Quantcast
Channel: ព័ត៌មាន​ថ្មីៗ
Viewing all articles
Browse latest Browse all 11174

អង្គការ​ជាតិ​និង​អន្តរជាតិ​ថា​ការ​បន្ត​ឃុំ​មន្ត្រី​សិទ្ធិ​មនុស្ស​ជា​ចេតនា​គាប​សង្កត់​សង្គម​ស៊ីវិល

$
0
0

សំណុំ​រឿង​បន្ត​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស ៤​រូប និង​អគ្គលេខាធិការ​រង គ..ប ដោយ​នីតិវិធី​ចុង​ក្រោយ មុន​សវនាការ​លើ​អង្គ​សេចក្ដី​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ និង​អង្គការ​សាមី ថ្កោលទោស​ចំពោះ​សេចក្ដី​សម្រេច​នេះ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

ពួក​គេ​ហៅ​ការ​ឃុំ​ខ្លួន​នេះ ថា​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ចេតនា​ខិតខំ​របស់​រដ្ឋាភិបាល ក្នុង​ការ​យាយី​ដោយ​ចេតនា​នយោបាយ ដើម្បី​គាប​សង្កត់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អ្នក​រិះគន់។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ចាត់​ទុក​ថា កម្ពុជា មាន​អធិបតេយ្យភាព​ផ្ទាល់​ខ្លួន ហើយ​ការ​ឃុំ​នេះ​ស្ថិត​ក្រោម​ស្ថាប័ន​យុត្តិធម៌​ដែល​ជា​ស្ថាប័ន​ឯករាជ្យ។

ស្ថាបនិក និង​ជា​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​កាត់​ថា អាដហុក (ADHOC) បាន​ប្រតិកម្ម​ភ្លាមៗ​បន្ទាប់​ពី​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ឃុំ​បុគ្គលិក និង​អតីត​បុគ្គលិក​របស់​ខ្លួន ៦​ខែ​បន្ថែម​ទៀត ដោយ​ពុំ​បង្ហាញ​ហេតុផល​ច្បាស់លាស់។

ប្រធាន​សមាគម​អាដហុក លោក ធន សារាយ ថ្លែង​នៅ​ក្នុង​វីដេអូ​ពី​ប្រទេស​កាណាដា (Canada) ដែល​បង្ហោះ​នៅ​ក្នុង​គេហទំព័រ​អាដហុក​ថា ការ​បន្ត​ឃុំ​ខ្លួន​អ្នក​ទាំង​៥ ពី​បទ​សម​គំនិត និង​សូកប៉ាន់​សាក្សី គឺ​ជា​រឿង​អយុត្តិធម៌​ដល់​ក្រុម​ការងារ​លោក ដែល​កំពុង​បំពេញ​ការងារ​មនុស្សធម៌។ ជាង​នេះ​ទៅ​ទៀត ពួក​គេ​ពុំ​មាន​ទោស​កំហុស ឬ​មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ថា បាន​ប្រព្រឹត្ត​អំពើ​សូកប៉ាន់ និង​សម​គំនិត​នោះ​ឡើយ។ លោក​បាន​រៀបរាប់​ពី​សាវតារ​ដែល​សមាគម​នេះ​បាន​ជួយ​តាម​សំណើ​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ ដែល​មាន​រឿង​អាស្រូវ​ស្នេហា​ជាមួយ​លោក កឹម សុខា ដោយសារ​នាង​ស្វែងរក​ជំនួយ​ផ្លូវ​ច្បាប់ និង​មាន​ការ​ភិតភ័យ​ពី​សុវត្ថិភាព៖ «»

លោក ធន សារាយ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ លោក​ថា បើ​នៅ​តែ​បន្ត​ឃុំ​ខ្លួន​បែប​នេះ រដ្ឋាភិបាល​នឹង​ខាតបង់​សន្លឹក​ឆ្នោត ហើយ​ត្រូវ​បាន​អន្តរជាតិ និង​ម្ចាស់​ជំនួយ​ថ្កោលទោស​ថែម​ទៀត។ លោក​ថា ការ​បន្ត​ឃុំ​នេះ គឺ​ជា​សារ​គំរាម​កំហែង ដែល​ធ្វើ​ឲ្យ​មនុស្ស​ក្នុង​សង្គម​មាន​ការ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច នៅ​ពេល​ដែល​រដ្ឋាភិបាល​មាន​ភាព​មិន​ច្បាស់លាស់ និង​ចាប់​មនុស្ស​ដាក់​ឃុំ​ស្រេច​តែ​អំពើ​ចិត្ត និង​រំលោភ​សិទ្ធិ​បែប​នេះ៖ «»

នៅ​ក្នុង​វីដេអូ​ដដែល លោក ធន សារាយ បន្ថែម​ទៀត​ថា រដ្ឋាភិបាល​ក៏​ត្រូវ​តែ​ខ្មាស​អៀន និង​កែលំអ​នូវ​កំហុស​ឆ្គង​របស់​ខ្លួន​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស ដើម្បី​ឆ្លើយតប​កម្ពុជា ជា​ប្រទេស​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​បាន​ចុះ​ហត្ថលេខា និង​ផ្ដល់​សច្ចាប័ន​លើ​កតិកាសញ្ញា និង​អនុសញ្ញា​ស្ដីពី​សិទ្ធិ​មនុស្ស​ច្រើន​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់។

អ្នក​ទាំង​៥ គឺ​មាន​លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី ជា​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​នេះ។ គិត​មក​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧ ពួក​គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល ១​ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី​២៧ មេសា អ្នក​ទាំង​៥ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ សម្រេច​លើក​ចុង​ក្រោយ ឃុំ​ខ្លួន​បន្ថែម ៦​ខែ​ទៀត ដោយ​សំអាង​ថា ដើម្បី​សាកសួរ​សាក្សី និង​ស្វែងរក​ភស្តុតាង​បន្ថែម​ទៀត។

ជុំវិញ​ការ​បន្ត​នីតិវិធី​ឃុំ​ខ្លួន​បន្ថែម ៦​ខែ​ជា​លើក​ទី​៣ នេះ មេធាវី​របស់​ពួក​គេ បាន​ចាត់​ទុក​ថា ការ​ពន្យារ​ពេល​ឃុំ​ដោយ​រំលោភ​សិទ្ធិ​ជន​ត្រូវ​ចោទ​ត្រង់​មាត្រា​១៤ ក្នុង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ចែង​ថា ជន​ត្រូវ​ចោទ​មាន​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​គ្មាន​បង្អង់​ពេល។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក នី ចរិយា គឺ​លោក សំ សុគង់ ពន្យល់​ថា ការ​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ អាច​ធ្វើ​ទៅ​បាន លុះត្រា​តែ​សំណុំ​រឿង​នោះ​មាន​ភាព​ស្មុគស្មាញ​ច្រើន ជា​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ និង​មាន​ឧបសគ្គ​ច្រើន ដែល​រាំង​ស្ទះ​ក្នុង​ការ​ស៊ើប​អង្កេត​រក​ភស្តុតាង។ ប៉ុន្តែ​តុលាការ​ចោទ​អ្នក​ទាំង ៥​រូប ថា​សម​គំនិត និង​សូកប៉ាន់​សាក្សី​នេះ លោក​មើល​មិន​ឃើញ​ថា​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ស្វែងរក​ភស្តុតាង​នោះ​ទេ។

បញ្ហា​នេះ​ហើយ ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​ទាំង ៥​រូប ថា​នឹង​ប្ដឹង​ទាស់​ការ​សម្រេច​ពន្យារ​ពេល​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​នេះ​ទៅ​សាលា​ឧទ្ធរណ៍ ព្រោះ​ជា​ការ​អនុវត្ត​ខុស​នីតិវិធី។

ការ​បន្ត​ឃុំ​ខ្លួន​បន្ថែម ៦​ខែ​ហើយ ៦​ខែ​ទៀត អង្គការ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន ចេញ​សេចក្ដី​ថ្លែងការណ៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ជា​បន្ទាន់ និង​ទម្លាក់​បទ​ចោទ​ពី​អ្នក​ទាំង​៥។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញ​សេចក្ដី​ថ្លែងការណ៍​ចាត់​ទុក​ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ទាំង​៥ ថា​ជា​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ដើម្បី​កម្ទេច​បក្ស​ប្រឆាំង បំភ័យ និង​បំបិទ​មាត់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។

នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) លើក​ឡើង​ថា តុលាការ​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់​ដើម្បី​គាប​សង្កត់​សង្គម​ស៊ីវិល។ លោក​ថា លុយ​រាប់​លាន​ដុល្លារ ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​កម្ពុជា សម្រាប់​បម្រើ​ដល់​ការ​បណ្ដុះបណ្ដាល ប៉ុន្តែ​វា​ជា​ការ​ឥត​ប្រយោជន៍ ដោយសារ​ថា តុលាការ​នៅ​តែ​ជា​ឧបករណ៍​នៃ​ភាព​អយុត្តិធម៌។

ទាក់ទង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ សម្រាប់​សិទ្ធិ​មនុស្ស អ្នកស្រី អេលីហ្សាប៊ែត ស្រូសហ្សែលល៍ (Elizabeth Throssell) នៅ​ថ្ងៃ​ទី​២៨ មេសា បាន​សម្ដែង​ការ​សោកស្ដាយ​ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស (Switzerland) ថា ទោះ​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ បាន​ហៅ​ការ​ឃុំ​ខ្លួន​ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​ក៏ដោយ ក៏​តុលាការ​ក្រុង​ភ្នំពេញ​នៅ​សម្រេច​បន្ត​ឃុំ។

ឆ្លើយតប​ការ​ប្រតិកម្ម​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា មាន​អធិបតេយ្យភាព​ផ្ទាល់​ខ្លួន ហើយ​ករណី​ការ​ឃុំ​ខ្លួន​នេះ ស្ថិត​ក្រោម​ស្ថាប័ន​យុត្តិធម៌ ដែល​លោក​ថា​ជា​ស្ថាប័ន​ឯករាជ្យ«កម្ពុជា ឥត​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អង្គការ​សហប្រជាជាតិ ឬ​អង្គការណា​ទេ។ ចំពោះ​ការងារ​យុត្តិធម៌ តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ស្ថាប័ន​យុត្តិធម៌​ជា​ស្ថាប័ន​ឯករាជ្យ មិន​ស្ថិត​នៅ​ចំណុះ ឬ​ឲ្យ​អ្នក​ណា​ជ្រៀតជ្រែក។ នេះ​ជា​ដែន​អធិបតេយ្យភាព​របស់​ជាតិ​ខ្មែរ​នោះ​ទេ តែ​ជា​អធិបតេយ្យភាព​របស់​តុលាការ»

ចំណែក​ចលនា​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស (Worldwide Movement for Human Rights) បាន​ចាត់​ទុក​ថា​ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត​មុន​សវនាការ ហើយ​ថា​បង្ហាញ​ពី​ភាព​អន់​ខ្សោយ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក ឌីមីទ្រីស គ្រីស្តូពូឡុស (Dimitris Christopoulos) ប្រធាន​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ ហ្វីដ (FIDH) ដែល​គ្រប់គ្រង​ចលនា​ពិភពលោក​ដើម្បី​សិទ្ធិ​មនុស្ស ថ្លែង​ថា ការ​បញ្ចេញ​សកម្មភាព​របស់​អាជ្ញាធរ​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ប្រាំ​នាក់ ដូចជា​ជន​ឧក្រិដ្ឋ គ្រោះថ្នាក់ បង្ហាញ​ពី​វិសាលភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា គឺ​ស្ថិត​នៅ​ក្នុង​ហោប៉ៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ការ​លើក​ឡើង​នេះ ត្រូវ​បាន​លោក ផៃ ស៊ីផាន ហៅ​ថា​ជា​ការ​ប្រាសចាក​ពី​ការ​ពិត​ជាក់ស្តែង ដោយ​ស្នើ​ឲ្យ​ចលនា​នេះ​ពិនិត្យ​មើល​អង្គ​ហេតុ និង​អង្គ​ច្បាប់​ឲ្យ​បាន​ល្អិតល្អន់ ហើយ​ត្រូវ​ពិចារណា​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ។

ថ្លែង​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ថ្ងៃ​ទី​២៨ មេសា នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក ឌុច ពិសិដ្ឋ មាន​ទស្សនៈ​ថា សំណុំ​រឿង​នេះ​មិន​មែន​រឿង​ទិដ្ឋភាព​ច្បាប់​ទាំង​ស្រុង​ទេ តែ​ជា​រឿង​នយោបាយ ដោយសារ​រឿង​នេះ​ជាប់​ពាក់ព័ន្ធ​អ្នក​នយោបាយ។ លោក​ថា ការ​សម្រេច​បន្ត​ឃុំ​ខ្លួន​នេះ គឺ​មិន​បាន​ផ្ដល់​ហេតុផល​សំអាង​ពី​ការ​គាំទ្រ​សេចក្ដី​សម្រេច​របស់​ខ្លួន ដោយ​ខ្វះ​តម្លាភាព​នៅ​ក្នុង​ការ​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត ដែល​ព័ត៌មាន​ខ្លះ​អាច​បញ្ចេញ​អាច​ឲ្យ​សាធារណជន​បាន​ដឹង​ពី​ដំណើរការ​វិវឌ្ឍន៍​នៃ​ដំណើរការ​រឿង​កន្លង​មក។ លោក​ថា ផ្ទុយ​ទៅ​វិញ ដំណើរការ​ស៊ើប​អង្កេត​របស់​តុលាការ​មាន​ភាព​យឺតយ៉ាវ​ខ្លាំង ដែល​គេ​អាច​យល់​បាន​ថា​របៀប​នៃ​ការ​ដំណើរការ​របស់​តុលាការ បង្ក​ឲ្យ​មាន​ភាព​សង្ស័យ​ពី​សាធារណជន ថា​តុលាការ​មិន​ទាន់​មាន​ឯករាជ​ភាព​ពេញលេញ​នៅ​ឡើយ៖ «»

ជុំវិញ​ការងារ​ទាមទារ​ដោះលែង​អ្នក​ទាំង ៥​រូប​នេះ សង្គម​ស៊ីវិល និង​សហគមន៍​ដីធ្លី បាន​ធ្វើ​យុទ្ធនាការ​ជា​បន្តបន្ទាប់ ដូចជា​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ (Black Monday) ការ​ធ្វើ​បដា​រាប់​ថ្ងៃ​អ្នក​ជាប់​ឃុំ និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម ដើម្បី​តស៊ូ​មតិ​ទាមទារ​ដោះលែង។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់​បាន​ថ្លែង​ថា ចំពោះ​ការ​ឃុំ​ខ្លួន​នេះ គឺ​ស្រប​តាម​គោលការណ៍​ច្បាប់​ត្រឹមត្រូវ ដែល​ស្ថិត​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ។ រីឯ​ការ​បើក​សវនាការ​នៅ​ពេល​ណា​នោះ គឺ​អាស្រ័យ​ទៅ​លើ​កាលវិភាគ​របស់​តុលាការ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ អ្នក​ទាំង ៥​រូប ត្រូវ​បាន​ជ្រើសរើស​ជាប់​ជា​បេក្ខជន​ផ្ដាច់ព្រ័ត្រ​សម្រាប់​ទទួល​ពាន​រង្វាន់​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ឆ្នាំ​២០១៧ ឈ្មោះ​ថា ពាន​រង្វាន់ ម៉ាទីន អ៊ែនណល (Martin Ennals) ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​ផ្ដល់​ពាន​រង្វាន់​ជា​អង្គការ​សិទ្ធិ​មនុស្ស​ចំនួន​១០ ក្នុង​ពិភពលោក។

ពាន​រង្វាន់​ធំ​នៃ​ចលនា​សិទ្ធិ​មនុស្ស​អន្តរជាតិ គឺ​ពាន​រង្វាន់ ម៉ាទីន អ៊ែនណល ដែល​ជា​កិច្ច​សហប្រតិបត្តិការ​ដោយឡែក​មួយ​ក្នុង​ចំណោម​អង្គការ​សិទ្ធិ​មនុស្ស​ឈាន​មុខ​នៅ​លើ​ពិភពលោក​ចំនួន​១០ ដើម្បី​ផ្ដល់​ការ​ការពារ​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភពលោក។ ពិធី​ប្រគល់​ពាន​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៧ ខាង​មុខ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។

ក្រុមការងារ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ប្រកាស​ថា ការ​ឃុំ​នេះ​ជា​ការ​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និង​ថា​ត្រូវ​សង​ជំងឺ​ចិត្ត​ឲ្យ​បាន​សមរម្យ​ដល់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


Viewing all articles
Browse latest Browse all 11174

Trending Articles