Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​បក្ស​ប្រឆាំង​ក្រុង​ប៉ោយប៉ែត​បារម្ភ​ខ្លាច​ពលរដ្ឋ​រាប់​ពាន់​នាក់​មិន​អាច​បោះឆ្នោត​បាន

$
0
0

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​នៅ​ក្រុង​នេះ ប្រឈម​នឹង​ការ​បាត់បង់​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាង​មុខ។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​សង្កាត់​ធ្ងន់​ថា ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច គឺ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​យក​ទៅ​បោះឆ្នោត​ឡើយ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ប៉ោយប៉ែត សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដែល​ពលរដ្ឋ​ជាច្រើន​នាក់​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ ដើម្បី​យក​ទៅ​បោះឆ្នោត។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​ប៉ោយប៉ែត លោក មាន សារិទ្ធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ឧសភា ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​មួយ​នេះ​យ៉ាង​ហោច​ណាស់​ជាង ៥​ពាន់​នាក់​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច​ហើយ គឺ​គ្មាន​អត្តសញ្ញាណប័ណ្ណ​ទេ។ លោក​អះអាង​ថា ពួក​គាត់​ទាំងនោះ​ភាគច្រើន​ជា​ពលករ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ហើយ​ដោយសារ​តែ​បញ្ហា​នេះ ពួក​គាត់​ប្រឈម​នឹង​ការ​បាត់បង់​សិទ្ធិ​បោះឆ្នោត៖ «អ៊ីចឹង​ខ្ញុំ​សំណូមពរ​ទៅ​ថ្នាក់​ជាតិ គួរ​តែ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ធ្វើ​យ៉ាង​ណា​ឲ្យ​បង​ប្អូន​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ គាត់​មាន​សិទ្ធិ​បោះឆ្នោត​តែ​ម្ដង។ កាល​ពី​មុន អ្នក​ខ្លះ​មាន​អត្តសញ្ញាណប័ណ្ណ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត អ្នក​ខ្លះ​គាត់​យក​សំបុត្រ​កំណើត​ទៅ​ចុះ​ឈ្មោះ ហើយ​នៅ​ពេល​ដែល​គាត់​យក​សំបុត្រ​កំណើត​ចុះ​ឈ្មោះ ខាង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​សង្កាត់ គាត់​បាន​បំពេញ​ឯកសារ​ឲ្យ​គាត់​ចុះ​ឈ្មោះ​បាន​ហើយ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​លេខាធិការ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ លោក ហ៊ី គឹមសេង ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១ ឧសភា ដោយ​លោក​ប្រាប់​ថា​ជាប់​រវល់​ប្រជុំ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​អង្គការ​ខុមហ្វ្រែល (COMFREL) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​មួយ​នេះ​មាន​ជាច្រើន​នាក់​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ​សម្រាប់​យក​ទៅ​បោះឆ្នោត។ លោក​បន្ថែម​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់៖ «ហើយ​រយៈពេល ៥​ឆ្នាំ​ម្ដង​យូរ​ណាស់ ហើយ​ជា​ឱកាស​មួយ​ដែល​ពួក​គាត់​ជ្រើសរើស​អ្នក​ដឹកនាំ​ក្នុង​ឃុំ-សង្កាត់​របស់​ពួក​គាត់។ ប្រសិន​ជា​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់ គាត់​នឹង​អាច​ទាន់​បោះឆ្នោត​បាន ព្រោះ​នៅ​សល់​ពេល​ជាង​មួយ​ខែ​ដែរ។ ប៉ុន្តែ​បើ​សិន​ជា​ចេតនា​របស់​អាជ្ញាធរ​មិន​យក​ចិត្ត​ទុក​ដាក់ ប្រជាពលរដ្ឋ​នឹង​បាត់បង់​សិទ្ធិ​បោះឆ្នោត»

របាយការណ៍​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ជាង ៥​ម៉ឺន ៦​ពាន់​នាក់​ក្នុង ៣​សង្កាត់​នៃ​ក្រុង​ប៉ោយប៉ែត ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រួច ក្នុង​នោះ​មួយ​ចំនួន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​គ្មាន​អត្តសញ្ញាណប័ណ្ណ​ដើម្បី​បោះឆ្នោត​ទេ។

ច្បាប់​បោះឆ្នោត​មាត្រា​ទី​៤៦ សម្រាប់​ការ​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ចែង​ថា ដើម្បី​បោះឆ្នោត​បាន ពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ កថាខណ្ឌ​ទី​១ បញ្ជាក់​ថា ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូចជា មាន​សញ្ជាតិ​ខ្មែរ មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ​គិត​ដល់​ថ្ងៃ​បោះឆ្នោត មាន​ទី​លំនៅឋាន ឬ​ទី​សំណាក់​ក្នុង​ឃុំ-សង្កាត់​ដែល​សាមី​ខ្លួន​ត្រូវ​បោះឆ្នោត មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ ឬ​មិន​ត្រូវ​ដក​សិទ្ធិ​បោះឆ្នោត ពុំ​មែន​ជា​ជន​វិកល​ចរិត ឬ​ស្ថិត​ក្រោម​អាណាព្យាបាល​ទូទៅ ដោយ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles