ប្រជាពលរដ្ឋ និងជាអ្នកនេសាទសមុទ្រចំនួន ២ឃុំក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអំពាវនាវជាថ្មីម្តងទៀតទៅដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយសង្គ្រោះផ្ទៃបឹងកង្កែប និងព្រៃកោងកាងរាប់រយពាន់ហិកតារនៅជុំវិញបឹងនេះ ដែលត្រូវបុគ្គលមានអំណាច និងឈ្មួញមានទ្រព្យ បានឃុបឃិតជាមួយមន្ត្រីមន្ទីរសុរិយោដីខេត្ត ធ្វើប្លង់កម្មសិទ្ធិរំលោភយក។
ប្រជាពលរដ្ឋរស់នៅមូលដ្ឋានខេត្តព្រះសីហនុ ពិសេសពលរដ្ឋមានរបរជាអ្នកនេសាទសមុទ្រ សំណូមពរជាថ្មីម្តងទៀតឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយសង្គ្រោះបឹងធម្មជាតិ គឺបឹងកង្កែប។
អ្នកនេសាទសមុទ្ររស់នៅឃុំបិតត្រាំង និងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអះអាងថា បច្ចុប្បន្ននេះ ដីចំណីមាត់បឹងកង្កែប និងផ្ទៃបឹងទាំងមូល ត្រូវបុគ្គលមានអំណាចក្នុងជួរថ្នាក់ដឹកនាំកងទ័ពជើងទឹកសមុទ្ររាម និងឈ្មួញមានទ្រព្យមានងារជាឧកញ៉ា និងមន្ត្រីរាជការក្រោមឱវាទរាជរដ្ឋាភិបាលមួយចំនួន បានឃុបឃិតជាមួយមន្ត្រីសុរិយោដីខេត្តនេះធ្វើប្លង់កម្មសិទ្ធិរំលោភយក និងបានចាក់ដីលុបព្រៃកោងកាង និងលុបផ្ទៃបឹងជាបន្តបន្ទាប់ ដើម្បីដាំដូង សង់របងហ៊ុមព័ទ្ធដី និងសង់សំណង់រឹងមាំ ជាដើម៖ «ប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញបរិវេណមាត់បឹងកង្កែប គឺពួកគាត់បានយកបឹងធម្មជាតិទឹកប្រៃមួយនេះ ដើម្បីធ្វើនេសាទក្តាមបង្គា និងត្រីផ្សេងៗ ដើម្បីយកទៅលក់ដូរ និងសម្រាប់ចម្អិនទទួលទានប្រចាំជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែនៅពេលបិទច្រក ឬព្រៃកោងកាងត្រូវបំផ្លាញនៅបឹងកង្កែបនេះ គឺធនធានសមុទ្រមានត្រីសមុទ្រជាដើម ត្រូវបំផ្លាញ។ ខ្ញុំសូមអំពាវនាវក្នុងនាមពលរដ្ឋនៅក្នុងមូលដ្ឋានជុំវិញបរិវេណមាត់បឹងកង្កែបនេះ គឺស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជួយទប់ស្កាត់សកម្មភាពរំលោភបឹងកង្កែបធ្វើកម្មសិទ្ធិឯកជន ដើម្បីរក្សាផ្ទៃបឹង និងបរិវេណមាត់បឹងកង្កែបមួយនេះឲ្យបានគង់វង្ស ទើបពលរដ្ឋមានទំនុកចិត្តឡើងវិញ»។
ប្រជាពលរដ្ឋខេត្តព្រះសីហនុ កំពុងរង់ចាំស្តាប់លទ្ធផលជុំវិញការចេញបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្តល់សិទ្ធិឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ពិនិត្យសើរើឡើងវិញចំពោះការចេញប្លង់ប័ណ្ណកម្មសិទ្ធិជូនបុគ្គលឯកជនទៅលើដីព្រៃកោងកាងនៅតាមខេត្តជាប់ឆ្នេរសមុទ្រទាំង៤ ដើម្បីឈានដល់និរាករណ៍ ឬលុបប័ណ្ណកម្មសិទ្ធិ និងឯកសារបញ្ជាក់កម្មសិទ្ធិដីធ្លីផ្សេងទៀតដែលមានការពាក់ព័ន្ធដីព្រៃកោងកាង។
បទបញ្ជារបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលនេះ ទទួលបានការសាទរពីប្រជាពលរដ្ឋមានទីលំនៅតាមខេត្តជាប់ឆ្នេរសមុទ្រទាំង៤ មានខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។
សហគមន៍ និងអ្នកនេសាទសមុទ្ររស់នៅឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ បង្ហាញការព្រួយបារម្ភចំពោះសកម្មភាពឃុបឃិតរំលោភយកដីមានដុះព្រៃកោងកាងនៅជុំវិញបរិវេណបឹង និងសកម្មភាពចាក់ដីរំលោភផ្ទៃបឹងកង្កែបទាំងមូល បានបន្តកើតមាន ហើយរដ្ឋបាលខេត្តព្រះសីហនុ គ្មានវិធានការទប់ស្កាត់ទេ។
ប្រធានសហគមន៍សេ.អ៊ី.ប្រាំ (CI5) លោក ស៊ុន សុផាត បានអះអាងថា សព្វថ្ងៃនេះ ផ្ទៃបឹងកង្កែប និងដីនៅជុំវិញបឹងកង្កែបដែលដុះព្រៃកោងកាងរាប់រយពាន់ហិកតារ ជាជម្រកត្រីសមុទ្របន្តពូជ ត្រូវកាន់កាប់ដោយឯកជនស្ទើរទាំងស្រុង ព្រោះបច្ចុប្បន្ននេះ ដីចំណីមាត់បឹងកង្កែប និងផ្ទៃបឹងទាំងមូល ត្រូវបានគេបោះបង្គោលថ្មកំណត់សម្គាល់ក្បាលដីតាមម្ចាស់នីមួយៗ និងមានបុគ្គលខ្លះទៀតបានចាក់ដីលុបព្រៃកោងកាង និងដាំដើមដូងនៅលើទីតាំងបឹងកង្កែប ហើយមានភស្តុតាងជាក់ស្តែងនៅលើទីតាំងនោះ។
លោកស្នើដល់ប្រមុខដឹកនាំជួយថែរក្សា និងជួយសង្គ្រោះបឹងកង្កែប ឈានដល់ការពារអភិរក្សព្រៃកោងកាងជាជម្រកត្រីសមុទ្របន្តពូជឲ្យបានគង់វង្ស ទុកសម្រាប់កូនចៅជំនាន់ក្រោយប្រកបរបរនេសាទសម្រាប់ចិញ្ចឹមជីវិតជាលក្ខណៈគ្រួសារជាបន្តទៀត។
ចំណែកមន្ត្រីសង្គមស៊ីវិលឃ្លាំមើលការងារអភិវឌ្ឍន៍សង្គមមួយចំនួននាខេត្តព្រះសីហនុ បានបញ្ជាក់ថា សកម្មភាពទន្ទ្រានកាន់កាប់រំលោភយកដីចំណីមាត់បឹង និងផ្ទៃបឹងកង្កែបពីសំណាក់មន្ត្រីមានអំណាច និងឈ្មួញមានទ្រព្យមួយចំនួន បានកើតមានយូរឆ្នាំមកហើយ និងគ្មានការទប់ស្កាត់ពីអាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ នោះទេ។ មន្ត្រីសង្គមស៊ីវិលរកឃើញថា បុគ្គលមួយចំនួនដែលមានឈ្មោះកាន់កាប់ដីចំណីមាត់បឹងកង្កែប ទោះតាមរយៈការទិញបន្តពីប្រជាពលរដ្ឋ ឬបុគ្គលផ្សេងៗក្តី ក្នុងនោះមានឈ្មោះថ្នាក់ដឹកនាំនៅក្នុងជួរមេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម និងមានមន្ត្រីរាជការខ្លះទៀតកំពុងបម្រើការងារនៅក្នុងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីមួយចំនួនកំពុងបម្រើការងារនៅថ្នាក់ជាតិ ក៏មានជាប់ពាក់ព័ន្ធ ឬមានឈ្មោះកាន់កាប់ដីព្រៃកោងកាងនៅភូមិអុង ជុំវិញបរិវេណបឹងកង្កែប និងមានបុគ្គលខ្លះ ថែមទាំងមានប្លង់កម្មសិទ្ធិស្របច្បាប់ថែមទៀត។
