អាជ្ញាធរក្នុងខេត្តកោះកុង បានចុះដកហូតយកបដាដែលមានរូបមន្ត្រីសិទ្ធិមនុស្សអាដហុក (ADHOC) មន្ត្រី គ.ជ.ប និងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី នៅថ្ងៃទី២ ខែឧសភា ដែលបានចងនៅតាមទីស្នាក់ការរបស់អង្គការចំនួន៣ នៅក្នុងខេត្តកោះកុង។ ទង្វើអាជ្ញាធរនេះ ត្រូវបានមន្ត្រីសិទ្ធិមនុស្សរិះគន់ថា មិនត្រឹមត្រូវ និងជាការគំរាមកំហែង។
បដាចំនួន ៣ផ្ទាំងដែលត្រូវបានអាជ្ញាធរសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចុះដកហូតយកនៅព្រឹកថ្ងៃទី២ ខែឧសភា នោះ គឺបដាដែលចងនៅខាងមុខទីស្នាក់ការសមាគមអាដហុក (ADHOC) អង្គការលីកាដូ (LICADHO) និងអង្គការមាតាធម្មជាតិ។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកោះកុង លោក ញៀប សំអឿន បានរៀបរាប់ថា ក្នុងប្រតិបត្តិការចុះដកហូតនោះ គឺមានកម្លាំងនគរបាលចំនួន ៤នាក់ដែលដឹកនាំដោយនាយប៉ុស្តិ៍នគរបាលសង្កាត់ស្មាច់មានជ័យ លោក ហែម សុផា ហើយគ្មានការជូនដំណឹងជាមុននោះទេ គឺធ្វើឡើងទាំងកម្រោលតែម្តង។
លោក ញៀប សំអឿន បន្តថា បដានោះ គឺពួកគាត់បានដាក់នៅមុខអង្គការជិត ៣ខែមកហើយ ដោយមានសរសេរអក្សរថា សូមដោះលែងអ្នកការពារសិទ្ធិមនុស្សទាំង ៥នាក់ ដែលភ្ជាប់ដោយរូបថតអ្នកការពារសិទ្ធិមនុស្សអាដហុក ៤រូបមានអ្នកស្រី លឹម មុន្នី លោក យី សុខសាន្ត លោក នី សុខា លោក ណៃ វ៉ង់ដា និងរូបអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ព្រមទាំងមានរូបអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ផង ហើយក៏មានការរាប់ចំនួនថ្ងៃនៃការឃុំខ្លួនអ្នកទាំង ៦នាក់នោះដែរ៖ «»។
លោក ញៀប សំអឿន ទាមទារឲ្យអាជ្ញាធរពន្យល់ឲ្យបានច្បាស់អំពីការដកហូតបដានោះ បើពុំនោះទេ លោកចាត់ទុកថាទង្វើអាជ្ញាធរ គឺជាការគំរាមកំហែង និងគាបសង្កត់មកលើអ្នកការពារសិទ្ធិមនុស្ស។
ឆ្លើយតបចំពោះបញ្ហានេះ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ លោក ហែម សុផា បានទទួលស្គាល់ថា លោកពិតជាដកហូតយកបដានោះមែន ដោយធ្វើតាមបញ្ជារបស់ចៅសង្កាត់ និងលោកអធិការក្រុងខេមរភូមិន្ទ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីពលរដ្ឋថា ទីនោះមានការចងបដាសុំឲ្យដោះលែងមន្ត្រីសង្គមស៊ីវិល។ ម្យ៉ាងវិញទៀត លោកថាការចងបដានោះ ពុំមានការសុំអនុញ្ញាតពីអាជ្ញាធរជាមុនទៀតផង។ ទោះជាយ៉ាងណា មន្ត្រីនគរបាលរូបនេះឲ្យដឹងដែរថា លោកក៏ពុំបានដឹងអំពីច្បាប់នោះដែរ ប៉ុន្តែលោកគ្រាន់តែធ្វើតាមបញ្ជារបស់ថ្នាក់លើ៖ «»។
ជុំវិញបញ្ហានេះ អាស៊ីសេរី ពុំអាចសុំការបំភ្លឺបន្ថែមពីស្នងការនគរបាលខេត្តកោះកុង លោក សំ ឃិតវៀន បានទេនៅថ្ងៃទី២ ខែឧសភា ដោយលោកពុំទទួលទូរស័ព្ទ។
តុលាការបានឃុំខ្លួនមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប ជាបណ្ដោះអាសន្នជាង ១ឆ្នាំមកហើយ ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី ទាក់ទងនឹងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
កាលពីពេលថ្មីៗនេះ ក្រុមការងារនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកតាមដានបញ្ហានៃការឃុំខ្លួនតាមទំនើងចិត្ត បានចាត់ទុកថា ការឃុំខ្លួននោះ គឺជាការឃុំខ្លួនតាមទំនើងចិត្ត និងបំពានលើសិទ្ធិសេរីភាពខាងសមាគម។
ជុំវិញការងារទាមទារដោះលែងអ្នកទាំង ៥រូបនេះ សង្គមស៊ីវិល និងសហគមន៍ដីធ្លី បានធ្វើយុទ្ធនាការមួយចំនួនដូចជា ការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ (Black Monday) ការធ្វើបដារាប់ថ្ងៃអ្នកជាប់ឃុំ និងតាមប្រព័ន្ធផ្សព្វផ្សាយជាដើម ដើម្បីតស៊ូមតិទាមទារដោះលែង។ បើទោះបីជាយុទ្ធនាការទាមទារយុត្តិធម៌សម្រាប់អ្នកជាប់ឃុំទាំងនោះ ធ្វើឡើងដោយអហិង្សាក្តី ប៉ុន្តែពួកគេនៅតែរងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព ដូចជាការគំរាមកំហែង ការចាប់ចង និងការប្រើហិង្សាពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាល ជាដើម៕