Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​អះអាង​ថា​សកម្មភាព​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា​កើត​មាន​ខ្លាំង​ឡើងៗ

$
0
0

សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃ​ព្រះ​រកា កាន់​តែ​កើត​មាន​ខ្លាំង​ឡើងៗ ជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ធនធាន​ធម្មជាតិ បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា តំបន់​ព្រៃ​ដែល​នៅ​សេសសល់​ចុង​ក្រោយ​របស់​កម្ពុជា មួយ​នេះ នឹង​វិនាស​បាត់បង់​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី។

ព្រៃ​ព្រះ​រកា មាន​ទំហំ​ជិត ១០​ម៉ឺន​ហិកតារ គឺ​ជា​ដែន​ជម្រក​សត្វ​ព្រៃ​ដ៏​សំខាន់ ស្ថិត​នៅ​ភូមិសាស្ត្រ​ប្រជុំ​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំក្សាន្ត របស់​ខេត្ត​ព្រះវិហារ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ អះអាង​ថា ជា​រៀង​រាល់​យប់​គេ​តែង​ឃើញ​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ចូល​ទៅ​កាប់​បំផ្លាញ​ដើម​ឈើ​ធំៗ ហើយ​ដឹក​ជញ្ជូន​តាម​គោយន្ត​មក​លាក់​ទុក​លក់ដូរ​ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​បង្ក្រាប​ទេ។

បុរស​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នៅ​ឃុំ​ប្រមេរុ គឺ​លោក សិទ្ធិ សាវន។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​១ ខែ​ឧសភា ថា បច្ចុប្បន្ន​នេះ លោក​តែង​ឃើញ​ក្រុម​អ្នក​រក​ស៊ី​កាប់​ឈើ​ខុស​ច្បាប់ ដឹក​ជញ្ជូន​ឈើ​ជា​ហូរហែ​មក​លាក់​ទុក​នៅ​ក្នុង​ភូមិ​ប្រមេរុ និង​ភូមិ​បុសធំ ជាដើម។

បុរស​ដដែល​បញ្ជាក់​ថា ឈើ​ដែល​គេ​ដឹក​ជញ្ជូន​មក​ទុក​លក់​ឲ្យ​ឈ្មួញ​នោះ គឺ​ពួក​គេ​កាប់​នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ដូចជា​នៅ​តំបន់​៩១ ក្នុង​ស្រុក​ជាំក្សាន្ត តំបន់​អូរស្កាច ខ្សាច់​ស និង​ទួល​ក្រឡាញ់ ជាដើម។

លោក សិទ្ធិ សាវន បញ្ជាក់​ថា ក្នុង​មួយ​យប់ៗ​មាន​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ពី ៤​ក្រុម​ទៅ ៥​ក្រុម តែង​ចូល​ទៅ​ក្នុង​ព្រៃ​ព្រះ​រកា ហើយ​ប្រហែល ១​សប្ដាហ៍​ទើប​គេ​ឃើញ​រថយន្ត​ធុន​ធំ​មក​ប្រមូល​ដឹក​យក​ឈើ​ទាំងនោះ​ម្ដង៖ «តាម​ខ្ញុំ​ឃើញ គឺ​គេ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​តាម​គោយន្ត ដល់​ដឹក​យក​មក​ទុក​ក្នុង​ភូមិ​បាន​ច្រើន​ហើយ គឺ​ឡាន​ធំ​គេ​មក​ដឹក​ចេញ​ម្ដង។ ឡាន​ធំ​នោះ​រយៈពេល​ប្រហែល ១​អាទិត្យ​មក​ដឹក​ឈើ​ចេញ​ម្ដង»

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក អ៊ា សុខា និង​នាយក​ដែន​ជម្រក​សត្វ​ព្រៃ លោក គង់ សម្បត្តិ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ព័ត៌មាន​នៃ​ការ​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ព្រះ​រកា បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​នៅ​ថ្ងៃ​ច័ន្ទ ទី​១ ខែ​ឧសភា។

ប៉ុន្តែ​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា នាយក​ដែន​ជម្រក​សត្វ​ព្រៃ​តំបន់​ព្រៃ​ព្រះ​រកា លោក គង់ សម្បត្តិ ធ្លាប់​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ជន​ល្មើស​លួច​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា​មែន ហើយ​កម្លាំង​របស់​លោក​មាន​គ្នា​តិចតួច មិន​អាច​បង្ក្រាប​បាន​ទាំង​ស្រុង​ទេ។

បណ្ដាញ​សកម្មភាព​ដើម្បី​សហគមន៍ លោក ពេជ្រ ពាន់ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​អំឡុង​ខែ​មីនា មក រូប​លោក​បាន​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន និង​សហគមន៍​ប្រជាពលរដ្ឋ ដើរ​ល្បាត​ការពារ​ព្រៃ​ព្រះ​រកា​ជាច្រើន​កន្លែង។ ក្នុង​រយៈពេល​ជាង ១​ខែ​មក​នេះ ក្រុម​របស់​លោក​ចាប់​បាន​គោយន្ត​ដឹក​ឈើ​ចំនួន​ជាង ៣០​គ្រឿង និង​ម៉ាស៊ីន​អារ​ឈើ​ខុស​ច្បាប់​ជាង ៣០​គ្រឿង​ផ្សេង​ទៀត។

លោក ពេជ្រ ពាន់ យល់​ថា ការ​កាប់​ឈើ​ខុស​ច្បាប់​ខ្លះ​មាន​រូបភាព​ធំ​ដុំ​ហាក់​ដូចជា​ក្រុមហ៊ុន ដោយ​មាន​ប្រើ​ត្រាក់ទ័រ​ឈូស​ដី​ធ្វើ​ផ្លូវ​ចូល​ទៅ​ដឹក​ជញ្ជូន​ឈើ​ពី​ក្នុង​ព្រៃ​ព្រះ​រកា​ទៀត​ផង។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​ឈើ​ចុង​ក្រោយ​មួយ​នេះ ពីព្រោះ​លោក​ដឹង​ថា បច្ចុប្បន្ន​សកម្មភាព​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ព្រះ​រកា​មិន​ថយ​ចុះ​ទេ មាន​ទាំង​កាប់​ឈើ​យក​ទៅ​ជួញដូរ​ខុស​ច្បាប់ និង​កាប់​ព្រៃ​ដើម្បី​រាន​យក​ដី៖ «និយាយ​រួម តាំង​ពី​មុន និង​ក្រោយ​ពេល​ចូល​ឆ្នាំ​ខ្មែរ សកម្មភាព​ដើម​ឆ្នាំ​២០១៧ នេះ នៅ​តែ​បន្ត​រហូត​មក​ថយ​ចុះ​ទេ»

កាល​ពី​ដើម​ខែ​មេសា នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា ធ្លាប់​ព្រមាន​ដល់​ម្ចាស់​ដើម​ច្បោះ​ជ័រ ឲ្យ​បញ្ឈប់​សកម្មភាព​លក់​ដើម​ច្បោះ​ជ័រ និង​ព្រមាន​ក្រុម​ឈ្មួញ​ឲ្យ​បញ្ឈប់​ការ​កាប់​រំលំ​ឈើ​យក​ទៅ​ជួញដូរ បើ​ពុំ​នោះ​ទេ គេ​នឹង​អនុវត្ត​ច្បាប់ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ការ​ព្រមាន​របស់​មន្ត្រី​ជំនាញ​ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ទៅ​លើ​ក្រុម​ឈ្មួញ និង​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ទាំងនោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles