មន្ត្រីគណបក្សប្រឆាំងសន្យាថា នឹងលុបបំបាត់អំពើពុករលួយចំពោះការផ្ដល់សេវាសាធារណៈនៅក្នុងមូលដ្ឋាន ប្រសិនបើមេឃុំ-ចៅសង្កាត់មកពីគណបក្សខ្លួនឈ្នះឆ្នោត។ ចំពោះមន្ត្រីគណបក្សកាន់អំណាចឌឺដងថា ប្រសិនបើមេឃុំមកពីបក្សប្រឆាំងជាប់ឆ្នោត អាចនឹងមានអំពើពុករលួយកាន់តែខ្លាំងទៅវិញ។
នៅក្នុងវេទិកាផ្សព្វផ្សាយគោលនយោបាយទាំង ៥ចំណុចរវាងអ្នកតំណាងរាស្ត្រ និងម្ចាស់ឆ្នោតនៅខេត្តក្រចេះ នៅថ្ងៃទី៣០ មេសា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ រិះគន់ថា សព្វថ្ងៃការប្រព្រឹត្តអំពើពុករលួយក្នុងការផ្ដល់សេវាសាធារណៈ ដូចជាការផ្ដល់លិខិតស្នាមផ្សេងៗជូនពលរដ្ឋរបស់មេឃុំ ឬចៅសង្កាត់ បានក្លាយជាទម្លាប់ទៅហើយ។
តំណាងរាស្ត្ររូបនេះក៏បានជំរុញឲ្យបេក្ខជនមេឃុំ-សង្កាត់របស់ខ្លួន ថាត្រូវគោរពតាមកម្មវិធីគោលនយោបាយទាំង ៥ចំណុច ដែលចែងថា ត្រូវតែផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ និងត្រូវស្អាតស្អំជានិច្ច៖ «មុននឹងទៅសាលាឃុំ សួរគ្នាហើយៗ ហាងឆេងហ្នឹងនៅពេលត្រូវបញ្ជាក់លិខិតការកូនឲ្យគេប៉ុន្មាន»។
ក្រៅពីនេះ លោក អ៊ូ ច័ន្ទឫទ្ធិ បានរិះគន់បន្តថា ការផ្ដល់ដីសម្បទាន ឬធ្វើការអភិវឌ្ឍកន្លងមករបស់រដ្ឋាភិបាល មិនដែលធ្វើការពិគ្រោះយោបល់ជាមួយពលរដ្ឋក្នុងមូលដ្ឋានឡើយ បើទោះជាការអភិវឌ្ឍទាំងនោះបានផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋក្ដី។ លោកបន្តថា មេឃុំមកពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មុនធ្វើការអភិវឌ្ឍអ្វីមួយក្នុងមូលដ្ឋាន ត្រូវឆ្លងកាត់ការសួរយោបល់ពីពលរដ្ឋ និងទុកឱកាសឲ្យពលរដ្ឋជាអ្នកសម្រេចជាមុនសិន។
សារនយោបាយរិះគន់របស់មន្ត្រីបក្សកាន់អំណាចមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដ៏ខ្លីពេលនេះ ត្រូវមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា យល់ថា ជាការសន្យាបានតែមាត់។ ម្យ៉ាងវិញទៀត ប្រសិនបើមេឃុំបក្សប្រឆាំងជាប់ឆ្នោត អំពើពុករលួយក្នុងមូលដ្ឋានអាចមានកាន់តែច្រើន៖ «គេហៅមេឃុំ តំណាងប្រជាពលរដ្ឋហ្នឹង បើហៅប្រជាពលរដ្ឋគ្រប់គ្នាមកដោះស្រាយ ខ្ញុំយល់ថាធ្វើអីក៏អត់ចេញដែរ។ វិធីរបស់គណបក្សប្រជាជន ទីមួយមានច្បាប់អាស្សាមិករណ៍ហើយ។ ទី២ បើសិនដីហ្នឹងអត់មានកម្មសិទ្ធិទេ អត់មានសំបុត្រអីជាតឹកតាងទេ យើងដោះស្រាយតាមលក្ខណៈឈ្នះទាំងអស់គ្នា»។
លោក សុខ ឥសាន បន្តថា រាល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាស្ពាន ថ្នល់ រដ្ឋាភិបាលតែងតែបង្កើតគណៈកម្មការអន្តរក្រសួងដែលសហការជាមួយម្ចាស់ជំនួយ ដើម្បីដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋជាមុន។ លោកបញ្ជាក់ថា ចំពោះការពង្រីកផ្លូវនៅតាមមូលដ្ឋានវិញ គឺរដ្ឋាភិបាលហៅមេឃុំដែលតំណាងឲ្យពលរដ្ឋមកដោះស្រាយជានិច្ចដែរ។
មន្ត្រីបក្សកាន់អំណាចរូបនេះបញ្ជាក់ថា ក្នុងចំណោមកម្មវិធីគោលនយោបាយទាំង ១៣ចំណុចរបស់បក្ស ក៏បានចែងឲ្យមានការការពារពលរដ្ឋពីការរឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែង និងដីធ្លីដោយបំពាន ការផ្ដល់ដីសម្បទានសង្គមកិច្ចចំពោះពលរដ្ឋក្រីក្រគ្មានដីធ្លី និងការរកទីផ្សារកសិផលជូនពលរដ្ឋ ជាដើម។
ទោះជាយ៉ាងនេះក្ដី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក សំ គន្ធាមី ពិនិត្យឃើញថា ការសន្យារបស់អ្នកនយោបាយកន្លងមកហាក់ជាការបោកប្រាស់ពលរដ្ឋប៉ុណ្ណោះ ព្រោះរឿងមួយចំនួន អ្នកនយោបាយធ្វើមិនបានដូចការសន្យាឡើយនៅពេលខ្លួនត្រូវបានពលរដ្ឋគាំទ្របោះឆ្នោតឲ្យ។ លោកអះអាងបន្ថែមថា នៅតាមមូលដ្ឋាន ការប្រព្រឹត្តអំពើពុករលួយនៅតែកើតមាន ហើយការអភិវឌ្ឍឲ្យមានប្រព័ន្ធភ្លើង ទឹក និងផ្លូវ ជាពិសេសនៅតាមតំបន់ព្រំដែន ក៏មិនទាន់មាននៅឡើយ៖ «ការធ្វើបានរបស់អ្នកនយោបាយនៅមានកម្រិតនៅឡើយ ព្រោះតម្រូវការរបស់ប្រជាពលរដ្ឋនៅមានច្រើនហ្នឹង ជាពិសេសផ្លូវថ្នល់ ប្រព័ន្ធប្រឡាយទឹកនៅតាមបណ្ដាឃុំនានា»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺគណបក្សនយោបាយទាំងអស់ដែលចុះបញ្ជីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា។ ស្របពេលគ្នានេះ គណបក្សមានសំឡេងក្នុងសភាទាំងពីរ តែងតែអួតអាងថានឹងឈ្នះឆ្នោតនៅគ្រប់គ្រងឃុំ-សង្កាត់ទូទាំងប្រទេសច្រើនលើសលប់រៀងៗខ្លួន៕