ស្រដៀងទៅនឹងកាលពីពេលកម្ពុជា ធ្វើជាប្រធានអាស៊ានដែរ ហ្វីលីពីន បានដឹកនាំអាស៊ានមិនឲ្យគំហកដាក់ប្រទេសចិន ស្ដីពីទំនាស់សមុទ្រចិនខាងត្បូង នោះទេ។ សេចក្តីថ្លែងការណ៍រួមចេញពីកិច្ចប្រជុំកំពូលអាស៊ាន បានអំពាវនាវឲ្យបណ្ដាប្រទេសសមាជិកដែលមានជម្លោះជាមួយចិន រឿងដែនទឹកនេះ ឲ្យជៀសវាងការប្រើហិង្សា និងការទាមទារដែនដីដែលនឹងធ្វើឲ្យបញ្ហានេះកាន់តែស្មុគស្មាញ។
កិច្ចប្រជុំកំពូលលើកទី៣០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថាអាស៊ាន (ASEAN) នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន (Philippines) បង្ហាញនូវភាពច្បាស់លាស់នៃការរួមគ្នាសហការលើកិច្ចការពង្រឹងសន្តិសុខ ការបោសសម្អាតគ្រឿងញៀន ការទប់ស្កាត់អំពើភេរវកម្ម។ និយាយទៅ ធានាស្ថិរភាព និងសេដ្ឋកិច្ចក្នុងតំបន់ ដែលមេដឹកនាំអាស៊ានហៅថា ធ្វើដើម្បី «ប្រជាជាតិទាំងអស់»។
កាលពីឆ្នាំ២០១៥ សេដ្ឋកិច្ចនៃបណ្ដាប្រទេសទាំង១០ នៅតំបន់អាស៊ានច្របាច់បញ្ចូលគ្នា មានតម្លៃជាង ៣ទ្រីលានដុល្លារសហរដ្ឋអាមេរិក។ បើតាមការព្យាកររបស់អ្នកសេដ្ឋកិច្ច ថាតទៅមុខនៅឆ្នាំ២០៥០ សេដ្ឋកិច្ចអាស៊ាននឹងមានតម្លៃជាង ៩ទ្រីលានដុល្លារ ដែលនឹងក្លាយជាសេដ្ឋកិច្ចយក្សលំដាប់ទី៤ លើពិភពលោក។
ក៏ប៉ុន្តែបញ្ហាដែលអ្នកតាមដានបញ្ហាជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង រវាងប្រទេសវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងប្រ៊ុយណេ ដែលជាសមាជិករបស់អាស៊ាន និងប្រទេសចិន យល់ឃើញថា អាស៊ានកំពុងខ្វែងគំនិតគ្នាលើបញ្ហាមួយនេះដ៏ចម្រូងចម្រាស។
សេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំកំពូល ដែលគេបានទន្ទឹងរង់ចាំជាចុងក្រោយនោះ មិនបានលើកពីឈ្មោះប្រទេសចិន មកនិយាយនោះទេ។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ឲ្យដឹងថា តំណាងស្ថានទូតចិន ប្រចាំប្រទេសហ្វីលីពីន បានព្យាយាមបញ្ចុះបញ្ចូលហ្វីលីពីន ដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០១៧ មិនឲ្យលើកយកការកសាងកោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនខាងត្បូង ដាក់ចូលក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមទេ។ ចិន មិនមែនជាសមាជិករបស់អាស៊ានទេ ហើយក៏មិនបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែរ។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី៣០ មេសា បញ្ជាក់ពីការថែរក្សាស្ថិរភាព សន្តិភាព សន្តិសុខ និងសេរីភាពនាវាចរ និងការហោះហើរក្នុង និងលើសមុទ្រចិនខាងត្បូង។
បណ្ដាមេដឹកនាំអាស៊ាន ក៏សាទរគោលការណ៍ដាក់ឲ្យដំណើរការខ្សែទូរស័ព្ទសន្ទនារវាងភាគីអាស៊ាន និងចិន ហើយប្រើយន្តការមិនប្រើកម្លាំង។
ហ្វីលីពីន ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ក៏ប៉ុន្តែក្រោយលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ឡើងកាន់តំណែង ហ្វីលីពីន ងាកទៅរកចិន វិញ ទោះបីជាតុលាការក្រុងឡាអេ កាត់ក្តីឲ្យឈ្នះចិន លើបញ្ហាជម្លោះសមុទ្រខាងត្បូង កាលពីឆ្នាំ២០១៦ ក៏ដោយ។
កិច្ចប្រជុំអាស៊ាន កើតឡើងចំពេលបង្ហាញពីភាពមិនច្បាស់លាស់របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ (Donald Trump) ស្ដីពីគោលនយោបាយសម្រាប់អាស៊ាន បើទោះបីថ្មីៗ សហរដ្ឋអាមេរិក បានបង្ហាញចំណាប់អារម្មណ៍ខ្លះមកលើអាស៊ាន ពេលលោកអនុប្រធានាធិបតីមកទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី ដែលជាទីស្នាក់ការកណ្ដាលនៃសមាគមអាស៊ានក្ដី។
ប្រទេសហ្វីលីពីន កំពុងចូលរួមជាមួយប្រទេសកម្ពុជា ព្យាយាមរារាំងមិនឲ្យមានមានការលើកយកបញ្ហាសមុទ្រចិនខាងត្បូង រវាងសមាជិកអាស៊ាន និងចិន ធ្វើជាបញ្ហាតំបន់។
ប្រទេសកម្ពុជា កាលពីឆ្នាំ២០១២ ដែលបានធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន ក៏ត្រូវបានអ្នកតាមដានកិច្ចការអន្តរជាតិ រិះគន់ថា បានរេទៅចិន ដោយមិនបានចេញសេចក្តីថ្លែងការណ៍រួមស្ដីពីការប្រើប្រាស់យន្តការតំបន់ ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងនេះ ដោយសំឡេងអាស៊ានរួមនោះដែរ។
មុនពេលទៅប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្រសួងការបរទេសកម្ពុជា អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងនៅគាំទ្រគោលនយោបាយចិន ដោយឥតងាករេ ហើយបានប្រកាសថា លោក ហ៊ុន សែន គ្រោងធ្វើបាឋកថាស្ដីពីរឿងនេះនៅក្នុងកិច្ចប្រជុំនេះ ប្រសិនបើមានការលើកយកបញ្ហាសមុទ្រចិនខាងត្បូង មកជជែក៕