បុគ្គលមានឈ្មោះកាន់កាប់ដីចំណីមាត់បឹងកង្កែប និងបានចាក់ដីលុបព្រៃកោងកាងដែលដុះនៅជុំវិញបឹងធម្មជាតិមួយនេះ បានយកទីតាំងនៅជុំវិញបឹងនេះទៅដាំដូង និងបុគ្គលខ្លះទៀតបានចាក់ដី ឬបោះបង្គោលថ្មកំណត់ទីតាំងដីរៀងៗខ្លួនចាប់ពីដីគោក រហូតដល់ក្នុងផ្ទៃទឹក នៃបឹងកង្កែបថែមទៀតនាពេលបច្ចុប្បន្ន។
ឆ្លើយតបបញ្ហានេះ នាយកខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក នេន ចំរើន បានឲ្យដឹងថា កន្លងមក ស្ថាប័ននេះធ្លាប់បានធ្វើរបាយការណ៍ដាក់ជូនអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ទាក់ទិនការចេញប័ណ្ណកម្មសិទ្ធិជូនបុគ្គលឯកជនទៅលើដីព្រៃលិចទឹក ឬដីព្រៃកោងកាងនេះរួចហើយ។ លោកបន្តថា ករណីនេះគឺស្ថិតក្នុងដៃថ្នាក់ដឹកនាំខេត្ត និងមន្ទីររៀបចំដែនដី មាននីតិវិធីបន្តតាមច្បាប់។
បញ្ហានេះដែរ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មិនធ្វើអត្ថាធិប្បាយទៅលើការចេញប្លង់កម្មសិទ្ធិ ដែលត្រូវមន្ត្រីមន្ទីរសុរិយោដី និងថ្នាក់ដឹកនាំខេត្តនេះក្នុងអាណត្តិកន្លងមក ចេញប្លង់ជូនឯកជននៅលើដីព្រៃកោងកាងនៅជុំវិញចំណីមាត់បឹង និងផ្ទៃបឹងកង្កែបនេះទេ។ លោកបញ្ជាក់ខ្លីថា ករណីនេះនឹងជូនរបាយការណ៍ដែលទទួលបានពីរដ្ឋបាលខណ្ឌជលផលខេត្តនេះ អំពីចំនួនប័ណ្ណកម្មសិទ្ធិទាំងឡាយដែលចេញទៅលើដីព្រៃលិចទឹក ឬដីព្រៃកោងកាងមានការចេញប្លង់ទៅលើដីចំណី និងផ្ទៃបឹងកង្កែបជាដើម ដាក់ជូនថ្នាក់ដឹកនាំមានវិធានការបន្ត។
យ៉ាងណាក៏ដោយចុះ អ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋ ពិសេសពលរដ្ឋមានរបរជាអ្នកនេសាទសមុទ្ររស់នៅឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ បានសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយបញ្ចេញកណ្ដាប់ដៃដែក ដើម្បីសង្គ្រោះព្រៃកោងកាងដែលដុះនៅជុំវិញមាត់បឹងកង្កែប និងផ្ទៃបឹងធម្មជាតិនេះទាំងមូល ទុកសម្រាប់ជាជម្រកត្រីសមុទ្របន្តពូជឲ្យបានគង់វង្ស និងឲ្យមកសភាពដើមវិញ។ ជាងនេះទៀត ក៏ត្រូវវែកមុខអ្នកឃុបឃិតប្រព្រឹត្តបទល្មើសឈានដល់ចេញប្លង់កម្មសិទ្ធិជូនបុគ្គលឯកជនទៅលើដីចំណីមាត់បឹង និងផ្ទៃបឹងកង្កែប ដែលមានដុះព្រៃកោងកាងរាប់រយហិកតារ ដើម្បីឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ឬដកឋានៈបុណ្យស័ក្តិដើម្បីជាការព្រមាន៕