Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០​មិន​លើក​បញ្ហា​សិទ្ធិ​មនុស្ស​សំខាន់ៗ​មក​ជជែក​ទេ

$
0
0

សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​កិច្ច​ប្រជុំ​កំពូល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន (ASEAN) លើក​ទី​៣០ ដែល​ប្រទេស​ហ្វីលីពីន (the Philippines) ធ្វើ​ជា​ម្ចាស់​ផ្ទះ មិន​បាន​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​សំខាន់ៗ​ដែល​តំបន់​នេះ​កំពុង​ប្រឈម មក​ជជែក​ពិភាក្សា​នោះ​ទេ ក្រៅ​ពី​លើក​ឡើង​ពី​ការ​លើក​កម្ពស់​សិទ្ធិ​កុមារ និង​ស្ត្រី​មួយ​ចំនួន។

កិច្ច​ប្រជុំ​កំពូល​លើក​ទី​៣០ ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ម៉ានីល (Manila) ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ មេសា ថ្នាក់​ដឹកនាំ​មិន​បាន​ជជែក​ខ្លាំងក្លា​អំពី​បញ្ហា​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​កំពុង​តែ​ប្រឈម លើក​យក​មក​ជជែក​នោះ​ទេ។ កិច្ច​ប្រជុំ​បាន​បញ្ចប់​ជាង ៦​ម៉ោង ទើប​មាន​សេចក្តី​ថ្លែងការណ៍​រួម។

ស្ថាប័ន​អង្កេត​ការណ៍​ផ្នែក​សិទ្ធិ​មនុស្ស តាមដាន​ឃើញ​ថា តំបន់​មាន​សក្ដានុពល​ដែល​សេដ្ឋកិច្ច​កំពុង​ងើប​ឡើង​នេះ កំពុង​ប្រឈម​នឹង​ការ​គាប​សង្កត់​សិទ្ធិ​បញ្ចេញ​មតិ ដូចជា​រឹតត្បិត​សំឡេង​សង្គម​ស៊ីវិល សំឡេង​អ្នក​រិះគន់​រដ្ឋាភិបាល ចលនា​សាសនា​ជ្រុល​និយម ការ​រើសអើង​ពូជ​សាសន៍ និង​ការ​សម្លាប់​ប្រជាជន​ដោយ​គ្មាន​ការ​កាត់​ទោស​ត្រឹមត្រូវ។

ចំណុច​ទី​១៩ ទី​៨៦ ទី​៨៧ នៃ​សេចក្តី​ថ្លែងការណ៍​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុង​ម៉ានីល បាន​លើក​យក​បញ្ហា​សិទ្ធិ​មនុស្ស​មក​ជជែក​ខ្លះ​ដែរ ក៏ប៉ុន្តែ​ពួក​គេ​មិន​បាន​លើក​យក​បញ្ហា​ដែល​កំពុង​តានតឹង​មក​ជជែក​វែកញែក​នោះ​ទេ។

ចំណុច​ដែល​បាន​ពិភាក្សា រួម​មាន ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី កុមារ សមភាព​យេនឌ័រ និង​ការ​ជួញដូរ​មនុស្ស។

កាល​ពី​ថ្ងៃ​ទី​២៦ មេសា បណ្ដាញ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ឬ អេ.ភី.អេច្ឆ.អា (APHR = ASEAN Parliamentarians for Human Rights) អំពាវនាវ​ឲ្យ​ប្រមុខ​រដ្ឋ ឬ​អ្នក​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​ទាំង​១០ នៅ​ក្នុង​តំបន់​អាស៊ាន រួម​ទាំង​ប្រទេស​កម្ពុជា ផង ដាក់​របៀបវារៈ​ស្ដីពី​បញ្ហា​ប្រឈម​សំខាន់ៗ​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ លើ​តុ​ពិភាក្សា​ជា​ចំហ​នៅ​ពេល​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៣០ នេះ ដែល​ជា​ឱកាស​មួយ​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ប្រឈម​សំខាន់ៗ​ក្នុង​កម្រិត​តំបន់។

បណ្ដាញ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា សកម្មភាព​គំរាម​កំហែង​ផ្នែក​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ដែល​កំពុង​កើន​ឡើង មាន​ចេតនា​នយោបាយ។ បណ្ដាញ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស បាន​ព្រមាន​ថា ការ​មិន​យក​បញ្ហា​ទាំងអស់​នេះ​ទៅ​ជជែក​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ហ្វីលីពីន អាច​គំរាម​កំហែង​ស្ថិរភាព និង​ភាព​ជោគជ័យ​រយៈពេល​វែង​នៃ​អង្គការ​តំបន់​មួយ​នេះ។

ឆ្នាំ​២០១៧ ជា​ខួប​ទី​៥០ នៃ​ការ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន (ASEAN)។ ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​សមាគម​នេះ​កាល​ពី​ឆ្នាំ​១៩៩៩។

របាយការណ៍​របស់​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) ចេញ​ផ្សាយ​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា ស្ថានភាព​សេរីភាព​បញ្ចេញ​មតិ​នៅ​ទូទាំង​តំបន់​អាស៊ាន ពិសេស​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ កំពុង​ធ្លាក់​ចុះ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

ប្រធានបទ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៧ នេះ គឺ​កិច្ច​សហការ​សម្រាប់​ការ​ផ្លាស់ប្ដូរ ការ​ភ្ជាប់​ទៅ​ពិភពលោក (Partnering for Change, Engaging the World) ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ការ​កសាង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​នៅ​ក្នុង​តំបន់ ក៏ប៉ុន្តែ​បណ្ដាញ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ព្រួយ​បារម្ភ​ថា ការ​បរាជ័យ​ដោះស្រាយ​វិបត្តិ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​អាស៊ាន ហាក់​បន្ទច់បង្អាក់​ដំណើរការ​ធ្វើ​សមាហរណកម្ម​អាស៊ាន និង​ធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយ​ជា​តំបន់​ទន់​ខ្សោយ មិន​មែន​ជា​តំបន់​ដែល​យក​ប្រជាជន​ជា​ធំ​ដូច​ដែល​មេ​ដឹកនាំ​ទាំងនេះ​ធ្លាប់​បាន​អះអាង​ទេ។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន (ASEAN) មាន​គោលការណ៍​មួយ​ស្ដីពី​ការ​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​សមាជិក។

យ៉ាង​ណា​មិញ បណ្ដាញ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​គោលការណ៍​នេះ​ថា​ជា​លេស​មួយ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​តំបន់​អាស៊ាន ដើម្បី​គេចវេះ​មិន​ដោះស្រាយ​បញ្ហា ដែល​ពួក​គេ​គិត​ថា​មិន​ផ្តល់​ផល​ចំណេញ ឬ​ប៉ះពាល់​ផល​ប្រយោជន៍​របស់​ពួក​គេ។

បណ្ដាញ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស បញ្ជាក់​ថា គោល​បំណង​នៃ​គោលការណ៍​មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង មិន​ត្រឹម​តែ​ជួយ​ការពារ​អធិបតេយ្យភាព​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ធានា​ពី​គោលការណ៍​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​នៅ​តាម​ប្រទេស​សមាជិក ហើយ​ត្រូវ​ពង្រឹង​វា ដើម្បី​ផ្តល់​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​ប្រជាជន​ទាំងអស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles