Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហជីព​សង្ឃឹម​ថា​កម្មករ​សំណង់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដែល​ខ្លួន​ទាមទារ

$
0
0

កម្មករ​សំណង់​មក​ពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​បី​ទៀត បាន​ជួបជុំ​គ្នា​លើក​បដា​នៅ​មុខ​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មេសា សុំ​ឲ្យ​ស្ថាប័ន​ជាតិ​មួយ​នេះ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល ស្នើសុំ​អត្ថប្រយោជន៍​ចំនួន ៥​ចំណុច​ឲ្យ​កម្មករ​ធ្វើ​ការ​ក្នុង​វិស័យ​នេះ។ បន្ថែម​ពី​នេះ តំណាង​កម្មករ​សំណង់​ក៏​បាន​ដាក់​ញត្តិ​មួយ​ទៀត​នៅ​ក្រសួង​ការងារ ដែរ។

ការ​ទាមទារ​ប្រាក់​ខែ​គោល​ជា​លើក​ដំបូង​សម្រាប់​កម្មករ​សំណង់ ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា។ អ្នក​ទាមទារ​មាន​គ្នា​ពី ១០០​នាក់​ទៅ ២០០​នាក់ បាន​ស្លៀកពាក់​ជា​កម្មករ​សំណង់ ដូចជា​ពាក់​មួក​ស និង​សម្លៀកបំពាក់​ឈុត​ធ្វើ​សំណង់ នាំ​គ្នា​ឈរ​លើក​បដា និង​ស្រែក​តវ៉ា​នៅ​មុខ​រដ្ឋសភា ក្នុង​គោល​បំណង​សុំ​ដាក់​ញត្តិ​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ប្រាក់​ឈ្នួល​គោល​សម្រាប់​ពួក​គាត់​ធ្វើ​សំណង់។

តំណាង​កម្មករ​ប្រាប់​ថា បច្ចុប្បន្ន កម្មករ​ធ្វើ​សំណង់​ប្រឈម​នឹង​បញ្ហា​ធំៗ​ចំនួន​៥ ហើយ​ពួក​គេ​ទាមទារ​ឲ្យ​រដ្ឋសភា និង​ក្រសួង​ការងារ អន្តរាគមន៍​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ។

លក្ខខណ្ឌ​ទាំង​៥ ដែល​កម្មករ​ស្នើ​អន្តរាគមន៍ ដូចជា​ពួក​គាត់​ចង់​បាន​ការ​កំណត់​ប្រាក់​ឈ្នួល​គោល និង​សម្ភារ​សំណង់​ឲ្យ​បាន​សមរម្យ ស្នើ​ឲ្យ​រដ្ឋាភិបាល​ចេញ​ប្រកាស​ស្ដីពី​សុខភាព សុវត្ថិភាព​សម្រាប់​កម្មករ​វិស័យ​សំណង់ ហើយ​ស្នើ​ឲ្យ​ដាក់​បញ្ចូល និង​ពន្លឿន​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម (..) ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព។ បន្ថែម​ពី​នេះ ក៏​ស្នើ​ឲ្យ​គ្រប់គ្រង និង​អធិការកិច្ច​លើ​ក្រុមហ៊ុន​ម៉ៅការ​បន្ត ព្រម​ទាំង​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​របស់​ច្បាប់​ស្ដីពី​សហជីព។

ប្រធាន​ស្ដីទី​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា (BWTUC) លោក សុខ គីន សង្ឃឹម​ថា កម្មករ​សំណង់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដែល​ខ្លួន​ទាមទារ។ លោក​ថា ការ​ទាមទារ​អត្ថប្រយោជន៍​នេះ ធ្វើ​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​រាល់​ដង កម្មករ​សំណង់​បាន​ចូលរួម​ជាមួយ​អង្គការ​វិស័យ​ផ្សេងៗ។ តែ​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដំបូង​ដែល​ក្រុម​កម្មករ​សំណង់​ប្រារព្ធ​ទិវា​ពលកម្ម ដោយ​ទាមទារ​អត្ថប្រយោជន៍​សម្រាប់​ខ្លួន​ឯង៖ «បើ​សិន​បើ​រដ្ឋសភា​នៅ​តែ​មិន​មាន​ចំណាត់ការ យើង​នឹង​តាមដាន​ទាំងអស់​គ្នា។ ពួក​យើង​ទាំងអស់​គ្នាដែល​ជា​សមាជិក​នៅ​ខាង​ក្រោយ នឹង​គាំទ្រ​ពួក​យើង​ក្នុង​ការ​ពិនិត្យ​តាមដាន​នូវ​សំណើ​របស់​ពួក​យើង»

តាម​រយៈ​សេចក្តី​ថ្លែងការណ៍ សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃ​ឈើ​កម្ពុជា ពិនិត្យ​ឃើញ​ថា កម្មករ​និយោជិត​វិស័យ​សំណង់​បច្ចុប្បន្ន​ជួប​បញ្ហា​ប្រឈម​នឹង​គ្រោះថ្នាក់​ការងារ​រហូត​ដល់​បាត់បង់​ជីវិត​ជា​រៀង​រាល់​ថ្ងៃ ហើយ​មិន​ទទួល​បាន​កិច្ច​គាំទ្រ​សង្គម​ឡើយ។ បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា​មិន​ទាន់​មាន​ការ​កំណត់​ឲ្យ​ជាក់លាក់ ហើយ​មាន​ក្រុម​ម៉ៅការ​បន្ត​ជាច្រើន ដែល​បណ្ដាល​ឲ្យ​បាត់បង់​អត្ថប្រយោជន៍​កម្មករ ជាពិសេស​ការ​រើសអើង​ស្ត្រី​ក្នុង​វិស័យ​នេះ ដូចជា​ការ​ធ្វើ​ការងារ​ដូច​គ្នា ប្រាក់​ឈ្នួល​ខុស​គ្នា ស្ត្រី​ដែល​មាន​ផ្ទៃពោះ ឬ​សម្រាក​លំហែ​មាតុភាព ត្រូវ​បាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ ដោយ​មិន​ទទួល​បាន​អត្ថប្រយោជន៍​ដូច​ច្បាប់​បាន​ចែង។

ប្រធាន​សន្តិសុខ​រដ្ឋសភា លោក នៅ យ៉ាណូរិទ្ធ បាន​ទទួល​យក​ញត្តិ​របស់​កម្មករ​សំណង់។ ក្រោយ​ពី​ដាក់​ញត្តិ​នៅ​រដ្ឋសភា ក្រុម​កម្មករ​បាន​រំសាយ​ការ​ជួប​ជុំ​គ្នា ហើយ​ត្រឡប់​ទៅ​វិញ។ តំណាង​កម្មករ​សំណង់​បាន​យក​ញត្តិ​មួយ​ទៀត​ទៅ​ដាក់​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ តំណាង​កម្មករ​ប្រាប់​ថា នៅ​ថ្ងៃ​ទី​១ ឧសភា ក្រុម​កម្មករ​សំណង់​នឹង​ចូលរួម​ជាមួយ​កម្មករ​នៅ​វិស័យ​ផ្សេងៗ​ទៀត​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ហើយ​កម្មករ​គ្រប់​វិស័យ​ដែល​មាន​គ្នា​ប្រហែល ៣.០០០​នាក់ នឹង​នាំ​គ្នា​ដើរ​ដង្ហែ​ពី​សួនច្បារ​ម្ដុំ​វត្តភ្នំ ទៅ​មុខ​រដ្ឋសភា ដើម្បី​ទាមទារ​អត្ថប្រយោជន៍​ឲ្យ​កម្មករ។

ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ខួប​លើក​ទី​១៣១ ឆ្នាំ​២០១៧ រៀបចំ​ឡើង​ក្រោម​ប្រធានបទ បញ្ហា​ប្រឈម​របស់​កម្មករ​ក្នុង​ការ​អនុវត្ត​ច្បាប់​សហជីព។ ក្នុង​ពិធី​នេះ សហជីព​មក​ពី​វិស័យ​កាត់​ដេរ សំណង់ ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដឹក​ជញ្ជូន និង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គ្រោង​នឹង​ជួប​ជុំ​គ្នា​ជាង ៣​ពាន់​នាក់ នៅ​សួនច្បារ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.ស៊ី (CDC) នៅ​ម៉ោង ៧​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១ ឧសភា ថ្លែង​សារ​អំពី​ទុក្ខ​លំបាក​របស់​កម្មករ បន្ទាប់​មក​ហែ​ក្បួន​លើក​បដា​តាម​ដង​វិថី​មាត់​ទន្លេ រួច​ឆ្ពោះ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា ឲ្យ​ដោះស្រាយ​បញ្ហា​នានា។

គម្រោង​នេះ មិន​ទទួល​បាន​ការ​គាំទ្រ​ពី​សាលា​រាជធានី​ភ្នំពេញ​ទេ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​តាម​រយៈ​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​អភិបាល​រង លោក ឃួង ស្រេង បាន​ព្រមាន​ឲ្យ​សហជីព និង​កម្មករ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ក្នុង​ករណី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​សាធារណៈ​ដែល​កើត​ចេញ​ពី​ការ​ជួប​ជុំ​គ្នា ឬ​ហែ​ក្បួន​តាម​ដង​ផ្លូវ។ អាជ្ញាធរ​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​រៀបចំ​ទិវា​នេះ​នៅ​នឹង​ទីស្នាក់ការ​របស់​ខ្លួន ឬ​ទីតាំង​ឯកជន ដោយ​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ឡើយ។

សហព័ន្ធ​សហជីព និង​សមាគម បាន​ចាត់​ទុក​ថា ការ​ហាមឃាត់​នេះ​គឺ​ជា​ការ​រំលោភ​សិទ្ធិ។ ពួក​គេ​ប្ដេជ្ញា​ក្បួន​កម្មករ​ជាង ៣​ពាន់​នាក់ ដាក់​ញត្តិ​នៅ​រដ្ឋសភា​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា ឲ្យ​ទាល់​តែ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles