លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថា សហរដ្ឋអាមេរិក ជាប្រទេសដើរឈ្លានពានគេ។ រីឯអ្នកវិភាគយល់ថា ការដែលមេដឹកនាំកម្ពុជា រិះគន់អាមេរិកម្តងហើយម្តងទៀតនោះ ព្រោះមានជំហរផ្អៀងទៅរកចិន។
ថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្ដីពីការអភិវឌ្ឍកុមារតូចនៅខេត្តសៀមរាប នៅថ្ងៃពុធ ទី១ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យប្រទេសជាមិត្ត និងអង្គការយូនីសេហ្វ (UNICEF) កុំខ្លាចអាមេរិក ហើយគួរតែមានសំឡេងរួម ដើម្បីថ្កោលទោសពួកឈ្លានពាន ជាពិសេសសហរដ្ឋអាមេរិក។
លោកបន្តថា ទង្វើឈ្លានពានរបស់អាមេរិកមកលើកម្ពុជា ក្នុងសម័យអតីតកាល បានបន្សល់ទុកគ្រាប់បែកជាច្រើន ហើយកំពុងបន្តសម្លាប់កុមារខ្មែរជាច្រើននាក់មកដល់ពេលបច្ចុប្បន្ន។ បុរសខ្លាំងរបស់កម្ពុជា អះអាងដែរថា ប្រទេសវៀតណាម ឡាវ និងប្រទេសមួយចំនួនទៀត ក៏រងគ្រោះដោយសារកងទ័ពបរទេសឈ្លានពានដែរ៖ «អាមេរិកដើរឈ្លានពានគេ យើងត្រូវតែហ៊ាននិយាយការពិត។ ខ្ញុំគិតថា មិត្តបរទេសទាំងឡាយមកកាន់ទីនេះ ក៏សុទ្ធតែប្រទេសភាគច្រើនរងគ្រោះដោយសារឈ្លានពាន និងការរំលោភបំពានពីប្រទេសក្រៅ និងការមាក់ងាយពីប្រទេសដទៃទៀតដែលជាប្រទេសសម្លាប់យើង ហើយមកប្រដៅយើងឲ្យធ្វើអីទៀត។ អារឿងវាចឹងទេ ចឹងបានពួកអាមេរិកាំងខ្លះវាមិនចូលចិត្តខ្ញុំទេ។ ចូលចិត្ត ឬមិនចូលចិត្ត តែខ្ញុំនិយាយត្រង់ថា អ្នកឯងឈ្លានពានខ្ញុំ។ អានេះវាជារឿង បើអ្នកឯងធ្វើអ៊ីចឹងពិត។ គ្រាប់បែកទាំងនៅ ២លាន ៥សែនតោន ទម្លាក់នៅក្នុងប្រទេសកម្ពុជា»។
មួយរយៈពេលចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងរិះគន់ និងវាយប្រហារដោយពាក្យសម្ដីធ្ងន់ៗលើសហរដ្ឋអាមេរិកជាបន្តបន្ទាប់។
ជុំវិញបញ្ហានេះ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា សុំបដិសេធមិនឆ្លើយតបនោះទេ។
រីឯអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ លោកបណ្ឌិត មាស នី វិភាគថា ការបញ្ចេញវោហារសាស្ត្ររិះគន់អាមេរិក ពីសំណាក់លោក ហ៊ុន សែន នៅពេលនេះ មិនខុសពីកម្ពុជា កាលពីឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩ ឡើយ ដែលកាលណោះព្រះបាទនរោត្តម សីហនុ បានងាកទៅពឹងផ្អែកលើចិនតែមួយ ហើយតែងតែធ្វើការថ្កោលទោសទៅលើអាមេរិកជារឿយៗ។
លោកបណ្ឌិត មាស នី បន្តបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ក្នុងពេលបច្ចុប្បន្ននេះ ចង់ឬមិនចង់ ក៏គេមើលឃើញថា កម្ពុជា បានពឹងផ្អែកលើប្រទេសមហាអំណាចចិន ស្ទើរទាំងស្រុងទៅហើយ ដូច្នេះមិនមែនជារឿងចម្លែកពេកទេ ដែលកម្ពុជា រិះគន់អាមេរិក ឲ្យចិន សប្បាយចិត្ត។ ទន្ទឹមគ្នានេះ កម្ពុជា ក៏មានអារម្មណ៍មិនល្អដែរនៅពេលអាមេរិក មិនឆ្លើយតបចំពោះសំណើសុំលុបបំណុលដែលកម្ពុជា បានជំពាក់សហរដ្ឋអាមេរិក នៅទសវត្សទី១៩៧០៖ «បើយើងប្រៀបធៀប គឺអាមេរិកក៏យើងទទួលស្គាល់ថា វាបានធ្វើឲ្យប្រទេសយើងហិនហោចទាក់ទងការទម្លាក់គ្រាប់បែក សម្លាប់ទាំងគ្រួសារៗ។ ប៉ុន្តែយើងវិលមកមើលរបបខ្មែរក្រហមវិញ ចិន ក៏បានគាំទ្រសម័យខ្មែរក្រហម ហើយធ្វើឲ្យខ្មែរក្រហមសម្លាប់ខ្មែររាប់លាននាក់ដែរ។ ចឹងបើយើងមើលទៅរឿងអស់នេះ ទាំងចិន ទាំងអាមេរិក បានផ្តល់មេរៀនអាណោចអាធម៌ច្រើនណាស់សម្រាប់ប្រទេសយើង។ ប្រទេសមួយដែលអាចរីកចម្រើនទៅបាន លុះត្រាតែមេដឹកនាំអាចមានសមត្ថភាពរក្សាតុល្យភាពនៃទំនាក់ទំនងល្អរវាងមហាអំណាចទាំងអស់ តែបើយើងផ្អែកតែមួយ ឧបមាថាផ្អែកទៅលើចិន បានន័យថា ប្រទេសយើងវាអាចធ្លាក់ទៅក្នុងមនោគមន៍វិជ្ជាកុម្មុយនីស្តហើយ បើយើងចង់មិនចង់ ក៏វាត្រូវទទួលឥទ្ធិពល»។
លោកបណ្ឌិត មាស នី ឲ្យដឹងដែរថា ប្រសិនបើប្រទេសក្រីក្រមួយព្យាយាមផ្តាច់ទំនាក់ទំនងជាមួយប្រទេសដទៃច្រើនទៅៗ នឹងក្លាយទៅជាប្រទេសឯកោ និងទទួលឥទ្ធិពលក្លាយជាប្រទេសរងគ្រោះ ប៉ុន្តែមិនមែនដោយសារតែពិភពលោកទេ គឺអាចដោយសារតែសេដ្ឋកិច្ចប្រទេសជិតខាងដែលគេលូតលាស់ខ្ពង់ខ្ពស់ទៅមុខ ខណៈខ្លួនឯងនៅតែជាប្រទេសតូចទាបក្រោយគេ។
យ៉ាងណាក៏ដោយចុះ គេសង្កេតឃើញថា សហរដ្ឋអាមេរិក ជាប្រទេសមួយជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍវិស័យផ្សេងៗក្នុងចំណោមប្រទេសមួយចំនួនទៀតដែលជួយដល់រដ្ឋាភិបាលកម្ពុជា។ អ្វីដែលជាកត្តាសំខាន់នោះ សហរដ្ឋអាមេរិក ជាប្រទេសមួយជំរុញកម្ពុជា ឲ្យមានការគោរពសិទ្ធិមនុស្ស របបប្រជាធិបតេយ្យ ទប់ស្កាត់អំពើភេរវកម្ម កាត់បន្ថយអំពើពុករលួយ និងអភិវឌ្ឍវិស័យសេដ្ឋកិច្ច ជាដើម៕