Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

សហគមន៍​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​កាប់​រាន​ព្រៃ​ជម្រក​សត្វ​ភ្នំ​ណាំលៀ

$
0
0

អ្នក​ឃ្លាំ​មើល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត ស៊ើប​អង្កេត​ជា​បន្ទាន់​របាយការណ៍​ចោទ​ប្រកាន់​របស់​សហគមន៍​ឃុំ​ពូជ្រៃ ស្រុក​ពេជ្រដា ថា​ព្រៃ​ឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ កំពុង​រង​ការ​កាប់​រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​បែប​អនាធិបតេយ្យ។ សេចក្តី​រាយការណ៍​នេះ ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​អាជ្ញាធរ​ភូមិ-ឃុំ ថា​ជា​អ្នក​ឃុបឃិត​ទទួល​ប្រាក់​ពី​អ្នក​កាប់​រាន​ព្រៃ​នោះ។

សមាជិក​សហគមន៍​ឃុំ​ប៊ូស្រា មិន​បញ្ចេញ​ឈ្មោះ បាន​សរសេរ​សារ​មួយ​ច្បាប់​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់ការ​ជា​បន្ទាន់​បញ្ឈប់​ការ​កាប់​រាន​ព្រៃ​តំបន់​ការពារ យក​ដី​នៅ​តំបន់​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ។

លិខិត​ស្នើសុំ​នេះ អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី បាន​រក​ឃើញ​នៅ​ក្នុង​ប្រអប់​សំបុត្រ​សាធារណៈ​របស់​សមាគម​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មេសា។ ម្ចាស់​លិខិត​មិន​បាន​បញ្ចេញ​អត្តសញ្ញាណ​ពិត​ឲ្យ​ដឹង​នោះ​ទេ ក៏ប៉ុន្តែ​បាន​រៀបរាប់​ពី​ស្ថានភាព​ព្រៃ​ឈើ​នៅ​ចំណុច​ត្រពាំង​តុញ ក្នុង​ភូមិ​ចុងផាង ហៅ​បរគួង ឃុំ​ពូជ្រៃ ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន ត្រូវ​បាន​ប្រជាពលរដ្ឋ​កាប់​រាន​អស់​រាប់​សិប​ហិកតារ ហើយ​យក​ដី​នោះ​បែងចែក​គ្នា​នៅ​ក្នុង​សហគមន៍។

ម្ចាស់​លិខិត​បាន​ចោទ​ប្រកាន់​ទៅ​លើ​មេ​ភូមិ ប្រធាន​សហគមន៍ និង​អាជ្ញាធរ​ឃុំ ថា​ជា​អ្នក​ចែក​ដី​ព្រៃ​នោះ​ឲ្យ​ប្រជាពលរដ្ឋ និង​ទទួល​ប្រាក់​ពី​ការ​ចែក​ដី​នោះ​ក្នុង​មួយ​ក្បាល​ដី ១០​ម៉ឺន​រៀល។

អ្នក​សម្របសម្រួល​អង្គការ​អាដហុក​ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា ចាត់​ទុក​លិខិត​នេះ​មាន​លក្ខណៈ​អនាមិក ក៏ប៉ុន្តែ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ លោក​នឹង​ចុះ​ពិនិត្យ​ទីតាំង​ផ្ទាល់ ដើម្បី​ផ្ទៀងផ្ទាត់​ការ​អះអាង និង​ការ​ចោទ​ប្រកាន់​របស់​ម្ចាស់​លិខិត។ លើស​ពី​នេះ​ទៀត លោក​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ប្រញាប់​ចុះ​ស៊ើប​អង្កេត និង​ទប់ស្កាត់​ករណី​នេះ ប្រសិន​រក​ឃើញ​ការ​កាប់​រាន​ព្រៃ​ខុស​ច្បាប់​នោះ​មែន៖ «យើង​នឹង​ចុះ​ស្រាវជ្រាវ​បញ្ហា​ហ្នឹង ប្រសិន​បញ្ហា​ហ្នឹង​ដូច​លិខិត​អនាមិក​អ៊ីចឹង​មែន វា​ជា​អំពើ​ខុស​ច្បាប់។ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចុះ​ទប់ស្កាត់​បន្ទាន់»

របាយការណ៍​របស់​អាជ្ញាធរ​ឃុំ​ពូជ្រៃ ឲ្យ​ដឹង​ថា មាន​តំណាង​ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ធំ ម្នាក់​បាន​មក​ស្នើសុំ​ដី​តំបន់​នោះ​ជា​ដី​សម្បទាន​សង្គមកិច្ច ដោយ​សំអាង​ថា ពួក​គេ​កំពុង​រត់​ការ​សុំ​គោលការណ៍​ពី​ថ្នាក់​ជាតិ ក៏ប៉ុន្តែ​អាជ្ញាធរ​ឃុំ​មិន​ទាន់​ឃើញ​ឯកសារ​ផ្តល់​ដី​សម្បទាន​នោះ​នៅ​ឡើយ។

ទាក់ទិន​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​ពូជ្រៃ លោក កើញ រដ្ឋា ទទួល​ស្គាល់​ថា ការ​លួច​កាប់​រាន​ព្រៃ​ពិត​ជា​មាន ក៏ប៉ុន្តែ​លោក​បដិសេធ​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ជាប់​ពាក់ព័ន្ធ​ដូច​ការ​អះអាង​ក្នុង​លិខិត​នោះ​ទេ។ លោក​ថា ប្រជាពលរដ្ឋ​សហគមន៍ គឺ​ជា​អ្នក​កាប់​រាន​ព្រៃ​យក​ដី ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​បង្ក្រាប​ច្រើន​ថ្ងៃ​មក​ហើយ ដោយសារ​តែ​អ្នក​ភូមិ​នាំ​គ្នា​កាប់​រាន​ព្រៃ ព្រោះ​ខ្លាច​ដី​នោះ​ត្រូវ​បាន​ប្រគល់​ជា​ដី​សម្បទាន​សង្គមកិច្ច​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ខាង​ក្រៅ​សហគមន៍៖ «បើ​ពួក​គាត់​នៅ​ក្នុង​ហ្នឹង​លួច​កាប់ ពួក​អភិរក្ស​ដេញ​ចាប់​រហូត មិន​មែន​ខ្ញុំ​ឲ្យ​ទេ ព្រៃ​ការពារ​បើ​សុំ​បាន បាន​ធ្វើ​បានខ្ញុំ​មិន​ទាន់​ស៊ីញេ​ឯណា! រឿង​ហ្នឹង​បើ​បរិស្ថាន​មិន​បង្ក្រាប​ជា​រឿង​បរិស្ថាន»

ចំណែក​អភិបាល​ស្រុក​ពេជ្រាដា លោក នួន សារ៉ន ទទួល​ស្គាល់​ដែរ​ថា សមាជិក​សហគមន៍​បាន​នាំ​គ្នា​កាប់​ឆ្ការ​ព្រៃ​គ្រោង​យក​ដី​មែន ក៏ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​តំបន់​នោះ​អស់​ហើយ។ លោក​បន្ត​ថា មន្ត្រី​ជំនាញ​បរិស្ថាន​សហការ​ជាមួយ​កង​កម្លាំង បាន​ដាក់​ឲ្យ​នៅ​ប្រចាំ​ការ​នៅ​ទីតាំង​នោះ ចៀសវាង​អ្នក​ភូមិ​ចូល​កាប់​ព្រៃ​បន្ត​ទៀត៖ «គឺ​កម្លាំង​យើង​ចុះ​ទប់ស្កាត់​រហូត ហើយ​កម្លាំង​យើង​កំពុង​នៅ​ហ្នឹង។ ម្យ៉ាង​ទៀត សហគមន៍​ក៏​បាន​ចុះ​ធ្វើ​ការ​ជាមួយ​កម្លាំង​យើង និង​បរិស្ថាន​កំពុង​ប្រចាំ​នៅ​ហ្នឹង​ហើយ»

របាយការណ៍​របស់​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​ឯកសារ​ស្នើសុំ​ដី​តំបន់​នោះ​ជាង ១​ពាន់​ហិកតារ​ទៅ​ថ្នាក់​ជាតិ ទុក​ធ្វើ​ជា​ដី​សម្បទាន​សង្គមកិច្ច។ លិខិត​ស្នើសុំ​នោះ​បាន​បញ្ជូន​ទៅ​ថ្នាក់​ជាតិ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ការ​សម្រេច​យ៉ាង​ណា។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុភក្ត បញ្ជាក់​ថា តំបន់​ដែល​អាជ្ញាធរ​ខេត្ត​ស្នើសុំ ជា​ដី​សម្បទាន​សង្គមកិច្ច គឺ​ជា​តំបន់​ធ្វើ​ដំណើរ​ឆ្លង​កាត់​របស់​សត្វ​ព្រៃ ប្រសិន​ប្រគល់​ដី​នោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​សត្វ​ព្រៃ។ លោក​ថា គួរ​រក្សា​ដី​នោះ​ទុក​សម្រាប់​ជា​ការ​អភិរក្ស​សត្វ​ព្រៃ​បន្ត​ទៀត៖ «ក្នុង​នាម​យើង​ជា​ជំនាញ ស្នើសុំ​ឲ្យ​បញ្ចៀស​កន្លែង​ហ្នឹង​ទៅ​រក​កន្លែង​ផ្សេង​ទៀត​ដែរ ព្រោះ​កន្លែង​ហ្នឹង​សត្វ​ធ្វើ​ដំណើរ»

តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ រង​ការ​កាប់​រាន​ព្រៃ​យក​ដី និង​កាប់​យក​ឈើ​មាន​តម្លៃ​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ បើ​ទោះ​បី​សហគមន៍​បាន​ផ្តល់​របាយការណ៍ និង​ចាប់​បាន​វត្ថុ​តាង​ជន​ល្មើស​ប្រគល់​ជូន​សមត្ថកិច្ច​ច្រើន​ករណី​ក្តី។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ដែល​រស់នៅ​ជាប់​នឹង​តំបន់​អភិរក្ស​ភ្នំ​ណាំលៀ អំពាវនាវ​សុំ​ឲ្យ​ក្រសួង​បរិស្ថាន ជាពិសេស​រាជ​រដ្ឋាភិបាល ចាត់​វិធានការ​តឹងរ៉ឹង​បញ្ឈប់​សកម្មភាព​កាប់​រាន​ព្រៃ​យក​ដី និង​កាប់​យក​ឈើ​ខុស​ច្បាប់​ក្នុង​ព្រៃ​អភិរក្ស​នេះ​តទៅទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles