អង្គការឃ្លាំមើលសេរីភាពសារព័ត៌មាន ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) សម្ដែងក្តីព្រួយបារម្ភយ៉ាងខ្លាំងថា គណបក្សកាន់អំណាចព្យាយាមរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយកាន់តែខ្លាំងឡើងៗនៅមុនពេលបោះឆ្នោត។ អង្គការនេះរកឃើញថា ដោយសារតែមានការបាត់បង់ប្រជាប្រិយភាពនៃសន្លឹកឆ្នោតកាលពីឆ្នាំ២០១៣ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងប្រើគ្រប់មធ្យោបាយដើម្បីបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយ ធ្វើយ៉ាងណាឲ្យចុះខ្សោយនៅមុនការបោះឆ្នោតមកដល់នាពេលខាងមុខ។
អ្នកស្រី សារាហ៍ រ៉េពូគី (Sarah Repucci) នាយកជាន់ខ្ពស់ផ្នែកបោះពុម្ពផ្សាយរបាយការណ៍សកលអង្គការ ហ្វ្រ៊ីដឹម ហៅស៍ ថ្លែងថា អង្គការរបស់អ្នកស្រីកំពុងតាមដានមើលការបោះឆ្នោតខាងមុខនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ អ្នកស្រីថា មានករណីបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា នៅពេលដែលមានការបោះឆ្នោតកាលពីអាណត្តិមុនៗ។ ហើយរឿងរ៉ាវទាំងនេះ ក៏បានកើតមានឡើងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។
ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍សេរីភាពសារព័ត៌មានឆ្នាំ២០១៧ នៅឯសារមន្ទីរសារព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែមេសា ថា អ្នកស្រី សារាហ៍ រ៉េពូគី (Sarah Repucci) មានប្រសាសន៍ថា ខណៈដែលប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា មានការរឹតត្បិតខ្លាំងរួចជាស្រេចទៅហើយនោះ អ្នកស្រីមានការព្រួយបារម្ភថា នឹងមានការរឹតត្បិតខ្លាំងជាងនេះបន្ថែមទៀតនាពេលខាងមុខនេះ៖ «យើងត្រូវរង់ចាំមើលថា តើនឹងមានរឿងអ្វីខ្លះកើតឡើង? ក៏ប៉ុន្តែមានការបារម្ភយ៉ាងខ្លាំងថា គណបក្សកាន់អំណាចនឹងរឹតតែចង់គ្រប់គ្រងសារនយោបាយរបស់ខ្លួន ហើយចង់គ្រប់គ្រងលំហូរព័ត៌មានក្នុងអំឡុងពេលរដូវកាលបោះឆ្នោតនេះ ក្នុងគោលបំណងដើម្បីឲ្យសារនយោបាយរបស់ខ្លួនស្ថិតក្នុងក្រសែភ្នែករបស់ប្រជាជន និងដើម្បីធានាថា គណបក្សប្រឆាំងនឹងមិនមានឱកាសធ្វើបានដូចខ្លួនកំពុងធ្វើយ៉ាងដូច្នេះទេ។ ដូច្នេះហើយ ពួកគេនឹងជ្រើសរើសយកវិធីរឹតត្បិតនានាដូចជា រឹតត្បិតការបញ្ចេញមតិតាមអនឡាន (Online) ឬចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារជាដើម។ ហើយទាំងអស់នេះ គឺជារឿងរ៉ាវដែលយើងកំពុងតាមដានមើលក្នុងឆ្នាំនេះ»។
អ្នកស្រីមានប្រសាសន៍ថា មានរបបជាច្រើននៅជុំវិញពិភពលោក ចោទប្រកាន់សង្គមស៊ីវិល ឬប្រព័ន្ធផ្សព្វផ្សាយដែលទទួលបានការគាំទ្រពីបរទេស ឬដែលទទួលថវិកាពីបរទេស ថាមានគោលបំណងដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ក្នុងករណីជាច្រើន ការចោទប្រកាន់ទាំងនេះ គឺជាការចោទប្រកាន់ខុសពីការពិត។ អ្នកស្រីថា សង្គមស៊ីវិលកំពុងធ្វើកិច្ចការដ៏សំខាន់ក្នុងប្រទេសកម្ពុជា ហើយថាអ្នកសារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ ដើម្បីធានានូវលំហូរព័ត៌មាន ដែលជាមធ្យោបាយតែមួយគត់ដែលប្រជាជនអាចទទួលបាននូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ជាការសំខាន់ខ្លាំងណាស់ដែលថា បរិយាកាសនេះនឹងនៅតែបើកចំហតាមដែលអាចធ្វើទៅបាន ដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរីនៅប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ អ្នកស្រីក៏បានផ្តល់អនុសាសន៍ដល់អ្នកសារព័ត៌មានវ័យក្មេងក្នុងប្រទេសកម្ពុជា ថា ពួកគេគួរព្យាយាមទទួលបានព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយត្រូវទទួលយកទស្សនៈអំពីប្រព័ន្ធផ្សព្វផ្សាយចម្រុះ និងទទួលព័ត៌មានពីគ្រប់ប្រភពច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ អ្នកស្រីថា នេះគឺជាមធ្យោបាយតែមួយគត់ដែលពួកគេអាចស្វែងយល់បានពិតប្រាកដ អំពីអ្វីដែលកើតមានឡើងក្នុងប្រទេសរបស់ពួកគេ ហើយថា ធ្វើដូច្នេះ ពួកគេអាចចូលរួមធ្វើឲ្យមានការផ្លាស់ប្ដូរបាន។
របាយការណ៍អង្គការ ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) អំពីសេរីភាពសារព័ត៌មានឆ្នាំ២០១៧ បានដាក់ចំណាត់ថ្នាក់ស្ថានភាពសេរីភាពសារព័ត៌មានជារួមនៅប្រទេសកម្ពុជា ថា «ពុំមានសេរីភាព»។ របាយការណ៍ដដែលនេះបង្ហាញថា ពិន្ទុសរុបនៃសេរីភាពសារព័ត៌មានកម្ពុជា សម្រាប់ឆ្នាំ២០១៧ នេះ បានធ្លាក់ចុះមួយលេខទៀតទៅក្នុងកម្រិតរឹតតែអាក្រក់ជាងឆ្នាំមុន គឺឆ្នាំ២០១៦។ កម្ពុជា ជាប់លេខ៣៣ ក្នុងចំណោមប្រទេសចំនួន៤០ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលេខ១៥២ ក្នុងចំណោម ១៩៩ប្រទេសក្នុងពិភពលោក៕