Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

ពលរដ្ឋ​សង្កាត់​បន្សាយរាក់​ចោទ​សហគមន៍​ព្រៃ​ឈើ​និង​ទាហាន​ថា​រំលោភ​យក​ដី​ស្រែ​ចម្ការ

$
0
0

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​រំដួល​វាសនា នៅ​សង្កាត់​បន្សាយរាក់ ក្រុង​សំរោង អះអាង​ថា បច្ចុប្បន្ន​នេះ ដី​ព្រៃ​ឈើ​ទំហំ​ជាង ៦.០០០​ហិកតារ​ដែល​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​កិច្ចព្រមព្រៀង​ប្រគល់​ឲ្យ​ពួក​គេ​ការពារ គឺ​បាន​បាត់បង់​ទាំងស្រុង ដោយសារ​តែ​ទាហាន អ្នក​មាន​អំណាច និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​ដណ្ដើម​យក​ទៅ​ធ្វើ​ជា​ដី​ភូមិឋាន និង​ដី​ស្រែ​ចម្ការ។ ប៉ុន្តែ​រយៈពេល ២-៣​ថ្ងៃ​មក​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​បែរ​ជា​ចោទ​ថា គឺ​សហគមន៍​ការពារ​ព្រៃ​ឈើ និង​ទាហាន​ទៅ​វិញ​ទេ​ដែល​រំលោភ​យក​ដី​ស្រែ​ចម្ការ​របស់​គេ ដែល​ធ្លាប់​ធ្វើ​រយៈពេល​ជិត ១០​ឆ្នាំ​មក​ហើយ​នោះ។

តើ​រឿង​ទំនាស់​ដីធ្លី​មួយ​នេះ អ្នក​ណា​ជា​អ្នក​រំលោភ​អ្នក​ណា​ឲ្យ​ពិត​ប្រាកដ?

ប្រជាពលរដ្ឋ​ចំនួន​ជាង ១០០​គ្រួសារ​នៅ​តំបន់​ត្រពាំង​ត្រាវ ចំណុះ​ឲ្យ​ភូមិ​អូរបាត់ដាវ សង្កាត់​បន្សាយរាក់ នៃ​ក្រុង​សំរោង ចោទ​ប្រកាន់​ថា សហគមន៍​ការពារ​ព្រៃ​ឈើ​រំដួល​វាសនា និង​កង​ទាហាន​ខ្លះ បាន​រារាំង​មិន​ឲ្យ​ពួក​គេ​ចូល​ទៅ​ធ្វើ​ស្រែ​ចម្ការ​នៅ​លើ​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល​បាន​ទៀត​ទេ។

ពួក​គេ​ទាមទារ​ឲ្យ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់ ជួយ​រក​ដំណោះស្រាយ​ទៅ​លើ​បញ្ហា​ជម្លោះ​ដីធ្លី​ដែល​កំពុង​តែ​កើត​មាន​នេះ។

ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​ត្រពាំង​ត្រាវ គឺ​លោកស្រី គង់ សំបូរ។ លោកស្រី​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​មេសា ថា លោកស្រី​មាន​ដី​ស្រែ និង​ចម្ការ​ទំហំ ៤​ហិកតារ ហើយ​តែង​ចូល​ទៅ​ធ្វើ​កសិកម្ម​អាស្រ័យ​ផល​ជិត ១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រយៈពេល ៣​ឆ្នាំ​ជាប់ៗ​គ្នា​មក​នេះ មាន​ទាហាន​ខ្លះ ព្រម​ទាំង​សហគមន៍​ការពារ​ព្រៃ​ឈើ​ផង បាន​ហាមឃាត់​មិន​ឲ្យ​លោកស្រី​ចូល​ទៅ​ធ្វើ​ស្រែ​ចម្ការ​បាន​ទេ។

លោកស្រី គង់ សំបូរ បញ្ជាក់​ថា ដី​ស្រែ​ចម្ការ​របស់​គាត់ គឺ​មេ​ភូមិ និង​ចៅ​សង្កាត់​បន្សាយរាក់ បាន​ធ្វើ​បង្កាន់ដៃ​កម្មសិទ្ធិ​ឲ្យ​ត្រឹមត្រូវ​កាល​ពី​ឆ្នាំ​២០១៣ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ពេល​នេះ ទាហាន​ខ្លះ ព្រម​ទាំង​សហគមន៍​ការពារ​ព្រៃ​ឈើ​រំដួល​វាសនា ទៅ​អះអាង​ថា​ជា​ដី​របស់​គេ និង​របស់​សហគមន៍​ព្រៃ​ឈើ​ទៅ​វិញ?«កាល​ពី​ដី​នោះ​នៅ​មាន​ដុប នៅ​មាន​ព្រៃ គឺ​អត់​ទាន់​មាន​សហគមន៍​ព្រៃ​ឈើ មាន​ទាហាន​មក​អះអាង​ទេ។ ដល់​ខ្ញុំ​ធ្វើ​ដី​បាន​ស្រឡះ​ទៅ ស្រាប់​តែ​មាន​សហគមន៍ មាន​ទាហាន​មក​យក​ដី​ខ្ញុំ​ទៅ​វិញ»

សហគមន៍​ការពារ​ព្រៃ​ឈើ​រំដួល​វាសនា បាន​ច្រាន​ចោល​ភ្លាមៗ​ទៅ​លើ​បញ្ហា​ដែល​ចោទ​ប្រកាន់​ថា សហគមន៍​បាន​រំលោភ​ទៅ​លើ​ដី​ស្រែ​ចម្ការ​នោះ។

ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​រំដួល​វាសនា លោក ម្លិះ ហឿត មាន​ប្រសាសន៍​ថា ចាប់​តាំង​តែ​ពី​ឆ្នាំ​២០០៩ មក ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រគល់​ដី​ព្រៃ​ទំហំ​ជាង ៦.៤០០​ហិកតារ ឲ្យ​សហគមន៍​របស់​លោក​ការពារ។ ប៉ុន្តែ​ក្រោយ​ពី​កម្ពុជា-ថៃ មាន​ជម្លោះ​ព្រំដែន​ជាមួយ​គ្នា​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ហើយ​រដ្ឋាភិបាល​ខ្មែរ​បាន​បញ្ជូន​កងទ័ព​ដាក់​ពង្រាយ​នៅ​តាម​ព្រំដែន​មក គឺ​ទាហាន​ខ្លះ​បាន​រំលោភ​យក​ដី​ព្រៃ​សហគមន៍​ជាច្រើន​កន្លែង ដោយ​មិន​អាច​ទប់ស្កាត់​បាន​ទេ។

លោក ម្លិះ ហឿត បញ្ជាក់​ទៀត​ថា ចាប់​តាំង​ពី​ទាហាន​រំលោភ​យក​ផ្នែក​ខ្លះ​របស់​ព្រៃ​សហគមន៍​ទៅ​សង់​លំនៅឋាន គឺ​កន្លែង​ខ្លះ​ទៀត​ក៏​មាន​ប្រជាពលរដ្ឋ​ចូល​ទៅ​ដណ្ដើម​កាន់​កាប់ ដោយ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ឃុបឃិត​លក់​ឲ្យ​ពលរដ្ឋ​ទៀត​ផង។ ទោះ​យ៉ាង​ណា សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​តែ​ប្រកាន់​ជំហរ​ការពារ​ដី​នោះ ដោយសារ​តែ​ថ្នាក់​ជាតិ​នៅ​តែ​ចាត់​ទុក​ដី​នោះ គឺ​ជា​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ឡើយ៖ «មាន​តែ​បង្កាន់ដៃ​ក្បាល​ដី​នោះ ត្រឹម​មេ​ភូមិ មេ​ឃុំ​ប៉ុណ្ណោះ មិន​អាចទទួល​ស្គាល់​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​បាន​ទេបញ្ហា​ហ្នឹង​ដោយសារ​មេ​ឃុំ​ចង់​បាន​អំណាច ចេះ​តែ​គាំទ្រ​អ្នក​ខុស»

ប្រធាន​សហគមន៍​ព្រៃ​ឈើ​រំដួល​វាសនា បាន​ចោទ​ប្រកាន់​វិញ​ថា ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​ដែល​ចូល​ទៅ​រស់នៅ និង​រុក​រាន​ដី​ព្រៃ​សហគមន៍​ធ្វើ​ស្រែ​ចម្ការ​នោះ គឺ​ដោយសារ​តែ​ឃុបឃិត​គ្នា​ជាមួយ​នឹង​អាជ្ញាធរ​ភូមិ-ឃុំ​មិន​ត្រឹមត្រូវ​តាម​ច្បាប់។

