Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

មន្ត្រី​សុខាភិបាល​ខែត្រ​ស្ទឹងត្រែង​ជាង​៣០០​នាក់​មិន​ទាន់​ទទួល​បាន​ប្រាក់​តំបន់

$
0
0

មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខែត្រ​ស្ទឹងត្រែង ជាង ៣០០​នាក់ ត្អូញត្អែរ​ពី​ភាព​យឺតយ៉ាវ​នៃ​ការ​ទទួល​បាន​ប្រាក់​តំបន់ ឬ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ។ ពួក​គេ​ចង់​ឲ្យ​ក្រសួង​សាមី អន្តរាគមន៍​ដោះស្រាយ​រឿង​នេះ និង​សុំ​ឲ្យ​មាន​ការ​បកស្រាយ​ឲ្យ​បាន​ច្បាស់លាស់។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បញ្ជាក់​ថា មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ពី​ករណី​នេះ​ទេ។

មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខែត្រ​ស្ទឹងត្រែង អំពាវនាវ​នៅ​ថ្ងៃ​ទី​៣០ មេសា ស្នើ​ឲ្យ​ក្រសួង​សុខាភិបាល អន្តរាគមន៍​ដោះស្រាយ​ពី​ភាព​យឺតយ៉ាវ​បើក​ប្រាក់​ឧបត្ថម្ភ​ជូន​ពួក​គាត់។

ការ​លើក​ឡើង​នេះ ក្រោយ​ពី​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​បាន​កំណត់​ឲ្យ​មន្ត្រី​ក្រសួង​សុខាភិបាល នៅ​ខែត្រ​ដាច់ស្រយាល​ទទួល​ប្រាក់​តំបន់​ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៥ ត​ទៅ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ពួក​គេ​នៅ​ពុំ​ទាន់​ទទួល​បាន​ប្រាក់​ទាំងនោះ​នៅ​ឡើយ​ទេ។

មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ មេសា ថា ពួក​គេ​នៅ​តែ​មន្ទិល និង​មិន​អស់​ចិត្ត​ពី​ភាព​យឺតយ៉ាវ​នៃ​ការ​ផ្តល់​ប្រាក់​តំបន់ និង​ចង់​ឲ្យ​ក្រសួង​ស្រាយ​បំភ្លឺ​ឲ្យ​ច្បាស់លាស់ ខណៈ​រដ្ឋបាល​មន្ទីរ​សុខាភិបាល​ខែត្រ​ស្ទឹងត្រែង បាន​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​ទៅ​ក្រសួង​រួច​ហើយ។ លោក​ស្នើ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល អន្តរាគមន៍​ដោះស្រាយ​រឿង​នេះ​ដោយ​យុត្តិធម៌ ដើម្បី​សម្រាល​ការ​លំបាក​របស់​ពួក​គេ។

ប្រាក់​តំបន់ គឺ​ជា​ប្រាក់​សម្រាប់​ឧបត្ថម្ភ​ប្រចាំ​ខែ ដែល​ក្រសួង​ផ្ដល់​ជូន​មន្ត្រី​រាជការ​ស៊ីវិល​ក្នុង​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ ដែល​កំពុង​ប្រតិបត្តិ​ការងារ​តាម​ភូមិសាស្ត្រ​ដាច់ស្រយាល ដែល​ត្រូវ​កំណត់​ជា​តំបន់​ជួប​ការ​លំបាក។ ប្រាក់​តំបន់ ត្រូវ​បាន​កំណត់​ដោយ​ព្រះរាជក្រឹត្យ​មាន​ចំនួន​ចាប់​ពី ៨​ម៉ឺន​រៀល​ដល់ ១២​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ អនុក្រឹត្យ​នេះ​មាន​ទិសដៅ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​សេវា​សុខាភិបាល និង​សេវា​អប់រំ​នៅ​តំបន់​ជួប​ការ​លំបាក និង​តំបន់​ដាច់ស្រយាល។

ប្រធាន​មន្ទីរ​អប់រំ​ខែត្រ​ស្ទឹងត្រែង លោក អ៊ុង សូវៀត បដិសេធ​មិន​អធិប្បាយ​ករណី​នេះ​ទេ​នៅ​ថ្ងៃ​ទី​៣០ មេសា ដោយ​លោក​បញ្ជាក់​ថា​កំពុង​ជាប់​រវល់។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក ឡូ វាសនាគីរី ថ្លែង​នៅ​ថ្ងៃ​ទី​៣០ មេសា ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​នេះ​ទេ។ តែ​យ៉ាង​ណា លោក​ថា​នឹង​ពិនិត្យ​បញ្ហា​នេះ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ចាត់​ទុក​ភាព​យឺតយ៉ាវ​ផ្តល់​ប្រាក់​តំបន់​ដល់​មន្ត្រី​សុខាភិបាល អាច​មាន​ភាព​ចន្លោះ​ប្រហោង​ពាក់ព័ន្ធ​ដំណើរ​ប្រតិបត្តិ​ការងារ​រដ្ឋបាល​របស់​ក្រសួង​សាមី ឬ​អាច​មាន​ភាព​មិន​ប្រក្រតី ប្រសិន​ប្រាក់​ទាំងនោះ​ត្រូវ​បាន​គេ​ផ្អឹប​ទុក​ច្រើន​ខែ ឬ​ប្រើប្រាស់​ខុស​ទិសដៅ។ លោក​ថា ភាព​យឺតយ៉ាវ​នេះ​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​បម្រើ​សេវា​សាធារណៈ​ដល់​ពលរដ្ឋ និង​មិន​បាន​លើក​ទឹក​ចិត្ត​ដល់​ការ​បំពេញ​ការងារ​របស់​មន្ត្រី​សុខាភិបាល​នៅ​តំបន់​ជួប​ការ​លំបាក​នោះ​ទេ៖ «ភាព​យឺតយ៉ាវ​ត្រឹម ១​ខែ​ទៅ ២​ខែ វា​អាច​មាន​បញ្ហា​រដ្ឋបាល ហើយ​ការ​យឺតយ៉ាវ​យូរ​បែប​នេះ ខ្ញុំ​គិត​ថា​វា​អាច​មាន​រឿង​ណា​មួយ​កើត​ឡើង​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ហើយពេល​ដឹង​ព័ត៌មាន​នេះ​ហើយ ក្រសួង​សុខាភិបាល ត្រូវ​អន្តរាគមន៍​ធ្វើ​ម៉េច​ផ្តល់​ប្រាក់​តំបន់​ឲ្យ​ទៅ​មន្ត្រី​សុខាភិបាល ឲ្យ​បាន​ទាន់​ពេលវេលា»

អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៥ ស្ដីពី​ប្រាក់​តំបន់​សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល​ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល ឲ្យ​ដឹង​ថា កម្រិត​ប្រាក់​តំបន់​សម្រាប់​ផ្តល់​ជូន​មន្ត្រី​រាជការ​ស៊ីវិល​ដែល​កំពុង​បម្រើ​ការងារ​តាម​តំបន់​ជួប​ការ​លំបាក ឬ​តំបន់​ដាច់ស្រយាល ត្រូវ​ទទួល​បាន​ប្រាក់​តំបន់​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៥ ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles