អតីតអភិបាលខែត្រស្ទឹងត្រែង លើកឡើងថា តម្លៃអគ្គិសនីនៅខែត្រស្ទឹងត្រែង នឹងចុះថ្លៃ ប្រសិនបើទំនប់វារីអគ្គិសនីសេសានក្រោមពីរសាងសង់រួចរាល់ និងបើកឲ្យដំណើរការ។ លោកថ្លែងបែបនេះក្នុងពិធីខួបលើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលប្រារព្ធនៅក្រុងស្ទឹងត្រែង នៅព្រឹកថ្ងៃទី១ ឧសភា មានមនុស្សចូលរួមជាង ១ពាន់នាក់។ ចំណែកមន្ត្រីសង្គមស៊ីវិល ជំរុញឲ្យរាជរដ្ឋាភិបាលបញ្ចុះតម្លៃអគ្គិសនីជូនពលរដ្ឋរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនី និងពលរដ្ឋរស់នៅខែត្រស្ទឹងត្រែង។
តំណាងរាស្ត្រមណ្ឌលខែត្រស្ទឹងត្រែង និងជាអតីតអភិបាលខែត្រស្ទឹងត្រែង លោក ឡូយ សុផាត បានសម្ដែងមោទនភាពពីថាមពលអគ្គិសនីដែលទាញពីទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
លោកថា បើទំនប់នេះបើកឲ្យដំណើរការ បណ្ដាញអគ្គិសនីជាតិនឹងតភ្ជាប់ជូនពលរដ្ឋផ្អែកតាមតម្លៃដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស ដែលមានលទ្ធភាពជួយសម្រាលការលំបាករបស់ពលរដ្ឋ។ លោកបញ្ជាក់ថា ក្រោយពីកម្ពុជា មានថាមពលអគ្គិសនីគ្រប់គ្រាន់ វិស័យការងារត្រូវបានកើនឡើង ធ្វើឲ្យជីវភាពពលរដ្ឋល្អប្រសើរច្រើនជាងមុន ក៏ប៉ុន្តែលោកពុំបានបញ្ជាក់លម្អិតថា បើទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រូវបើកឲ្យដំណើរការតួប៊ីននៅខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ អាជ្ញាធរអគ្គិសនីនឹងបញ្ចប់កិច្ចព្រមព្រៀងទិញពីឡាវ ឬយ៉ាងណា ខណៈបច្ចុប្បន្ន អាជ្ញាធរអគ្គិសនីកម្ពុជា បានទិញអគ្គិសនីពីប្រទេសឡាវ មកផ្គត់ផ្គង់ជូនពលរដ្ឋនៅខែត្រស្ទឹងត្រែង៖ «»។
យ៉ាងណា ពលរដ្ឋរស់នៅខែត្រស្ទឹងត្រែង នៅតែត្អូញត្អែរថា ពួកគេកំពុងប្រើប្រាស់អគ្គិសនីដែលរដ្ឋាភិបាលកម្ពុជា ទិញពីឡាវ ក្នុងតម្លៃថ្លៃ ១គីឡូវ៉ាត់ម៉ោង (1KW/H) ៩៥០រៀល។ តម្លៃនេះថ្លៃជាងនៅប្រទេសឡាវ ច្រើនដង ពោលគឺនៅប្រទេសឡាវ មានតម្លៃប្រមាណជាង ២០០រៀលក្នុង ១គីឡូវ៉ាត់ម៉ោង។
ពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង ខែត្រស្ទឹងត្រែង លោកស្រី សៀម សុខគីម ចាត់ទុកអគ្គិសនីដែលគាត់កំពុងប្រើប្រាស់សព្វថ្ងៃ ថានៅមានតម្លៃថ្លៃនៅឡើយ មិនអាចធ្វើឲ្យជីវភាពរស់នៅរបស់គាត់ប្រសើរឡើយ។ លោកស្រីកត់សម្គាល់ថា មុនឆ្នាំ២០០៥ គ្រួសារលោកស្រីប្រើប្រាស់អគ្គិសនីឯកជនប្រើម៉ាស៊ីនភ្លើង លក់ជូនប្រជាពលរដ្ឋតម្លៃចន្លោះពី ១.៧០០រៀលទៅ ២.១០០រៀលក្នុង ១គីឡូវ៉ាត់ម៉ោង ហើយគ្រួសារលោកស្រីត្រូវចំណាយប្រាក់ក្នុងមួយខែចាប់ពី ១០ម៉ឺនរៀលទៅ ១២ម៉ឺនរៀល រហូតដល់បច្ចុប្បន្ន តម្លៃអគ្គិសនីដែលលោកស្រីកំពុងប្រើប្រាស់ក្នុងតម្លៃ ៩៥០រៀលក្នុង ១គីឡូវ៉ាត់ម៉ោង ក៏លោកស្រីនៅតែចំណាយប្រាក់បង់ថ្លៃអគ្គិសនីចាប់ពី ១០ម៉ឺនរៀលទៅ ១២ម៉ឺនរៀលដដែល៖ «»។
មុនឆ្នាំ២០០៥ ពលរដ្ឋនៅខែត្រស្ទឹងត្រែង បានប្រើប្រាស់អគ្គិសនីដើរដោយម៉ាស៊ីនភ្លើងឯកជនផលិតថាមពលអគ្គិសនីក្នុងទីរួមខេត្តស្ទឹងត្រែង លក់ជូនប្រជាពលរដ្ឋតម្លៃចន្លោះពី ១.៧០០រៀលទៅ ២.១០០រៀលក្នុង ១គីឡូវ៉ាត់ម៉ោង ហើយនៅឆ្នាំ២០០៥ អគ្គិសនីកម្ពុជា (EDC) បានចូលមកជំនួស ហើយផលិតថាមពលអគ្គិសនីដោយម៉ាស៊ីនភ្លើងលក់ជូនពលរដ្ឋក្នុងតម្លៃ ១.២២០រៀលក្នុង ១គីឡូវ៉ាត់ម៉ោង។ រហូតដល់ឆ្នាំ២០១០ អាជ្ញាធរអគ្គិសនីកម្ពុជា បានទិញអគ្គិសនីឡាវ (EDL) តាមរយៈតង់ស្យុងមធ្យម ២២គីឡូវ៉ុល (KV) និងលក់ជូនពលរដ្ឋក្នុងតម្លៃ ៩៨០រៀលក្នុង ១គីឡូវ៉ាត់ម៉ោងរហូតដល់បច្ចុប្បន្ន។ មកទល់ពេលនេះ បណ្ដាញអគ្គិសនីនៅខែត្រស្ទឹងត្រែង ក៏កំពុងពង្រីកខ្លួននៅតាមតំបន់ដាច់ស្រយាលមួយចំនួនទៀតដែរ។
អ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ឲ្យដឹងនៅថ្ងៃទី១ ឧសភា ថា អាជ្ញាធរខែត្រនៅពុំទាន់ប្រាកដថា ការបើកឲ្យដំណើរការតួប៊ីនទី១ នៅចុងឆ្នាំ២០១៧ នេះ ថានឹងអាចប្រើប្រាស់នៅតំបន់ណាមួយជាក់លាក់នៅឡើយទេ អាស្រ័យលើអាជ្ញាធរអគ្គិសនីកម្ពុជា ជាអ្នកកំណត់។
លោកពន្យល់ថា ប្រសិនបើក្រុមហ៊ុនផលិតថាមពលអគ្គិសនីបានហើយ នឹងប្រគល់ឲ្យអគ្គិសនីកម្ពុជា ពិនិត្យលើតំបន់ដែលត្រូវផ្គត់ផ្គង់ជាអាទិភាព។ លោកបន្ថែមថា គោលជំហររបស់អភិបាលខែត្រ មានផែនការក្នុងការប្រើប្រាស់ថាមពលអគ្គិសនីឋិតក្នុងបណ្ដាញជាតិ ជាពិសេសគឺប្រជាពលរដ្ឋឋិតក្នុងតំបន់ដែលរងផលប៉ះពាល់ និងពលរដ្ឋរស់នៅក្នុងខែត្រស្ទឹងត្រែង នឹងត្រូវទទួលបានផលប្រយោជន៍ជាអាទិភាពពីការអភិវឌ្ឍថាមពលអគ្គិសនី។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរខែត្រនឹងរៀបចំជាសំណើទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីសម្រេចផ្តល់អាទិភាពជូនពលរដ្ឋរស់នៅតំបន់រងប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ឲ្យទទួលបានសេវាថាមពលអគ្គិសនីទាបជាងបន្តិចពីការផលិតធម្មតា នៃបណ្ដាញអគ្គិសនីជាតិ៖ «»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងអាជ្ញាធរអគ្គិសនីខែត្រស្ទឹងត្រែង បានទេនៅថ្ងៃទី១ ឧសភា។ ចំណែកតំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត ក៏អាស៊ីសេរី នៅពុំអាចទាក់ទងបាន ព្រោះទូរស័ព្ទរបស់លោកបានបិទ។
មន្ត្រីសង្គមស៊ីវិលយល់ថា ការទាញប្រយោជន៍ពីធនធានធម្មជាតិមកបម្រើជាប្រយោជន៍របស់ប្រទេស និងបម្រើសេវាសាធារណៈរបស់រាជរដ្ឋាភិបាលទាក់ទិនការផលិតថាមពលអគ្គិសនី ដែលមានប្រជាជនរស់នៅខែត្រស្ទឹងត្រែង និងខែត្ររតនគិរី រងផលប៉ះពាល់បំណិនជីវិត និងការផ្លាស់ប្ដូរពីលំនៅឋាននោះ ពួកគេបានលះបង់ ឬផ្តល់ឱកាសឲ្យរាជរដ្ឋាភិបាលវិនិយោគ ឬទាញប្រយោជន៍ចេញពីទន្លេ រាជរដ្ឋាភិបាលក៏ត្រូវលើកទឹកចិត្តលើកលែងមិនយកថ្លៃអគ្គិសនីក្នុងកម្រិតរយៈពេលណាមួយ ដើម្បីផ្សះផ្សាផ្លូវចិត្តរបស់ពលរដ្ឋវិញ។
មន្ត្រីសម្របសម្រួលអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល (Fact) លោក ឯក ចំរើន ចាត់ទុកការលះបង់របស់ពលរដ្ឋចាកចេញពីលំនៅឋាន អនុញ្ញាតឲ្យរាជរដ្ឋាភិបាលអភិវឌ្ឍទំនប់ គឺជារឿងសំខាន់ ដែលរាជរដ្ឋាភិបាល និងក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ពួកគេមានភាពប្រសើរ ដូចជាការលើកលែងមិនគិតថ្លៃអគ្គិសនីជាដើម ក៏ជាផ្នែកមួយរួមចំណែកកាត់បន្ថយភាពក្រីក្រដែរ៖ «»។
រដ្ឋាភិបាលកម្ពុជា បានទិញអគ្គិសនីពីឡាវ ផ្គត់ផ្គង់ពលរដ្ឋនៅខែត្រស្ទឹងត្រែង តាំងពីឆ្នាំ២០១០ ចំនួនពី ៥ ទៅ ៧មេហ្គាវ៉ាត់ ហើយ ៧មេហ្គាវ៉ាត់នេះ គឺជាភ្លើងដែលឡាវ ទាញពីទំនប់វារីអគ្គិសនីមួយឈ្មោះថា ហួយ ហួ ឋិតនៅដៃទន្លេសេកុងប្រទេសឡាវ។
ទំនប់វារីអគ្គិសនីសេសានក្រោមពីរ មានក្រុមហ៊ុនចំនួន៣ ចងសម្ព័ន្ធគ្នា គឺក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ៣៩% ក្រុមហ៊ុន ឆាយណា ហាយដ្រូឡានឆាង អ៊ីនធឺណេសិនណល អ៊ីននើជី (China's Hydrolancang International Energy) របស់ប្រទេសចិន ៥១% និងអគ្គិសនីវៀតណាមអន្តរជាតិ ដែលជាសាខារបស់ក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) ១០%។
ទំនប់នេះ អាចផលិតថាមពលអគ្គិសនី ៤០០មេហ្គាវ៉ាត់ ដែលគេរំពឹងថា អាចរកប្រាក់ចំណូលពីការបង់ពន្ធចំនួន ២៩,៥លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ។ ទំនប់នេះមានកម្ពស់ ៧៥ម៉ែត្រប្រវែង ៦គីឡូម៉ែត្រ ផ្ទៃអាងស្ដុកទឹកមានទំហំជិត ៣ម៉ឺន ៤ពាន់ហិកតារ (៣៣.៥៦០ហិកតារ) ដែលត្រូវចំណាយទុនសាងសង់អស់ចំនួន ៧៨១លានដុល្លារសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ទំនប់វារីអគ្គិសនីសេសានក្រោមពីរ កំពុងដំណើរការសាងសង់បានជាង ៩០% ហើយបានបិទទឹកកាលពីខែមករា ឆ្នាំ២០១៧ ក្រោយពីផ្ដើមសាងសង់កាលពីដើមឆ្នាំ២០១៤។ វារីអគ្គិសនីនេះ គ្រោងដាក់ឲ្យដំណើរការ ៨តួប៊ីននៅចុងឆ្នាំ២០១៨។
របាយការណ៍បានបោះពុម្ពផ្សាយអំឡុងឆ្នាំ២០១២ របស់អង្គការសង្គមស៊ីវិល រកឃើញថា ទំនប់វារីអគ្គិសនីនេះនឹងធ្វើឲ្យបរិមាណត្រី ៩,៣% មានការធ្លាក់ចុះ ហើយចំនួនជាង ៥០ប្រភេទ នឹងប្រឈមនូវការបាត់បង់៕