កាល​ពី​ឆ្នាំ​២០១០ សមាជិក​របស់​សហគមន៍​ការពារ​ព្រៃ​ឈើ​រំដួល​វាសនា​ជាច្រើន​នាក់ ធ្លាប់​រង​របួស​ដោយសារ​តែ​ទាហាន​មួយ​ក្រុម​ដែល​រំលោភ​ដីធ្លី ព្រួត​គ្នា​វាយ​សំពង​ក្នុង​ពេល​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​សហគមន៍​ចុះ​ទៅ​បណ្ដេញ​ឲ្យ​ចាកចេញ​ពី​តំបន់​ព្រៃ​ការពារ​នោះ។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី មិន​អាច​សុំ​ការ​អធិប្បាយ​ពី​ចៅ​សង្កាត់​បន្សាយរាក់ លោក ហែម សេដា ជុំវិញ​រឿង​ចោទ​ប្រកាន់​ថា អាជ្ញាធរ​ភូមិ-ឃុំ គឺ​ជា​អ្នក​ឃុបឃិត​លក់​ដី​ព្រៃ​នេះ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ដោយ​លោក​ប្រាប់​ថា​ជាប់​រវល់​ប្រជុំ។

ចំណែក​អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី ក៏​មិន​ទាន់​បង្ហាញ​ជំហរ​ឲ្យ​ដឹង​ពី​ដំណោះស្រាយ​បញ្ហា​ដី​នោះ​យ៉ាង​ណា​នៅ​ឡើយ ពីព្រោះ​លោក​ក៏​ប្រាប់​ថា កំពុង​ជាប់​រវល់​ប្រជុំ​ដែរ។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​រឿង​ទំនាស់​ដីធ្លី​នៅ​សហគមន៍​ការពារ​ព្រៃ​ឈើ​រំដួល​វាសនា​នោះ ហើយ​លោក​មិន​មាន​ជំនឿ​ថា អាជ្ញាធរ​អាច​ដោះស្រាយ​បាន​ទេ ពីព្រោះ​តែ​លោក​ដឹង​ថា ការ​បាត់បង់​ដី​ព្រៃ​សហគមន៍​នោះ គឺ​ដោយសារ​តែ​អាជ្ញាធរ​ភូមិ​អូរបាត់ដាវ និង​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​បន្សាយរាក់ ខ្លះ​ឃុបឃិត​គ្នា​យក​ទៅ​លក់ដូរ​មែន៖ «ប្រជាពលរដ្ឋ​ខ្លះ​ប្រាប់​ថា គាត់​បាន​ដី​នោះ​ដោយសារ​តែ​គាត់​ទិញ​គេអ៊ីចឹងមាន​ន័យ​ថា អាជ្ញាធរ​មូលដ្ឋាន​ខ្លះ​មាន​ការ​ឃុបឃិត​គ្នា​លក់​ដី​របស់​រដ្ឋ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ»

ប្រជាពលរដ្ឋ​ខ្លះ​ដែល​ទើប​តែ​ចូល​ទៅ​កាន់​កាប់​ដី​ស្រែ​ចម្ការ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​រំដួល​វាសនា​នោះ ពិត​ជា​អះអាង​ដូច​គ្នា​នឹង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​និយាយ​នោះ​មែន។ ពួក​គេ​ប្រាប់​ថា កាល​ពី ៤-៥​ឆ្នាំ​មុន ពួក​គេ​បាន​ចូល​ទៅ​កាប់​គាស់​ព្រៃ​យក​ដី​ធ្វើ​ស្រែ​ចម្ការ​នោះ គឺ​មេ​ភូមិ​អូរបាត់ដាវ បាន​យក​ប្រាក់​ពី​ពួក​គេ​ចំនួន ៥​ម៉ឺន​រៀល​ក្នុង ១​ហិកតារ ហើយ​នៅ​ឆ្នាំ​២០១៣ នៅ​ពេល​ដែល​ពួក​គេ​សុំ​បង្កាន់ដៃ​ក្បាល​ដី ក៏​ត្រូវ​បង់​ប្រាក់​ទៅ​ឲ្យ​មេ​ភូមិ និង​សង្កាត់​បន្សាយរាក់ ចំនួន ៥​ម៉ឺន​រៀល​ក្នុង ១​ហិកតារ​ទៀត ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​តែ​មាន​បញ្ហា​ជម្លោះ​ដីធ្លី។ តើ​ការ​ធ្វើ​បង្កាន់ដៃ​នោះ គឺ​ជា​ច្បាប់​អ្វី​ទៅ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles