មាន​ជុំវិញ​រឿងរ៉ាវ​របស់​កូន​ស្រី​គាត់ និង​ស្នើសុំ​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​អន្តរាគមន៍​ជួយ​សង្គ្រោះ​កូន​ស្រី​គាត់​បាន​ត្រឡប់​មក​ស្រុក​កំណើត​ដោយ​សុវត្ថិភាព។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី អ្នកស្រី កែវ ដាវី បញ្ជាក់​ថា តាម​ការ​ផ្តល់​ព័ត៌មាន​របស់​ម្តាយ​ជន​រងគ្រោះ គឺ​ពួក​គេ​ចាញ់​បោក​មេ​ខ្យល់​នាំ​ពលករ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​ខុស​ច្បាប់ ទើប​កើត​រឿង​បែប​នេះ។ អ្នកស្រី​បន្ត​ថា បាន​អន្តរាគមន៍​ទៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ក្រចេះ ដើម្បី​សហការ​រក​វិធី​សង្គ្រោះ​ជន​រងគ្រោះ​មក​វិញ៖ «ខាង​ស្នងការ​រង​ក្រចេះ គេ​ធ្វើ​ការ​ឲ្យ​គាត់​ហើយ រឿង​នេះ​បើ​ទៅ​ដាក់​បណ្ដឹង​គេ​ធ្វើ​ការ​លឿន។ កូន​ហ្នឹង​ចាញ់​បោក​មេ​ខ្យល់​អត់​មាន​ក្រុមហ៊ុន​នាំ​ទៅ​ទេ»

សេចក្តី​រាយការណ៍​របស់​ពលការិនី​ឈ្មោះ វីន ណារ៉ន ឲ្យ​ដឹង​ថា មាន​ស្ត្រី​ខ្មែរ​ដែល​រួម​ដំណើរ​ជាមួយ​ក្រុម​នាង​ច្រើន​នាក់ សុទ្ធតែ​ចាញ់​បោក​មេ​ខ្យល់​យក​ទៅ​លក់​ធ្វើ​កម្មករ​នៅ​ប្រទេស​ម៉ាឡេស៊ី តាំង​ពី​ឆ្នាំ​២០១៤ ហើយ​ត្រូវ​បាន​ថៅកែ​មិន​បើក​ប្រាក់​ឈ្នួល និង​ដក​ហូត​លិខិត​ឆ្លង​ដែន​ដូច​គ្នា។ បច្ចុប្បន្ន ជន​រងគ្រោះ​ខ្លះ​លួច​រត់​ចេញ​ពី​ថៅកែ ហើយ​ធ្វើ​ដំណើរ​ដោយ​គ្មាន​លិខិត​ស្នាម​ឆ្លង​កាត់​ច្រក​របៀង​ព្រំដែន​ពី​ប្រទេស​ម៉ាឡេស៊ី ចូល​មក​ប្រទេស​ថៃ និង​ឆ្លង​ចូល​មក​កម្ពុជា វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles