Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

គ្រួសារ​អ្នក​កាសែត​ដែល​គេ​វាយ​សម្លាប់​នៅ​ខេត្ត​កំពង់ឆ្នាំង​បន្ត​ទាមទារ​យុត្តិធម៌

$
0
0

នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា គឺ​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក។ នៅ​ឯ​ខេត្ត​កំពង់ឆ្នាំង គ្រួសារ​អតីត​អ្នក​កាសែត​មាគ៌ា​កម្ពុជា ដែល​ឃាតក​ព្រួត​គ្នា​វាយ​សម្លាប់​កាល​ពី​ឆ្នាំ​២០១៤ បន្ត​អំពាវនាវ​ឲ្យ​សមត្ថកិច្ច ស្រាវជ្រាវ​ចាប់​ឃាតក​មក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ តាម​អំណាច​សាលក្រម​របស់​តុលាការ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ និង​ព្រលឹង​អ្នក​កាសែត​ទទួល​បាន​យុត្តិធម៌។

រយៈពេល​បី​ឆ្នាំ​កន្លះ​ហើយ​ដែល​អ្នក​កាសែត​ឈ្មោះ សួន ចាន់ ត្រូវ​ជន​ល្មើស ៥​នាក់​វាយ​ឲ្យ​របួស​ធ្ងន់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ។ ក្រុម​ជន​ល្មើស​មិន​ដែល​បង់​ប្រាក់​ពិន័យ និង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន​មួយ​ថ្ងៃ​ណា​ឡើយ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​អ្នក​កាសែត និង​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស រិះគន់​អ្នក​អនុវត្តន៍​ច្បាប់ ថា​មិន​បាន​ស្វះ​ស្វែងរក​ចាប់​ជន​ល្មើស​បង្ក​ឲ្យ​មាន​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍។

ឪពុក​បង្កើត​របស់​លោក សួន ចាន់ គឺ​លោក ពៅ ដុស ថា​លោក​មិន​សូវ​សង្ឃឹម​ថា សមត្ថកិច្ច​ចាប់​ជន​ល្មើស​បាន​ទេ ព្រោះ​ជន​ល្មើស​ធ្លាប់​លួច​ចេញ​ចូល​ក្នុង​ភូមិ ប៉ុន្តែ​នគរបាល​នៅ​តែ​មិន​អាច​ស្រាវជ្រាវ​រក​ចាប់​មក​អនុវត្ត​ទោស​បាន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នេះ។ ប៉ុន្តែ​លោក​នៅ​ជឿ​ថា យុត្តិធម៌​នឹង​មាន​នៅ​ថ្ងៃ​ណា​មួយ។ ម្យ៉ាង លោក​អាណិត​ខ្មោច​កូន និង​ចៅៗ​នៅ​រស់ ទើប​លោក​នៅ​បន្ត​អំពាវនាវ៖ «អា​ជន​ដៃ​ដល់​សម្លាប់​កូន​ខ្ញុំ ហើយ​វាយ​កូន​ខ្ញុំ​បី​បួន​នាក់ ហើយ​រក​ខុស​ត្រូវ​មិន​ឃើញ។ អ៊ីចឹង​ហើយ​បាន​សំណូមពរ​ថា គិតគូរ​យ៉ាង​ណា ធ្វើ​យ៉ាង​ម៉េច ឲ្យ​បាន​ស្រួល ព្រោះ​កូន​ខ្ញុំ​វា​សុទ្ធតែ​ក្រៗ​ទាំងអស់​គ្នា អត់​មាន​អ្នក​ណា​ធ្វើ​ទីពឹង​បាន​ទេ»

ចំណែក​ភរិយា​របស់​លោក សួន ចាន់ គឺ​លោកស្រី ទៀង ថាវ ថា​សព្វថ្ងៃ លោកស្រី​រស់នៅ​យ៉ាង​វេទនា​ជាមួយ​កូន​ក្នុង​បន្ទុក​ចំនួន ៦​នាក់។ ចាប់​តាំង​ពី​ប្ដី​ស្លាប់​ទៅ ជីវភាព​គ្រួសារ​របស់​លោកស្រី កាន់​តែ​ដុនដាប​ខ្លាំង៖ «ខ្ញុំ​អ្នក​ក្រីក្រ គ្មាន​ទឹក​លុយ ច្បាប់​វា​អត់​មាន​ភាព​យុត្តិធម៌។ នៅ​ថ្ងៃ​ចូល​ឆ្នាំ​នោះ ងើប​ទាំង​ម៉ោង​បី ហើយ​ម្ដាយ​ឪពុក​រួម​គំនិត​ជាមួយ​កូន ខ្សឹបខ្សៀវ​ចេញ​ចូល​រាល់​ពេល ចូល​ឆ្នាំ ភ្ជុំ​បិណ្ឌ​មក​រាល់​ខែ មិន​ដែល​ពីណា​ជួយ​ស៊ើប​អង្កេត​អី​សោះ»

ទាក់ទង​ករណី​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក ឡុច សុវណ្ណារ៉ា និង​ស្នងការ​រង លោក ប៉ុល វុទ្ធី បាន​ទេ​នៅ​ថ្ងៃ​ទី​២ ខែ​ឧសភា ដោយ​ទូរស័ព្ទ​ចូល មិន​មាន​អ្នក​ទទួល ខណៈ​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន លោក លី វីរៈ ប្រាប់​ថា លោក​មិន​ដឹង​ច្បាស់​ពី​ករណី​នេះ​ទេ។ ប៉ុន្តែ​នគរបាល​ស្រុក​ជលគីរី ធ្លាប់​បញ្ជាក់​ថា គេ​មាន​ដីកា​ចាប់​ខ្លួន​នៅ​ក្នុង​ដៃ ប៉ុន្តែ​មិន​ទាន់​មាន​តម្រុយ​ជន​ល្មើស។

ប្រធាន​ផ្នែក​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ជន​រងគ្រោះ និង​ក្រុម​គ្រួសារ​អ្នក​កាសែត​ឈ្មោះ សួន ចាន់ មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ ដ្បិត​តុលាការ​ចេញ​សាលក្រម​ផ្ដន្ទាទោស ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​ចាប់​ទណ្ឌិត​មក​អនុវត្ត​ទោស​នៅ​ឡើយ។

លោក​យល់​ថា ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ម្ដងៗ ដ្បិត​នៅ​កម្ពុជា មិន​ទាន់​ប្រារព្ធ​បាន​ពេញលេញ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឲ្យ​សមត្ថកិច្ច​រក​យុត្តិធម៌​ជូន​អ្នក​សារព័ត៌មាន​ដែល​ត្រូវ​គេ​វាយ​សម្លាប់ ឬ​ធ្វើ​បាប​កន្លង​ទៅ​ដែរ៖ «ទី​ពីរ​ដើម្បី​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ពង្រឹង និង​ការពារ​ដល់​អ្នក​សារព័ត៌មាន​ទាំងឡាយ ដែល​កំពុង​តែ​បំពេញ​នូវ​វិជ្ជាជីវៈ​របស់​ខ្លួន​បន្ត​ទៅ​ទៀត ដើម្បី​កុំ​ឲ្យ​មាន​ការ​ភិតភ័យ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​នេះ​ឲ្យ​បាន​ពេញ​ដៃ​ពេញ​ជើង»

លោក សួន ចាន់ អាយុ ៤៤​ឆ្នាំ ជា​អ្នក​យក​ព័ត៌មាន​ឲ្យ​កាសែត​មាគ៌ា​កម្ពុជា ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​មាន​គ្នា​ប្រហែល ១០​នាក់ ព្រួត​វាយ​សម្លាប់​នៅ​ក្បែរ​ផ្ទះ ស្ថិត​នៅ​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៤។ នៅ​ក្នុង​ហេតុការណ៍​នោះ មាន​មនុស្ស​ពីរ​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​ជា​សាច់ញាតិ​របស់​លោក សួន ចាន់ បាន​របួស​នៅ​ពេល​ពួក​គេ​ចូល​ទៅ​ជួយ​លោក កុំ​ឲ្យ​គេ​វាយ។

ក្រោយ​មក តុលាការ​ផ្ដន្ទាទោស​ឈ្មោះ យីម ណាក់ យីម នុន យីម នីក សាំង សេង អៀង រ៉ុម រ៉ា និង​ម្នាក់​ទៀត​ឈ្មោះ យ៉ង ភាឡេង ពី​បទ​មនុស្ស​ឃាត​តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ។ សាលក្រម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង តម្រូវ​ឲ្យ​ទណ្ឌិត​ទាំង ៦​នាក់ ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ១៣​ឆ្នាំ និង​ពិន័យ​ប្រាក់ ៥​លាន​រៀល ប៉ុន្តែ​មាន​តែ​ឈ្មោះ យ៉ង ភាឡេង ម្នាក់​ប៉ុណ្ណោះ ធ្លាប់​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន​មួយ​រយៈពេល​ខ្លី ហើយ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​ដោះលែង​វិញ ដោយ​យល់​ឃើញ​ថា​ឈ្មោះ យ៉ង ភាឡេង មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​មនុស្ស​ឃាត​លើ​អ្នក​សារព័ត៌មាន គឺ​លោក សួន ចាន់ នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles