លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ បានត្រឡប់មកដល់ប្រទេសវិញនៅព្រឹកថ្ងៃទី៣០ មេសា ក្រោយពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ ដែលធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃទី២៩ មេសា។ លោក ហ៊ុន សែន បានដឹកនាំមន្ត្រីរបស់លោកទៅកាន់ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៨ មេសា។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានរយៈពេលមួយថ្ងៃនៅហ្វីលីពីន ក្រុមមេដឹកនាំអាស៊ានទាំង១០ ក្រៅពីបានឯកភាពដើម្បីពង្រឹងសន្តិភាពនៅក្នុងតំបន់ និងទប់ស្កាត់អំពើភេរវកម្ម ព្រមទាំងការជួញដូរមនុស្ស ក៏បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមស្ដីពីតួនាទីរបស់សេវាមុខងារសាធារណៈជាកាតាលីករ ដើម្បីឈានទៅសម្រេចនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥៕